នៅប្រទេសកម្ពុជា ត្រីស្ពង់ជាប្រភេទត្រី សមុទ្រដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដោយបានទទួលការនិយមចូលចិត្ដបរិភោគពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ឆ្នេរ និងបណ្ដាខេត្ដនានាដែលគ្មានដែនសមុទ្រ ។ ពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការត្រីស្ពង់កាន់តែកើនឡើងជាលំដាប់ ជាពិសេសកំណើនតម្រូវការពីវិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ដែលជាចលករមួយដ៏សំខាន់ជំរុញឱ្យប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ បង្កើនការចិញ្ចឹមិត្រីស្ពង់ តាមរូបភាពផ្សេងៗ ជាពិសេសការចិញ្ចឹមក្នុងបែ ។
ដោយមានការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ពីរដ្ឋបាលជលផលក្នុងការអភិវឌ្ឍន៍វិស័យវារីវប្បកម្មសមុទ្រ ចំនួនអ្នកចិញ្ចឹមត្រីស្ពង់តាម បែមានកំណើនឡើង ជាពិសេសចាប់ពីឆ្នាំ ២០០៨មក យើងសង្កេតឃើញថា សកម្ម ភាពចិញ្ចឹមត្រីប្រភេទនេះមានសន្ទុះខ្លាំងក្លា។ តំបន់ព្រែកទឹកភ្លាវ និងបណ្ដាកោះមួយចំនួន ដែលពីមុនមិនធ្លាប់មានការចិញ្ចឹមនោះ ហើយសព្វថ្ងៃនេះបានក្លាយទៅជាកន្លែងចិញ្ចឹមត្រីស្ដង់ដ៏មានសក្ដានុពល ពីព្រោះវាមានលក្ខណៈអំណោយផលដល់ការចិញ្ចឹមប្រភេទត្រីស្ពង់នេះ ។
ផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា សព្វថ្ងៃនេះវារីវប្បករចិញ្ចឹមត្រីស្ពង់អាច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន ដោយមិនចាំបាច់នាំចូលពីប្រទេសជិតខាងឡើយ ហើយម្យ៉ាងទៀត វារីវប្បកអោចនាំចេញទៅលក់ប្រទេសក្រៅទៀត ។ ក្នុងស្ថានភាពនៃការចិញ្ចឹមត្រីស្ពង់សព្វថ្ងៃនេះ ថ្វីដ្បិតតែអ្នកចិញ្ចឹមមានបទពិសោធន៍ និងទទួលបានជោគជ័យ គួរឱ្យកត់សំគាល់យ៉ាងណាក៏ដោយការយល់ដឹងរបស់ពួកគាត់នៅមានកំរិត ដែលធ្វើឱ្យទិន្នផលចិញ្ចឹមមិនទាន់ទទួលបាននូវផលិតភាព បើប្រៀបធៀបនឹងប្រទេសជិតខាង ។
ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចចិញ្ចឹមត្រីស្ពង់ វារីវប្បករត្រូវតែធ្វើការកែលំអនូវវិធីសាស្ដ្រចិញ្ចឹម ដូចជាការជ្រើសរើសទីតាំងឱ្យបានសមស្រប ការជ្រើសរើសពូជឱ្យបានល្អ ការសាងសង់បែតាមលក្ខណៈបច្ចេកទេសការគ្រប់គ្រង និងថែទាំត្រី ព្រមទាំងមានសមត្ថភាពក្នុងការទប់ស្កាត់ និងព្យាបាលជំងឺ ។ យោងតាមការចាំបាច់ ដែលបានលើក ឡើងនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនៃរដ្ឋបាលជលផលបានខិតខំស្រាវជ្រាវ និងដកបទពិសោធន៍ពីការចិញ្ចឹមត្រីជាក់ស្ដែង ដើម្បីចងក្រងជាឯកសារណែនាំចិញ្ចឹមត្រីស្ពង់ក្នុងបែ ដោយសង្ឃឹមថា ឯកសារនេះជាត្រីវិស័យមួយសំរាប់ជំរុញឱ្យការអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រប្រកបដោយចីរភាព ។
លក្ខណៈជីវសាស្ដ្រ
ត្រីស្ពង់ជាប្រភេទត្រីដែលអាចរស់នៅបានទាំងទឹកប្រៃ និងទឹកភ្លាវ ហើយមានឈ្មោះវិទ្យាសាស្ដ្រ Lates Calcarilfer ។ ត្រី ដែលពេញវ័យបន្ដពូជត្រូវបានប្រទះឃើញនៅតាមមាត់ព្រែក ឬបឹងទឹកប្រៃដែលមានកំហាប់អំបិលប្រែប្រួលពី៣០ទៅ៣២ភាគពាន់ និងជំរៅទឹកពី១០-១៥ម៉ែត្រ ។ កូនត្រី ម្សៅដែលមានអាយុពី១៥-២០ថ្ងៃ ឬមាន ទំហំ០,៤-០,៧សង្ទីម៉ែត្រ រស់នៅតាមឆ្នេរ ហើយចំពោះត្រីម្សៅដែលមានទំហំ១សង្ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅតំបន់ទឹកភ្លាវ ជាពិសេសព្រែកទឹកភ្លាវ ។ ត្រីស្ពង់លូតលាស់ នៅតំបន់ទឹកភ្លាវ ហើយធ្វើចរាចរណ៍ទៅកាន់ ទីកន្លែងដែលមានកំហាប់អំបិលខ្ពស់ជាង ដើម្បីពងកូន ។
វដ្ដជីវិតរបស់ត្រីស្ពង់
ត្រីស្ពង់ចំណាយពេលរស់នៅ២-៣ឆ្នាំ នៅ តំបន់ទឹកភ្លាវ ដូចជាបឹង និងព្រែកដែលជាប់ នឹងសមុទ្រ ។ វាមានអត្រាលូតលាស់លឿន ក្នុងរយៈពេល២-៣ឆ្នាំ ត្រីស្ពង់អាចមានទំងន់ ពី៣-៥គីឡូក្រាម ។ ត្រីពេញវ័យអាយុ៣-៤ ឆ្នាំ ធ្វើចរាចរពីព្រែកទឹកភ្លាវទៅកាន់ទឹកប្រៃ ដែលជាកន្លែងមានកំហាប់អំបិលពី៣០-៣២ ភាគពាន់ ដើម្បីឱ្យពងឈានចូលដំណាក់កាល ទុំ ហើយញាស់កូន ។ ការបញ្ចេញកូន អាស្រ័យទៅលើវដ្ដនៃព្រះចន្ទដែលជាទូទៅ គឺនៅពេលដើមខ្នើត និងពេលពេញបូណ៌មី នាពេលយប់ពីម៉ោង១៨.០០ ដល់២០.០០ ដែលជាទូទៅពាក់ព័ន្ធទៅនឹងទឹកជោរ ។ ចរន្ដ ទឹកជោរនេះបានរុញច្រានពង និងកូនត្រីដែល ទើបញាស់ឱ្យរសាត់ចូលក្នុងព្រែកទឹកភ្លាវ ។ ដំណាក់កាលរីកលូតលាស់នៃកូនត្រីម្សៅកើត ឡើងនៅពេលដែលវាធ្វើចរាចរទៅផ្នែកខាង លើនៃព្រែកទឹកភ្លាវ ។
លោកស្មីត (Smith) ១៩៦៥ បានកត់សំគាល់ថា ត្រីមួយចំនួនចំណាយពេល១ជីវិតនៅក្នុងបរិស្ថានទឹកភ្លាវដោយលូតលាស់រហូត ដល់ប្រវែង៦៥សង្ទីម៉ែត្រ និងមានទំងន់ ១៩,៨គីឡូក្រាម ។ កន្សោមពងរបស់ត្រី ប្រភេទនេះគ្មានការរីកលូតលាស់ទេ ។ នៅក្នុងបរិស្ថានសមុទ្រត្រីស្ពង់អាចមានប្រវែង ដល់១,៧ម៉ែត្រ ដែលគេប្រទះឃើញនៅតំបន់Indo-Australian ។ នៅខេត្ដព្រះសីហនុ អ្នកនេសាទធ្លាប់ចាប់បានត្រីស្ពង់ ដែលមានទម្ងន់រហូតដល់៨គីឡូក្រាម ក្នុង១ក្បាល ។ នៅខេត្ដកោះកុង គេអាចប្រទះឃើញត្រីរស់នៅជាគូញី-ឈ្មោល ដែលមានទំងន់ប្រមាណ១០គីឡូក្រាម នៅតំបន់ដែលមានកំហាប់អំបិល១៨-២០ភាគពាន់ ។ ជាក់ស្ដែងអ្នកនេសាទចាប់បានត្រីធំៗនៅម្ដុំថ្មសតាមព្រែកមាត់ពាម ។
ចរិតស៊ីចំណី
ត្រីស្ពង់ធំត្រូវបានគេចាត់ទុកថាជាប្រភេទ ដែលស៊ីសាច់ជាអាហារ តែកូនត្រីជាប្រភេទ ស៊ីសាច់ផង និងប្លង់តុងរុក្ខជាតិ និងរុក្ខជាតិ ទឹកផ្សេងទៀតជាអាហារ ។ ការធ្វើវិភាគទៅ លើក្រពះត្រីធម្មជាតិ (១-១០សង្ទីម៉ែត្រ) បង្ហាញថា ២០% ជាប្លង់តុងរុក្ខជាតិ ហើយ ចំណែកបរិមាណដែលនៅសល់គឺបង្គា និងត្រី តូចៗ។ល។ ត្រីដែលមានប្រវែងលើសពី២០ សង្ទីម៉ែត្រ គេសង្កេតឃើញនៅក្នុងក្រពះមាន ប្រភេទសត្វ ក្នុងនោះ៧០%ជាសត្ដវត្ដជាតិ (Crustanceans) ដូចជាបង្គា និងកូនក្ដាម ហើយចំណែក៣០%នៅសល់គឺជាត្រី ។ ប្រភេទត្រីដែលរកឃើញនៅក្នុងពោះវៀន គឺ ភាគច្រើនជាប្រភេទត្រីកិ (Leiognatus sp) និងត្រីក្បក (Mugil sp) ។
ការពងកូន
ការកំណត់ភេទត្រីស្ពង់មានការលំបាក លើកលែងតែត្រីស្ថិតក្នុងដំណាក់កាលពងកូន ។ ត្រីស្ពង់ដែលមានទម្ងន់១,៥គីឡូក្រាម ២,៥គីឡូក្រាម ភាគច្រើនក្លាយទៅជា ឈ្មោល ប៉ុន្ដែនៅពេលដែលទម្ងន់ឡើងដល់ ៤-៦ គីឡូក្រាម វាក្លាយទៅជាញី ។ ក្រោយ ពីចិញ្ចឹមបានរយៈពេល៣-៤ឆ្នាំ ការកំណត់ ភេទឈ្មោល-ញី មានភាពងាយស្រួលកំណត់ ។ យោងតាមបទពិសោធន៍អ្នក នេសាទនៅខេត្ដកោះកុងបានធ្វើការកត់ សំគាល់ថា ត្រីស្ពង់ឈ្មោលមានដងខ្លួនវែង ស្គមចំណែកត្រីញីមានពោះធំខ្លួនខ្លី ។ ចំនួនពងត្រីស្ពង់អាស្រ័យទៅលើទម្ងន់ត្រី ។ យោងតាមលោកវង់ សុមនុក និងម៉ានី វង់សា បានបង្ហាញថា ត្រីមេដែលមានទម្ងន់ពី ៥,៥-១១គីឡូក្រាម មានពងពី២,១លាន ទៅ៧,១លានពង ។ ត្រីដែលមានទម្ងន់១២ គីឡូក្រាម មានពង៧,៥លានពង ត្រី១៩គីឡូ ក្រាម មានពង៨,៥លាន ហើយត្រី២២គីឡូ ក្រាម មានពង១៧លាន ។ ត្រីស្ពង់បញ្ចេញ ពងពេញមួយឆ្នាំ ហើយខែដែលត្រីពងច្រើន ជាងគេ គឺពីខែមេសា ដល់សីហា ហើយកូនត្រី ដែលមានទំហំ១សង្ទីម៉ែត្រ អាចចាប់បានពី ខែឧសភា ដល់សីហា ។ នៅខេត្ដកោះកុងគេ អាចចាប់បានកូនត្រីស្ពង់នៅខែមិថុនា ដល់ កក្កដា នៅតាមបណ្ដាព្រែកទឹកភ្លាវ ។ ផ្អែកលើការសិក្សាស្រាវជ្រាវពីសកម្មភាពបញ្ចេញពងនៅក្នុងអាងបង្ហាញថា មុន នឹងបញ្ចេញពង ត្រីឈប់ស៊ីចំណីប្រមាណ១ អាទិត្យ ។ ត្រីទំលាក់ពងនៅវេលាម៉ោង៦ ល្ងាច ដល់១០យប់ ។ ចាប់ពីពេលទំលាក់ពង រយៈពេល១៨ម៉ោង ពងញាស់ក្លាយជាកូន ក្នុងលក្ខខណ្ឌសីតុណ្ហភាពពី២៨-៣០អង្សា សេ និងកំហាប់អំបិល៣០-៣២ភាគពាន់ ។
ការលូតលាស់
កូនត្រីស្ពង់លូតលាស់យឺតនៅដំណាក់ កាលដំបូង ប៉ុន្ដែវាលូតលាស់លឿននៅពេល វាមានទម្ងន់ពី២០-៣០មិល្លីក្រាម ។ អត្រា លូតលាស់ថយចុះនៅពេលដែលត្រីមានទម្ងន់ ៤គីឡូក្រាម ។
-អាយុ(ថ្ងៃ) ពងរៀបញាស់ ប្រវែង (មីីល្លីម៉ែត្រ) ០,៩១ ។
-អាយុ(ថ្ងៃ) ០ ប្រវែង (មីល្លីម៉ែត្រ) ១,៤៩ ។
-អាយុ(ថ្ងៃ) ១ ប្រវែង (មីល្លីម៉ែត្រ) ២,២០ ។
-អាយុ(ថ្ងៃ) ៧ ប្រវែង (មីល្លីម៉ែត្រ) ៣,៦១ ។
-អាយុ(ថ្ងៃ) ១៤ ប្រវែង (មីល្លីម៉ែត្រ) ៤,៣៥ ។
-អាយុ(ថ្ងៃ) ២០ ប្រវែង (មិល្លីម៉ែត្រ) ៩,៤៥ ។
-អាយុ(ថ្ងៃ) ៣០ ប្រវែង (មីល្លីម៉ែត្រ) ១៣,១២ ទម្ងន់ (មីល្លីក្រាម) ០,១០ ។
-អាយុ(ថ្ងៃ) ៤០ ប្រវែង (មីល្លីម៉ែត្រ) ១៧,៣៦ ទម្ងន់ (មីល្លីក្រាម) ០,៥០ ។
-អាយុ(ថ្ងៃ) ៥០ ប្រវែង (មីល្លីម៉ែត្រ) ២៨,៩២ ទម្ងន់ (មីល្លីក្រាម) ១,២០ ។
-អាយុ(ថ្ងៃ) ៦០ ប្រវែង (មីល្លីម៉ែត្រ) ៣២,៨៥ ទម្ងន់ (មីល្លីក្រាម) ៣,៥០ ។
-អាយុ(ថ្ងៃ) ៩០ ប្រវែង (មីល្លីម៉ែត្រ) ៩៣,០០ ទម្ងន់ (មីល្លីក្រាម) ៩,០០ ។
-អាយុ(ថ្ងៃ) ១២០ ប្រវែង (មីល្លី ម៉ែត្រ) ១៤៥,០០ ទម្ងន់ (មីល្លីក្រាម) ៥០,០០ ។
-អាយុ(ថ្ងៃ) ១៥០ ប្រវែង (មីល្លី ម៉ែត្រ) ២១០,០០ ទម្ងន់ (មីល្លីក្រាម) ១២០,០០ ។
-អាយុ(ថ្ងៃ) ១៨០ប្រវែង (មីល្លីម៉ែត្រ) ២៤៥,០០ ទម្ងន់ (មីល្លីក្រាម) ២៨០,០០ ។
-អាយុ(ថ្ងៃ) ២១០ប្រវែង (មីល្លី*ម៉ែត្រ) ៣១០,០០ ទម្ងន់ (មីល្លីក្រាម)
៣៣០,០០ ។
បច្ចេកទេសចិញ្ចឹម
ត្រីស្ពង់ត្រូវបានគេចិញ្ចឹមនៅក្នុងស្រះ និង បែនៅតំបន់ទឹកភ្លាវ ។ បច្ចេកវិជ្ជាចិញ្ចឹមក្នុង បែត្រូវបានអភិវឌ្ឍ ចំណែកក្នុងស្រះនៅមិន ទាន់អភិវឌ្ឍខ្លាំងនៅឡើយ ។ ក្នុងការចិញ្ចឹម ត្រីស្ពង់ វារីវប្បករជួបប្រទះនូវការលំបាក មួយចំនួនដូចជា ១-ចរិតស៊ីគ្នាឯង ក្នុង ដំណាក់កាលត្រីមានប្រវែងពី១-២០សង្ទី ម៉ែត្រ ។ ២-ចំណីពឹងលើតែត្រីល្អិត ។ ៣- ជំងឺ និង៤-ការផ្លាស់ប្ដូរអាកាសធាតុលឿន ពេក ធ្វើឱ្យត្រីមិនអាចប្រែប្រួលទៅតាមបាន បណ្ដាលឱ្យត្រីងាប់ ។
ដូចបានលើកឡើងខាងលើ ចរិតស៊ីគ្នាឯង បង្កជាបញ្ហាដ៏ស្រួចស្រាល់បំផុតក្នុងការ
ចិញ្ចឹម ។ អត្រាងាប់ខ្ពស់ គឺនៅពេលដែល យើងដាក់កូនមានទំហំមិនស្មើគ្នា ជាពិសេស នៅពេលដែលត្រីមានប្រវែងពី១-២០សង្ទី ម៉ែត្រ ត្រូវបានគេដាក់ចិញ្ចឹមនៅក្នុងខែ
ដំបូង។ ដូចនេះការដាក់កូនត្រីចិញ្ចឹមត្រូវ មានការប្រុងប្រយ័ត្ន ជាពិសេសរើសកូនត្រី ដែលមានទំហំដូចគ្នា ហើយទំហំនោះគួរចាប់ ពី៧.៦២សង្ទីម៉ែត្រឡើងទៅ ។ តាមបទពិសោធន៍នៅខេត្ដកោះកុង គឺគេមិនដាក់កូនដែលគេភ្ញាស់ឱ្យស៊ីចំណីគ្រាប់ទេ ព្រោះមានការលូតលាស់យឺត ។
ការជ្រើសរើសទីតាំងដាក់បែត្រី
ដើម្បីទទួលបានផលល្អក្នុងការចិញ្ចឹម គេត្រូវពិនិត្យមើលទីតាំងដាក់បែ ដោយផ្អែកលើគោលការណ៍ដូចខាងក្រោម ៖
១-តំបន់ស្ងប់រលក ឬស្ងប់ខ្យល់ ។
២-ចៀសវាងទីតាំងដែលមានចរន្ដទឹក ហូរខ្លាំង ជាពិសេសតំបន់ដែននៅចំមុខទឹកហូរពីភ្នំនៅពេលភ្លៀង ហើយល្អបំផុតមានចរន្ដទឹកនៅចន្លោះ០,៨០-១,៧សង្ទីម៉ែត្រ ក្នុង១នាទី ។
៣-កំហាប់អំបិលពី១០ទៅ៣០ភាគពាន់ ។
៤-កន្លែងមិនសូវសម្បូរអាគឹង ។ ជាក់ស្ដែងទីតាំងមានកំហាប់អំបិលខ្ពស់ គឺជាកន្លែងដែលសម្បូរអាគឹង ។
៥-ទីតាំងបែគួរនៅឆ្ងាយពីប្រភពបំពុលបរិស្ថាន ។
៦-កម្ពស់បែគួរតែទុករក្សាពីបាតដី២ ម៉ែត្រ ដើម្បីឱ្យចរន្ដទឹកហូរអាចនាំយកកាក សំណល់ចំណីចេញពីបែ ។ បើជ្រៅពេកក្ដាម អាចកាត់សាច់អួនរបស់បែ ។
៧-ដីស្រទាប់បាតជាប្រភេទដីខ្សាច់ចៀស វាងតំបន់ណាដែលបាតជាភក់សម្បូរដោយ អាស៊ីត ។
គុណភាពទឹក
ដើម្បីទទួលបានផលល្អក្នុងការចិញ្ចឹម គេ ត្រូវពិនិត្យមើលប៉ារ៉ាម៉ែត្រទឹក ដោយផ្អែក តាមគោលការណ៍ខាងក្រោម ៖
-ប៉ារ៉ាម៉ែត្រ ផះ បំរែបំរួល ៧,៥-៨,៥
-ប៉ារ៉ាម៉ែត្រ អុកស៊ីសែនរលាយក្នុងទឹក បំរែបំរួល៤-៩មីល្លីក្រាម ក្នុង១លីត្រ
-ប៉ារ៉ាម៉ែត្រ កំហាប់អំបិល បំរែបំរួល ១០-៣០ភាគពាន់
-ប៉ារ៉ាម៉ែត្រ សីតុណ្ហភាព បំរែបំរួល ២៦-៣២ អង្សាសេ
-ប៉ារ៉ាម៉ែត្រ អាម៉ូញាក់ (NH3) បំរែបំរួល តិចជាង១ មីល្លីក្រាម ក្នុង១លីត្រ
-ប៉ារ៉ាម៉ែត្រ អ៊ីដ្រូហ្សែនស៊ុលផួ (H2S) បំរែបំរួល តិចជាង០,៣មីល្លីក្រាម ក្នុង១លីត្រ ។
១-កំហាប់អំបិល
ត្រីស្ពង់ជាប្រភេទត្រីអាចចិញ្ចឹមនៅតំបន់ ទឹកភ្លាវ និងទឹកប្រៃ ។ ជាទូទៅ កំហាប់អំបិលដែលល្អបំផុតសំរាប់ត្រីស្ពង់គឺចាប់ពី ១០-៣០ភាគពាន់ ។ ហេតុនេះ តំបន់ផ្នែក ខាងក្រោម (ជាប់សមុទ្រ) នៃព្រែកទឹកភ្លាវ គឺជាកន្លែងសមស្របសំរាប់ចិញ្ចឹមត្រីស្ពង់ ។ ប៉ុន្ដែគេអាចចិញ្ចឹមនៅតំបន់ដែលមានកំហាប់ អំបិល៣៥ភាគពាន់ផងដែរ ដូចជាតំបន់ទំនប់ រលក ខេត្ដព្រះសីហនុជាដើម ។
២-សីតុណ្ហភាព
ត្រីស្ពង់ចិញ្ចឹមបានល្អបំផុតក្នុងតំបន់ទឹក ក្ដៅឧណ្ឌៗ ដែលមានសីតុណ្ហភាពពី២៦-៣២ អង្សាសេ ត្រីស្ពង់លូតលាស់យឺតនៅតំបន់ទឹក ត្រជាក់ដែលមានសីតុណ្ហភាពក្រោម២០អង្សាសេ ។
៣-លក្ខខណ្ឌផ្សេងៗ
ត្រីស្ពង់អាចចិញ្ចឹមបានល្អ ក្នុងលក្ខខណ្ឌ ដូចខាងក្រោម ៖
-ប៉េហាស់ប្រែប្រួលពី៧,៥-៨,៥
-អុកស៊ីហ្សែនរលាយក្នុងទឹកប្រែប្រួលពី ៤-៩មីល្លីក្រាម ក្នុង១លីត្រ
-អាម៉ូញ៉ាក់ តិចជាង១មីល្លីក្រាម ក្នុង១ លីត្រ
-អ៊ីដ្រូហ្សែនស៊ុលផួ តិចជាង០,៣មីល្លី ក្រាម ក្នុង១លីត្រ
ករណីខ្លះត្រីស្ពង់អាចរស់នៅបានក្នុងលក្ខ ខណ្ឌអុកស៊ីសែន១មីល្លីក្រាម ក្នុង១លីត្រ ក្នុង មួយរយៈពេលខ្លីប្រមាណ៣០នាទី ។
ការសាងសង់បែ
ជាទូទៅ បែត្រូវមានរាងជាការ៉េដែលមានទំហំ២០ម៉ែត្រគូប ទៅ១០០ម៉ែត្រគូប ព្រោះងាយក្នុងការសាងសង់គ្រប់គ្រង និង ជួសជុល ។ ការជ្រើសរើសទំហំក្រឡាសាច់ អួន អាស្រ័យទៅលើទំហំត្រី ដូចមានបង្ហាញ ក្នុងតារាងខាងក្រោម ៖
-ទំហំក្រឡាអួន ១,៥សង្ទីម៉ែត្រ ប្រវែង ត្រី ៥-១០សង្ទីម៉ែត្រ
-ទំហំក្រឡាអួន ២សង្ទីម៉ែត្រ ប្រវែងត្រី ១០-១៨សង្ទីម៉ែត្រ
-ទំហំក្រឡាអួន៤សង្ទីម៉ែត្រ ប្រវែងត្រី ចាប់ពី១៨សង្ទីម៉ែត្រ ។
ទំហំបែដែលសមស្រប
១-៣ម៉ែត្រខ៣ម៉ែត្រខ២,៥ម៉ែត្រ (តំបន់ ទំនប់រលក) ៖ ជាប្រភេទបែអណ្ដែត ។
២-៥ម៉ែត្រខ៥ម៉ែត្រខ៤.-៤.៥ម៉ែត្រ (កោះកុង) ៖ ជាប្រភេទបែនឹង ។
៣-៤-ការជ្រើសរើសកូនត្រីពូជ និងដង់ស៊ីតេដាក់ចិញ្ចឹម
តើត្រូវទិញកូនត្រីទំហំប៉ុនណា?
តាមបទពិសោធន៍របស់អ្នកចិញ្ចឹមនៅ តំបន់ទំនប់រលក និងយោងតាមឯកសារ បរទេសមួយចំនួន កូនត្រីស្ពង់ដែលត្រូវជ្រើស រើសមកចិញ្ចឹមគួរមានប្រវែងពី៥ទៅ១០សង្ទី ម៉ែត្រ ។ ផ្អែកលើការនិយមចិញ្ចឹមនៅតំបន់ ទំនប់រលក ខេត្ដព្រះសីហនុ ក៏ដូចជានៅខេត្ដ កោះកុង គឺគេជ្រើសរើសកូនដែលមានទំហំ ៧,៦២សង្ទីម៉ែត្រឡើងទៅ ។ មុននឹងទិញកូន វារីវប្បករត្រូវតែដឹងថា ទីតាំងរបស់ខ្លួនមាន កំហាប់អំបិលកំរិតណា ហើយពេលទិញកូនត្រី ពីស្ថានីយតម្រូវទៅតាមកំរិតអំបិលនៅ
ទីតាំងរបស់ខ្លួន ។
មុននឹងដាក់កូនត្រីយើងត្រូវធ្វើដូចម្ដេច?
មុននឹងដាក់កូនត្រីចូលក្នុងបែ គេត្រូវអនុ វត្ដដូចខាងក្រោម ៖
-ត្រូវវាស់ទឹកក្នុងថង់ដាក់កូនត្រីឡើងវិញ បើកំហាប់អំបិលនៅក្នុងបែខុសគ្នា២-៥ភាគ ពាន់ វាមិនបង្កជាបញ្ហាទេ
-ធ្វើការបន្សាំកូនត្រីទៅនឹងសីតុណ្ហភាព និងកំហាប់អំបិលក្នុងបែជាមុនប្រមាណ១៥-២០នាទី
-ដើម្បីចៀសវាងការស៊ីគ្នា យើងត្រូវ ចំរាញ់យកកូនដែលមានទំហំប៉ុនគ្នាដាក់ក្នុង បែតែមួយ
-ត្រូវដាក់កូនត្រីចិញ្ចឹមពេលល្ងាចម៉ោង ៥-៦ ព្រោះរយៈពេលត្រជាក់បានយូរ ។
តើយើងត្រូវដាក់ត្រីប៉ុន្មានក្បាលក្នុង១ ម៉ែត្រគូបទឹក?
ដង់ស៊ីតេចិញ្ចឹមប្រែប្រួលទៅតាមទំហំត្រី ដូចខាងក្រោម ៖
-ត្រីមានទំហំពី៥-១០សង្ទីម៉ែត្រ គេដាក់ ប្រមាណ៧០ក្បាល ក្នុង១ម៉ែត្រគូបទឹក ដោយប្រើក្រឡាសាច់អួន១,៥សង្ទីម៉ែត្រ ។ បន្ទាប់ពីចិញ្ចឹមរយៈពេល២០ថ្ងៃ គេត្រូវធ្វើ ការញែកយកកូនត្រីដែលមានទំហំធំចេញ ទៅដាក់បែផ្សេងទៀត ។
-បន្ទាប់ពីញែករួច គេយកត្រីធំដាក់ក្នុង ក្រឡាសាច់អួន២សង្ទីម៉ែត្រ ក្នុងចំនួន២០ ក្បាល ក្នុងម៉ែត្រគូប ។ ចិញ្ចឹមរហូតដល់២០ ថ្ងៃ ញែកចេញម្ដងទៀត ។
-នៅពេលត្រីមានប្រវែងចាប់ពី១៨សង្ទី ម៉ែត្រ ឡើងទៅទើបគេប្ដូរក្រឡាសាច់អួន៤ សង្ទីម៉ែត្រ ដោយដាក់កូនត្រីក្នុងដង់ស៊ីតេ១៤ ក្បាល ក្នុង១ម៉ែត្រគូបទឹក ។
ខែណាគួរដាក់កូនត្រីចិញ្ចឹម?
ការដាក់កូនត្រីចិញ្ចឹមល្អបំផុតនៅរដូវ វស្សា ព្រោះទឹកមានកំហាប់អំបិលទាប ។ នៅខេត្ដកោះកុងអាចដាក់បានពេញមួយឆ្នាំ ប៉ុន្ដែល្អបំផុតគួរដាក់ពីខែឧសភា ដល់សីហា ។ នៅក្រុងកំពង់សោម គួរដាក់ពីខែមិថុនា ដល់ កក្កដា ។ គេមិនគួរដាក់ចិញ្ចឹមពីខែធ្នូ ដល់ មេសាទេ ព្រោះពេលនេះសីតុណ្ហភាពបរិយា កាសក្ដៅពេក កំហាប់អំបិលខ្ពស់ដែលធ្វើឱ្យ ត្រីកើតជំងឺប៉ារ៉ាស៊ីត (ចៃ) ។
ចំណី និងការឱ្យចំណី
សព្វថ្ងៃនេះ ការចិញ្ចឹមត្រីស្ពង់ត្រូវបានគេ យកត្រីល្អិតសមុទ្រគ្រប់ប្រភេទមកធ្វើជា ចំណី ។ នៅក្នុងដំណាក់កាលដំបូងចំណីត្រូវ បានកិន (ប្រដាប់កិនប្រហិត) ឬចិញ្ច្រាំឱ្យម៉ត់ ព្រោះត្រីស្ពង់នៅតូចនៅឡើយ ។ ការកិន ចំណីត្រូវធ្វើដូចខាងក្រោម ៖
-ត្រីទើបតែដាក់បាន១ខែ គេប្រើរន្ធតូច បំផុត (ចំពោះអ្នកដែលមានប្រដាប់កិន) ឬ ចិញ្ច្រាំឱ្យម៉ត់ចំពោះអ្នកដែលមិនមានលទ្ធ ភាពទិញប្រដាប់កិនចំណី ។
-ពេលត្រីមានប្រវែង១២.៧សង្ទីម៉ែត្រ គេប្រើរន្ធធំ (ចំពោះអ្នកដែលមានប្រដាប់ កិន) ឬចិញ្ច្រាំកុំឱ្យម៉ត់ពេក បើសិនជាគ្មានប្រដាប់កិនចំណី ។
-នៅពេលត្រីប្រវែងចាប់ពី១៥សង្ទីម៉ែត្រ ឡើងទៅ ប្រើម៉ាស៊ីនកាត់ ឬកាត់ដោយ កាំបិត ។ ជាទូទៅត្រីមួយគេកាត់ជា៣-៤ កង់ ។
តើយើងត្រូវឱ្យចំណីដូចម្ដេច?
ដើម្បីងាយស្រួលក្នុងការដាក់ចំណីឱ្យបាន ត្រឹមត្រូវ វារីវប្បករគួរអនុវត្ដដូចខាង
ក្រោម ៖
-កូនត្រីមានប្រវែង៧សង្ទីម៉ែត្រ ឱ្យស៊ី១ ដងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៣-៦ល្ងាច ។ ក្នុងដំណាក់កាលនេះ គេមិនសូវឱ្យកូនត្រីស៊ី ច្រើនពេកទេ ។ បើសិនឱ្យច្រើនពេក ក្រពះ កិនមិនបានល្អធ្វើឱ្យខ្លួនខ្មៅ ដោយសារអាចម៍ មិនចេញ ។ រយៈពេលមួយអាទិត្យ គេដាក់ថ្នាំបញ្ចុះម្ដង ធ្វើដូច្នេះអាចឱ្យត្រីស៊ីចំណីខ្លាំងជាងមុន ។ បើឃើញខ្លួនខ្មៅត្រូវចាប់ផ្ដើមផ្អាកចំណី១-២ថ្ងៃ ។ ចំណីដែលត្រូវដាក់គឺក្នុងចំនួនកូនត្រី៥.០០០ក្បាល ដាក់ចំណីប្រមាណ៧គីឡូក្រាម ។
-នៅពេលត្រីមានប្រវែង១០សង្ទីម៉ែត្រ គេដាក់ចំណីឱ្យស៊ីម្ដង ក្នុងមួយថ្ងៃចាប់ពីម៉ោង ៣-៦ល្ងាច ។ ក្នុងចំនួនកូនត្រី១.៥០០ក្បាល ដាក់ចំណីពី៣-៥គីឡូក្រាម ។
-ពេលត្រីចាប់ពី១២សង្ទីម៉ែត្រ គេឱ្យ ចំណី២ដង ក្នុងមួយថ្ងៃ គឺម៉ោង៨ព្រឹក និង៥ ល្ងាច ។ ក្នុងចំនួនត្រី១.០០០ក្បាលអាចដាក់ ចំណី១០គីឡូក្រាម ។
ការលូតលាស់
តាមបទពិសោធន៍ ចំពោះត្រីស្ពង់ដែល មានប្រវែង៧សង្ទីម៉ែត្រ ចិញ្ចឹមរយៈពេល៦ ខែ ត្រីនឹងឡើងទម្ងន់ប្រមាណ៥០០ក្រាម ។ នៅខេត្ដកោះកុង ត្រី៧សង្ទីម៉ែត្រ ចិញ្ចឹមរយៈ ពេល៧ខែ ត្រីមានទំងន់០,៦-០,៨គីឡូក្រាម ។ ជាធម្មតាទីផ្សារប្រទេសកម្ពុជាត្រូវ ការត្រីស្ពង់ដែលមានទម្ងន់ពី០,៨-១គីឡូ ក្រាម ។ វារីវប្បករដែលទទួលបានជោគជ័យ នៅខេត្ដកោះកុងទទួលបានអត្រារស់មាន រហូតដល់៦០% ដែលអាចឱ្យគេទទួលបាន ចំណេញ ពីព្រោះត្រីស្ពង់មានតម្លៃខ្ពស់ ។
ការលូតលាស់ (គិតជាក្រាម) របស់ត្រី ស្ពង់ដាក់ចិញ្ចឹមក្នុងបែតាមកំរិតដង់ស៊ីតេ ផ្សេងៗ
-រយៈពេលចិញ្ចឹម (ខែ) ដង់ស៊ីតេ ១៦ ក្បាល/ម៉ែត្រគូប, ២៤ក្បាល/ម៉ែត្រគូប, ៣២ក្បាល/ម៉ែត្រគូប ។
-រយៈពេលចិញ្ចឹម (ខែ) ០ ដង់ស៊ីតេ ៦៧,៨០ក្រាម, ៦៧,៨០ក្រាម, ៦៧,៨០
ក្រាម
-រយៈពេលចិញ្ចឹម (ខែ) ១ ដង់ស៊ីតេ ១៣២,៣៣ក្រាម, ១៣៧,៥៣ក្រាម, ១៣៩,២០ក្រាម
-រយៈពេលចិញ្ចឹម (ខែ) ២ ដង់ស៊ីតេ ២២៥,២០ក្រាម, ២២៩,១០ក្រាម, ២២៥,៥០ក្រាម
-រយៈពេលចិញ្ចឹម (ខែ) ៣ ដង់ស៊ីតេ ២៦២,៨៨ក្រាម, ២៦៧,៥០ក្រាម, ២៦៤,១១ក្រាម
-រយៈពេលចិញ្ចឹម (ខែ) ៤ ដង់ស៊ីតេ ៣២៦,១៥ក្រាម, ៣៣១,៩៧ក្រាម, ៣១១,៥០ក្រាម
-រយៈពេលចិញ្ចឹម (ខែ) ៥ ដង់ស៊ីតេ ៣៨១,០៨ក្រាម, ៣៨៤,៨៧ក្រាម, ៣៥៨,៧៧ក្រាម
-រយៈពេលចិញ្ចឹម (ខែ) ៦ ដង់ស៊ីតេ ៤៩៨,៥៥ក្រាម, ៤៨៧,០៦ក្រាម, ៤៥៥,៤០
ក្រាម ។
ការគ្រប់គ្រងបែ
ការត្រួតពិនិត្យបែ ត្រូវតែធ្វើជាប្រចាំ ព្រោះថា បែលិចក្នុងទឹកគ្រប់ពេលវេលា ហេតុនេះសាច់អួនងាយនឹងខូចខាត ដោយ*សារសត្វក្នុងទឹកដូចជាក្ដាមកាត់ជាដើម ។ បើសិនជាពិនិត្យឃើញរហែក នេះគេត្រូវតែជួស ជុល ឬផ្លាស់ថ្មីជាបន្ទាន់ ។ ជាធម្មតា រយៈ ពេល២-៣ថ្ងៃ ត្រូវមុជមើលម្ដង ហើយបើ ពិនិត្យមើលឃើញបែណាដែលត្រីមិនសូវស៊ី ចំណី យើងត្រូវចុះពិិនិត្យមើលភ្លាមខ្លាចក្រែង សាច់អួនរហែកត្រីចេញអស់ពីបែ ។
ម្យ៉ាងវិញទៀត សាច់អួនក្នុងទឹកនឹងត្រូវ រុំដោយពពួកអាគឹង និងខ្យងចំពុះទា ខ្យងផ្លិត ដែលធ្វើឱ្យស្ទះទឹកចេញចូលក្នុងបែ ។ អាគឹង ខ្យងចំពុះទា និងខ្យងផ្លិត គឺជាបាតុភូតមិន អាចចៀសវាងបានទេ ដោយសារផ្ទៃសាច់អួន បង្កលក្ខណៈងាយស្រួលដល់ពពួកអាគឹង តោង ។ អាគឹងច្រើនធ្វើឱ្យស្ទះចរន្ដទឹកក្នុងបែ ដែលបង្កឱ្យត្រីពុល ឬខ្សោយ (Stess) ដោយសារខ្វះអុកស៊ីសែន ហើយកាកសំណល់នឹង មានកាន់តែច្រើននៅក្នុងបែ ។ ហេតុនេះក្នុង រយៈពេលតិចបំផុត២សបា្ដហ៍ម្ដង គេគួរតែធ្វើ ការដុសលាងអួនម្ដង ។ គេអាចប្រើប្រាស់ថ្នាំ ការពារអាគឹងបាន ប៉ុន្ដែវាប៉ះពាល់ដល់ត្រី ចិញ្ចឹម និងជីវចំរុះក្នុងទឹក និងត្រូវចំណាយ ថវិកាច្រើនទៀតផង ។
ជំងឺ និងការព្យាបាល
ចំណុចគួរយកចិត្ដទុកដាក់ គឺត្រូវការពារ កុំឱ្យត្រីកើតជំងឺ ។ ការកើតជំងឺនឹងបង្កការ លំបាកក្នុងការព្យាបាល និងងាយរងគ្រោះក្នុងការបាត់បង់ ។ ម្យ៉ាងទៀត ការប្រើថ្នាំសំរាប់ ព្យាបាលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិ ភោគ បរិស្ថាន ធម្មជាតិ និងជីវចំរុះក្នុងទឹក ។
ចំពោះត្រីស្ពង់ យើងសង្កេតឃើញមាន ជំងឺដែលបង្កដោយប៉ារ៉ាស៊ីត ដូចជាចៃស ទាច (ឈ្លើង) និងចៃមានជើង ។
ក-ចៃស
រោគសញ្ញា
-របកស្រកា ពពាល ដាច់កន្ទុយ
-ដូរពណ៌ដងខ្លួនពីប្រផេះទៅខ្មៅ៧-១០ សង្ទីម៉ែត្រ
-មានអុចសលើខ្លួន
-ខ្នងមានប្រឡាក់ដូចស្លែកាន់
-ភ្នែកស
-ចុងកន្ទុយមានឈាម
ព្យាបាល
-លាងទឹកសាប៣នាទី ទុករយៈពេល៥ ថ្ងៃ លាងម្ដងទៀត ។ ក្រោយពីលាងលើកទី ២ បាន១អាទិត្យ គេត្រូវលាង១ដងទៀត ។ វារីវប្បករត្រូវលាងត្រីទាំងអស់ក្នុងបែ ។
-គេអាចប្រើទង់ដែងស៊ុលផាត,៥មិល្លី ក្រាម ក្នុង១លីត្រទឹក រយៈពេល៥-៧ថ្ងៃ ដោយដាក់ខ្យល់ជាប់ជាប្រចាំ ។
ខ-ទាច ឬឈ្លើង
រោគសញ្ញា
-ត្រីមិនសូវស៊ីចំណី
-ហែលមកលើ
-ប្រែសម្បុរទៅខ្មៅ ភ្នែកស្លេកលឿង
ព្យាបាល
-យកកំបោរក្រហម១គីឡូក្រាម ខ្ចប់ស្បៃ យកទៅចងនៅកណ្ដាលបែ នៅពេលទឹកនឹង ក្នុង១ថ្ងៃធ្វើរបៀបនេះ២ដង ។
គ-ចៃមានជើង
រោគសញ្ញា
ប្រភេទចៃនេះកើតឡើងនៅរដូវប្រាំង វា មានទំហំ១០-៥០មិល្លីម៉ែត្រ ។ ជាទូទៅ គេ ប្រទះឃើញវាខាំជាប់នឹងស្រកីត្រី បឺតជញ្ជក់ ស្រកីរហូតដល់ត្រីងាប់ ។
ព្យាបាល
អ្នកចិញ្ចឹមត្រូវតែពិនិត្យ បើត្រីហែលមក លើ ឬក្បែរសាច់អួន គេត្រូវចាប់វាមកពិនិត្យ ស្រកី ដើម្បីចាប់យកចៃចេញ គេត្រូវយក កំបោរសទម្ងន់៩គីឡូក្រាម លាយទឹកសមុទ្រ ឬទឹកសាប១៧លីត្រ រួចចាក់ចូលទៅក្នុងបែឱ្យចំចំណុចកណ្ដាលរបស់បែ ។
ថ្នាំផ្សះ (អង់ទីប្យូទីក) ដែលគួរប្រើប្រាស់ក្នុងការចិញ្ចឹមត្រីសមុទ្រ
-ប្រភេទថ្នាំ អុកសូលីនីក អាស៊ីត (Oxolinic acid) រយៈពេលសាបថ្នាំ ៣០
ថ្ងៃ ។
-ប្រភេទថ្នាំ អុកស៊ីតេត្រាស៊ីឃ្លិន Oxy-tetracycline រយៈពេលសាបថ្នាំ ២១ថ្ងៃ ។
-ប្រភេទថ្នាំ អូមេត្រូពិន Ormetropin រយៈពេលសាបថ្នាំ គ្មានព័ត៌មាន។
-ប្រភេទថ្នាំ សុលហ្វាឌីមេថូស៊ីន Sulfamimethoxine រយៈពេលសាបថ្នាំ ២៥ថ្ងៃ ។
-ប្រភេទថ្នាំ សុលហ្វីសូសាហ្សូលេ ឌី អូ ឡាមីន Sulfisoxazole diolamine រយៈពេលសាបថ្នាំ គ្មានព័ត៌មាន ។
-ប្រភេទថ្នាំ ទ្រីមេថូព្រិម/សុលហ្វាឌីស៊ីន Trimethoprin/sulfadiazine រយៈពេលសាបថ្នាំ ២០ថ្ងៃ ៕
(ដកស្រង់ចេញពីមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ)
ចែករំលែកព័តមាននេះ