រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េ (កូយកា) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាសម្រាប់គម្រោងបង្កើតផែនការមេ ដើម្បីបង្កើតទីភ្នាក់ងារសម្របសម្រួលដែលមានឯកទេសក្នុងការជំរុញវិនិយោគផ្នែកកសិកម្ម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ ២០១១ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទឹកប្រាក់សរុបចំនួន១លានដុល្លារ។
កំណត់ហេតុកិច្ចពិភាក្សានេះត្រូវបានចុះហត្ថលេខាដោយលោកសាន វណ្ណទី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិតស៊ីន អ៊ីឆល់ ប្រធានតំណាងកូយកាប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពី សំណាក់ប្រតិភូកូយកា និងមន្ត្រីក្រសួងកសិកម្មជាច្រើនទៀត។
គោលបំណងរបស់គម្រោងនេះ គឺ១-ដើម្បីរួមចំណែកធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពប្រសើរឡើងដែលបង្ហាញជារបៀបវារៈថ្នាក់ជាតិ ដោយស្វែងរកវិធីដើម្បីបង្កើនការជំរុញការវិនិយោគក្នុងស្រុក និងបរទេស ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ២-ដើម្បីរៀបចំផែនការេមដើម្បីបង្កើតទីភ្នាក់ងារសម្របសម្រួល សម្រាប់ការជំរុញការវិនិយោគផ្នែកកសិកម្មនៅកម្ពុជា និង៣-ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សក្នុងវិស័យកសិ-ឧស្សាហកម្ម និងជំរុញការវិនិយោគបរទេស និងក្នុងស្រុក ដោយការផ្ទេរនូវបទពិសោធន៍ និងចំណេះដឹងរបស់ប្រទេសកូរ៉េ។
អំឡុងពេល១៨ខែ ក្នុងរយៈ៣ឆ្នាំ ចាប់ពីឆ្នាំ២០១១ ដល់២០១៣ គម្រោងនេះត្រូវបានគេរំពឹងថានឹងរៀបចំនូវទីភ្នាក់ងារសម្របសម្រួលពិសេសមួយដែលមានឯកទេសក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាពក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងការជំរុញការវិនិយោគ។ល។
គួរំលឹកផងដែរថា វិស័យកសិកម្មដើេរតួនាទីយ៉ាងសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ប៉ុន្តែវិស័យនេះជួបនូវការលំបាកក្នុងការជំរុញការវិនិយោគទាំងក្នុងស្រុក និងបរទេស ដោយសារតែមិនមានព័ត៌មានគ្រប់គ្រាន់ ដែលត្រូវផ្តល់ឱ្យជាក់លាក់។ ដូច្នេះតាមរយៈគម្រោងនេះ យើងសង្ឃឹមថា ផែនការមេមួយនឹងត្រូវបានគេបង្កើតឡើង ដែលជាផែនទីបង្ហាញផ្លូវមួយសម្រាប់ការជំរុញការវិនិយោគផ្នែកកសិកម្មនៅកម្ពុជា៕
ចែករំលែកព័តមាននេះ