ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​៥០​ឆ្នាំ​នៃ​ភាព​ជោគ​ជ័យ​​ដ៏​អស្ចារ្យ​​របស់​កម្ពុជា រឿង​ក្តី​​ប្រាសាទ​ព្រះវិហារ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​នេះ (១៥ មិថុនា ២០១២) ​ជា​ខួប​លើក​ទី​៥០ ​នៃ​ភាព​ជោគ​ជ័យ​​លើ​ប្រាសាទ​ព្រះវិហារ​​របស់​​កម្ពុជា ចាក​​ផុត​​ពី​ក្រញាំ​ដៃ​​កខ្វក់​របស់​ថៃ​​ដែល​ព្យា​យាម​​ច្បាម​យក​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ទៅ​លេប​ទុក​ធ្វើ​ជា​សម្បត្តិ​​ថ្លើម​ប្រមាត់​របស់​ខ្លួន ប៉ុន្តែ​លេប​មិន​ចូល​ដោយ​សា​រតែ​កម្ពុជា​បាន​ប្តឹង​ទៅតុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាំអេ (ICJ) ហើយ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ​បាន​សម្រេចដល់​អង្គ​សេច​ក្តី​ គឺ​កាត់​ក្តី​​ប្រាសាទ​ព្រះវិហារ​ និង​បរិវេណ​​ផ្ទៃដី​តាម​ខ្សែ​បន្ទាត់​​ព្រំ​ដែន​ដង​រែក​នៅ​ក្នុង​​

រាជធានីភ្នំពេញ ៖ ថ្ងៃ​នេះ (១៥ មិថុនា ២០១២) ​ជា​ខួប​លើក​ទី​៥០ ​នៃ​ភាព​ជោគ​ជ័យ​​លើ​ប្រាសាទ​ព្រះវិហារ​​របស់​​កម្ពុជា ចាក​​ផុត​​ពី​ក្រញាំ​ដៃ​​កខ្វក់​របស់​ថៃ​​ដែល​ព្យា​យាម​​ច្បាម​យក​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ទៅ​លេប​ទុក​ធ្វើ​ជា​សម្បត្តិ​​ថ្លើម​ប្រមាត់​របស់​ខ្លួន ប៉ុន្តែ​លេប​មិន​ចូល​ដោយ​សា​រតែ​កម្ពុជា​បាន​ប្តឹង​ទៅតុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាំអេ (ICJ) ហើយ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ​បាន​សម្រេចដល់​អង្គ​សេច​ក្តី​ គឺ​កាត់​ក្តី​​ប្រាសាទ​ព្រះវិហារ​ និង​បរិវេណ​​ផ្ទៃដី​តាម​ខ្សែ​បន្ទាត់​​ព្រំ​ដែន​ដង​រែក​នៅ​ក្នុង​​ផែន​ទី​ឧបសម្ព័ន្ធ​​១ បារាំង​-​សៀម​ ប្រគល់​​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​គ្រប​គ្រង និង​ស្ថិត​ក្នុង​អធិប​តេយ្យ​​ភាព​របស់​កម្ពុជា​កាល​​ពីថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ។

​ក្រោយ​ពេល​​សម្រេច​ប្រាសាទ​ព្រះវិហារ​ឱ្យ​កម្ពុជា​ ធ្វើ​​ជា​ម្ចាស់​កម្ម​សិទ្ធិ​​គ្រប់​គ្រង​ហើយ​នោះ​ តុលា​ការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ (ICJ) ​បាន​​បើ​ក​​ផ្លូវ​បណ្តឹង​សា​ទុក្ខ​​ជូន​ភាគីថៃ​រយៈ​ពេល​១០​ឆ្នាំ​ ដើម្បី​​តវ៉ា​ក្តី​​តទៅ​​ទៀត និង​ស្វែង​​រក​តម្លា​ភាព​នៃ​ការ​​ជម្រះ ប៉ុន្តែ​រយៈ​ពេល​១០​ឆ្នាំ​នេះ ភាគី​ថៃ​មិន​បាន​ប្រើ​ប្រាស់​ឱកាស​​ដ៏​មាន​តម្លៃ​តវ៉ា​​ក្តីឡើង​វិញ​នោះ​ទេ ដោយ​​ខ្លួន​គ្មាន​ទឡ្ហីក​រណ៍​យក​ទៅ​​សំអាង​លើ​ផ្លូវ​ច្បាប់​​សម្រាប់​ឱ្យ​តុលា​ការ​​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ) ​មាន​ទុន​សើរើ​​បើក​សវនា​ការ​ជា​លើក​ទី ២ នោះឡើយ ។ លុះរយៈ​ពេល​ជាង​៤០​ឆ្នាំ​​ក្រោយ​មក ​ទើប​ភាគីថៃ​បង្ក​ផល​រមាស់​គាស់​កកាយ​ដណ្តើម​ឥត​ខ្មាស​ រំលោភ​បំពាន​ផ្លូវ​ច្បាប់ ​ឈ្លាន​ពានទឹកដីកម្ពុជា​ ធ្វើ​សកម្ម​ភាព​ច្បាម​យក​ប្រាសាទ​ព្រះវិហារ​ជា​ថ្មី​ម្តង​ទៀត ដោយ​​ពួកគេ​​បាន​រារាំង​ការ​ដាក់​ប្រាសាទព្រះ​​វិហារ​ទៅ​ក្នុង​បញ្ជី​​បេតិក​ភណ្ឌ​​ពិភព​លោក​របស់​អង្គ​ការ​យូណេ​ស្កូដែល​​ស្នើ​ដោយ​កម្ពុជា ម្ចាស់​​បុព្វ​​សិទ្ធិ និង​កម្ម​សិទ្ធិ​​នៅក្នុង​អំឡុង​​​ឆ្នាំ​២០០៥ ។

ជា​ការ​ពិត​ណាស់​​មាស​សុទ្ធ​​រមែង​មិន​ខ្លាច​​ភ្លើង​ដុត​រោល ​ប្រាសាទព្រះវិហារ​ត្រូវបាន​​អង្គ​ការ​យូណេស្កូ​សម្រេច​ជា​ឯកច្ឆន្ទ​​បញ្ចូល​ជា​​សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក មាន​តម្លៃ​​ជា​សាកល​​មិន​អាច​កាត់​ថ្លៃ​បាន​​នៅថ្ងៃទី​៧ កក្កដា ២០០៨ ​ក្រោម​ការ​ដឹក​នាំ​តស៊ូ​មតិ​របស់​លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​ សុខ អាន រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​មាន​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​ផ្តល់​ដំបូន្មាន​ និងជា​ជំហរ​រឹង​មាំ​​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ ។ ថ្ងៃ​បន្ទាប់​មក​​ប្រជាពលរដ្ឋ​​កម្ពុជា និង​មន្ត្រី​រាជ​ការ​​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​​ទូទាំង​ប្រទេស​បាន​​​សម្តែង​នូវ​អំណរ​សាទរ​​ក្រៃ​លែង​រៀបចំ​ពិធី​​អធិក​អធម​រំលឹក​ពី​មោទន​ភាព​ និង​ភាព​ជោគ​ជ័យ​​ករណី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បញ្ចូល​​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ​ដោយ​មាន​​ល្បែង​ របាំ​​កម្សាន្ត  ប្រគំ​តន្ត្រី​​ វាយ​ស្គរ​​ទូង​ភេរី…។

មក​ដល់​ថ្ងៃទី​១៥ កក្កដា ​២០០៨ ទាហាន​​សៀម​ស៊ុត​ទ្រុឌ ឬ​អំបាត​ឈុត​ខ្មៅ​បាន​យាយី​​ឈ្លាន​​ពាន​​មក​លើ​ទឹកដី​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត ដោយ​ដំបូង​ប្រើ​តាជី​យាយ​ជី​ថៃ​ចូល​មក​សមា​ធិ​​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ក្នុង​ទឹកដី​កម្ពុជា និង​​ក្នុង​បរិវេណ​​ប្រាសាទព្រះវិហារ ​ហើយ​ក្រោយ​មក​​ទាហាន​ឈុត​ខ្មៅ​ថៃ​១០​នាក់ ​បានចូល​មក​ក្នុង​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ​នេះ​ដែរ​ ​ក្រោម​លេស​​ថា ​មក​ការ​ពារតាជី​យាយជីរបស់គេ ។ លុះដល់​ថ្ងៃ​បន្ត​បន្ទាប់​​មក​ទៀត ស្រាប់តែ​ទាហាន​ឈុត​ខ្មៅ​​ទាំងនោះ​មិន​ព្រម​ចាកចេញពី​វត្ត​​កែវ​សិក្ខា​គិរី​ស្វារៈនោះទេ ​និង​បែរ​ចា​ចូល​ទៅ​​កាន់​តែ​កៀក​ប្រាសាទ​ព្រះវិហារទៅវិញ… ​មិនតែប៉ុណ្ណោះ​ទាហាន​គាំទ្រ​​របស់​ពួកគេ (ថៃ) រាប់​រយ​នាក់​ផ្សេង​​ទៀត បាន​ដាក់​ពង្រាយ​ឈរ​ជើង​​នៅ​កៀក​ខ្សែ​បន្ទាត់​ព្រំ​​ដែន ខ្លះ​ចូល​មក​​លុក​លុយ​ក្នុង​តំបន់.ស ខ្លះ​ទៀត​​ចូល​មក​ក្នុង​ទឹកដី​កម្ពុជាតែម្តង។ ​ប្រការ​នេះ​​បង្ក​ឱ្យ​ផ្ទុះ​កូន​សង្គ្រាម​​ញឹក​ញាប់​ ដោយ​ភាគី​ថៃ​ធ្វើ​សង្គ្រាម​​ឈ្លាន​ពាន​ ចំណែក​ភាគី​កម្ពុជា​​​ប្រើ​​សិទ្ធិ​ការ​ពារ​ខ្លួន​ស្រប​​ច្បាប់​ប្រឆាំង​-បណ្តេញ​ពួកថៃ​ឈ្លាន​ពាន​ក្នុងនាម​ជា​ម្ចាស់​ទឹកដី ហើយ​ចុងក្រោយ​នេះ​រដ្ឋា​ភិបាល​កម្ពុជា​បាន​​ដាក់​សំណើ​ទៅ​កាន់​តុលាការ​​យុត្តិ​ធម៌​អន្តរ​ជាតិ​ជា​ថ្មី សុំ​ឱ្យ​​ពន្យល់​​បក​ស្រាយ​​នូវ​ខ្លឹម​សារ​សាល​ដីកា​​របស់តុលា​ការ​នេះ​ដែល​សម្រេច​កាល​ពី​ថ្ងៃទី​១៥ មិថុនា ១៩៦២ ។

គិត​ចាប់​តាំងពី​ថ្ងៃទី​១៥ មិថុនា ១៩៦២ ​មក​ដល់​ថ្ងៃទី​១៥ មិថុនា ២០១២ ​ដែល​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ ​បាន​សម្រេច​​ឱ្យ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​​ ម្ចាស់​អធិប​តេយ្យ​​ភាព​គ្រប់​គ្រង​​ប្រាសាទ​ព្រះវិហារ ​មាន​រយៈ​ពេល​៥០​ឆ្នាំ​មក​​ហើយ ​ហើយ​នេះ​គឺ​ជា​ខួប​លើក​ទី​៥០ នៃ​​ភាព​ជោគ​ជ័យ​​ដ៏​គួរ​ឱ្យ​មោទន​​បំផុត​​របស់​កម្ពុជា​លើ​រឿង​ក្តី​ប្រាសាទ​​​ព្រះវិហារ ។

សូម​បញ្ជាក់​ថា ក្រុម​មន្ត្រី​តស៊ូ​ក្នុង​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​កាល​អំឡុង​​ចុង​ទស​វត្ស​​ឆ្នាំ ៥០ របស់​​កម្ពុជា រួម​មាន ៖ ​លោក​ទ្រឿង កាង សមា​ជិក​ឧត្តម​​ក្រុម​ប្រឹក្សា​​រាជ​បល្ល័ង្ក ជា​តំណាង​​ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ ​ជា​អ្នក​ដឹកនាំ​ក្រុម​ការងារ និង​មន្ត្រី​ចូល​រួម​មាន​​ ៖ លោក​​អ៊ុក ​ឈុំ អគ្គ​​ទី​ប្រឹក្សា​អម​សា្ថន​ទូត​កម្ពុជា ប្រចាំ​​នៅ​ប្រទេស​បារាំង, លោក​ Dean Acheson សមា​ជិក​គណៈ​មេធាវី​​នៃតុលា​ការ​​កំពូល​នៃ​សហ​រដ្ឋ​អាមេរិក​, លោក​ Roger Pinto សាស្ត្រា​ចារ្យ​នៃ​​មហាវិទ្យា​ល័យ​ច្បាប់​​ទីក្រុង​ប៉ារីស, លោក​ Paul Reuter សាស្ត្រា​ចារ្យ​​​នៃ​មហា​វិទ្យា​ល័យ​ច្បាប់​​ទីក្រុង​ប៉ារីស, លោក Brice M.Clagett សមា​ជិក​គណៈ​មេធាវី​សាលា​ឧទ្ធរណ៍​សហ​រដ្ឋ​អាមេ​រិក​នៃ​ក្រុង​កូឡុមប៊ី (District of Columbia) ជា​ទី​ប្រឹក្សា​ច្បាប់​, លោក​​វរ​សេនីយ៍​ឯក ​ងិន ការ៉េត នាយក​នៃ​នាយក​​ដ្ឋាន​​ភូមិ​សាស្ត្រ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ជា​ទី​ប្រឹក្សា​​ឯក​ទេស, លោក​ចាន់ យូរ៉ាន់ ជាអគ្គ​លេខាធិការ​​នៃ​គណៈ​ប្រតិភូ និង​លោក​​ចែម ស្ងួន ជា​អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​ប្រតិភូ។

​ការតស៊ូ​​រឿង​​ក្តី​​បាន​អូស​បន្លាយ​ពេល​ជាង​៣​ឆ្នាំ​ ដោយ​មាន​ទឡ្ហីករណ៍​សំអាង​​គ្រប់​គ្រាន់​​ទាំង​ទិដ្ឋ​ភាព សង្គម វប្ប​ធម៌ និង​ផ្លូវ​ច្បាប់ តុលា​ការ​​យុត្តិ​​ធម៌​អន្តរ​ជាតិ (ICJ) ក្រុង​ឡាអេ បាន​សម្រេច​ ១ ៖ ​​មាន​សំឡេង​៩​ទល់​នឹង​៣ សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិតក្នុង​ទឹកដី​ក្រោម​អធិប​តេយ្យ​របស់​ប្រទេស​កម្ពុជា ។ ២ ៖ ដោយ​មាន​សំឡេង​​៩​ទល់​នឹង​៣ សម្រេច​ថា ប្រទេស​ថៃ​មាន​កាតព្វ​កិច្ចដក​កង​កម្លាំង​ទ័ព​ ឬ​ប៉ូលិស​ ឬ​អ្នក​ថែរក្សា​ ឬឆ្មាំ​ដទៃទៀត ដែល​​ថៃ​បាន​ដាក់​ក្នុង​ប្រាសាទ​ ឬ ក្នុង​តំបន់​ក្បែរ​​ប្រាសាទ​​ដែល​ស្ថិត​ក្នុង​​ទឹកដី​កម្ពុជា​ចេញ​ឱ្យ​អស់។ ៣ ៖ សម្រេច​​លើក​ចុង​ក្រោយ​​ដោយ​សំឡេង​៧​ទល់​នឹង​៥ ​សម្រេចថា ​ប្រទេសថៃ​​មាន​កាតព្វ​កិច្ច​ប្រគល់​​មក​ឱ្យ​ប្រទេស​កម្ពុជា​វិញ នូវវត្ថុ​ទាំង​ឡាយ​តាម​ប្រភេទ​​ដែល​បាន​បញ្ជាក់​​នៅ​ក្នុង​សេច​ក្តី​ស្នើ​​សុំ​ឱ្យ​វិនិ​ច្ឆ័យ​ទី៥ របស់​កម្ពុជា ដែល​ត្រូវ​​បាន​យក​ចេញពី​ប្រាសាទ ឬ​​តំបន់​ប្រាសាទ​ដោយ​អាជ្ញា​ធរ​ពាក់​ព័ន្ធរបស់ថៃ ​ចាប់តាំងពី​កាល​បរិ​ច្ឆេទ​នៃ​ការ​កាន់​កាប់​ប្រាសាទ​នេះ​ដោយ​ប្រទេស​ថៃ​​នៅ​ឆ្នាំ​១៩៥៤ ៕