ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកវេន ជាបាវ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបពិភាក្សាទ្វេភាគីចំណាយពេល៥៥នាទី ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ មានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ នៃប្រទេសទាំង២កម្ពុជា-ចិន ។ ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនចិន លោកនាយករដ្ឋមន្ត្រីវេន ជាបាវ មានប្រសាសន៍សម្តែងនូវភាពក្រៀមក្រោះ និងចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះធម្មជាតិទឹកជំនន់ ដែលកំពុងអូសបន្លាយពេលវេលាយូរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ក្នុងនាមជនរងគ្រោះកម្ពុជា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយដោះស្រាយនូវរាលការលំបាករបស់រាចរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំរដ្ឋាភិបាលនៃ ប្រទេសទាំង២កម្ពុជា-ចិន បានប្តេជ្ញារួមគ្នាថា នឹងជួយគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ៕
ចែករំលែកព័តមាននេះ