លោកពូ ប្រាក់ វឿត អាយុ៥០ឆ្នាំ ជាកសិករធ្វើស្រែចំការរស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ គាត់មានបទពិសោធន៍ធ្វើជីមីក្រូសរីរាង្គអស់រយៈពេល២ឆ្នាំមកហើយ ដែលបទពិសោធន៍នេះ គាត់បានចេះតាមរយៈការអានទស្សនាវដ្តីកសិករ និងស្តាប់វិទ្យុ ។ ជីនេះគាត់ប្រើទៅលើដំណាំស្រូវ បន្លែ ឈើហូបផ្លែ មានប្រសិទ្ធភាពធ្វើឱ្យដំណាំលូតលាស់ល្អ ។ ក្នុងនោះមានកសិករចំនួន៤គ្រួសារ បានយកទៅអនុវត្តតាម ហើយក៏ទទួលបានជោគជ័យដែរ ចំពោះបទពិសោធន៍នៃការធ្វើជីមីក្រូសរីរាង្គនេះមានបង្ហាញជូនដូចខាងក្រោម ៖
១-ធាតុផ្សំ ៖
-ស្រូវដំណើបស្ងួត ២គីឡូក្រាម
-ស្ករត្នោត ៣គីឡូក្រាម
-ដីព្រៃ ឬដីដំបូក ១គីឡូក្រាម
-ទឹក ១០លីត្រ
-ផ្លែចាមរី (អំពិលបារាំង) ។
២-របៀបធ្វើ ៖
-ស្រូវដំណើបស្ងួត យកទៅកិនឱ្យបែកគ្រាប់ បន្ទាប់មកយកទៅបុកនឹងត្បាល់ឱ្យខ្ទេចគ្រាប់
-ស្ករត្នោត យកទៅ លាយជាមួយទឹក១០លីត្រ
-បន្ទាប់មកយកស្រូវដំណើប និងដីព្រៃមកលាយទឹកស្ករនេះ ដោយគ្រាន់តែលាយបន្សើមវាត្រឹមតែអាចពូតវាជាដុំឱ្យមានស្រក់ទឹកបន្តិចបន្តួចប៉ុណ្ណោះ ។
-បន្ទាប់មកយកស្បៃ (ស្បៃនីឡុង ឬស្បៃអ៊ុយ) មកក្រសោបដាក់ល្បាយនេះទាំងអស់ ដោយចងឱ្យជាប់រួចដាក់វាចូលទៅក្នុងធុងទឹកស្ករដែលនៅសល់នោះ បិទឱ្យជិត និងរក្សាទុកកន្លែងត្រជាក់មិនឱ្យប៉ះកំដៅថ្ងៃឡើយ (ធុងដែលត្រូវយកមកធ្វើជីជាធុងជ័រ)
-ក្នុងរយៈពេលនៃការផ្អាប់ទុកនេះ ត្រូវកូរយ៉ាងតិចឱ្យបាន១ថ្ងៃម្តង ដើម្បីឱ្យជីឆាប់កាច់ ហើយរក្សាទុករហូតដល់រយៈពេល៣ខែ ទើបអាចយកទៅប្រើស្រោចទៅលើដំណាំបាន ។
៣-របៀបប្រើ ៖
-នៅពេលប្រើត្រូវយកទឹកជី១លីត្រ លាយជាមួយទឹក១០លីត្រ ហើយស្រោចទៅលើដំណាំនៅពេលព្រឹកព្រលឹម និងពេលល្ងាចត្រជាក់
-ចំពោះបទពិសោធន៍ក្នុងការប្រើលើដំណាំស្រូវគឺ ត្រូវប្រើ៣ដង ក្នុងមួយរដូវដាំដុះដោយក្នុង១ដង២០លីត្រ លាយជាមួយទឹក២០០លីត្រ ស្រោចនៅពេលស្រូវលូតលាស់កន្ទុយមាន់ ឬស្រូវមានអាយុពី៤៥ថ្ងៃទៅ៥០ថ្ងៃ ឬស្រូវមានអាយុពី៧០ទៅ៧៥ថ្ងៃ និងពេលស្រូវធ្វើខ្លួន ឬស្រូវមានអាយុ១២៩ថ្ងៃ ។
៤-ចំណាប់អារម្មណ៍របស់កសិករ ៖
ក្រោយពីបានសាកល្បងប្រើទៅលើដំណាំស្រូវ និងដំណាំផ្សេងៗរបស់គាត់បាន១រដូវ រួចមក លោកពូឃើញថា ទិន្នផលស្រូវរបស់គាត់ខ្ពស់ជាងការប្រើជីគីមីកាលពីឆ្នាំមុន ហើយអាចកាត់បន្ថយការចំណាយទិញជីគីមីអស់៦០ម៉ឺនទៅ៧០ម៉ឺនរៀល ក្នុង១រដូវសំរាប់ផ្ទៃដី១ហិកតា ។ រីឯជីដែលគាត់បានធ្វើដោយខ្លួនឯង ចំណាយអស់ត្រឹមតែ១៨ម៉ឺនរៀលប៉ុណ្ណោះ ។ ក្រៅពីនេះគាត់សង្កេតឃើញថា ដីមានសភាពធូរមិនរឹងដូចមុន។
គាត់ក៏បានធ្វើការពិសោធន៍ទៅលើដំណាំផ្សេងៗមួយចំនួនដូចជាក្រូច ល្មុត ចេក ដូង ដែលគាត់ទទួលបាននូវការលូតលាស់ល្អទទួលបានទិន្នផលខ្ពស់ដែរ ។
គាត់បានយកចំណេះដឹងទាំងនេះទៅបង្រៀនដល់កសិករក្នុងភូមិបានមួយចំនួនធំ ហើយក៏មានអង្គការមួយចំនួនមកទស្សនកិច្ចនៅផ្ទះរបស់គាត់ជាច្រើនផងដែរ ៕
អ្នកស្រី ថោង ថាវរិន្ទ នាយិកាអង្គការអភិវឌ្ឍន៍ស្ត្រី ដកស្រង់ពីទស្សនាវដ្តី កសិករ ឆ្នាំទី ១២លេខ ១៣៧ ខែឧសភា ឆ្នាំ ២០១០
ចែករំលែកព័តមាននេះ