ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (កលិយុគដួងចិត្ត) បទពាក្យ៨ ដោយ ព្រុំ គឹម ជឿន

14 ឆ្នាំ មុន

– ទឹក​ហូរ​ផាត់​ស្លែ​ទៅ​ក្បែរ​គុម្ព​ចក ទឹក​ឡើង​ទឹក​ស្រក​សំណក​ជីវិត
ល្ខោន​ស្នេហ៍​វ៉ារោង​បេះដូង​ក្រៀម​ស្វិត កលិយុគ​ដួងចិត្ដ​នៅ​បឹង​សាឡា​ង ។

– ទឹក​ហូរ​ផាត់​ស្លែ​ទៅ​ក្បែរ​គុម្ព​ចក              ទឹក​ឡើង​ទឹក​ស្រក​សំណក​ជីវិត
   ល្ខោន​ស្នេហ៍​វ៉ារោង​បេះដូង​ក្រៀម​ស្វិត      កលិយុគ​ដួងចិត្ដ​នៅ​បឹង​សាឡា​ង    ។
– ដប់​ពីរ​ឆ្នាំ​ហើយ​នៅឡើយ​ស្រណោះ          កំហុស​ទាំងអស់​ខ្ញុំ​ជា​អ្នក​សាង
   ប្រើ​រូប​សម្រស់​ស្ទូច​យក​សំណាង              ឥឡូវ​គ្រប់យ៉ាង​ក្លាយជា​ទុក្ខ​ទ្វេ     ។
– ទ្រព្យធន​ធ្វើ​ឱ្យ​ខ្ញុំ​ព្រិល​នេត្រា                  បោះបង់​សង្សារ​ស្រវា​ប្ដី​គេ
   ប្រាក់​ចាយ​ពេញដៃ​សប្បាយ​ម្លេះ​ទេ           ទោះ​ញាតិ​ស្ដីជេរ​ក៏​ខ្ញុំ​មិន​ខ្វល់       ។
– លោក​នេះ​ពិតជា​មានបុណ្យ​មាន​បាប          ខ្យល់​ដែល​ខ្ញុំ​សាប​ទទួលលទ្ធផល
   ជា​ព្យុះសង្ឃរា​បក់​បោក​វិលវល់                 សោកា​អំពល់​ក្នុង​កម្ម​វិ​ជ្ជ​វាទ       ។
– ប្ដី​ប្រែ​ក្បត់ចិត្ដ​ចរិត​ប្ដូរផ្លាស់                     គេហ៍​ថា​ខ្ញុំ​ចាស់​មាន​អ្វី​ស្អាត​ទៀត?
   គេហ៍​ត្រូវការ​ក្មេង​ទើប​មាន​រសជាតិ           គេហ៍​ពោល​ស៊កសៀត​ឱ្យ​ខ្ញុំ​ឈឺផ្សា ។
– គេហ៍​ទៅ​បាត់​ៗ​មិន​ខ្វល់​កូនចៅ                 បណ្ដើរ​ស្រី​ក្រៅ​សប្បាយ​ហ៊ឺហា
   ទូរស័ព្ទ​មិន​លើក​ឆ្លើយឆ្លង​វាចា                 ឈ្លក់​និង​តណ្ហា​ចូល​បារ​រាំរែក       ។
– វិប្បដិសារី​ជេរ​ស្ដីបន្ទោស                        ជាតិ​នេះ​ខ្ញុំ​ខុស​មិន​អាច​ប្រកែក
   ស្ដាយក្រោយ​ឈឺចាប់​តឹងទ្រូង​អនេក         ខ្ញុំ​ចង់​តែ​ស្រែក​ឱ្យ​បែក​ផែនដី        ។
– ចង់ទៅ​សាង​ផ្នួស​លោះ​កម្ម​វេរា                តែ​ទាស់​បុត្រ​ភ្ញា​មិន​ទាន់​ពេញវ័យ
  មាន​តែ​ស៊ូទ្រាំ់​ថែរ​កូនប្រុស​ស្រី                 ឱ្យ​បាន​ប្រពៃ​កុំឱ្យ​ដូច​ខ្ញុំ              ។

ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com