យោងតាមបទពិសោធន៍របស់កសិករម្នាក់ក្នុងការដាំម្រះ និងទទួលបានទិន្នផលល្អ យើងខ្ញុំសូមលើកយកមកបង្ហាញជូនដូចខាងក្រោម ៖
១- ការត្រៀមពូជដាំ ៖ មុនពេលដាំ ត្រូវយកគ្រាប់ពូជទៅត្រាំទឹករយៈពេល១២ម៉ោង បន្ទាប់មកស្រង់យកមកខ្ទប់ក្រណាត់ធម្មតា ហើយផ្អាប់ទុករយៈពេល២យប់។ ក្រោយពីសង្កេតឃើញមានដុះពន្លក ទើបយកទៅដាំលើរងដែលបានរៀបចំរួច។
២- ការរៀបចំដី និងការដាំ ៖ យើងត្រូវភ្ជួររាស់ដីឱ្យបាន២ដង ដើម្បីឱ្យដីផុស សម្លាប់ស្មៅ និងសត្វល្អិតក្នុងដី ។ បន្ទាប់មកត្រូវរ រាស់ឱ្យស្អាតហាលដីចោលរយៈពេល១អាទិត្យ ទើបភ្ជួរលើកទី២ទៀត ហើយលើករង ដោយទុកចន្លោះពីរងមួយទៅមួយ ប្រមាណ០,៥ម៉ែត្រ។ រងប្រវែង១០ម៉ែត្រ ទទឹង ០,៨ម៉ែត្រ។ ក្នុង១រង ដាក់ជីកំប៉ុស្ដប្រមាណ ១៥គីឡូក្រាម រួចជ្រុំកប់ទៅ ក្នុងដី ទើបយកគ្រាប់ម្រះទៅដាំក្នុង១រណ្តៅពី ១-២គ្រាប់ ចន្លោះពីររណ្តៅមួយទៅមួយប្រមាណ៣តឹង។
៣- ការថែទាំ ៖ យើងត្រូវមើលថែជាប្រចាំថៃ ដោយដកស្មៅ និងត្រួតពិនិត្យការបំផ្លាញរបស់សត្វល្អិត។ ការស្រោចទឹក ត្រូវធ្វើឡើងនៅពេលព្រឹក និងលាច។ នៅពេលកូនម្រះដុះបានកំពស់១តឹក យើងធ្វើការជ្រោយជើងដំណាំ និងដាក់ជីកំប៉ុស្តបន្ថែម នៅតាមគល់ដំណាំម្ដងទៀត ដើម្បីជំរុញការលូតលាស់របស់ដំណាំ។ ក្រោយពេលកូនម្រះដុះបាន១០ថៃ គាត់ចាប់ផ្តើមដោតជ្រលង់ ដើម្បីឱ្យម្រះវាតោងឡើង។ នៅពេលមានសត្វល្អិតមកបំផ្លាញ ដូចជា ចៃក្រា មានវិធីមួយដើម្បីកំចាត់វា គឺយក ស្បៃកកង្កែប ស្បែកពស់ ជាតិសាច់)ទៅចងនឹងទ្រឹងម្រះ រួចចងខ្សែប្រទាញទៅដើមឈើណាដែលមានសត្វអង្ក្រងនៅ ដើម្បីឱ្យសត្វអង្ក្រងវាចូលមកស៊ីសត្វល្អិតនោះ។ ការធ្វើបែបនេះ ដំណាំម្រះពុំមានសត្វល្អិតចូលមកជិតបំផ្លាញម្រះទេ។
៤- វិធីធ្វើជីកំប៉ុស្តទឹក
- លាមកសត្វ គោ ក្របី ជ្រូក មាន់។ ល។)ចំនួន ៣គីឡូក្រាម
- ស្លឹកឈើស្រស់ ៥គីឡូក្រាម
- កាកសំណល់ផ្ទះបាយ ១-៣គីឡូក្រាម
- ដីដំបូក ៣គីឡូក្រាម
- ទឹកធម្មតា ៥០លីត្រ
៥- របៀបធ្វើ ៖ យកសារធាតុទាំងអស់ទៅច្របល់ចូលគ្នាឱ្យសព្វ រួចយកទៅដាក់ក្នុងពាង ហើយគ្របឱ្យជិតទុករយៈពេល១៥ ទៅ ២០ថៃ ទើបយកមកប្រើ។
៦- វិធីប្រើ ៖ ចំពោះការប្រើ គឺយកទឹកជីចំនួន១លីត្រ ទៅលាយជាមួយទឹកធម្មតា ១០លីត្រ ហើយស្រោចលើដំណាំ ១អាទិត្យ ម្តង។
៧- ការរក្សាពូជទុកដាំ ៖ ការជ្រើសរើសពូជ គឺយើងត្រូវយកផ្លែម្រះដែលធំ ថ្លោស ហើយស្រឡូនល្អ និងទុកវាឱ្យទុំល្អនៅដើម រួចបេះយកមកពុះយកគ្រាប់ទៅលាងទឹកឱ្យស្អាត រួចហាលថៃពី ២-៣ថៃ ដើម្បីឱ្យសួត និងច្រកក្នុងដបបិទជិតទុកកន្លែង ម្លប់ល្អកុំឱ្យត្រូវពន្លឺថៃ ធ្វើបែបនេះទើបគ្រាប់ដុះល្អ ៕ (ដកស្រង់ពីទស្សនាវដ្ដីកសិកររបស់អង្គការសេដាក)
ចែករំលែកព័តមាននេះ