ទីក្រុងហ្វ្រេងហ្វឺត ប្រទេសអាល្លឺម៉ង់ ថ្ងៃ ទី១១-១៥ កុម្ភៈ ២០១១ ៖ នាពិធីតាំងពិព័រណ៍ពាណិជ្ជកម្មធំមួយលំដាប់អន្តរជាតិអំពីសំភារបន្ទាប់បន្សំមានឈ្មោះថា អាមប្យ៊ាងតេ (Ambiente) ដែលប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃនេះ សមាគមផ្តៅកម្ពុជា កំពុងដាក់តាំងបង្ហាញនូវផលិតផលផ្តៅកម្ពុជាក្នុងគោលដៅផ្សព្វផ្សាយម៉ូដផលិតផលផ្តៅប្រកបដោយលក្ខណៈច្នៃប្រឌិតខ្ពស់ ហើយគោរពគោលការណ៍និរន្តរភាព ។ ដោយមានការជ្រោមជ្រែងពីអង្គការ WWF សិប្បករផ្តៅកម្ពុជាចូលរួមក្នុងការតាំងពិព័រណ៍នេះ ដើម្បីបង្ហាញដល់អន្តរជាតិឱ្យឃើញអំពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអនុវត្តប្រព័ន្ធផលិតកម្មដែលការពារបរិស្ថាន ។ ផលិតផលប្រើប្រាស់បន្ទាប់បន្សំរួមមាន កញ្ច្រែងច្រើនប្រភេទ គោមអំពូលភ្លើង ទ្រនាប់ និងទម្រ ថូផ្កាធ្វើពីផ្តៅ បានចូលខ្លួនក្នុងពិធីតាំងពិព័រណ៍នេះក្នុងគោលបំណងដើម្បីទាក់ទាញពាណិជ្ជករអន្តរជាតិ ។ ផលិតផលផ្តៅទាំងអស់សុទ្ធសឹងត្រូវបានកែច្នៃយ៉ាងសម្រិតសម្រាំងដោយអនុលោមទៅតាមគោលការណ៍បរិស្ថានស្អាត និងលក្ខខណ្ឌស្តង់ដាគុណភាពនៃទីផ្សារអឺរ៉ុប ។ លោកឃុន ថន អនុប្រធានសមាគមផ្តៅកម្ពុជា មានប្រសាសន៍ថា «ដោយមានការជួយជ្រោមជ្រែងពីគំរោងផ្តៅនៃអង្គការ WWF យើងបានកែច្នៃចេញជាម៉ូដផលិតផលផ្តៅច្រើនប្រភេទប្លែកៗ ហើយមានភាពទាក់ទាញខ្ពស់សំរាប់អតិថិជនអន្តរជាតិ ដែលចូលរួមក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្មដែលជាឱកាសដ៏មានតំលៃសំរាប់ផលិតករផ្តៅកម្ពុជាក្នុងការស្វែងយល់បន្ថែមអំពីតំរូវការ និងការពេញនិយមនៃ ទីផ្សារអន្តរជាតិ ក៏ដូចជាកិច្ចការងារផ្សព្វផ្សាយរកទីផ្សារ» ។ លោកឃុន ថន សង្ឃឹមថា ផលិតផលផ្តៅខ្មែរនឹងអាចស្វែងរកបាននូវអតិថិជនក្នុងឱកាសពិព័រណ៍មួយនេះ ។ ទន្ទឹមនឹងការផ្សព្វផ្សាយផលិតផល អង្គការ WWF នឹងជួយសម្របសម្រួលឱ្យក្រុមអ្នកជំនួញផ្តៅកម្ពុជាបានជួបជាមួយពាណិជ្ជករអន្តរជាតិមួយចំនួន តួយ៉ាងដូចជាក្រុមជំរុញការនាំចូលមកពីប្រទេសស្វីស ក្នុងគោលដៅឃោសនាម៉ូដផលិតផលផ្តៅខ្មែរជាមួយនឹងក្តីសង្ឃឹមថា នឹងបង្កើតបានទំនាក់ទំនងពាណិជ្ជកម្មជាផ្លែផ្កា ។ ផ្អែកតាមសំដីលោកអ៊ូ រតនៈ ប្រធានគំរោងផ្តៅនៃអង្គការ WWF ឥឡូវនេះសិប្បករផ្តៅកម្ពុជាអាចប្រាប់អ្នកបញ្ជាទិញអំពីឆន្ទៈរបស់ពួក គេក្នុងការអនុវត្តបច្ចេកទេសកែច្នៃផ្តៅដែលការពារបរិស្ថាន ហើយពួកគេបានសមត្ថភាពក្នុងការឆ្លើយតបនឹងតំរូវការរបស់អ្នកបញ្ជាទិញ ។ លោករតនៈ បានអះអាងថា «សិប្បករផ្តៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់នូវផលិតផលប្រកបដោយគុណភាពស្តង់ដា ព្រមទាំងការរចនាម៉ូដប្លែកៗ ប្រកបដោយភាពច្នៃ ប្រឌិត» ។ លោកបន្ថែមថា «ការផ្សារភ្ជាប់វិស័យផ្តៅកម្ពុជាទៅនឹងទីផ្សារសាកល គឺជាគោលដៅសំខាន់មួយរបស់គំរោង» ។ គំរោងនិរន្តរភាពផ្តៅរបស់អង្គការ WWF មានគោលដៅធ្វើការគ្រប់គ្រងតំបន់ព្រៃធម្មជាតិ ដែលផ្តៅកំពុងដុះលូតលាស់នៅទីនោះ ព្រមទាំងលើកកំពស់ផលិតកម្មស្អាត ។ ដើម្បីធ្វើកិច្ចការទាំងនេះ គេត្រូវលើកទឹកចិត្តដល់ការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវត្ថុធាតុដើម និងជំរុញឱ្យខ្សែសង្វាក់ផលិតកម្មមានប្រសិទ្ធភាពដោយកាត់បន្ថយឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាននូវការខ្ជះខ្ជាយវត្ថុធាតុដើម ការប្រើសារធាតុគីមី និងការបញ្ចេញចោលនូវឧស្ម័ន។ លោកសេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា «ការរក្សាបានគង់វង្សនូវធនធានព្រៃឈើដែលមានផ្តៅដុះលូតលាស់នៅទីនោះ និងការស្វែងរកបាននូវទីផ្សារជាកត្តាសំខាន់ដែលធានាបាននូវនិរន្តរភាពផ្តៅ» ។ កម្មវិធីនិរន្តរភាពផ្តៅរបស់អង្គការ WWF បានទទួលថវិកា៨០% ពីថវិកាសរុបនៃកម្មវិធី EU SWITCH-Asia ចំនួន២,៤លានអឺរ៉ូ ។ SWITCH-Asia មានគោលបំណងលើកកំពស់ផលិតកម្មស្អាត និងគោលការណ៍ប្រើប្រាស់ធនធានដែលការពារបរិស្ថាន ។ កម្មវិធីនិរន្តរភាពផ្តៅរបស់អង្គការ WWF កំពុងអនុវត្តសកម្មភាពនេះប្រកបដោយភាពជោគជ័យក្នុងការសំរេចគោលបំណងរបស់ខ្លួន ដោយធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែសង្វាក់ផលិតកម្មផ្តៅព្រមទាំងជំរុញឱ្យមានប្រព័ន្ធទទួលស្គាល់ផលិតផលស្តង់ដា ។ កម្មវិធីនេះត្រូវបានសហការផ្តល់ហិរញ្ញវត្ថុដោយក្រុមហ៊ុន IKEA និង DEG ។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖ លោកទេព អស្នារិទ្ធ ការិយាល័យសារព័ត៌មាន និងកិច្ចការសាធារណៈ អង្គការ WWF មហាតំបន់មេគង្គ ការិយាល័យកម្មវិធីអភិរក្សនៅកម្ពុជា ទូរស័ព្ទ ០២៣ ២១៨ ០៣៤ អុីម៉ែល asnarith.tep@wwf.panda.org គេហទំព័រ www.cambodia.panda.org ព័ត៌មានសំរាប់អ្នកនិពន្ធ ៖ -ការចូលរួមក្នុងពិធីតាំងពិព័រណ៍ Ambiente នេះគឺជាឱកាសលើកទីពីរសំរាប់សិប្បករផ្តៅកម្ពុជា ក្នុងក្របខណ្ឌពិព័រណ៍ពាណិជ្ជកម្មដែលមានលក្ខណៈសាកល ។ កាលពីឆ្នាំ២០១០ សិប្បករផ្តៅកម្ពុជាបានដាក់តាំងផលិតផលផ្តៅរបស់ខ្លួននៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ដែលពេលនោះមានអ្នកចូលរួមប្រមាណជាង៤៥.០០០នាក់ មកពីជុំវិញពិភពលោក ។ សំរាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍ Ambiente សូមទៅកាន់ http://ambiente.messefrankfurt.com/ frankfurt/en/besucher/willkommen/ erleben.html -គំរោងផ្តៅនៃអង្គការ WWF ធ្វើការជាមួយអ្នករចនាម៉ូដជនជាតិស៊ុយអែត មកពីសាកលវិទ្យាល័យ Lund និងអ្នករចនាម៉ូដជនជាតិកម្ពុជា ដើម្បីជួយជ្រោមជ្រែងសិប្បករផ្តៅកម្ពុជា ក្នុងការបង្កើតម៉ូដផលិតផលផ្តៅដែលមានលក្ខណៈនិរន្តរភាពតំរូវតាមតំរូវការទីផ្សារអន្តរជាតិ ។ ការបង្កើតម៉ូដផលិតផលផ្តៅ រាប់មានទាំងផលិតផលប្រើប្រាស់បន្ទាប់បន្សំក្នុងផ្ទះ និងក្នុងការិយាល័យ ព្រមទាំងគ្រឿងសង្ហារិម ។ -ដោយសហការជាមួយការិយាល័យជាតិផលិតកម្មស្អាតនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាមួយមជ្ឈមណ្ឌលផលិតកម្មស្អាតនៃប្រទេសវៀតណាម និងជាមួយសមាគមសិប្បករកម្ពុជា គំរោងផ្តៅនៃអង្គការ WWF ខិតខំធ្វើយ៉ាងណាឱ្យសហគ្រាសខ្នាតតូច និងមធ្យមមានការយល់ដឹង ព្រមទាំងអនុវត្តតាមគោលការណ៍ផលិតកម្មស្អាតពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកទេសកែច្នៃដែលអាចធានាបានគុណភាពខ្ពស់ ហើយធានាបាននូវនិរន្តរភាពធនធាន ៕
ចែករំលែកព័តមាននេះ