ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​វត្ដ​ព្រៃ​សាលី​កៀន​កែស​អំពាវនាវ​រក​អ្នកមាន​បុណ្យ​ធ្វើ​វិហារ ព្រះ​វិហារ​ដែល​មាន​អាយុកាល​៩០​ឆ្នាំ​រកកល់នឹង​បាក់​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន

14 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា នៅ​ឧបដ្ឋានសាលា​វត្ដ​ព្រៃ​សាលី​កៀន កែស ស្ថិត​ក្នុងភូមិ​តា​មា​យ ឃុំ​គោក​ឃ្មុំ ស្រុកថ្មគោល មាន​រៀបចំ​ប្រកាស​តែងតាំង​គ្រូសូត្រ​ឆ្វេង​-​ស្ដាំ អាចារ្យ គណៈកម្មការ​វត្ដ ហើយ​ជាមួយ​នេះ​ក៏​មានការ​អំពាវនាវ​របស់ចៅអធិការ​ស្នើ​ឱ្យ​ជួយ​ជួសជុល​ព្រះ​ វិហារ​វត្ដព្រៃ​សាលី​កៀន​កែស​ផង​ដែរ ដែល​ពេល​នេះស្ទើរតែ​បាក់​រលំ​ទៅ​ហើយ ។

ខេត្ដបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា នៅ​ឧបដ្ឋានសាលា​វត្ដ​ព្រៃ​សាលី​កៀន កែស ស្ថិត​ក្នុងភូមិ​តា​មា​យ ឃុំ​គោក​ឃ្មុំ ស្រុកថ្មគោល មាន​រៀបចំ​ប្រកាស​តែងតាំង​គ្រូសូត្រ​ឆ្វេង​-​ស្ដាំ អាចារ្យ គណៈកម្មការ​វត្ដ  ហើយ​ជាមួយ​នេះ​ក៏​មានការ​អំពាវនាវ​របស់ចៅអធិការ​ស្នើ​ឱ្យ​ជួយ​ជួសជុល​ព្រះ​វិហារ​វត្ដព្រៃ​សាលី​កៀន​កែស​ផង​ដែរ ដែល​ពេល​នេះស្ទើរតែ​បាក់​រលំ​ទៅ​ហើយ ។ ពិធី​នេះ​មានការនិមន្ដ និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​តេជគុណ ហេង សា​ខន អនុគណ​ស្រុក​ថ្មគោល  លោក សំ ណេ​ង  អភិបាលស្រុក លោក​សៅ ស​ណ្ដុ​ស ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា ស្រុក លោក​មេឃុំ មេ​ភូមិ លោក​អាចារ្យ គណៈកម្មការ​វត្ដ ព្រះសង្ឃ និង​ពុទ្ធបរិស័ទចំណុះ​ជើងវត្ដ​យ៉ាងច្រើន​កុះករ ។

លោក​សៅ ស​ណ្ដុ​ស បាន​ប្រកាស​តែងតាំង​តាម​ការ​សំរេច​របស់​ក្រសួង​ធម្មការ និងសាសនា គឺ​ព្រះ​តេជគុណ​រឿ​ន ដំ ទទួល​ភារកិច្ច​ជា​គ្រូសូត្រឆ្វេង ព្រះ​តេជគុណ​ឯក សា គឿ​ន ទទួល​ភារកិច្ច​ជា​គ្រូសូត្រស្ដាំ ព្រមទាំងតែងតាំង​អាចារ្យ​គណៈកម្មការ​វត្ដ​ចំនួន​៥​រូប​បន្ថែម ។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នេះ​ជា​ការ​ចាំបាច់​ណាស់ ក្នុង​ការ​ស្រោចស្រង់ទីវ​ត្ដ​អារាម​ដែល​ខ្វះ​នូវ​ធនធាន​ព្រះសង្ឃ ។

ព្រះ​ចៅអធិការ​វត្ដ​ព្រៃ​សាលី​កៀន​កែស ព្រះ​នាម ឃុ​ត អង បាន​មាន​ថេរ​ដីកា​ថា វត្ដព្រៃ​សាលី​កៀន​កែស​នេះ​ចាប់​កកើត និង​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៨៩៧ ដោយ​ចាស់​ៗ​ជំនាន់ នោះ​បាន​ចូល​ព្រៃ​កាប់​ឈើ​យក​មក​សាងសង់ ហើយ​ចំពោះ​ការ​សាងសង់​ព្រះ​វិហារ​នេះឡើង គឺ​ប្រើប្រាស់​រយៈពេល​យូរ​ឆ្នាំ​ណាស់រហូត​ដល់​ឆ្នាំ​១៩២០ ទើបបាន​បញ្ចុះសីមា ដែល​បើ​គិត​មក​ដល់​បច្ចុប្បន្ន​ព្រះ​វិហារ​នេះមាន​អាយុកាល​៩០​ឆ្នាំ​ហើយ ។  ព្រះ​ចៅ​អ​ធិការ​បញ្ជាក់​ថា វត្ដ​នេះ​មាន​ចៅអធិការ​គង់នៅ​គ្រប់គ្រង​ចំនួន​១២​អង្គ​ហើយ ហើយ​ព្រះ អង្គជា​ចៅអធិការ​ទី​១៣ ។ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ពួក​គេ​បាន​យក​ព្រះវិហារ​នេះ​ធ្វើ​ជា​កន្លែង​ស្ដុក​ស្រូវ​អង្ករ និង អំបិល ហើយដោយ​សារជាតិ​ប្រៃ​នៃ​អំបិលបាន​ធ្វើ​ឱ្យ​ពុក​ការ៉ូ និង​ពិតាន​ព្រះ​វិហារ​ដោយអន្លើ ដែល​ព្រះ​វិហារ​នេះ​សាងសង់​ឡើង​ពីឈើ និង​រៀប​ឥដ្ឋ​លាយ​ជាមួយ​បាយអ​ចាប់ពីជញ្ជាំង​ពី​គ្រឹះ​ខាងក្រោម​ឡើង​ទៅ ។

ក្រោយ​ពេល​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ដួល​រលំ​ទៅអាជ្ញាធរ​និង​ពុទ្ធបរិស័ទចំណុះ​ជើងវត្ដ រួម​ទាំង​ព្រះ​អង្គ​ដែល​ជា​ចៅអធិការ​ផង​នោះ បាន​ឯកភាព​គ្នា​ជួសជុល​ព្រះវិហារ​នេះ​ឡើង​វិញ​ជា​បណ្ដើរ​ៗ ។ ទោះជាយ៉ាងណា​ក្ដី បច្ចុប្បន្ន​ព្រះ​វិហារ​នេះ​មានការទ្រុឌទ្រោម​យ៉ាង​ខ្លាំង និង​ខូចខាត​យ៉ាងដំណំ ដោយ​ដំបូល​របេះ​ក្បឿង​ធ្លាក់ជញ្ជាំង​ខាងក្នុង ប្រេះស្រាំ​របើក​ទាំង​ផ្ទាំង​ៗ ឯ​សំយាប​ដំបូល​ជុំ វិញ​ព្រះ​វិហារ​បាក់​ស្រុត​ជា​បន្ដបន្ទាប់​មិន​អាចចូល​ទៅ​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ​បាន​ទេ ។ ដូច្នេះ​ក្នុង​នាម​ព្រះ​អង្គជា​ចៅអធិការ​វត្ដ និងពុទ្ធបរិស័ទ សូម​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ភូមិ​-​ឃុំ​-​ស្រុក​-​ខេត្ដ រហូត​ដល់​ក្រសួង​ធម្មការ និងសាសនា តើ​គួរ​ធ្វើការ​ជួសជុល​ឡើង​វិញ ឬ យ៉ាងណា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ និង​សុំ​អំពាវនាវ​ដល់​សប្បុរសជន លោក ឧកញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក នាង​កញា​ទាំងអស់​ចូលរួម​ចាប់មគ្គផល​ជួយដល់​ព្រះ​វិហារ​វត្ដ​ព្រៃ​សាលី​កៀន​កែស​នេះផង​។ ព្រះ​តេជគុណ​អនុគណ​ស្រុក បាន​មាន​ថេរដីកា​ថ្លែងអំណរគុណ​ដល់​គ្រូសូត្រឆ្វេង​-​ស្ដាំ ដែល​ត្រូវ​បាន​តែង​តាំងនៅ​វត្ដ​ព្រៃ​សាលី​កៀន​កែស​នេះ​ធ្វើ​ឱ្យ​មាន​ព្រះសង្ឃ​កាន់តែ​ច្រើនក្នុង​ការ​ដឹកនាំ​ព្រះពុទ្ធ​សាសនា​ឱ្យ​មានការ​រីកចំរើន ហើយ​ត្រូវ​ចេះ​សាមគ្គី​គ្នា​សហការ​គ្នាជួយ​ជ្រោមជ្រែង​គ្នា ដើម្បី​ទី​អារាម​របស់យើង​មានការ​រីក​ចំរើន ។

លោក​សំ ណេ​ង អភិបាលស្រុក​បាន​មានប្រសាសន៍​ថា លោក​គាំទ្រ​ការ​រៀបចំ​បន្ថែមនូវ​គ្រូសូត្រឆ្វេង​-​ស្ដាំ​នេះ​តាម​ប្រពៃណី​ដែ ខ្វះខាត​ព្រះសង្ឃ​សំរាប់​រួមចំណែក​លើ​វិស័យ ព្រះពុទ្ធ​សាសនា  ។ យើង​យក​វត្ដ​ព្រៃ​សាលីកៀន​កែស​នេះ ធ្វើ​ជា​គំរូ​ដល់​វត្ដ​ផ្សេង​ៗ​ទៀតក្នុងស្រុក​របស់​យើង ហើយ​ក៏​សូម​កោត​សរសើរ​ដល់​ចៅអធិការ​វត្ដ​ព្រៃ​សាលី​កៀន​កែស នេះ​ដែល​បាន​ដឹកនាំ​គ្រប់​សកម្មភាព​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​ផង​ដែរ ៕