ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំង​ជុំ​វិញ​គ្រោះ​ថ្នាក់​យន្ត​ហោះ​ស្លា.ប់​លោក​អគ្គលេខាអង្គការ​សហប្រជា​ជាតិ​កាល​ពី​60ឆ្នាំ​មុន

12 ឆ្នាំ មុន

​លោក​​ដាកហាំម៉ា​ហ្សូល (Dag Hammaskjold) អគ្គលេខាអង្គការ​សហ​ប្រជាជាតិ​ត្រូវ​បានអស់ជីវិត​​ឆ្នាំ ​១៩៦១ ដោយ​សារ​គ្រោះ​ថ្នាក់​​​​ធ្លាក់​យន្តហោះ​​ពេល​លោក​​​ទៅបំពេញ​​បេសក​​កម្ម​​​​ពន្លត់​​ភ្លើង​សង្គ្រាម​នៅ កុង​​​​​ហ្គោ ទ្វីប​អាហ្វ្រិក ។ ការ​ស៊ើបអង្កេត​​​​ជុំវិញ​​​​ព្រឹត្តិ​ការណ៍​​នេះ​​លេចចេញ​មតិ​ផ្ទុយ​គ្នា​រហូត​​មក​ដល់​សព្វ​ថ្ងៃ​​​ដែល​ មាន​រយៈ​ពេល​​​៦០​ឆ្នាំហើយ​។ បុរសជនជាតិ​​ស៊ុយអែត​រូប​នេះ​​​មាន​សុបិន​​​ផ្ទាល់ខ្លួន​ចង់​ប្រែក្លាយ​​​អង្គការ​​សហ​​ប្រជា​ជាតិ​​​​ជា «ឧបករណ៍​​បង្កើត​​កម្លាំង​​ចលករ» ជួយ​ឱ្យ​​សហគមន៍​​ពិភព​​លោករៀប​រយ ការពារ​បណ្តា​​​ប្រទេស​ទន់ខ្សោយ ​​តាមរយៈ​សកម្មភាព​​គោល​ដៅ​​សន្តិភាព​​​ពិតៗ

​លោក​​ដាកហាំម៉ា​ហ្សូល (Dag Hammaskjold) អគ្គលេខាអង្គការ​សហ​ប្រជាជាតិ​ត្រូវ​បានអស់ជីវិត​​ឆ្នាំ ​១៩៦១ ដោយ​សារ​គ្រោះ​ថ្នាក់​​​​ធ្លាក់​យន្តហោះ​​ពេល​លោក​​​ទៅបំពេញ​​បេសក​​កម្ម​​​​ពន្លត់​​ភ្លើង​សង្គ្រាម​នៅ កុង​​​​​ហ្គោ ទ្វីប​អាហ្វ្រិក ។ ការ​ស៊ើបអង្កេត​​​​ជុំវិញ​​​​ព្រឹត្តិ​ការណ៍​​នេះ​​លេចចេញ​មតិ​ផ្ទុយ​គ្នា​រហូត​​មក​ដល់​សព្វ​ថ្ងៃ​​​ដែល​ មាន​រយៈ​ពេល​​​៦០​ឆ្នាំហើយ​។ បុរសជនជាតិ​​ស៊ុយអែត​រូប​នេះ​​​មាន​សុបិន​​​ផ្ទាល់ខ្លួន​ចង់​ប្រែក្លាយ​​​អង្គការ​​សហ​​ប្រជា​ជាតិ​​​​ជា «ឧបករណ៍​​បង្កើត​​កម្លាំង​​ចលករ» ជួយ​ឱ្យ​​សហគមន៍​​ពិភព​​លោករៀប​រយ ការពារ​បណ្តា​​​ប្រទេស​ទន់ខ្សោយ ​​តាមរយៈ​សកម្មភាព​​គោល​ដៅ​​សន្តិភាព​​​ពិតៗ ​ជា​សកម្ម​ភាព​​របស់​​អង្គ​ការ​​សហប្រជាជាតិ​​​​ខ្លួន​ឯង​មិន​ចំណុះ​​ឥទ្ធិពល​​មហា​អំណាចទេ ​។​

ជា​មនុស្ស​​​​ទីមួយ​​បាន​ទទួល «រង្វាន់​​​​សន្តិ​ភាព» ក្រោយអស់​ជីវិត​​​ លោក​​ដាក​​ហាំ​ម៉ា​ហ្សូល ​​មានឈ្មោះ​ថា បិតាបេសក​កម្ម​​​ការពារ​សន្តិ​ភាព​ ដោយ​កង​កម្លាំង​​​របស់​អង្គការ​​​សហប្រជាជាតិ​​​ដំបូងបំផុត​ ​បន្ទាប់ពី​​​​វិបត្តិ​​​ព្រែកជីក​ស៊ុយអេ ​​នៅ​ភាគ​ឦសានប្រទេស​អេហ្ស៊ីប ក្នុង​តំបន់​​​មជ្ឈិម​បូព៌ា​ ។ ​
ឆន្ទៈ​មោះមុត​​ដើម្បីសន្តិភាព​
រំលង​​​​អធ្រាត្រ​​​ថ្ងៃទី​១៨ ​កញ្ញា ​​​ឆ្នាំ​១៩៦១ លោក​ដាក​​ហាំម៉ា​ហ្សូល ​កំពុងស្ថិន​​​លើ​​យន្តហោះ​​​​ធ្វើ​ដំណើរ​​ដោយផ្ទាល់​​ទៅកន្លែង​​​​​បើក​​​​ការ​​ចរចា​ឈប់​​បាញ់គ្នា​ក្នុងតំបន់​​ផ្តាច់ខ្លួន​​​​ដ៏​​សម្បូរ​ធនធាន​​​ធម្មជាតិនៅ​កុងហ្គោ ​​ប្រទេស​មួយក្នុង​​​ចំណោម​​ប្រទេស​​​​ដែល​បេសកកម្ម​​​រក្សាសន្តិភាព​របស់​អង្គ​ការ​​​សហប្រជាជាតិ​ត្រូវជាប់​​​ផុង ដោយ​​សារ​បញ្ហា​​​​​នយោបាយ​​​​ស្មុគស្មាញ​​​ក៏​ដូច​​ឥទ្ធិ​ពល​​សម័យ​សង្គ្រាម​​ត្រជាក់​​​តាន​តឹង​។ ​​ប៉ុន្តែមិន​​​នឹក​ស្មាន​​​សោះ​ថា នារាត្រី​​​​ជោគជតា​​អាក្រក់​នេះ ​​យន្ត​ហោះ​ DC-6 ដឹក​លោក​​​អគ្គលេខា​​អង្គ​ការ​​​សហ​ប្រជាជាតិ​​​​​ដាក​ហាំម៉ា​​ហ្សូល ពេលទៅជិត​ដល់​​គោល​ដៅ​​​​ចុះចត​​ស្រាប់​តែផ្ទុះ​​ធ្លាក់​​​​ដី​ជិត​​ព្រ​លាន​យន្តហោះ​ Ndola នៅ Northern Rhodesia ដែល​សព្វថ្ងៃ​​​​​​ស្ថិត​ក្នុងប្រទេស​​​សំប៊ី​។​

លោក​​ក្នុត​ហាំម៉ាហ្សូល ​(Knut Hammaskjold) ក្មួយ​ប្រុស​​លោក​អគ្គ​លេខា​ធិ​ការ​​អភ័ព្វ​ ​ទៅមើល​កន្លែង​​ធ្លាក់​​យន្តហោះ​​បន្ទាប់​ពី​​​គ្រោះថ្នាក់​​​​​កើត​​​​​ឡើង​ប៉ុន្មាន​​ថ្ងៃ​​។ ​​​គាត់​និយាយ​ប្រាប់​​​ BBC ទាំងតក់ស្លុតថា​​​​ «យន្តហោះ​​​បែក​​ជា​ច្រើន​បំណែក​ធ្លាក់​​រាយ​ប៉ាយ​​​ក្នុង​ព្រៃ​។ ​នៅ​ទីនោះ​ខ្ញុំ​​​អត់​បាន​​​ឃើញ​​​​សព​ណាម​ួយ​​ទេ រាប់ទាំង​​ឪ​ពុក​មា​​ខ្ញុំ​ផង ​ប្រហែល​ត្រូវ​​​គេ​ដឹកជញ្ជូន​​​ចេញអស់​​​មុន​ពេល​​​ខ្ញុំទៅដល់​»​។​ ក្នុតនៅនឹកឃើញ​​​​​ច្បាស់​​ពី​ពេល​វេលា​ឈឺ​ចាប់​​​​នោះ​នៅមាតុ​ភូមិ​ស៊ុយអែត​ ទឹកដី​ដែល​​​លោក​ដាក​ហាំ​ម៉ា​ហ្សូល ត្រូវ​បាន​លើក​​​តម្កើង​ជាវីរ​បុរស​​ជាតិ «ទាំង​អស់គ្នា​​​​ស្ទើរ​គាំង​បេះ​ដូង ពេល​ដឹង​ព័ត៌មាន​​​ឪពុក​​មាខ្ញុំរងគ្រោះ ​រហូត​ដល់​​​បាត់​បង់ជីវិត ​។

ប្រទេស​ស៊ុយ​​​អែត​​ទាំងមូល​​​ញ័រ​​​​រញ្ជួយ។ តាម​​​ហាង​ទំនិញ​​​នានា កន្លែង​ណា​ក៏​មាន​​ព្យួរ​រូប​ឪពុក​មាខ្ញុំ​​ដើម្បី​សម្តែង​ការ​​នឹក​រលឹក​។ ​ឪពុកមា​​ខ្ញុំ​បាន​ទទួល​ការរៀបចំ​​​ពិធីបុណ្យ​​​​​​សព​ខ្ពង់ខ្ពស់​​​ពី​ថ្នាក់ជាតិ ​​​ជា​ប្រការ​​​កម្រ​មាន​​​ណាស់​សម្រាប់​​​​អ្នកទៅ​ធ្វើការ​នៅ​បរទេស​»​។​ រំលឹកឡើងវិញ​​​​កាល​ដែល​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គការ​សហប្រជាជាតិ​​​​តែង​តាំង​​​បុរស​​​ស៊ុយ​អែត​​​ចរិត​​​​​រម្យទម​​ម្នាក់នេះ​​​ជា​អគ្គលេខា​​​អង្គការ​សហប្រជាជាតិ​នា​ឆ្នាំ​​​១៩៥៣ ពេលនោះគ្មាន​​​​អ្នក​ណា​​​​​អាច​ស្មាន​​​​ត្រូវពី​​អាម្មរណ៍​​​ប្តូរ​​​​ផ្តាច់​ដែល​​ដាក​ហាំម៉ា​ហ្សូល បញ្ចូល​ក្នុង​​​ការងា​​រ​ពិសេស​នេះ​​ឡើយ​។​

កាលណោះ​​​​ដាកហាំម៉ាហ្សូល ​​​អាយុ​​​​៤៨ឆ្នាំ ​កាន់​តំណែង​​រដ្ឋ​មន្ត្រី​​​​​​ការបរទេស​​ស៊ុយអែត ​ស្ទើ​រ​តែ​​​​ជាមនុស្ស​​​ម្នាក់ដែល​​គេមិនសូវ​ស្គាល់​​ក្នុងពិភព​លោក​​មុនពេល​​​​​បាន​អង្គុយ​​​កៅអី​​​អគ្គលេខា​អង្គ​ការ​សហប្រជាជាតិ​។ ​គាត់​បាន​​​​ទទួល​ការ​តែ​ង​តាំង​នេះ​​​​ផ្តើម​ចេញ​ពីសំណើ​ដំបូង​របស់​​ប្រទេស​បារាំងជាមូលហេតុ​​សាមញ្ញ ៖ ដាកហាំ​ម៉ា​ហ្សូល ​​​តំណាង​ឱ្យ​ប្រទេស​អព្យាក្រឹត ជា​មនុស្ស​​ប្រកាន់​​​ភាពត្រឹមត្រូវ​​​ គ្មានទស្សន​​​នយោបាយ​​លម្អៀង តាមរយៈ​នោះ​​អាច​ធ្វើ​​​ឱ្យ​​​បណ្តា​​មហា​អំណាច​​​ដែល​មាន​​មុខ​ក្នុង​​​​ក្រុមប្រឹក្សា​​​អង្គការ​​សហ​ប្រជា​ជាតិ​​​​សប្បាយ​​​​ចិត្ត​មិន​ខាន​។

ប៉ុន្តែ​តាម​​​ពិត បារាំង​​​​ និងអ្នក​ឯទៀត​ច្រឡំ​ធំ។ ​​តាំងពីជំហាន​​ដំបូង​ ដាក​ហាំម៉ាហ្សូល ​​​​សំណេះ​សំណាល​​ជាមួយសហការីជំនិត ប្រាប់ពួកគេ​​​​ពីអនាគត​​អង្គការ​សហប្រជាជាតិ​​ក្រោម​ការ​​ដឹក​​របស់ខ្លួន ដែលខ្លួន​​​តាំង​ចិត្ត​​​ធ្វើ​ខ្លួន​ឯង​ក្លាយ​ជា​​កូឡុម​បូថ្មី ៖ «តាមរយៈ​​​នាវា​​ Santa Maria កូឡុមបូ រក​ឃើញទ្វីបអាមេរិក បើកទំព័រ​​​​ប្រវត្តិ​​សាស្ត្រ​ថ្មី​ដល់​​មនុស្សជាតិ​។ ​ខ្ញុំ​ក៏​​​ចង់ប្រែក្លាយ​​អង្គ​ការ​​​សហប្រជាជាតិ​​នាវា Santa Maria ថ្មី ហើយខ្ញុំ​​ខ្លួន​ឯង​​​ជាកូឡុមបូថ្មី​ដែរ​»។​ ហេតុនេះ​​​មិនយូរប៉ុន្មាន​​​​ថ្នាក់ដឹកនាំ​​បណ្តា​ប្រទេស​មហាអំណាច​​​ដឹងខ្លួន ជ្រើសរើស​ចំ​​អគ្គ​​លេខា​អង្គ​ការ​​សហប្រជាជាតិ​​​​ម្នាក់​រឹង​​ក្បាលប៉ុន​ណា ​ប្តូរ​ផ្តាច់​ប៉ុនណា​។​

ឡើងអង្គុយ​​កៅអី​អគ្គលេខាអង្គការ​​​សហ​ប្រជាជាតិ​​​​ភ្លាម​​ ដាក​ហាំម៉ា​ហ្សូល ចាប់​ផ្តើម​​ពិនិត្យ​​ធម្ម​នុញ្ញ​​អង្គការ​សហ​ប្រជាជាតិ រក​មធ្យោ​បាយ​រុះរើ​​​របង​ច្បាប់​ដែល​កន្លង​មក​​​រារាំង​​សកម្ម​ភាព​ពិតប្រាកដ​ ជាមួយ​នោះ ដោះស្រាយ​​មួយ​ជំហាន​​​ម្តងៗ អូសគណៈ​លេខា​របស់ខ្លួន ​ចេញផុត​​ការត្រួតពិនិត្យ​​របស់​បណ្តា​ប្រទេស​​ក្នុង​ក្រុម​ប្រឹក្សា​​​​សន្តិសុខ​។​ ឱកាស​ល្អ​​មក​ដល់​សម្រាប់​ដាក​ហាំ​ម៉ូហ្សូល នា​ចុង​ទស​វត្ស​​១៩៥០ ពេលគាត់​រក​បាន​វេទិកា​​សមស្រប​សម្រាប់​​អនុវត្ត​​តួនាទីជា​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន នោះគឺ​​ទ្វីបអាហ្វ្រិក ពិសេស​​ប្រទេស​កុង​ហ្គោដែល​កំពុងឆាបឆេះ​ដោយភ្លើង​សង្គ្រាម ។

ថ្វី​បើ​​ដណ្តើម​​​បាន​ឯករាជ្យពី​អាណានិគម​​​បែល​ហ្ស៊ិក​​នា​ឆ្នាំ​​១៩៦០ តែកុងហ្គោ​រកសន្តិភាព​​មិនទាន់​ឃើញ ព្រោះ​​​ជាប់​​​ផុងក្នុង​ស្ថានភាព​​​បែក​បាក់​​គ្នា​ធ្ងន់ធ្ងរ​​រវាង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ប៉ាទ្រិស លុយ​មុមបា​ (Patrice Lumumba)​ និង​ម៉យត្សូម​បេ (Moise Tshombe) អ្នក​​ក្តោប​ក្តាប់​​​ខេត្ត Katanga ។ ម៉យ​ត្សូម​បេ ផ្តាច់ខ្លួន​ពីអំណាច​រដ្ឋាភិបាល​​​​កណ្តាល ដោយមានការ​គាំទ្រ​ពី​​​បែលហ្ស៊ិក​។​ អាមេ​រិក​ និង​បស្ចិម​ប្រទេស​​ផ្តល់​​​​ជំនួយ​ឱ្យ​ម៉យត្សូមបេ​៥០​លាន​ដុល្លារ​អាមេ​រិក​ មុន​ពេល​ស្នើ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដោះ​ស្រាយ​វិបត្តិ​កុង​ហ្គោ​ ។

កិច្ច​ប្រជុំ​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ​ដាក់​ចេញ​នូវ​ការ​សម្រេច​ចិត្ត​មួយ​អនុញ្ញាត​ឱ្យ​កង​ទ័ព​អង្គ​ការ​សហ​ប្រជា​ជាតិ​ចូល​ទៅ​រក្សា​សន្តិភាព និង​រក្សា​សណ្តាប់​ធ្នាប់​នៅ​កុង​ហ្គោ​ ។ ក្រោយ​មាន​ការ​សម្រេច​ចិត្ត​នេះ​ ទា​ហាន​ដំបូង​បំផុត​ក្នុង​ជួរ​កង​ទ័ព​មួក​ខៀវ​របស់​អង្គ​ការ​សហប្រជា​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​កុង​ហ្គោភ្លាម។ ដំបូង​អ្វី​ៗ​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​ស្រប​ផែន​ការ​របស់​អង់​គ្លេស​ និង​អាមេរិក ។ កម្លាំង​ទ័ព​អង្គ​ការ​សហប្រជាជាតិ​ប្រកាស​គ្រប់​គ្រង​កុង​ហ្គោ​បាន​យ៉ាង​ល្អ រាំង​ស្កាត់​បាន​កង​ទ័​ព​រដ្ឋាភិបាល​កុង​ហ្គោ​មិន​ឱ្យ​វាយ​ប្រហារ​កម្លាំង​បំ​បែក​ខ្លួន​នៅ​Katanga ។

ជាមួយ​គ្នា​នេះ​ស្រាប់​តែ​​លោក​វរ​សេនី​យ៍​ឯក​ម៉ូប៊ូទូ​ បាន​ទទួល​ប្រាក់​៥​លាន​ដុល្លារ​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​កណ្តល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្ត្រីប៉ាទ្រិ​ស​លុយមុម​ប៉ា​ទៀត ។ ថ្ងៃ​ទី ១០ កញ្ញា ឆ្នាំ១៩៦០ រដ្ឋ​ប្រហារ​សម្រេច​​ជោគជ័យ​ ។ ប៉ុន្តែ​បន្ទាប់​ពី​លោក​ប៉ា​ទ្រិស​លុយ​មុម​បាត្រូវ​សម្លាប់​ភ្លាម​សភាព​ការណ៍​កុង​ហ្គោ​បែរ​ជា​ច្រ​បូក​ច្របល់​លើស​ពេល​ណា​ៗ​ទាំង​អស់​ អង្គ​ការ​សហ​ប្រជាជាតិ​ទប់​យ៉ាង​ណា​ក៏​មិន​ឈ្នះ ។ រំលឹក​ដល់​លោក​ដាក​ហាំ​ម៉ា​ហ្សូល លោក​ស្រី​ម៉ា​ហ្គា​រ៉េត អេនស្ទី​ ស្រី​ទី​មួយដែល​មាន​តួនា​ទី ជា​អគ្គ​លេខា​រង​អង្គការ​សហប្រជាជាតិ និយាយ​ក្នុង​ទឹក​មុខ​ស្រ​ពាប់​ស្រពោន​សំឡេង​ស្ទើរ​អួល​«គាត់​ឈ្លាស​វៃ និង​មាន​ការ​យល់​ដឹង​ខ្ពស់​ណាស់​​​ ។

គាត់​ពិត​ជាពូ​កែ​​ខាង​ដាក់​ចេញ​ផែន​ការ​សម្រុះ​​សម្រួល​ ហើយ​ខ្លួន​គាត់​មាន​សិល្បៈ​បញ្ចុះ​បញ្ជូល​​ខ្ពស់​គួប​ផ្សំ​នឹង​ឆន្ទៈ​ដែក​ថែប​សម្រាប់​គោល​ដៅ​ដែល​ខ្លួន​យល់​ថា ពិត​ជា​ត្រឹម​ត្រូវ​ និង​មាន​ផល​ប្រយោជន៍​ធំ​ធេង ។ គោល​ដៅ​ណា​មួយ​ដែល​គាត់​កំណត់​ទុក​ហើយ​ គាត់​តែង​តាំង​ចិត្ត​ទៅ​ទាល់​តែ​ដល់​ និង​សម្រេច​ឱ្យ​បាន​លទ្ធផល​ល្អ​បំផុត» ។ ស្រ្តី​ធ្វើ​ការ​ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ​៤០​ឆ្នាំ មក​ហើយ​រូប​នេះ​ បន្ទាប់​ពី​និយាយ​រួច​ដក​ដង្ហើម​ធំ​«​ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ការ​ងារ​ដ៏​ល្អ​ប្រ​សើរ​របស់​គាត់​ដែល​ចង់​ជួយ​សហគមន៍​ពិភព​លោក​ទាំងមូល​បែរ​ជា​ត្រូវ​ប្រ​ឈម​មុខ​ជា​មួយ​ពួក​អ្នក​ចង់​ប្រើ​ប្រាស់​អង្គ​ការ​សហប្រជា​ជាតិ​សម្រាប់​គោល​ដៅ​ផ្សេងទៅវិញ» ។

បញ្ហា​ដ៏​រសើប​នៅ​ពេល​នោះ​គឺ​អនាគត​ខាង​ណា​ត្រួត​ត្រា​​ខេត្ត​ Katanga នៅភាគ​ខាង​ត្បូង​កុង​ហ្គោបាន​ជា​រៀង​រហូត​ ដែល​សព្វ​ថ្ងៃ​ខេត្ត​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​ផ្តាច់​ខ្លួន​ដឹកនាំ​ដោយ​ម៉យ​ត្សូម​បេ​នៅ​ឡើយ ហើយ​អា​មេរិក​ និង​អង់គ្លេស​កំពុង​​សម្លក់សម្លឹង​ផល​ប្រយោជ​ន៍​ពី​អាជីវកម្ម​រ៉េ​នៅ​តំបន់​ដ៏សំខាន់​នេះ ។ តាំង​ពី​ដំបូង​លោក​ដាក​ហាំម៉ា​ហ្សូល​គាំ​ទ្រ​រដ្ឋា​ភិបាល​កុង​ហ្គោ​ដឹក​នាំ ដោយ​នាយករដ្ឋ​មន្ត្រី ប៉ាទ្រិស​លុយមុមបាជា​រដ្ឋាភិបាល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោះ​ ។ សហភាព​សូ​វៀត​ជំនាន់​នោះ​ក៏​ទោរ​ទន់​ទៅ​រក​រដ្ឋា​ភិបាល​របស់​លោក​ប៉ាទ្រិស​ លុយមុមបាដូច​គ្នា ។ លុះ​លោក​ប៉ាទ្រិស​លុយ​មុម​បា ត្រូវ​ស្លាប់​ក្នុង​រដ្ឋ​ប្រហារ​ដ៏​ប្រល័យអ្នក​ឡើ​ង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ពីគាត់​ គឺ​លោក​ស៊ីរីល​ អាឌូឡា​(Cyrille Adoula) ក៏​នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​លោក​ដាក​ហាំ​ម៉ាហ្សូល​ដដែល​ ។

លោក​អគ្គ​លេខា​អង្គ​ការ​សហ​ប្រជា​ជាតិ​ចង់​ឱ្យ​មាន​សន្តិ​ភាព​នៅ​កុង​ហ្គោ​តាម​រយៈ​ការ​ចរចា​​រវាង​ពួក​ផ្តាច់​ខ្លួន​ និង​រដ្ឋា​ភិបាល​កុង​ហ្គោ​ ។ គោល​​ដៅ​នេះ​កាន់​តែ​បន្ទាន់​ឡើង​ ខណៈ​ពួក​បុគ្គលិក​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហប្រជា​ជាតិ​ហាក់​ដូច​ទន់​ដៃ​ក្នុង​ការ​បណ្តេញ​ពួក​ទាហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​ចេញ​ពី​ខេត្ត​Katanga។ ចំពេល​សភាព​ការ​ណ៍​តឹង​តែង​ខ្លាំង​ពេញ​បន្ទុក​ទៅ​មុខ​មិន​បាន​ថយ​ក្រោយ​មិន​រួច​នេះ​​ ស្រាប់​តែ​លោក​ដាក​ហាំ​ម៉ាហ្សូ​ល​បាន​ទទួល​សំណើ​ពី​ម៉យ​ ត្សូមបេ មេដឹក​នាំ​ផ្តាច់​ខ្លួន​នៅ​Katanga សុំ​ជួប​ចរចា​ផ្ទាល់​ជា​មួយ​គាត់​ ដើម្បី​រក​ច្រក​ចេញ​កុំ​ឱ្យ​គាំង​តទៅ​ទៀត ។

លោក​អគ្គ​លេខា​ត្រេក​អរណាស់​នៅ​ថ្ងៃទី​១២ កញ្ញា ឆ្នាំ១៩៦១ ម្នី​ម្នា​ដាក់​ចេញ​នូវ​ផែន​ការ​ទៅកុង​ហ្គោ​ដោយ​ផ្ទាល់​ និយាយ​ថា បើ​បាន​ចរចា​ជាមួយ​គ្នា​គាត់​មាន​សង្ឃឹម​បញ្ចុះ​បញ្ចូល​ម៉យ​ត្សូមបេ​បាន​ច្រើន​ ។ ​មិន​នឹក​ស្មាន​​ថាគំនិត​ប្តូរ​ផ្តាច់​រក​សន្តិភាព​របស់​គាត់​បែរ​ជា​សម្លាប់​គាត់​ទៅ​វិញ ។ យប់​ថ្ងៃទី​១៨ កញ្ញា​ ​ឆ្នាំ១៩៦១ យន្ត​ហោះ​DC-៦របស់​គាត់​កំ​ពុង​ហោះ​សុខ​ៗ​ស្រាប់​តែ​ផ្ទុះ​ក្លាយ​ជា​បំណែក​ធ្លាក់​ចុះ​ដី ខណៈ​នៅ​សល់​តែ១២គីឡូ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ដល់​ព្រលាន​យន្ត​ហោះ​នៅ​Ndola ។ ការ​ពិត​ត្រូវ​គេ​លាក់​រហូត​ព្រឹត្តិ​ការណ៍​​យន្ត​ហោះ​DC-៦ ដឹក​លោក​អគ្គ​លេខា​អង្គ​ការ​សហ​ប្រជាជាតិ​សុខៗ​ស្រាប់​តែ​ផ្ទុះ​ធ្លាក់នេះ​ រហូត​មក​ទល់​សព្វ​ថ្ងៃ​៦០​ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​ការ​ពន្យល់​ច្បាស់​លាស់​ល្មម​អាច​ទទួល​យក​បានទេ​​ ។

លទ្ធ​ផល​ស៊ើប​អង្កេត​ដំបូង​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ក្នុង​ពេល​បន្ទាប់​របស់​អង្គ​ការ​សហប្រជាជាតិ​ អត់​បាន​បដិសេធ​លទ្ធ​ភាព​ឧ​បាយ​កល​ធ្វើ​ឃាត​លោក​អគ្គ​លេខា​ឡើយ ។ ហេតុ​នេះ​ទើប​ចេះ​តែ​លេច​ឡើង​សំណួរ​ថ្មី​ៗ​ និង​សំណូម​ពរ​ថ្មីៗ​ជា​ហូរ​ហែ​ព្រោះ​តែចង់​រក​ឱ្យ​ឃើញ​ការ​ពិត​តើ​ជា​ឧប្ប​ត្តិហេតុ​មែន​ ឬមាន​អានុ​ភាព​ណា​នៅ​ពី​ក្រោយ​សំ​ដៅ​រា​រាំង​មិន​ឱ្យ​មាន​ការ​ចរចា​កើ​ត​ឡើង​បាន​ដើម្បី​កុង​ហ្គោ​បាន​ឆេះ​ក្នុង​ភ្លើង​សង្គ្រាម​រហូត​ដើម្បី​ខ្លួន​ទទួល​យក​ផល​ប្រយោជន៍?    

ឆ្នាំ១៩៩២ គឺជាង៣​ទសវត្ស​ក្រោ​យ​​បុរស​ពី​រ​នាក់​ដែល​ពី​មុន​ជា​តំណាង​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ Katanga មុន​ទសវត្ស​១៩៦០ និង​ក្រោយ​ទសវត្ស​១៩៦០ រួម​មាន​លោក​Conor Cruise O’Brien និង​George Ivan smith បាន​ផ្ញើ​សំបុត្រ​រួម​គ្នា​មួយ​ឱ្យ​កាសែត​Guardien​ អះអាង​ថា​ខ្លួនមាន​ភស្តុតាង​បញ្ជាក់​ថា​យន្ត​ហោះ​លោក​អគ្គ​លេខា​ដាកហាំ​ម៉ា​ហ្សូល​ធ្លាក់​ដោយ​ត្រូវ​បាញ់​មិន​មែន​ធ្លាក់​ដោយ​ឧប្បតិ្ត​ហេតុ​ទេ ។

ពួក​ខ្លួន​សន្និដ្ឋាន​ថា ពេល​នោះ​ទា​ហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​ម្នាក់​បាញ់​មួយ​គ្រាប់​តាម​បញ្ជា​មជ្ឍដ្ឋាន​មាន​អំណាច គឺ​គ្រាន់​តែ​បាញ់​ឡើង​លើ​ដើម្បី​បំភ័យ​យន្ត​ហោះឱ្យ​ប្តូរ​ទិស​ទៅ​រក​ការ​ចរចា​ជាមួយ​ក្រុម​ឧស្សាហកម្ម​នៅ​Katangaទៅ​កុំ​មក​ចរចា​ជា​មួយ​ម៉យ​ត្សូម​បេ តែ​ដោយ​ទាហាន​ស៊ី​ឈ្នួល​រូបនោះ​ខ្ជី​ខ្ជា​បែរ​ជា​បាញ់​ត្រូវ​យន្ត​ហោះ​របស់​លោក​អគ្គ​លេខា​ទៅ​វិញ​ធ្វើឱ្យ​យន្ត​ហោះ​ធ្លាក់​នាំដល់​លោក​អគ្គ​លេខា​អស់​ជីវិត​ ។ អ្ន​ក​ទាំង​ពីរ​ជឿ​ថា យន្ត​ហោះនោះ​ ពិត​ជា​ធ្លាក់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​មិន​​មែន​ដោយ​ឧប្ប​ត្តិ​ហេតុ​ដូច​ការ​លើក​ឡើង​ក្នុង​របាយ​ការណ៍​ឡើយ គ្រាន់​តែ​មិន​ទាន់​ច្បាស់​អ្នក​ណា​បាញ់​ប៉ុណ្ណោះ​​ ការ​បាញ់​ដោយ​ទា​ហាន​ស៊ី​ឈ្នួល​ធ្វើ​សង្គ្រាម​ម្នាក់​ដូច​ការ​សន្និដ្ឋាន​របស់​ខ្លួន​ ឬដោយ​អ្នក​ណាទៀត តែ​ប្រ​ការ​ដែល​គួរ​ជឿ​បំផុត​គឺ​ពិត​ជា​ធ្លាក់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​មែន ។

ឆ្នាំ​១៩៩៨«គណៈ​កម្ម​ការ​សម្រុះ​សម្រួល​ និង​ការពិត​» នៅ​អា​ហ្វ្រិក​ខាង​ត្បូង​ក្រោម​ការ​ដឹក​នាំ​របស់​​លោក Desmont Tutu បាន​ចេញ​ផ្សាយ​លិខិត​៧​ច្បាប់​មាន​ខ្លឹម​សារ​អះ​អាង​ថា សេអីុអា​អាមេរិក ចារកម្ម​M-១៥របស់​អង់​គ្លេស​ និង​ស្ថា​ប័ន​ចារកម្ម​​អាហ្វ្រិក​ខាង​ត្បូង​មាន​ពាក់​ព័ន្ធ​ដល់​ការ​ធ្លាក់​យន្ត​ហោះ​ស្លាប់​លោក​អគ្គ​លេខា​ដាកហាំ​ម៉ា​ហ្សូល​ក្នុង​ឆ្នាំ​១៩៦១ នៅ​កុងហ្គោ។ គណៈ​​​កម្ម​ការ​សម្រុះ​សម្រួល​ និង​ការ​ពិត​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ភ្លាម អង់គ្លេស​ស្ទុះ​ស្ទា​ប្រកែក​ញ៉ាញពី​ការ​ពាក់​ព័ន្ធ​នេះ ដោយ​ចាត់​ទុក​ភស្តុ​តាង​ដែល​យក​មក​សំអាង​សុទ្ធ​សឹង​ជា​ភស្តុ​តាង​ក្លែង​ក្លាយ ។

គេនៅចាំ​បាន​ថា ក្រោយ​លោក​អគ្គ​លេខា​ដាក​ហាំ​ម៉ា​ហ្សូល​អនិច្ច​កម្ម​បាន​៧​ឆ្នាំ លោកឧត្តម​សេនីយ៍វរ​ជន​ជាតិន័រវេស៍​ឈ្មោះ​Bjom Egge នាយក​ព័ត៌​មាន​កង​ទ័ព​អង្គ​ការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​កុង​ហ្គោ​ឆ្នាំ​១៩៦១ និយាយ​ប្រាប់​កាសែត​Attenposten ថា​ក្រោយ​យន្ត​ហោះ​នេះ​ធ្លាក់​គាត់​បាន​ទទួល​បញ្ជា​Ndolaយក​កាបូប​ឯក​សារ​ និង​ម៉ា​ស៊ីន​លេខ​សម្ងាត់​របស់​លោក​ដាក​ហាំ​ម៉ា​ហ្សូល​។ គាត់​និយាយ​រំលឹក​ឡើង​វិញ​តាម​ការ​ចង​ចាំ​របស់​ខ្លួន«នៅសាលតម្កល់​សព​ក្នុង​មន្ទីរ​ពេទ្យ​ប្រចាំទី​ក្រុង​ ខ្ញុំ​ជា​អ្នក​មុន​គេ​បង្អស់​ក្នុង​ចំណោ​ម​បុគ្គលិក​អង្គ​ការ​សហប្រជាជាតិ បាន​ឃើញ​សព​លោក​ដាកហាំ​ម៉ាហ្សូល​»។

សព​គាត់​អត់​មាន​ឆេះ​រោល​ដូច​មនុស្ស​១៥​នាក់​ទៀត​ ដែល​រួម​ដំណើរ​ជា​មួយ​គាត់​លើ​យន្ត​ហោះ​ទេ ។ ប៉ុន្ត​សពគាត់​មាន​ស្នាម​ធ្លុះ​ដោយ​គ្រាប់​កាំ​ភ្លើង​ ។ រី​ឯ​រូប​ថត​សព​គាត់​ដែល​ខ្ញុំ​បាន​ឃើញ​ពេល​ក្រោយ​មក​ទៀត​ស្នាម​ធ្លុះ​នោះ​ត្រូវ​គេ​កែ​កុន​យ៉ាង​បុិន​ប្រសប់​អត់​ឱ្យ​ឃើញ​ដូច​ដែល​ខ្ញុំ​បាន​ឃើញ​​ឡើយ។ ក្រៅ​ពី​នេះ​កំណត់​ហេតុ​ច្បាប់​ដើមស្តីពី​លទ្ធ​ផល​ត្រួត​ពិនិត្យ​សព​លោក​អគ្គ​លេខាគេយក​ចេញ​បាត់​ពី​សំណុំ​ឯកសារ​ដែល​ត្រូវ​ប្រគល់​ឱ្យ​ស្ថាប័​ន​ស៊ើប​អង្កេត​ ។ ខ្ញុំ​ជឿថា បន្ទាប់​ពី​យន្ត​ហោះ​នោះ​ផ្ទុះ​ធ្លាក់​ដល់​ដី​​ លោក​អគ្គ​លេខានៅ​មាន​​ជីវិត​នៅ​ឡើយ​ គ្រន់​តែ​របួស​ធ្ងន់​ប៉ុណ្ណោះ។ គាត់​ស្លាប់​ដោយ​ត្រូវ​គេ​បាញ់​មួយ​គ្រាប់​ចំថ្ងាស​បន្ថែម ។

តាម​ការ​យល់​ឃើញ​ឧត្តម​សេនីយ៍​ជនជាតិ​ន័រ​វេស៍​រូប​នេះ លោក​អគ្គ​លេខាអង្គ​ការ​សហ​ប្រ​ជា​​ជាតិ​មាន​សំណាង​នៅ​រស់​ក្នុង​ការ​ធ្លាក់​យន្ត​ហោះ​រយៈ​កម្ពស់​ទាប​ល្មម​យន្ត​ហោះ​លេខ​​ Dc-៦​របស់​​ក្រុម​ហ៊ុន​​អាកាសចរណ៍​ស៊ុយអែត​Traneer កំពុងស្ថិត​ក្នុង​ស្ថាន​ភាព​ត្រៀម​បន្ទាប​ខ្លួន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ ​Ndola ។ គាត់​ប្រឹង​ប្រវេ​ប្រវា​ទៅមុខ ដែល​ប្រការ​នេះ​អាច​ដឹង​ច្បាស់​តាម​ការ​សម្គាល់​សំបក​ឈើ​ និង​ស្លឹក​ឈើ​ក្រោម​ជើង​គាត់​។«ខ្ញុំ​ចាប់​ផ្តើម​សង្ស័យ​ពី​មរណភាព​លោក​អគ្គ​លេខា​ចង់​ស្វែង​យល់​ភ្លាមៗ​ ប៉ុន្តែ​ពួក​វេជ្ជ​បណ្ឌិត​អង់​គ្លេស​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​ខាង​លើ​បង្ហាញ​អាកប្ប​កិរិយា​សោះ​អង្គើយ​មិន​​ចង់​សហ​ការ​ជាមួយ​អង្គ​ការ​សហ​ប្រជាជាតិ​។ ចំណែក​ជន​ជាតិ​ស៊ុយ​អែត​វិញ​ដោយ​មិន​ចង់​ឱ្យ​ខ្លួន​ទំនាក់​ទំ​នង​ជាមួយ​ទី​ក្រុង​ឡុង ចេះ​តែ​ទ្រាំ​លេប​ក្រួស​លេប​ថ្ម​នៅ​ស្ងៀម​ដូច​អត់​ដឹង​ ។

ហេតុ​នេះ​គ្មាន​ប្រ​តិកម្ម​ណា​ទាំង​អស់​ពី​ខាង​ភាគី​ស៊ុយ​អែត​នៅ​ពេល​នោះ​! ។ សំណួរ​ផ្ទុះ​ឡើង​ភ្លាម…​ហេតុ​ម៉េច​ឧត្ត​ម​សេនីយ៍​ន័រវេសរូប​នេះ​ទាល់​តែ​៧​ឆ្នាំ​ក្រោយ​ទើប​សម្រេច​ចិត្ត​និយាយ​ចេញ​នូវ​អាថ៌​កំបាំង​ដែល​ខ្លួន​បាន​ដឹង​?​ Bjom Egg មិន​ដែល​ឆ្លើយ​បក​ស្រាយ​សំណួរ​នេះ​ឡើយ​ ដែល​អាកប្បកិរិយា​ដូច្នេះ​​ធ្វើ​ឱ្យ​គេ​យល់​ដោយ ​ខ្លួន​ឯង​ថា មិន​ហ៊ាន​និយាយ​ភ្លាមៗ​ព្រោះ​មិន​ចង់​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​ការ​ងារ​ពិសេស​សុវត្ថិភាព​ផ្ទាល់​ខ្លួន​តែម្តង​ ព្រោះ​អានុ​ភាព​ខ្លាំង​ចង់​បិទ​បាំង​អាថ៌​កំបាំង​នេះ​ជា​​រៀង​រហូត​ អ្នក​​ណា​ហ៊ាន​លើក​យក​វា​មក​ត្រ​ដាង​កណ្តាល​​ពន្លឺ​ថ្ងៃ​គង់​​​តែ​ដឹង​ខ្លួន​មិន​ខាន​។ ដល់​ពេល​នោះ​ទោះ​ភ័យ​ក្រោយ​ក៏​ហូស​ពេល​អស់​ទៅ​ហើយ ។
រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ បុគ្គ​លិក​ជំនួយ​សង្គ្រោះ​ជន​ជាតិ​ស៊ុយ​អែត​ម្នាក់​ឈ្មោះ​Goran Bjorkdall បាន​ធ្វើ​ការ​ស្រាវ​ជ្រាវស៊ី​ជម្រៅ​មួយ​ដោយ​ខ្លួន​ឯង​ជុំ​វិញ​ករណី​ធ្លាក់​យន្ត​ហោះ​លោក​អគ្គ​លេខា​អង្គ​ការ​សហប្រជាជាតិ​​កាលពី​ឆ្នាំ​១៩៦១ ហើយ​ថ្មី​ៗ​នេះ​លោកស្រី​សមា​ជិកា​បណ្ឌិតសភា​​ជន​ជាតិ​អង់​គ្លេស​ឈ្មោះ​​Susan Williams បាន​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​មួយ​ឈ្មោះ«អ្នក​ណា​សម្លាប់​ដាកហាំ​ម៉ាហ្សូល​»។ ទាំង​Goran ទាំង​លោក​ស្រី​ Susan​ សន្និដ្ឋាន​ដូច​គ្នា​ថា យន្ត​ហោះ​នោះ​ត្រូវ​បាញ់​ទម្លាក់​មិន​មែន​ធ្លាក់​ដោយ​ឧប្បតិ្ត​ហេតុ​ចៃ​ដន្យ​​ឡើយ។​

Goran Bjorkdall ចាប់​ផ្តើម​ឈ្មុស​ឈ្មុល​ស្រាវ​ជ្រាវ​ក្រោយ​បានទទួល​«មត៌ក​»ពី​ឪពុក​ខ្លួន​ដែលគាត់​ធ្វើការ​ក្នុង​ប្រទេស​សំប៊ីនាទសវត្ស​១៩៧០ ។«មត៌ក»​នោះ​គឹ​បំណែក​យន្ត​ហោះ​មាន​ប្រហោង​តូចៗ​ដែល​គេមិន​ទាន់​បក​ស្រាយ​បាន​ពី​មូលហេតុ​។ បុរស​ជន​ជាតិ​ស៊ុយ​អែត​រូប​នេះ​​រក​បាន​សាក្សី​១២​នាក់​ ហើយ​ផ្តើម​ចេញ​ពីនេះ​កំណត់​បាន​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ចំនួន​៣​គឺ​យន្ត​ហោះDC-៦ កំពុង​ហោះ​ក្រវែល​ទាបៗ​មុន​ពេល​ត្រូវ​បាញ់​ មាន​យន្ត​ហោះ​តូច​មួយ​គ្រឿង​ទៀត ហោះ​ខាង​លើ​យន្ត​ហោះ​DC-៦ និង​មាន​ពន្លឺ​ចាំង​ភ្លែត​លេច​ឡើង​ខាង​មុខ​យន្ត​ហោះ​ DC-៦​មុន​ពេល​វា​ធ្លាក់​​។

មាន​សាក្សី​៦នាក់​នៅនឹក​ឃើញ​ថា​ ព្រឹក​ឡើង​ឃើញ​មាន​មនុស្ស​​ជា​ច្រើ​ន​ស្លៀក​ពាក់​ឯកសណ្ឋាន​ដូចៗ​គ្នា​នៅ​ក្បែរ​កន្លែង​យន្ត​ហោះធ្លាក់​ ថ្វី​បើ​របាយការណ៍​ផ្លូវ​ការ​របស់​គណៈ​កម្មការ​ស៊ើប​អង្កេត​កាល​ណោះ​អះ​អាង​ថា ក្រោយ​យន្ត​ហោះ​ធ្លាក់​១៥​ម៉ោង​រក​មិន​ទាន់​​ឃើញ​បំ​ណែក​យន្ត​ហោះ​ណា​មួយ​ទេ ។ របាយ​ការណ៍​នោះ​អត់​មាន​ដក​ស្រង់​សម្តីអ្នក​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​ សូម្បី​តែ​ម្នាក់​។ របាយការណ៍​សន្និ​ដ្ឋាន​​ដោ​យ​ខ្លួន​ឯង​ថា គ្រោះ​ថ្នាក់​មក​ពី​ការ​ភ្លាំង​ភ្លាត់​របស់​ក្រុម​អាកាស​យានិក​ដែល​ស្មាន​ខុស​មុម​បន្ទាប​ខ្លួន​ ។ គេ​ពិបាក​យល់​ស្រប​ ឬបដិសេធ​របាយការណ៍​នោះ​ព្រោះ​ប្រអ​ប់​​ថត​សំ​ឡេង​ឆ្លើយ​ឆ្លង​ទាក់​ទង​គ្នា​រវាង​ក្រុម​អាកាស​យានិក​ និង​អ្នក​នៅ​ព្រលាន​យន្ត​ហោះ​បាត់​ស្រ​មោល​សូន្យ​ឈឹង​ក្រោយ​មាន​គ្រោះ​ថ្នាក់​។

សាក្សី​តែ​ម្នាក់​គត់​នៅ​រស់​ក្នុង​គ្រោះ​ថ្នាក់​ខាង​លើ​គឺ​Harold Julian អង្គ​រក្ស​លោក​អគ្គលេខា​ធិការអង្គ​ការសហ​ប្រ​ជាជាតិ​។ Harold Julian ធ្លាប់​ធ្វើ​ទា​ហាន​ជើង​ទឹក​អា​មេរិក។ គេ​គ្រាន់​តែ​របួស​ធ្ងន់​ប៉ុណ្ណោះ​ តែ​ក្រោយ​ទទួ​ល​ការ​សង្គ្រោះ ក្នុង​មន្ទីរ​ពេទ្យ​បាន​៥​ថ្ងៃ​ ក៏​ស្លាប់​ទៀត ។ កាលនៅ​លើ​យន្ត​ហោះ​Harold Julian បាន​គេ​រៀប​ចំឱ្យ​នៅ​បន្ទប់​មួយ​ដោយ​ឡែក​ក្រោម​ការ​ឃ្លាំ​មើល​របស់​ជន​ជាតិ​អង់គ្លេស​ ។ គិលានុ​បដ្ឋា​យិកា​ម្នាក់​​ដែល​ប្រ​ចាំ​ការមើល​​ថែ ​Harold Julianក្នុង​មន្ទី​រ​​​​ពេទ្យ​ប្រាប់​ថា ពេល​ដឹង​ខ្លួន​ដំបូង​ បុរស​អង្គ​រក្ស​រូប​នេះ​មាន​និយាយ​ពី​ស្នូរ​ផ្ទុះ​លើ​អាកាស​ ​តែ​ដោយ​ជំងឺ​ធ្ងន់​ពេក​និយាយ​ខ្សាវ​ៗ​ដាច់ៗ​ ខ្លួន​ស្តាប់​អត់​យល់​ពុំ​ដឹង​គេ​ចង់​និយាយ​រឿង​អី ។

ចំណែក​គិលានុបដ្ឋាកយិកា​ម្នាក់​ទៀត​ឈ្មោះ​Brian Exsel អ្នក​ដែល​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​ដល់​កន្លែង​យន្ត​ហោះ​ធ្លាក់​នា​ម៉ោង​៤​ និង​១៥​នាទី​ទៀប​ភ្លឺ​រៀប​រាប់​ពី​ទិដ្ឋភាព​ដែល​ខ្លួន​បាន​ឃើញ​ដំបូង លោក​ដាកហាំម៉ា​ហ្សូល​ត្រូវ​បាន​ដាក់​ឡើង​ប្រង់​កា ។ គាត់​អត់​មាន​ត្រូវ​ភ្លើង​ឆេះ​រោល​ទេ ខោអាវ​នៅ​ល្អ​ទាំង​អស់​ តែ​របូត​បាត់​ស្បែក​ជើង​ខាង​ឆ្វេង ។ ក្បែរ​ប្រង់​កា​មាន​កាំ​ភ្លើង​ខ្លី​មួយ​ដើម ។ សម្តី​Brian​ Exsel ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ការ​សនិ្ន​ដ្ឋាន​លោក​អគ្គលេខា​ត្រូវ​គេ​រៀប​ផែន​ការ​ធ្វើ​ឃាត​​ មាន​ការ​ក្តៅ​​ក្រ​ហាយ​ចាត់​ទុក​គិលានុបដ្ឋា​យិកា​រូប​នេះ​ និយាយ​បង្វែ​ង​ដាន​តាម​ការ​បង្គាប់​របស់​គេ​សំដៅ​បំភាន់​ស្ថាប័ន​កិច្ច​ការ​សម្ងាត់​ ព្រោះ​ជា​សម្តី​ធ្វើ​ឱ្យ​អ្នក​ផង​ចាប់​ភ្លឹក​ដល់​លទ្ធ​ភាព​លោក​អគ្គ​លេខា​គេ​​ធ្វើ​​ឃាត ។

ពួក​គេ​លើក​ឡើង​ពី​ប្រ​ការ​គួរ​ឱ្យ​សង្ស័យ​មួយ​ទៀត​គឺ រថយន្ត​សង្គ្រោះ​បន្ទាន់​ចេញ​ពី​មន្ទី​រពេទ្យ​ទៅ​ដល់​កន្លែង​ធ្លាក់​យន្ត​ហោះ​ប្រើ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​ប្រើ​ពេល​រហូត​ដល់​៣​ម៉ោង​ តើ​គេ​យក​សព​លោក​អគ្គ​លេខា​ធិការ​ទៅ​ណា? ធ្វើ​អ្វី​ខ្លះ? គណៈ​កម្ម​ការ​ស៊ើប​អង្កេត​ដំបូងមាន​តែ​មួយ​គឺ​គណៈ​កម្ម​ការ​របស់​មូលដ្ឋាន ។ ប៉ុន្តែ​បន្ទាប់​មក​គេ​បញ្ឈប់​ក្រុមនោះ​ប្តូរ​ឱ្យ​ពី​រ​ក្រុម​ទៀត​ធ្វើ​ការ​ជំនួស​វិញ គឺ​មួយ​ក្រុម​មាន​លក្ខណៈ​ជា​អន្តរ​ជាតិ​ដឹក​នាំ​ដោយ​អង្គ​ការសហប្រជាជាតិ ឯក្រុម​ទី​ពីរ​ជា​របស់​ប្រទេស​ស៊ុយ​អែត​ ។ រយៈ​ពេល​ផ្អាក​ការ​ងារ​ដើម្បីទុក​លទ្ធ​ភាព​ឱ្យ​ក្រុម​ស៊ើ​ប​អង្កេត​ថ្មី​ទាំង​ពីរ​ក្រុម​នោះ​ គ្រប់​ស្លាកស្នាម​ជំនួយ​ដល់​ការ​ស៊ើប​អង្កេត​ត្រូវ​គេ​បំបាត់​ចោល​អស់​រលីង ។

តួ​យន្ត​ហោះដែល​មាន​ទម្ងន់​២៧តោន ប្រមូលវិញ​ឃើញសល់​តែ​១ភាគ​១០​ប៉ុណ្ណោះ​។ អ្នក​ស៊ើប​អង្កេត​ជន​ជាតិ​ស៊ុយ​អែត​ម្នាក់​ឈ្មោះ​Danielson សម្គាល់​ឃើញ​មាន​ស្នាម​ធ្លុះ​២​កន្លែង​លើ​បំណែក​យន្ត​ហោះ​មួយ​ផ្ទាំង​​មុន​ពេល​គេ​យក​វាទៅ​ស្ល ។ ស្នាម​ធ្លុះ​ពី​រ​កន្លែង​នោះប្រហែល​ជា​ស្នាម​ត្រូវ​គ្រាប់​កាំ​ភ្លើង​ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ដែល​គ្មាន​​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ពិនិត្យ​ពិច័យ ​ព្រោះគេ​ប្រញាប់​​យក​ទៅ​ស្ល​ពេក ។

ទោះ​ដូច្នេះ​ក្តី ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​ពេល​នោះ​បាន​លើក​ឡើង​នូវ​សម្តីសាក្សី​ដែរ​ ដែល​និ​យាយ​ថា ឃើញ​មាន​យន្ត​ហោះ​មួយគ្រឿង​ទៀត​​ហោះ​ខ្ពស់​ចំពី​លើ​យន្ត​ហោះ​CD-​៦ដែល​ត្រូវ​​ធ្លាក់​។ រឿង​វ៉ាវ​ទាំង​នេះ​ធ្វើ​ឱ្យ​លោក​សមាជិកា​​បណ្ឌិត​សភា​Susan Williams លើកជា​សំណួរ​ក្នុង​សៀវ​ភៅ​របស់​គាត់​ថា ហេតុ​ម៉េច​រាល់​ការ​ស៊ើ​បអង្កេត​ផ្លូវ​ការ​មិន​រវីរវល់​ផ្ទៀង​ផ្ទាត់​រូប​ថត​គួរ​ឱ្យ​សង្ស័យ​ក្នុង​ហេតុ​ការណ៍​នេះ? គាត់​អះអាង​ថា​ក្នុង​ករណី​ខ្លះ​រូប​ថត​មួយ​ចំនួន​ត្រូវ​គេ​ក្លែង​បន្លំ​ទៀត​ផង​។ ដូច្នេះ​មាន​ការ​បិទបាំង​ការ​ពិត​ហើយ។

លោកស្រី​សមាជិកា​បណ្ឌិ​ត​សភារូប​នេះ​​​ ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​មរណភាព​របស់​លោក​អគ្គ​លេខាធិការ​​អង្គការ​សហប្រជាជាតិ​ដាកហាំ​ម៉ា​ហ្សូល​ បាន​សង្កត់​ធ្ងន់​លើ​៣​ចំណុច​គួរ​ឱ្យ​សង្ស័យ​បំផុត​ ពិសេស​រូប​ថត​សព​លោកអគ្គ​លេខា​ត្រូវ​បាន​ថត​តាម​របៀប​មិន​ឱ្យ​ឃើញផ្នែក​​ជុំ​វិញ​ភ្នែក​ខាង​ស្តាំ ។ នេះ​មិន​មែន​បាន​សេចក្តី​ថា គេ​លាក់​បាំង​ស្នាម​របួស​មួយ​គឺ​ស្នា​មរបួស​ដែល​ផ្តាច​់​ជី​វិត​លោក​អគ្គ​លេខាធិការ​។ ជន​តែ​ម្នាក់​គត់​ដែល​គេ​ឃើញ​នៅ​រស់​ក្រោយ​ធ្លាក់​យន្ត​ហោះ​គឺ​Harold Julian ។

ពេល​ដឹង​ខ្លួន​ដំបូង​ក្នុង​មន្ទីរ​ពេទ្យ​Harold Julian​ បាន​និយាយ​ពី​ស្នូរ​ផ្ទុះ​មុន​ពេល​យន្ត​ហោះ​ធ្លាក់​ ។ ប៉ុន្តែ​សម្តី​Harold Julian​មិនត្រូវ​​បាន​គេ​បញ្ចូល​ក្នុង​របាយ​ការណ៍​ទេ​ ដោយ​គេ​សំអាង​ថា​សម្តី​មនុស្ស​និយាយ​នៅ​ពេល​របួស​ធ្ងន់​ពុំ​អាច​យក​ជា​ការ ​បាន​។ ប៉ុន្តែ​លោក​ស្រីSusan Williams រកបា​នរបាយ​ការណ៍​​មួយ​របស់​វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​អះ​អាង​ច្បាស់​ថា Harold Julian ពេល​នេះ​ថ្វី​បើរ​បួស​ធ្ងន់​តែ​ស្មារតី​នៅ​ភ្លឺ​ស្វាង​ល្អធម្មតា​។ មន្ត្រី​ផ្នែក​ចារ​កម្ម​អាមេរិក​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​ស្ថានីយ​​ចាត់​ចែង​រលក​សំឡេង​នៅ​កោះ​Sip និយាយ​ថា ខ្លួន​បាន​ឮ​សំឡេង​ខ្សែ​អាត់​ចេញ​ពី​បន្ទប់​បើក​បរ​នៅ​Ndola ។

ក្នុង​នោះ​សំឡេង​អាកាស​យានិក​ម្នាក់​​រាយការណ៍​ពី​កិច្ច​ការ​របស់​ខ្លួន​ដែល​បាន​ចូល​កៀក​យន្ត​ហោះ DC-៦ដឹក​លោក​ដាកហាំ​ម៉ា​ហ្សូល​ បន្ទាប់មក​ឮ​​ស្នូរ​កាំ​ភ្លើង​មួយ​គ្រាប់រួច​​​ហើយ​ឮសំឡេង​អាកាស​​យានិក​ដដែល​រូប​នោះ​ស្រែក​ឡើង«ខ្ញុំ​បាញ់​ត្រូវ​វា​​ហើយ»។ លោក​ស្រី​Susan William អះអាងប្រាប់​BBC«ថ្វី​បើ​ពេល​នោះ​គេ​មិន​ឃើញ​មាន​ផ្សែង​គ្រាប់​កាំ​ភ្លើង​មែន​ តែ​មាន​ភស្តុតាង​ជា​ច្រើន​ជួយ​ឱ្យ​ដឹង​បាន​ថា​ យន្តហោះ​DC-៦​ពិត​ជា​ត្រូវ​បាញ់​ទម្លាក់​ដោយ​យន្តហោះ​អាថ៌​កំបាំង​មួយ​គ្រឿង​ផ្សេងទៀត​ មិន​មែន​វា​ធ្លាក់​ដោយ​សារ​ឧប្បត្តិ​ហេតុ​ចៃ​ដន្យ​ទេ»។

តាម​ការ​យល់​ឃើញរបស់​គាត់​ មានមនុស្សជា​ច្រើន​មាន​ចេតនា​រារាំង​មិន​ឱ្យ​លោក​អគ្គលេខាធិការ​​ និង​មេដឹកនាំ​ផ្តាច់​ខ្លួន​ម៉យ​ត្ស៊ិបេ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​តាម​​រយៈ​ការ​ចរចា​ទល់​​មុខ​គ្នា ។ គាត់​និយាយ​យោង​សម្តី​អ្នក​ឯក​ទេស​ថា យន្ត​ហោះDC-៦​កំពុង​បន្ទាប​ខ្លួ​ន​កណ្តាល​រាត្រី​ខាង​ខ្នើត​មាន​ពន្លឺ​ព្រះ​ចន្ទ​ចាំង​ច្បាស់​យ៉ាង​នេះ​ ស្រួល​បាញ់​ប្រហារ​ណាស់​ ឱ្យ​តែ​ដៃ​ត្រង់​ចំណាយ​គ្រាប់​កាំ​ភ្លើង​ត្រឹម​មួយ​គ្រាប់​សម្រេច​​ផល​ភ្លាម ។

ទាំង​លោក​ស្រី​Susan Willaims ទាំង​Knut ក្មួយ​ប្រុស​លោកដាកហាំ​ម៉ា​ហ្សូល ​បាន​រួម​គ្នា​អំពាវ​នាវ​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ​ដោយ​ធ្វើ​យ៉ាង​ល្អិត​ល្អន់​ និង​ស្មោះត្រង់​​។ មិន​មែ​ន​តែ​ជន​ពី​រ​នាក់​នេះ​ទេ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​សុទ្ធ​តែ​ចង់​រក​ឱ្យ​ឃើញ​ការ​ពិត ​តើ​អានុភាព​ណា​ខ្លះ​រួម​ដៃ​គ្នា​ប្រល័យ​ជីវិត​បុរស​ដែល​គេហៅ​ថា​កូឡុមបូសម័យ​ទំនើប​របស់​អង្គ​ការ​សហប្រជា​ជាតិ​រូប​នេះ​ ។ តើអាច​មាន​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹម​ត្រូវ​ឡើង​វិញ​តាម​សំណូម​ពរ​ខាង​លើ​ទេ​? តាមមើល​ប្រ​ហែល​គ្មាន​សង្ឃឹម​ឡើយ​ ៕​​