ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ស្តាប់លុយនិយាយ) បទពាក្យ៧ ដោយ ព្រុំ គឹម ជឿន

14 ឆ្នាំ មុន

– ខ្ញុំ​មិនបាច់​ប្រាប់​ក៏​អ្នកដឹង ថា​តើ​ខ្ញុំ​ហ្នឹង​គឺជា​អ្វី
ខ្ញុំ​ឱ្យ​អ្នក​ថោក​ឬ​ប្រពៃ នោះ​គឺ​អាស្រ័យ​អ្នក​ប្រាថ្នា ។

– ខ្ញុំ​មិនបាច់​ប្រាប់​ក៏​អ្នកដឹង                 ថា​តើ​ខ្ញុំ​ហ្នឹង​គឺជា​អ្វី
ខ្ញុំ​ឱ្យ​អ្នក​ថោក​ឬ​ប្រពៃ                    នោះ​គឺ​អាស្រ័យ​អ្នក​ប្រាថ្នា ។
– ខ្ញុំ​ជា​បំរើ​ដ៏​ស្មោះត្រង់                      បំពេញ​ចំណង់​គ្រប់​អាត្មា
អ្នក​អាច​ប្រើ​ខ្ញុំ​តាម​ត្រូវការ              ប្រើ​ក្នុង​ផ្លូវ​ណា​មិន​ត្អូញត្អែរ ។
– ខ្ញុំ​មាន​ឥទ្ធិពល​ខ្លាំង​ពេក​ក្រៃ              ផ្លាស់​យប់​ជា​ថ្ងៃ​ក៏​បាន​ដែរ
ស្រី​ស្រស់​បោយ​ដៃ​ឈរ​ហូរហែរ          មិនមែន​ព្រោះ​ស្នេហ៍​គឺ​ព្រោះ​ខ្ញុំ​។
– មិន​ថា​នៅ​ទីកន្លែង​ណា                     លើក​ខ្ញុំ​ថ្លៃថ្លា​ខ្ពស់​ឧត្ដម
យក​ខ្ញុំ​ដោះស្រាយ​រឿង​តូច ធំ            ខ្ញុំ​ពេញ​និយម​គេ​រាប់អាន    ។
– អ្នក​ខ្ពស់​ឬ​ទាប មាន​ឬ​ក្រ                  ខ្ញុំ​នៅ​កំដរ​គ្រប់​ទីឋាន
ផ្គាប់ផ្គុន​គ្រប់​គ្នា​ឱ្យ​សុខសាន្ដ               ខ្លះ​ក៏​មានបាន​ដូច​សេដ្ឋី    ។
– ខ្ញុំ​ជា​ចៅហ្វាយ​ដ៏​គំរក់                       បើ​អ្នក​លង់​វក់​ភ្លេច​ស្មារតី
ពេល​ខ្ញុំ​ជា​ម្ចាស់​លើ​អ្វី​ៗ                     អ្នក​គង់​ជួប​ភ័យ​ក្នុង​ជីវិត  ។
– ខ្ញុំ​អាច​ប្ដូរ​ខុស​ទៅ​ជា​ត្រូវ                   ផ្លាស់​ស​ជា​ខ្មៅ​បាន​តាម​ចិត្ដ
អ្នក​ពុក​រលួយ​ខ្ញុំ​មិន​គិត                     ព្រោះ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​បញ្ឈប់​។
– មាន​ខ្ញុំ​គឺ​អ្នកមាន​អំណាច                   មាន​គេ​ខ្លបខ្លាច​កោត​គោរព
ទេព​កោសល្យ​ខ្ញុំ​ច្រើន​លើសលប់          ជួយ​អ្នក​មិន​ឈប់​ទាំងស្រី​ប្រុស
– អ្វី​ៗ​ទាំង​អស់កើត​ព្រោះ​ខ្ញុំ                  តែ​កុំ​ច្រឡំ​ថា​ខ្ញុំ​ខុស
គឺ​មនុស្ស​លោភលន់​ចិត្ដ​មិន​ស្មោះ          ពូតផ្ដុំ​កំហុស​ដោយ​ខ្លួនឯង   ។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com