ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាសា​ស្វាមី​ “​បទ​កាកគតិ​”

13 ឆ្នាំ មុន

– សែន​អនិច្ចា អាសូរ​វាសនា ទាសា​អភ័ព្វ
រស់​រង​តែ​កម្ម ប្រេះស្រាំ​ចិត្ដ​ជាប់ ជីវិត​មិន​គាប់ ក្នុង​នាម​ស្វាមី ។

– សែន​អនិច្ចា                អាសូរ​វាសនា           ទាសា​អភ័ព្វ
   រស់​រង​តែ​កម្ម              ប្រេះស្រាំ​ចិត្ដ​ជាប់       ជីវិត​មិន​គាប់            ក្នុង​នាម​ស្វាមី   ។
– ហៅ​សែន​ចំបែង           អោប​ទុក្ខ​ម្នាក់ឯង      រែង​អាប់​សេរី
   ម្ដាយក្មេក​មើលងាយ     នាយ​ធ្លាប់​ក្រក្រី         នាយ​ទ្រាំ​ខន្ដី            មិន​ស្ដី​វាចា    ។
– ការ​ពិត​ជាក់ស្ដែង          ប្រាក់ខែ​ចាត់ចែង        ចិញ្ចឹម​គ្រួសារ
   សាច់ថ្លៃ​ធូរធា             នៅ​តែ​ត្រូវការ           ចង់បាន​ដុល្លា            ហារ​មិន​ចប់​ទេ​។ 
– បោសច្រាស់​បោកគក់     ហត់នឿយ​វីវក់          គ្មាន​ពេលទំនេរ
   ទាំង​ការងារ​ផ្ទះ            ទាំង​ការងារ​គេ          ព្រោះ​បុត្រ​ទាំង​ទ្វេ        នាយ​ប្រឹង​តស៊ូ  ។
– អ្នក​ម្ដាយ​តែ​មួយ           ប្រពន្ធ​រំអួយ             រករឿង​រអ៊ូ
   មិន​ចង់​ចិញ្ចឹម             មិន​ចង់​គិតគូរ           គេ​ខឹង​មុខ​មូរ             ពេល​នាយ​គិត​ម្ដាយ​។
– ព្រោះ​អាណិតកូន         នាយ​ទ្រាំ​ស្ទើរ​សូន្យ     មិន​ស្គាល់​សប្បាយ
   ជួន​ឈឺចាប់​ពេក          ទឹកភ្នែក​ស្រក់​ខ្ចាយ     នឹក​ដល់​អ្នក​ម្ដាយ       សោកស្ដាយ​ពេក​ក្រៃ​។
– អ្នក​ម្ដាយ​ជរា               បេះដូង​គ្រាំគ្រា          អាសូរ​បុត្រ​ថ្លៃ
   ឃើញ​កូន​ហត់នឿយ      លំបាក​រាល់ថ្ងៃ           ម្ដាយ​ស្ទើរតែ​ក្ស័យ      ហរ​ទ័យ​ឈឺផ្សា ។
– កម្ម​កូន​សែន​ក្រាស់         ធ្វើ​ម្ដេច​បំរាស់           ផុត​ពី​ទុ​ក្ខា

   មាន​តែ​ស៊ូទ្រាំ             តាម​កម្ម​វាសនា         រស់​មានឈ្មោះ​ថា        ទាសា​ស្វាមី   ។ 

តាម​សំណូមពរ​របស់​អ្នក​ម្ដាយ​កំសត់​ម្នាក់   ។
                ដោយ   ព្រុំ   គឹ​ម  ជឿន    prumkimchoeun@gmail.com