រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា២០០នាក់ មកពីស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្ដកណ្ដាល បាននាំគ្នាមកអង្គុយនៅមុខភូមិគ្រឹះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្ថិតនៅ តាមបណ្ដោយវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ តាំងពីវេលាម៉ោង៥និង៥០ នាទីព្រឹក ថ្ងៃទី២៨ ឧសភា ។ នេះជាលើកទី ពីរហើយដែលប្រជាពលរដ្ឋទាំងនេះបានព្យាយាមមកសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ និងលោកជំទាវបណ្ឌិត ដើម្បីផ្ដល់ភាពយុត្ដិ ធម៌ពីបញ្ហាដីធ្លីដែលមានវិវាទ ។ ប៉ុន្ដែនៅ វេលាថ្ងៃត្រង់ក្នុងថ្ងៃដដែលកម្លាំងនគរបាល បង្ក្រាបបាតុកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រដាប់ដោយ ដំបងឆក់ ខែល សហការជាមួយនគរបាលខណ្ឌចំការមន ខណ្ឌដូនពេញ ប្រមាណជាមួយរយនាក់ បានធ្វើការបណ្ដេញឱ្យចាកចេញពីមុខភូមិគ្រឹះ សម្ដេចតេជោ បន្ទាប់ពីអាជ្ញាធរសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់នោះទៅប្រមូលផ្ដុំនៅ មុខវត្ដបទុមវតីវិញ តែពួកគាត់មិនព្រមទៅ។
នៅក្នុងយុទ្ធនាការចាប់បង្ខំឱ្យប្រជាពលរដ្ឋដែលតវ៉ាចាកចេញនេះ ពុំមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬរងរបួសនោះទេ គ្រាន់តែប្រជាពលរដ្ឋចំនួនបីនាក់ ដែលគេអះអាងថា ជាមេខ្យល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលប៉ុណ្ណោះ ។
ប្រជាពលរដ្ឋមួយរូបដែលចូលរួមទាមទាររកភាពយុត្ដិធម៌នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋជាង២០០នាក់ ដែលមកពីឃុំព្រែកស្លែង អំពៅព្រៃ តាដោក ជើងកែប ស្រុកកណ្ដាលស្ទឹង និងឃុំព្រែកកំពិស ព្រែកហូរ ក្រុងតាខ្មៅ ដែលបាននាំគ្នាមកកាន់ភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះគឺជាលើកទី២ហើយ ពីព្រោះប្រជាពលរដ្ឋពុំបានទទួលភាពយុត្ដិធម៌ពីអាជ្ញាធរមូលដ្ឋានទេ មានតែការគំរាមកំហែង គាបសង្កត់ បណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនហេងអភិវឌ្ឍន៍យកគ្រឿងចក្រមកឈូសឆាយលើដីប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃក្រោមកិច្ចការពារពីសមត្ថកិច្ចដែលបំពាក់ដោយកាំភ្លើងវែងខ្លីទៀតផង ។
ទាក់ទិននឹងការចោទប្រកាន់ពីប្រជាពលរដ្ឋដែលមកតវ៉ានៅមុខភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន លោកលឹម លាងសែ នាយករងខុទ្ទកាល័យសម្ដេចតេជោ បានមានប្រសាសន៍ឱ្យក្រុមអ្នកកាសែតដឹងថា នៅព្រឹកថ្ងៃទី៧ ឧសភា ប្រជាពលរដ្ឋប្រហែល៥០នាក់ តំណាងឱ្យប្រជាពលរដ្ឋ២៩២គ្រួសារ នៅឃុំ តាដោក ជើងកែប ស្រុកកណ្ដាលស្ទឹង និងនៅ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាលបានមកដាក់ពាក្យបណ្ដឹងចុះថ្ងៃទី៧ ឧសភា ឆ្នាំ២០១០ នៅភូមិគ្រឹះសម្ដេចតេជោនាយករដ្ឋមន្ដ្រី រាជធានីភ្នំពេញ ដោយសុំឱ្យសម្ដេចតេជោជួយធ្វើអន្ដរាគមន៍ទៅលោកស្រី សៀង ចាន់ហេង និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ផ្ដល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់ ។ ករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានសំរេចរួចហើយ តាមចំណារចុះថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១០ ត្រង់ចំណុចនេះ ហើយដែលមានការខុសឆ្គងផ្នែករដ្ឋបាល តាមពិតយើងត្រូវកែសំរួលមកវិញថា ចុះថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០០៩ លើរបាយការណ៍ចុះ ថ្ងៃទី២៨ ខែកញា ឆ្នាំ២០០៩ របស់លោកឌុល គឿន និងលោកឈុន ស៊ីរុន ហេតុនេះខុទ្ទកាល័យសម្ដេចតេជោ មិនអាចលើកយកករណីដដែលនេះមកចាត់ការបានទៀតទេ ។
លោកនាយករងខុទ្ទកាល័យសម្ដេចតេជោ ក៏បានទទួចសុំឱ្យប្រជាពលរដ្ឋដែលមកតវ៉ានេះ ឱ្យយកឯកសារនានាដែលពាក់ព័ន្ធដីធ្លីនៅ ចំណុចខាងលើទៅដោះស្រាយគ្នានៅសាលា ខេត្ដកណ្ដាល ពេលណាក៏បានដែរ ។ លោក លឹម លាងសែ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកតវ៉ានេះ គឺពុំមានលិខិតស្នាមណាមួយ បញ្ជាក់ច្បាស់លាស់នៅលើដីធ្លីដែលមានទំនាស់ជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ឡើយ។ប្រជាពលរដ្ឋបាននិយាយថា នៅវេលា ម៉ោង១២និង៣០នាទីរសៀលនាថ្ងៃដដែល ឃើញមានកម្លាំងនគរបាលប្រដាប់ដោយ ដំបងឆក់ និងខែលជាងមួយរយនាក់ បានប្រើ កំលាំងបាយបណ្ដេញប្រជាពលរដ្ឋដែលរឹងរូស អង្គុយមុខភូមិគ្រឹះសម្ដេចតេជោ ព្រមទាំង ចុកដំបងឆក់គំរាមឱ្យចាកចេញ និងចាប់ ក្រៀកបុរសជាច្រើននាក់ដាក់លើរថយន្ដមិន ដឹងយកទៅណានោះទេ ។ ចំណែកស្ដ្រីៗភ័យ ខ្លាចពេកក៏បាននាំគ្នារត់រប៉ាត់រប៉ាយជិះម៉ូតូឌុបទៅភូមិវិញ ហើយពេលនេះប្រជាពលរដ្ឋចំនួន ៤នាក់កំពុងបាត់ខ្លួននៅឡើយ ។
មន្ដ្រីកងរាជអាវុធហត្ថមួយរូបដែលចូលរួម ក្នុងប្រតិបត្ដិការនោះ បានឱ្យដឹងថា ពុំមានប្រជា ពលរដ្ឋណាម្នាក់រងរបួសនោះទេ ពីព្រោះកម្លាំង សមត្ថកិច្ចគ្រាន់តែប្រើសិទ្ធិការពារដោយចាប់ ប្រជាពលរដ្ឋណាដែលរឹងរូសយកចេញពីមុខភូមិគ្រឹះសម្ដេចតេជោប៉ុណ្ណោះ ហើយក្នុងកិច្ចបង្ក្រាប នេះដែរ ប្រជាពលរដ្ឋចំនួនបីនាក់ត្រូវបានឃាត់ ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ កណ្ដាលដើម្បីស្រាវជ្រាវ ។
ចែករំលែកព័តមាននេះ