អត្រាអ្នកអត់ការងារធ្វើ បានធ្លាក់ចុះអស់ពាក់កណ្តាលនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញាកន្លងទៅ។ ក្រសួងការងារនិយាយថា អត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះក្នុងរដ្ឋចំនួន២៥ ហើយកើនឡើងក្នុងរដ្ឋចំនួន១៤ និងរក្សាតួលេខដដែលក្នុងរដ្ឋចំនួន១១នៅសហរដ្ឋអាមេរិក។ កាលពីខែសីហាអត្រាអ្នកអត់ការងារធ្វើបានកើនឡើងក្នុងរដ្ឋចំនួន២៦។
នៅទូទាំងប្រទេស និយោជកបានបង្កើនការងារចំនួន១០៣.០០០កន្លែងក្នុងខែកញ្ញា គឺស្ទើរតែកើនឡើងទ្វេដងនៃចំនួនការងារបង្កើតថ្មីក្នុងខែសីហា ទោះជាយ៉ាងនេះក្តី ក៏នៅមិនទាន់គ្រប់គ្រាន់ក្នុងការទម្លាក់អត្រាអ្នកអត់ការងារធ្វើដែលនៅរក្សាអត្រា៩,១ភាគរយ អស់រយៈពេល៣ខែជាប់គ្នា។តាមរបាយការណ៍របស់រដ្ឋ Nevada បង្ហាញពីតួលេខដ៏ខ្ពស់នៃអត្រាអ្នកអត់ការងារធ្វើក្នុងរយៈពេល១៦ខែបន្តបន្ទាប់គ្នា គឺនៅថេរ ១៣,៤ភាគរយ។ ចំណែករដ្ឋ California ឈរនៅលំដាប់លេខ២នៃចំនួនអ្នកអត់ការងារធ្វើច្រើនជាងគេនៅសហរដ្ឋអាមេរិក។ អត្រាអ្នកអត់ការងារធ្វើរបស់រដ្ឋ California បានធ្លាក់ចុះពី១២,១ភាគរយមកនៅត្រឹមតែ១១,៩ភាគរយ។ រីឯរដ្ឋ Michigan មានអត្រាអ្នកអត់ការងារធ្វើចំនួន១១,១ភាគរយ។
តាមការគិតគូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញថា ចំនួនប្រជាជនដែលដាក់ពាក្យដើម្បីទទួលប្រយោជន៍ពីការបាត់បង់ការងារបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៦ ខែ ចុងក្រោយ។តួលេខនេះបានជួយបន្ធូរបន្ថយការព្រួយបារម្ភដែលថា សេដ្ឋកិច្ចអាេមរិកនឹងធ្លាក់ចូលក្នុងវិបត្តិជាថ្មី។រោងចក្រក្នុងតំបន់ Philadelphia បានកើនឡើងក្នុងខែតុលា បន្ទាប់ពីធ្លាក់ចុះជាប់គ្នាពីរខែមក។ នេះបើតាមការស្ទង់មតិរបស់ធនាគារកណ្តាលរដ្ឋ Philadelphia ។
ក្នុងខែកញ្ញា អតិថិជនបានពង្រីកការ ចំណាយក្នុងការទិញ អីវ៉ាន់ច្រើនបំផុត ក្នុងរយៈ កាល៧ខែចុងក្រោយ តែអត្រាអ្នកអត់ការ ងារធ្វើនៅទូទាំងសហរដ្ឋអាមេរិកនៅតែស្ថិតនៅ៩ភាគរយក្នុងរយៈពេល២ឆ្នាំ។
កាលពីរយៈពេល៥ខែកន្លងទៅ ចំនួនការងារថ្មីដែលបានបង្កើតឡើងប្រចាំខែមានតែ៧២.០០០កន្លែង។ តួលេខនេះពិតជាទាបបំផុតបើធៀបជាមួយកំណើនប្រជាជនដែលមានចំនួន១សែននាក់ក្នុងមួយខែ។តាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន AP ថា ប្រជាជនអាមេរិក៧នាក់ក្នុងចំណោម១០នាក់ ជឿថា សហរដ្ឋអាមេរិកកំពុងដើរនៅមុខលើផ្លូវខុស ចំណែក៤៣ភាគរយទៀតគិតថា សេដ្ឋកិច្ចអាមេរិកពិតជាចុះទន់ខ្សោយមែនទែន។ឯតិចជាង៤០ភាគរយផ្សេងទៀតគិតថា ដំណើររបស់លោកប្រធានាធិបតីអូបាម៉ាក្នុងការបង្ការការអត់ការងារធ្វើឡើងខ្ពស់ ពិតជាអាចបង្កើនការងារយ៉ាងពិតប្រាកដ៕
ចែករំលែកព័តមាននេះ