ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ចតាម​ប្រមាញ់​បក្ស​ពួក​ចោរ​ប្លន់​អ្នក​លក់​មាស​ដល់​ក្រុង​ប៉ោយ​ប៉ែត

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​​​កម្លាំង​ប៉ូលិស​ចម្រុះ​មក​ពី​៣​ខេត្ត​បាន​ព័ទ្ធ ​ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៤រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ក្នុង​ភូមិ​ផ្សារកណ្តាល​សង្កាត់​ប៉ោយប៉ែត​។ ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​​ ប៉ូលិស​មិន​ផ្តល់​ព័​ត៌​មាន​ឱ្យ​អ្នក​កាសែត​​​ទេ ប៉ុន្តែ​តាម​ប្រេភព​ដែល​ជឿជាក់​គឺ​ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ គឺ​ជា​ក្រុម​ចោរ​ប្លន់​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​​​កម្លាំង​ប៉ូលិស​ចម្រុះ​មក​ពី​៣​ខេត្ត​បាន​ព័ទ្ធ​ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៤រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ក្នុង​ភូមិ​ផ្សារកណ្តាល​សង្កាត់​ប៉ោយប៉ែត​។ ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​​ ប៉ូលិស​មិន​ផ្តល់​ព័​ត៌​មាន​ឱ្យ​អ្នក​កាសែត​​​ទេ ប៉ុន្តែ​តាម​ប្រេភព​ដែល​ជឿជាក់​គឺ​ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ គឺ​ជា​ក្រុម​ចោរ​ប្លន់​អ្នកលក់​មាស​ ។ មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ ​កម្លាំង​ប៉ូលិស​មក​ពី​ខេត្ត​កំពង់​ចាម​ និង​បាត់​ដំបង​បាន​នាំ​ខ្លួនជន​សង្ស័យ​ម្នាក់​មក​ក្រុង​ប៉ោយ​ប៉ែត​ បន្ទាប់​មក​ក៏​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​តែ​ម្តង​ ។ ជន​សង្ស័យ​ខាង​លើ​ពុំ​ត្រូវ​​បាន​គេ​បញ្ចេញ​ឱ្យ​ស្គាល់​អត្ត​សញ្ញា​ណ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភប​ថា​ ជន​នេះ​ ទើប​តែម​ក​ជួល​ផ្ទះ​រស់​នៅ​ក្រុង​ប៉ោយប៉ែត បាន​២​ខែ​ ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ហើយ​ខណៈ​សមត្ថ​កិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន​នេះ គឺ​ជន​សង្ស័យ​​​កំពុង​សាង​សង់​ផ្ទះ​ផ្ទាល់​ខ្លួន​យ៉ាង​ធំ​មួយ​នៅ​ភូមិ​ផ្សារ​កណ្តាល​នោះ​ដែរ ។

ក្នុង​ពេល​​ប្រតិ​បត្តិ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ក៏​មាន​ការ​ផ្ទុះ​អាវុធ​២​ទៅ​៣​គ្រាប់​​ដែរ​ ហើយ​សមត្ថ​កិច្ច​ជា​​នាយ​ផ្នែក​ម្នាក់​​​បាន​រង​របួស​ក្បាល​ដេរ​២ទៅ​៣​ផង​ដែរ​ ព្រោះ​តែ​រត់​ទាក់​បន្លាលួស​ក្នុង​ពេល​ប្រតិ​បត្តិ​ការ​នោះ ។ ជន​សង្ស័យ​ត្រូវ​បាន​គេ​បញ្ជូន​ពី​ក្រុង​ប៉ោយ​ប៉ែត​ នាវេលា​យប់​ក្នុង​ថ្ងៃ​ដដែល​នោះ ។

ទោះ​បី​មិន​មាន​​ព័ត៌​មាន​លម្អិត​​ណាមួយ​ពី​​ចំណុច​ឡោម​ព័ទ្ធ​​ចាប់​​ខ្លួន​នៅ​​ក្រុង​ប៉ោយ​ប៉ែត តែ​បើ​យោង​​​​​​តាម​ប្រ​ភព​​ពី​ខេត្ត​កំពង់​ចាម បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​ត្រូវ​បាន​តាម​ប្រ​មាញ់​ដល់​ក្រុង​ប៉ោយ​ប៉ែត​​​នា​ភាគ​ខាង​លិច​​​ប្រ​ទេស​ គឺ​ជា​ក្រុម​ចោរ​ប្លន់​អ្នក​​​លក់មាស​ ប្តូរ​ប្រាក់​នៅ​ផ្សារ​មេ​មត់​​ កាល​ពី​វេលា​​ល្ងាច​​​ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​មុខ​ផ្សា​រ​​​ក្នុង​ភូមិ​មេ​មត់​​​ផ្សារ ឃុំ​មេ​មត់​ក្រុង​​មេ​មត់ ខេត្ត​កំពង់​ចាម ​​​ដែល​អំពើ​​ប្លន់​នោះ​ក្រុម​ចោរ​​ក៏​បាន​​​បាញ់​ឱ្យរបួស​​បុរ​ស​ជា​ប្តី​​ផង​ដែរ​ ។

ប្រ​ភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​ការឈាន​ដល់​​​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​​នៅក្រុង​ប៉ោយ​ប៉ែត​នេះ​សមត្ថ​កិច្ច​​ក៏​បាន​ចាប់​ខ្លួន​​ជនសង្ស័យ​​ម្នាក់ទៀត​ នៅ​​ខេត្ត​កំពង់​​ធំផង​​ដែរ ​បន្ទាប់​ពី​​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​ប្តី​​ ប្រ​ពន្ធ​​ជា​មេ​ខ្លោង​​ក្រោយ​​​ពេល​ដែល​ស្ត្រីជា​ប្រពន្ធ​ និង​បង​ស្រី​​របស់​ខ្លួន​ម្នាក់​​ទៀត​​​បាន​យក​គ្រឿង​​អលង្ការ​ ដែល​ប្លន់​បានទៅលក់​។ ព័ត៌​មាន​​ពី​ខេត្ត​កំពង់​ចាម​​​បាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៩​ ​ធ្នូ ពិតជា​​មានការ​ចាប់​ខ្លួន​ពួក​ជន​សង្ស័យ​​២​នាក់​ គឺឈ្មោះ​​មឿង ​​យាត ហៅ​​យក្ស ហៅ​​​ឪអាចូច អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល ​នៅភូមិ​​​​​បឹង​​កុក​​២ ​​សង្កាត់​បឹង​​កុក ក្រុង​កំពង់​ចាម​​ ត្រូវ​បាន​​​​​​ចាប់ខ្លួន​នៅ​វេលា​​ម៉ោ​​​១០ព្រឹក​​ថ្ងៃទី​​​២៩ ​ធ្នូ ២០១១ ​ក្នុង​​ភូមិ​ព្រៃ​​ចំការ ​​ឃុំ​អន្លង់​​ក្រាញ ស្រុក​​​ស្ទោង ខេត្ត​កំពង់​​ធំ ខណៈជនសង្ស័យម្នាក់​​នេះ ទៅសម្ងំ​លាក់​ខ្លួន​នៅ​​​​ក្នុងចំការ​មួយ ។ ក្រោយ​ពេល​សួរនាំជន​នេះ​រួច​​​​ប៉ូលិស​​​បាន​រាយ​ការណ៍​​​ទៅ​បណ្តាញ​​​​សមត្ថ​កិច្ច​​​​ផ្សេងៗទៀត សហការ​គ្នា​​​​ឈាន​ទៅ​​ចាប់​ខ្លួន​បក្ស​ពួក​ម្នាក់​​ទៀតឈ្មោះ​​​ឈាង អាយុ​​៣២​ឆ្នាំ មាន​ស្រុក​កំណើត​​នៅឃុំដា ​​​ស្រុក​មេ​មត់ ​​ខេត្តកំពង់​ចាម ដែល​ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត គឺ​បាន​ចាប់​ខ្លួន កាលពីវេលា​ម៉ោង​​​​៤​រសៀល​​​ថ្ងៃទី​​​២៩ ធ្នូ ២០១១ ​​។

ម​ន្ត្រី​​​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​នេះ​​គឺ​ជា​ក្រុម​​មេ​ចោរ​ស ម៉ារ៉ា ដែល​​បច្ចុ​ប្បន្ន​​​កំពុង​ស្ថិត​នៅ​​​ក្នុងពន្ធនាគារ​ ។ មេ​ចោរ​ ស ម៉ារ៉ា គឺ​​​​ល្បី​ឈ្មោះ​​ខ្លាំង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ចាម ។

លោក​ឧត្តមសេនីយ៍​​ត្រីឆាយ ​គឹម​សុន ស្នង​ការ​​នគរ​បាល​ខេត្តកំពង់ចាម ​បានមាន​ប្រសាសន៍​​ថា ​មិនមែនជា​ការងាយពេក​​នោះទេ ​សម្រាប់ការ​​ព្យាយាម​​​សម្ងំ​​លាក់ខ្លួន​របស់ក្រុម​​​ចោរ​ទាំងឡាយ​​នោះ ​ជាក់ស្តែង​​​ដូចជន​ជាប់​សង្ស័យ​​​ខាង​លើ​នេះ​អញ្ចឹង​​​ ពួកគេ​​គេចមិន​ផុត​​​ពី​សំណាញ់​​​ច្បាប់​ឡើយ ​​​ពោលគឺ​​សមត្ថកិច្ច​​នៅតែ​​​ពង្រឹង​ការ​​បង្ក្រាប​​​ទប់​ស្កាត់ និង​​ស្រាវជ្រាវ​​រក​មុខ​សញ្ញា​ចោរ​​​​​ប្លន់នេះ ​ទី​បំផុត​​​​ការតាមប្រមាញ់​រយៈ​ពេល​​​៣០ថ្ងៃ ​​ក៏​ឈាន​ទៅដល់​ការ​​​ច្បាម​​​ចាប់​ពួក​ចោរ​ទាំង​នោះ​បាន​​។

សូម​បញ្ជាក់​ថា ​​កាលពី​​​​២១​ថ្ងៃ​​​ ស្ត្រី​​សង្ស័យ​២​នាក់​​ដែល​ម្នាក់​ត្រូវ​ជា​ប្រពន្ធ​របស់​ក្រុម​ចោរ​​ប្លន់​​ និង​ម្នាក់​​ទៀត​ត្រូវ​ជា​បង​ស្រី​​ ​​ត្រូវ​បាន​​​កម្លាំង​​នគរ​បាល​ខេត្តកំពង់ចាម ​ឃាត់​ខ្លួន​​ កាល​​ពីថ្ងៃទី​៨ ធ្នូ ២០១១ ខណៈ​ពួក​គេ​​យក​គ្រឿង​​​អលង្ការ​ទៅ​លក់​​នៅ​ឯ​ខេត្ត​​ ភាគ​ខាង​លិច។ ពេល​​បែក​ការណ៍​​មេ​ចោរ​​ម្នាក់ និង​ស្ត្រី​ជា​ប្រពន្ធ​​​បាន​ព្យា​យាម​​ខេត្ត​កំពង់​ចាម ​ហើយ​ក៏​ធ្លាក់​​ក្នុង​អន្ទាក់​ប៉ូលិស​​នៅ​ស្រុក​ចំការ​លើ ។

ស្ត្រីសង្ស័យ​ជាប្រពន្ធឈ្មោះ​ប្រសឺត សិទ្ធី ​ អាយុ​២៧ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​មិន​ពិត​ប្រាកដ​​ជា​មួយ​បង​ស្រី​របស់​ខ្លួន​ឈ្មោះ​សឺត សារឿប ។ ​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ​មុន​ពេល​ឈាន​ដល់​​ការ​ឃាត់​ខ្លួន ​សមត្ថ​កិច្ច​​បាន​ស្រាវជ្រាវ​​ឈ្មោះ​សឺត ​សា​រឿប ធ្លាប់​​ស្នាក់​នៅ​ផ្ទះជួល​ក្នុង​​ក្រុង​កំពង់​ចាម ​ប៉ុន្តែ​ពេល​​ចុះ​ទៅ​ដល់​ផ្ទះ​ជួល​មួយ​នោះ ស្រាប់​តែ​​ជន​សង្ស័យ​​ទាំងពីរ​បាន​​គេច​ខ្លួន​បាត់ ។ ​ប៉ុន្តែ​សមត្ថ​កិច្ច​​នៅតែ​​ស្រាវជ្រាវ​ឥត​ដក​ថយ​​រហូត​​ដឹង​ថា នារី​សង្ស័យ​​ទាំង​ពីរនាក់​​នេះ បានផ្លាស់​ប្តូរ​ទី​កន្លែង​ទៅ​ស្នាក់នៅ​ជា​មួយ​គ្នា​​នៅ​ផ្ទះ​ជួល​មួយ​​កន្លែង​ផ្សេង​ទៀត ក្នុង​ភូមិ​​បឹង​កុក​១ ​ក្រុង​កំពង់​ចាម ។

ចំណែក​នាង​ប្រសឺត ​សិទ្ធី ​ជា​ប្រពន្ធ​របស់​​មេ​ចោរ​ប្លន់​ ក្រោយ​​ពី​លក់​គ្រឿង​អលង្ការ​អស់​មួយ​ចំនួន​​ហើយ ក៏​​បាន​ចាកចេញ​​ពី​ក្រុង​​កំពង់​ចាម ​ជា​មួយ​ប្តី​ក្នុង​បំណង​ទៅ​កាន់​ខេត្ត​បាត់​ដំបង ​ដោយ​ជិះ​ម៉ូតូ​​ម៉ាក​ហ្វ៊ីណូ ត្រូវ​ចូល​​អន្ទាក់​​ប៉ូលិស​​តាម​ផ្លូវ​ ប៉ុន្តែ​​បុរស​ជា​ប្តី​​មេ​ចោរ​ប្លន់​​​បាន​លោត​​ចុះពី​​លើ​ម៉ូតូ​រត់​ចូល​ព្រៃ​គេច​ខ្លួន​​បាត់​ ប៉ូលិស​​ចាប់​បាន​​តែ​ប្រពន្ធ​​ទេ ។ ​ ពេល​សួរ​នាំ​ប្រពន្ធ​ចោរ និង​តាម​ទាន់​​មុខ​សញ្ញា​ហើយ ​​កម្លាំង​នគរបាល​​បាន​សុំ​គោល​​ការណ៍​​​ពីព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​ដើម្បី​ដឹក​នាំ​ចុះ​ឆែក​ឆេរ​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​​​ម្នាក់​​ទៀត ​នៅថ្ងៃទី​៨ ធ្នូ ២០១១ គឺ​ស្ត្រី​ឈ្មោះ​សឺត សារឿប ។

គួរ​រំលឹក​​ថា ​កាលពី​ចុង​ខែ​​វិច្ឆិកា ​២០១១ ​​ ចោរ​​២​នាក់​បាន​ប្លន់​អាជីវ​ករ​​​លក់​​មាស ប្តូរ​ប្រាក់​​នៅ​ផ្សារ​មេមត់​ ស្រុក​មេ​មត់​ ​ខេត្តកំពង់ចាម ដល់​មុខ​ផ្ទះ​ ​ដោយ​ក្រុមចោរ​​មាន​គ្នា​២​នាក់​ ប្រដាប់​ដោយ​​កាំភ្លើង​​អាកា​ស្វាយ​បត់១ដើម ​​បាញ់​គំរាម​​៣​គ្រាប់ បណ្តាល​​ឱ្យ​ត្រូវ​ម្ចាស់​ទ្រព្យ​បញ្ឆិត​​ត្រចៀក​រង​របួស​ស្រាល​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​យា៉ងខ្លាំង និង​ភ្លាមៗ​នោះ​ត្រូវ​បាន​គេ​រាយ​ការណ៍​​​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ធ្វើ​អន្តរា​គមន៍​​ ខណៈ​ចោរ​បាន​គេចខ្លួន​បាត់អស់ ។
បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​​ប្រាប់​ថា ទ្រព្យ​សម្បត្តិ​​ដែល​បាត់​បង់​​គិតជាទឹក​ប្រាក់​គឺ​ប្រហែល​ពី​៥​​ទៅ​៦​មឺុន​ដុល្លារ​​ត្រូវ​​ក្រុមចោរ​យក​ទៅ​បាត់ ៕
        អរុណ+ចាន់​ថេត