ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្រាវ​ជ្រាវ​ចង​ក្រង​ និង​ផ្ទៀង​ផ្ទាត់​ប្រវត្តិ​សាស្ត្រ​ខ្មែរ​សម័យ​អាណា​ចក្រ​ភ្នំ

13 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ទី​១៤ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១០​ ក្រុម​ស្រាវ​ជ្រាវ​អង្គ​ភាព​សិក្សា​ប្រវត្តិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​នយោ​បាយ​របស់​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​​សង្គម​(វ​ម​វស) នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ចុះ​បំពេញ​បេសកកម្ម​​ស្រាវ​ជ្រាវ​នៅ​ស្រុក ​បា​ភ្នំ​ ខេត្ត​ព្រៃ​វែង​ បន្ទាប់​ពី​បាន​ចុះ​ស្រាវ​ជ្រាវ​នៅ​តំបន់​អង្គរ​បុរី​ខេត្ត​តា​កែវ​ កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ​ដើម្បី​ពិនិត្យ​ និង​អង្កេត​មើល​ទៅ​លើ​ភស្តុ​តាង​ប្រវត្តិ​សាស្ត្រ​ ភូមិ​សាស្ត្រ​ ព្រម​ទាំង​ទេស​ភាព​បុរាណ​វិទ្យា​នៃ​ទី​តាំង​អតីត​រាជ​ធានី​ដំបូង​របស់​អាណា​ ចក្រ​ភ្នំ។ សមាស​ភាព​​ស្រាវ​ជ្រាវ​រួម​មាន​បណ្ឌិត​សោម សុមុនី ប្រធាន​វិទ្យា​ស្ថាន​ លោក​ស៊ុំ​ឈុំ​ឡុង លេខា​អចិន្ត្រៃយ៍​ លោក​សូត្រ​ សំណាង​ ប្រធាន​ផ្នែក​សិក្សា​ប្រវត្តិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​នយោបាយ​(វមវស)​ លោក​ សូ​ ប៉ុណ្ណា​រ៉ាត់​ មន្ត្រី ស្រាវ​ជ្រាវ លោក​អាត​ ទៀង​ មន្ត្រី​ស្រាវ​ជ្រាវ​រួម​ទាំង​សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ​ចំនួន​៤​រូប ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៤ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១០​ ក្រុម​ស្រាវ​ជ្រាវ​អង្គ​ភាព​សិក្សា​ប្រវត្តិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​នយោ​បាយ​របស់​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​​សង្គម​(វ​ម​វស) នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ចុះ​បំពេញ​បេសកកម្ម​​ស្រាវ​ជ្រាវ​នៅ​ស្រុក​បា​ភ្នំ​ ខេត្ត​ព្រៃ​វែង​ បន្ទាប់​ពី​បាន​ចុះ​ស្រាវ​ជ្រាវ​នៅ​តំបន់​អង្គរ​បុរី​ខេត្ត​តា​កែវ​ កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ​ដើម្បី​ពិនិត្យ​ និង​អង្កេត​មើល​ទៅ​លើ​ភស្តុ​តាង​ប្រវត្តិ​សាស្ត្រ​ ភូមិ​សាស្ត្រ​ ព្រម​ទាំង​ទេស​ភាព​បុរាណ​វិទ្យា​នៃ​ទី​តាំង​អតីត​រាជ​ធានី​ដំបូង​របស់​អាណា​ចក្រ​ភ្នំ។ សមាស​ភាព​​ស្រាវ​ជ្រាវ​រួម​មាន​បណ្ឌិត​សោម សុមុនី ប្រធាន​វិទ្យា​ស្ថាន​ លោក​ស៊ុំ​ឈុំ​ឡុង លេខា​អចិន្ត្រៃយ៍​ លោក​សូត្រ​ សំណាង​ ប្រធាន​ផ្នែក​សិក្សា​ប្រវត្តិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​នយោបាយ​(វមវស)​ លោក​ សូ​ ប៉ុណ្ណា​រ៉ាត់​ មន្ត្រី ស្រាវ​ជ្រាវ លោក​អាត​ ទៀង​ មន្ត្រី​ស្រាវ​ជ្រាវ​រួម​ទាំង​សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ​ចំនួន​៤​រូប​ទៀត។

តាម​ការ​បញ្ជាក់​ពី ក្រុម​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវ​ជ្រាវ​ដល់​ទី​តាំង​ភូមិ​សាស្ត្រ​ផ្ទាល់​នៃ​គំរោង​ស្រាវ​ជ្រាវ​ និង​ចង​ក្រង​​ស្តី​ពី​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​តាម​ដំណាក់​កាល​នីមួយៗ​​របស់​អង្គភាព​សិក្សា​ប្រវត្តិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​នយោ​បាយ​(វមវស)​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ គំរោង​ស្រាវជ្រាវ​នេះ​​មាន​គោល​បំណង​ដើម្បី​ចង​ក្រង​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ឱ្យ​មាន​ការ​ឯក​ភាព​គ្នា​បាន​ភាគ​ច្រើន​ទាំង​ព្រឹត្តិ​ការណ៍​នយោ​បាយ​ សង្គម​ នាម​ព្រះ​មហា​ក្សត្រ​ និង​កាល​ប្រវត្តិ​ ព្រម​ទាំង​ទី​តាំង​ប្រវត្តិ​សាស្ត្រ​។ល។​ ដោយ​ឈរ​លើ​​វិធី​សាស្ត្រ​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​ សច្ចធម៌​ប្រវត្តិ​សាស្ត្រ​ និង​ផល​ប្រយោជន៍​ជាតិ​ជាមូល​ដ្ឋាន​ ហើយ​ដោយ​មាន​ការ​ចូល​រួម​ពី​សាស្ត្រា​ចារ្យ​ផ្នែក​ ប្រវត្តិ​សាស្ត្រ​ និង​បុរាណ​វិទ្យា​ និង​អ្នក​ឯក​ទេស​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ថែម​ទៀត​។

តាម​ប្រក្រតី​ទិន​នៃ​ការ​ស្រាវ​ជ្រាវ​របស់​គំរោង​នេះ​នឹង​មាន​រៀប​ចំ​ជា​សិក្ខា​សាលា​ជំនាញ​មួយ​នៅត្រី​មាស​ទី​១ ឆ្នាំ​២០១១​ខាង​មុខ​នេះ​ដើម្បី​ផ្ទៀង​ផ្ទាត់​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ។
គួរ​បញ្ជាក់​ថា​ អា​ណា​ចក្រ​ភ្នំ​ជា​រដ្ឋ​ខ្មែរ​ដំបូង​បង្អស់​មុន​សម័យ​អង្គរ​ដែល​មាន​ដើម​កំណើត​តាំង​ពី​សត​វត្ស​ទី​១​ដល់​ពាក់​កណ្តាល​សត​វត្ស​ទី​៦​នៃ​គ្រឹស្ត​សក​រាជ​។ ការ​រីក​ចំរើន​ដល់​កំពូល​នៃ​សម័យ​អាណា​ចក្រ​ភ្នំ​គឺនៅ​ដើម​សត​វត្ស​ទី​៣​នៃ​គ្រឹស្ត​សក​រាជ​ អាណា​ចក្រ​នេះ​មាន​វិសាល​ភាព​ទឹក​ដី​ធំ​ទូលាយ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ជា​ច្រើន​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក ដែល​ក្នុង​នោះ​មាន​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​ វៀត​ណាម​ខាង​ត្បូង​ ភាគខ្លះ​នៃ​ប្រទេស​ឡាវ​ ថៃ​ មី​យ៉ាន់​ម៉ា និង​ឧបទ្វីប​ម៉ា​ឡេ។ តាម​ការ​ស្រាវ​ជ្រាវ​របស់​ផ្នែកប្រវត្តិ​វិទ្យា​ និង​វិទ្យា​សាស្ត្រ​នយោ​បាយ​(វមវស)​ លើ​ឯក​សារ​ប្រវត្តិ​សាស្ត្រ​មុនៗ​មាន​លោក​សឺ​ដែស ជា​ដើម​បាន​បង្ហាញ​ថា​ រាជ​ធានីដំបូង​របស់​អាណា​ចក្រ​ភ្នំ​គឺ​តាំង​នៅ​ឯ​វ្យាធបុរ​(ទី​ក្រុង​អ្នក​ប្រមាញ់​) ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ស្រុក​បា​ភ្នំ​ ខេត្ត​ព្រៃ​វែង ហើយ​បន្ទាប់​មក​ប្រហែល​ជា​បាន​លើក​មក​តាំង​នៅ​អូ​កែវ​។ វ្យាធបុរ​ជា​ឈ្មោះ​រាជ​ធានី​នៅ​សម័យ​នោះ​ ប្រែ​ថា​ បុរី​នៃ​ស្តេច​ទាក់​ដំរី ឬ​ទី​ក្រុង​អ្នក​ប្រមាញ់​។
ទាក់​ទង​នឹង​ពាក្យ​ដំរី​បញ្ជាក់​ថា​ ខ្មែរ​នៅ​សម័យ​នោះ​និយម​ទាក់​សត្វ​ដំរី​យក​មក​ប្រើ​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​ដើម្បីបំរើ​ឱ្យ​តំរូវ​ការ​ប្រចាំ​ថ្ងៃ​ក្នុង​ជីវ​ភាព​​​រស់​នៅ​របស់​ខ្លួន​ ហើយ​រាជ​ធានី​វ្យា​ធបុរ​ជា​រាជ​ធានី​ដែល​មាន​ភូមិ​សាស្ត្រ​សំបូរ​ដោយ​ព្រៃ​ធំៗ​ និង​សត្វ​ព្រៃ​ច្រើន​ប្រភេទ​។ តាម​ការ​កត់​សំគាល់​របស់​ក្រុម​ស្រាវ​ជ្រា​វ​ឃើញ​ថា បច្ចុប្បន្ន​នៅ​ស្រុក​បា​ភ្នំ​ និង​ស្រុក​ជាប់​ព្រំ​ប្រទល់​ក៏​ដូច​ជា​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ទាំង​មូល​មាន​នាម​ភូមិ​សាស្ត្រ​(ភូមិ​-ឃុំ​ ស្រុក) មួយ​ចំនួន​មាន​ឈ្មោះ​ទាក់​ទង​ដំរី​ និង​ព្រៃ​ជា​ច្រើន​ដូច​ជា​រោង​ដំរី​ ក្បាល​ដំរី ព្រៃ​ដំរី ដំរី​ពូន ដំរី​ស្លាប់​ ឯ​ព្រៃ​វិញ​មាន​ដូចជា​ព្រៃវែង ព្រៃ​ឃ្នេស​ ព្រៃ​ទឹង​ ព្រៃ​ក្តី​ ព្រៃ​ស្នៀត​។ល។​ ប៉ុន្តែ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ​ក្នុង​ឆ្នាំ​១៩៩៨​​របស់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​បុរាណ​វិទ្យា​មក​ពី រដ្ឋ​ហាវ៉ៃ សហ​រដ្ឋ​អា​មេរិក​ និង​មានការ​ចូល​រួម​ពី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​​បាន​ធ្វើ​កំណាយ​នៅ​អង្គ​រ​បុរី​ក្នុង​បរិវេណ​វត្ត​គំនូរ​បាន​រក​ឃើញ​ឆ្អឹង​​មនុស្ស​ កុលលា​ភាជន៍​​ និង​វត្ថុ​តាង​ជា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​គេ​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា​ នៅតំបន់​អង្គរ​បុរី​បច្ចុប្បន្ន​ក៏​ជា​រាជ​ធានី​របស់​អាណា​ចក្រ​ភ្នំ​ដែរ​ដែល​មាន​ឈ្មោះ​ថា​ នរវរនគរ​(នគរ​នៃ​វរ​ជន​ ឬ​នគរ​នៃ​ជន​ដ៏​ប្រសើរ​) ហើយ​បច្ចុប្បន្ន​ទឹក​ដី​នេះ​បាន​បន្សល់​ទុក​នូវ​ភស្តុ​តាង​ជា​ច្រើន​ដូច​ជា​កំពែង​ពី​ឥដ្ឋ​ និង​ដី​មាន​កំពស់​ប្រមាណ​៦​ម៉ែត្រ​ដែល​មាន​ស្លាក​ស្នាម​គូទឹក​ និង​ភស្តុតាង​​ប្រវត្តិ​សាស្ត្រ​ និង​បុរាណ​វិទ្យា​ជា​ច្រើន​ទៀត​ដែល​បាន​រក​ឃើញ​នៅ​ទីនោះ​។

យោង​តាម​ភស្តុ​តាង​ និង​ឯកសារ​​​ប្រវត្តិ​សាស្ត្រ​នានា​យើង​អាច​សន្និ​ដ្ឋាន​ថា​ នៅ​ឯ​វ្យា​ធបុរ​ស្ថិត​ក្នុង​តំបន់​បា​ភ្នំ​ខេត្ត​​ព្រៃ​វែង​ និង​នៅ​តំបន់​អង្គរ​បុរី​ខេត្ត​តា​កែវ​បច្ចុប្បន្ន​សុទ្ធ​តែ​ជា​អតីត​រាជ​ធានី​របស់​អាណា​ចក្រ​ភ្នំ ហើយ​អាណា​ចក្រ​ភ្នំ​នេះ​ហើយ​ គឺ​ជា​ចក្រភព​នៃ​ដែន​សមុទ្ទ​តែ​មួយ​គត់​ជា​មជ្ឈ​មណ្ឌល​នៃ​ការ​អភិ​វឌ្ឍនៅ​អាស៊ី​អាគ្នេយ៍​ពី​សត​វត្ស​ទី​១ ដល់​សតវត្ស​ទី​៦ ដែល​ភូមិ​សាស្ត្រ​នេះ​គឺ​ជា​ទឹក​ដី​សុវណ្ណ​ភូមិ​យ៉ាង​ពិត​ប្រាកដ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​អ្នក​ស្រាវ​ជ្រាវ​ និង​ប្រវត្តិ​វិទូ​នានា​នៅ​មិន​ទាន់​ឯក​ភាព​គ្នា​នៅ​ឡើយ​អំពី​ទី​តាំង​រាជ​ធានី​នេះ​ដែល​​តំរូវ​ឱ្យ​​មាន​ការ​ស្រាវ​ជ្រាវ​មួយ​ច្បាស់​លាស់​ និង​មាន​សិក្ខា​សាលា​ពិភាក្សា​ផ្ទៀង​ផ្ទាត់​ឱ្យ​បាន​ល្អិត​ល្អន់​ដើម្បី​ចង​ក្រង​បាន​នូវ​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​សម័យ​អាណា​ចក្រ​ភ្នំ​ដែល​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​ និង​មាន​ការ​ឯក​ភាព​គ្នា​ច្រើន​ដែល​អាច​បំរើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​បាន​ទូលំ​ទូលាយ​៕