ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនាវដ្ដី​ចុះ​ផ្សាយ​បុរស​ពិការ​ភ្នែក​ទាំង​២​និង​ដៃ​ទាំង​សងខាង​…​ធ្វើ​ឱ្យ​គាត់​ដាច់​បាយ​ព្រោះ​សរសេរ​ថា​មាន​ប្រពន្ធ​២​បញ្ចុក​ឆ្វេង​ស្ដាំ

14 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ពិការភ្នែក​ទាំង​២ និង​ពិការ​កំបុត​ដៃ​ទាំង​សងខាង ព្រមទាំង​ប្រពន្ធ​និង​កូនស្រី​ម្នាក់​បាន​នាំ​គ្នា​មកដាក់​ពាក្យបណ្ដឹង​នៅ​ អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត ប្ដឹង​ពី​អ្នក​យក​ព័ត៌មាន​ឱ្យ​ទស្សនាវដ្ដី​មួយ​ដែល​បាន​ថតរូប​ក្រុម​ គ្រួសារគាត់ និង​សរសេរ​ពី​ជីវិត​ពិការ​របស់​គាត់ យក​ទៅ​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត ហើយ​ក៏​មានទស្សនាវដ្ដី​មួយទៀត​បាន​យក​រូបភាព​របស់គាត់​សរសេរ​ទៅ​ចុះ​ផ្សាយ​ ក្រោម​ចំណងជើង​ថា “​កាល​នៅ​ជា​ល្អជា​មនុស្ស​ឯកោ ​ដល់​ធ្លាក់ខ្លួន​ពិការ​មាន​ប្រពន្ធ​២​បំរើ​ឆ្វេង​ស្ដាំ​” ដែលអត្ថបទ​របស់​ទស្សនាវដ្ដី​នោះ​បាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​២១-៣១ មីនា ឆ្នាំ ២០១០ កន្លង​មកនេះ ។

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ពិការភ្នែក​ទាំង​២ និង​ពិការ​កំបុត​ដៃ​ទាំង​សងខាង ព្រមទាំង​ប្រពន្ធ​និង​កូនស្រី​ម្នាក់​បាន​នាំ​គ្នា​មកដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត ប្ដឹង​ពី​អ្នក​យក​ព័ត៌មាន​ឱ្យ​ទស្សនាវដ្ដី​មួយ​ដែល​បាន​ថតរូប​ក្រុម​គ្រួសារគាត់ និង​សរសេរ​ពី​ជីវិត​ពិការ​របស់​គាត់ យក​ទៅ​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត ហើយ​ក៏​មានទស្សនាវដ្ដី​មួយទៀត​បាន​យក​រូបភាព​របស់គាត់​សរសេរ​ទៅ​ចុះ​ផ្សាយ​ក្រោម​ចំណងជើង​ថា “​កាល​នៅ​ជា​ល្អជា​មនុស្ស​ឯកោ ​ដល់​ធ្លាក់ខ្លួន​ពិការ​មាន​ប្រពន្ធ​២​បំរើ​ឆ្វេង​ស្ដាំ​” ដែលអត្ថបទ​របស់​ទស្សនាវដ្ដី​នោះ​បាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​២១-៣១ មីនា ឆ្នាំ ២០១០ កន្លង​មកនេះ ។

តាម​ការ​បំភ្លឺ​ពី​បុរស​ពិការ​ខាង​ឈ្មោះ​គី​ម វ​ណ្ណា អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ៊ាន គី​ម​ហេង អាយុ​៤៥​ឆ្នាំ រួម​ជាមួយ​កូនស្រី ឈ្មោះ​ជា រ៉ា​ន់​យ៉ា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិទួល​ពង្រ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត បាន​រៀបរាប់​ឱ្យ​កោះសន្ដិភាព​ដឹង​ថា គាត់​ប្ដឹង​ដោយសារ​តែ​អ្នក​យក​ព័ត៌មាន​ទស្សនាវ​ដ្ដី​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជីវិតពិការ​ភាព​របស់​គាត់​ប្រៀប​បីដូច​ជា​ការ​លេងសើច​គួរ​ឱ្យ​ស្អប់ខ្ពើម​ពី​សាធារណជន ដែល​ថា គាត់​ពិការ​មាន​ប្រពន្ធ​ឆ្វេង​ស្ដាំ តែ​តាម​ការ​ពិត គេ​យកប្រពន្ធ​និង​កូនស្រី​របស់​គាត់​ថា​ជាប្រពន្ធ​ឆ្វេង​ស្ដាំ​ទៅ​វិញ។ គាត់​បញ្ជាក់​ថា ទស្សនាវដ្ដី​នេះ​បាន​យក​រូប​កូនស្រី​ទី​២​ដែលគេ​រៀបចំ​ឱ្យ​ឈរ​ថត​រួម​គ្នា​ជាប់​ជាមួយ​រូបគាត់ ដើម្បី​យក​មក​ចុះ​ផ្សាយ​ពី​ជីវិត​ពិការរបស់​គាត់ តែ​ទស្សនាវដ្ដី​នោះ​ បាន​យក​ទៅ​ចុះផ្សាយ​ថា​រូប​គាត់​មាន​ប្រពន្ធ​២​បំរើ​ឆ្វេង​ស្ដាំ ដោយ​ចាត់​ទុក​កូនស្រី​របស់​គាត់​ឈ្មោះ​ជា រ៉ា​ន់​យ៉ា នោះ​ជា​ប្រពន្ធ​ទី​២​របស់​គាត់ ធ្វើ​ឱ្យក្រុម​គ្រួសារ​របស់​គាត់​មាន​បញ្ហា​កើតឡើង ទើប​គាត់​ដាច់​ចិត្ដ​មក​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​រកយុត្ដិធម៌ ។

បុរស​ពិការ​បាន​បន្ដ​ថា ក្រោយ​ពេលទស្សនាវដ្ដី​បាន​ចេញផ្សាយ​ហើយ​មាន​គេ​យកទៅ​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រួច​មក ក្រុមគ្រួសារ​របស់​គាត់​ក៏​មាន​ជំ​លោះ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ដោយសារ​តែ​កូនប្រសា​ប្រុសរបស់​គាត់​ត្រូវជា​ប្ដី​កូនស្រី​គាត់​ឈ្មោះ​ជា រ៉ា​ន់​យ៉ា អាយុ​២៤​ឆ្នាំ ដែល​មានកូន​ដល់ទៅ​២​នាក់​ទៅ​ហើយ មានគំនិត​ប្រចណ្ឌប្រពន្ធ​ជាមួយនឹង​រូប​គាត់​ដែល​ជា​ឪពុកបង្កើត​។ មិនតែប៉ុណ្ណោះ ដោយសារ​តែ​ការ​ចុះផ្សាយ​ពី​ជីវិត​គាត់​មិន​ពិត​នេះ​ធ្វើ​ឱ្យ​អាជីពជា​កម្មករ​អូស​រទេះ​របស់​គាត់​ត្រូវ​ដាច់​បាយផង​ដែរ ​ជន​មួយ​ចំនួន​ស្អប់ខ្ពើម​ដល់​រូប​គាត់ ​មិនមែន​មាន​តែ​ជន​សាមញ​ធម្មតា​ទេ សូ​ម្បី​តែសមត្ថកិច្ច​នៅ​មាត់ច្រក និង​ថៅកែ​អីវ៉ាន់ ក៏​ហាក់ដូចជា​រើសអើង​និង​ស្អប់ខ្ពើម​គាត់ ដោយ​មិន​ឱ្យ​ទំនិញ​ដល់​រូប​គាត់​ដឹក​ឬ​អូស​ដូចពេល​មុន​នោះ​ឡើយ។ បុរស​ពិការ​រូប​នេះ បាន​បញ្ជាក់​ប្រាប់​យ៉ាង​ច្បាស់​ថា ភ្នែក​និង​ដៃទាំង​២​របស់​គាត់​ត្រូវ​ពិការ​ដោយសារ​គ្រាប់មីន ​កាលពី​សម័យ​សង្គ្រាម​នៅ​ក្នុងស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ កាលពី​ឆ្នាំ​១៩៩៣ ហើយ​រូប​គាត់​មាន​ប្រពន្ធ​តែ​មួយ​គត់​គឺ​ឈ្មោះ ហ៊ាន គី​ម​ហេង អាយុ​៤៥​ឆ្នាំ និង​មានកូនសរុប​ទាំងអស់​៩​នាក់​។

គាត់​អះអាង​ថា រូបថត​គ្រួសារ​គាត់​ដែល​បាន​ចុះ​ផ្សាយ​ក្នុងទស្សនាវដ្ដី​គឺជា​រូប​កូនស្រី​ទី​២​របស់​គាត់ ឈ្មោះ​ជា រ៉ា​ន់​យ៉ា ហើយ​មាន​ប្ដី​និង​កូន​ដល់ទៅ​២​នាក់ តែ​ត្រូវ​បាន​អ្នក​យក​ព័ត៌មានទស្សនាវដ្ដី​សរសេរ​ចុះ​ផ្សាយ​ថា ​ជា​ប្រពន្ធ​ទី​២របស់​គាត់​ទៅ​វិញ ។ ការ​ផ្សាយ​ព័ត៌មាន​មិនពិត​ពី​សំណាក់​ទស្សនាវដ្ដី​ខាងលើ​ពិតជា​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្ដិយស និង​អាជីព​ក្រុមគ្រួសារ​គាត់​យ៉ាង​ខ្លាំង ។
លោក​ប៊ុ​ន សំណាង អ្នក​យក​ព័ត៌មាន​ឱ្យទស្សនាវដ្ដី​ទី​១ បានឱ្យ​ដឹង​ថា ចំពោះ​រូបលោក​ពិតជា​បាន​ថតរូប​ក្រុម​គ្រួសារ​បុរសពិការ​នោះ​មក​ចុះ​ផ្សាយ​ពិតមែន តែ​លោកសរសេរ​តាម​រឿង​ពិត​ប៉ុណ្ណោះ​ដោយ​ពុំ​មានការ​បំផ្លើស​នោះ​ឡើយ ។
លោក​ប៊ុ​ន សំណាង ក៏​បាន​បញ្ជាក់​ច្បាស់ថា លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រឿង​នេះឃើញ​ថា មាន​អ្នក​យក​ព័ត៌មាន​ឱ្យ​ទស្សនាវដ្ដីផ្សេង​មួយ​រូប​ទៀត​ប្រចាំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​លួច​ចម្លង​យក​រូបភាព​របស់​លោក​ទៅ​ចុះផ្សាយ​បន្ដ ហើយ​និយាយ​មិន​មានការ​ពិត​ ទើបធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​កើត​មាន​បញ្ហាបែប​នេះ ។ ចំពោះ​អ្នក​យក​ព័ត៌មាន​ឱ្យទស្សនាវដ្ដី​ទី​២នោះ​កោះសន្ដិភាព​មិន​អាចសុំ​ការ​បំភ្លឺ​បាន​ឡើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា​។

នេះ​ជា​បញ្ហា​មួយ​ដែល​អ្នក​ស្លូតត្រង់ អាច​នឹង​រង​គ្រោះ​ដោយសារ​តែ​ការ​ផ្សាយព័ត៌មាន​មិន​ពិត។ គេ​មិន​អាច​កាឡៃ​ពី​ជីវិតពិត​ទៅ​ជា​ការ​ប្រឌិត​មួយ​ដើម្បី​បោកប្រាសអ្នក​អាន​ឡើយ​។