ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែន​សង្កស្សៈ​ជាទី​បុរាណ​ស្ថាន​ដែលព្រះ​សមណ​គោត​មយាង​ចុះ​ពីស្ថាន​ត្រ័យ​ត្រិង្ស

12 ឆ្នាំ មុន

ដែនសង្កស្សៈ(Sankassa) ​ជា​បុរាណ​​​ស្ថាន​​ដែល​គេជឿ​ថា​ព្រះសមណគោតម​​ ទ្រង់​​​បាន​យាង​ចុះ​ពីស្ថាន​​តាវត្តិ​ង្ស​ទេវលោក​(ស្ថាន​​ត្រ័យ​ត្រិង្ស​)​ មក​​​កាន់​​​មនុស្ស​​លោក​វិញ​នៅ​ទីនោះ​ ក្រោយ​ពីព្រះអង្គ​​ទ្រង់​បាន​សម្តែង​ធម៌​​ទេស​​នា​ប្រោស​​​​​​ពុទ្ធ​មាតា​​ និង​ពួកទេវ​តា​ជា​ច្រើន​ទៀត​​នៅ​​ស្ថាន​ទេវលោក ។​

ដែនសង្កស្សៈ(Sankassa) ​ជា​បុរាណ​​​ស្ថាន​​ដែល​គេជឿ​ថា​ព្រះសមណគោតម​​ ទ្រង់​​​បាន​យាង​ចុះ​ពីស្ថាន​​តាវត្តិ​ង្ស​ទេវលោក​(ស្ថាន​​ត្រ័យ​ត្រិង្ស​)​មក​​​កាន់​​​មនុស្ស​​លោក​វិញ​នៅ​ទីនោះ​ ក្រោយ​ពីព្រះអង្គ​​ទ្រង់​បាន​សម្តែង​ធម៌​​ទេស​​នា​ប្រោស​​​​​​ពុទ្ធ​មាតា​​និង​ពួកទេវ​តា​ជា​ច្រើន​ទៀត​​នៅ​​ស្ថាន​ទេវលោក ។

កាលណោះ​  ការយាង​ចុះ​ចាក​ទេវលោក​របស់​ព្រះពុទ្ធ​អង្គ​គឺជា​ហេតុការណ៍​ដ៏​​អស្ចារ្យ​​មួយ ដែល​ក្រោយ​មក​បាន​​ក្លាយ​ទៅ​ជានិទាន​ដ៏​​មាន​ប្រជា​ប្រិយភាព​និង​ល្បីល្បាញ​​ក្នុង​សិល្បៈ​ពុទ្ធសាសនា​​ ដោយគេ​ជឿ​ថា​ ព្រះពុទ្ធស្តេច​ទ្រង់​យាង​​ចុះ​ចាក​ពីទេវលោក​​​មក​វិញ​តាម​ជណ្តើរ​ជាប់​គ្នា​បីដោយ​មាន​ព្រះព្រហ្ម​និង​​សកទេវរាជ​(ព្រះឥន្ទ)​ទ្រង់​យាង​អម​ព្រះ​ដំណើរ​របស់ព្រះ​ពុទ្ធអង្គ​ចុះ​​​​មក​ជាមួយផង ។

តាម​រូបគំនូរ​ក្នុង​រចនាបថ​សម័យ​​បុរាណ​ទាក់​ទិន​ទៅ​នឹង​​ក្រុង​សង្កស្សៈ​នេះ​ គេតែងបាន​ឃើញ​រូប​ជណ្តើរ​បីជាប់​គ្នា ​​​​ដោយ​​មាន​ដើម​​​ពោធិ៍មួយ​​ដើម​​និង​បល្ល័ង្ក​​ពេជ្រ​មួយនៅក្នុង​នោះ​ផង។ មាន​ស្នា​ម​ពុទ្ធ​បាទ​(ស្នាម​​ជើង​​​របស់​ព្រះ​ពុទ្ធ)​​ មួយ​នៅ​ក្បាល​​ជណ្តើរ​​ និង​ស្នាម​​ពុទ្ធបាទ​មួយទៀត​​​នៅ​​​លើ​ជើង​ជណ្តើរ​​កណ្តាល​។ នៅ​​ក្នុង​​រូប​នោះ​ ក៏ឃើញ​​​​​មាន​មនុស្ស​​ម្នា មក​ចោម​រោម​​​រង់​ចាំ​ទទួលព្រះ​សក្យ​មុនី​​​យាង​ចុះ​​មក​កាន់​​​ស្ថាន​មនុស្ស​វិញ។ នៅ​ក្នុង​បណ្តាពួក​​ជន​​​​ទាំងនោះ​ ក៏រួម​មាន​ទាំង​ព្រះ​រាជា​ និងពួក​​មន្ត្រី​តូចធំ​​​ផង។​ និទាន​​ក្នុងគម្ពីរ​ពុទ្ធសាសនា​​បាន​ឱ្យ​ដឹង​ថា ព្រះ​ពុទ្ធ​​យាង​ចុះ​​​មក​កាន់​​​ផែនដី​​នៅ​​​ឯដែន​​សង្កស្សៈ​​​នោះ ក្រោយ​ពីទ្រង់​​បាន​​​ប្រទាន​​​ធម្ម​ទេសនា​​ធម៌​​អភិធម្ម​​​ដល់​​ព្រះមាតា​របស់​​ទ្រង់​ គឺព្រះ​នាង​មាយា​​​​ទេវី​​នៅស្ថាន​តាវត្តិង្ស។ ​ព្រះពុទ្ធ​​​បាន​​​យាង​ឡើង​ទៅ​ប្រទាន​ធម្មទេសនា​​ថ្វាយ​ព្រះ​មាតា​​​នោះ​ គឺនៅ​ក្រោយ​ពីទ្រង់​បាន​សម្តែង​​​​​​យម​កប្បាដិហារ្យ​​នៅ​​ក្រុង​សាវត្ថី ។

កាល​ណោះ​​ មាន​ការ​ចេញ​ដំណើរ​​របស់​ពួក​​មហា​ជន​​ និង​ការ​​និមន្ត​​​​របស់​ព្រះ​​​ភិក្ខុ​សង្ឃ​មាន​​​ព្រះមោគ្គ​ល្លាន​​ផង ​ពីក្រុង​​សាវត្ថីទៅ​កាន់​​ដែន​​សង្កស្សៈ​​នោះ​ដើម្បី​ទទួល​​ព្រះពុទ្ធ​​អង្គ ។ ​ការ​យាង​ចុះ​ពីតាវត្តិង្ស​មក​កាន់​​​​​ផែន​ដី​វិញ​​របស់​ព្រះ​សក្យមុនី​ គឺ​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​​មហា​​​បវារណា​(Mahapavarana)​​​។ ​​នៅ​គ្រា​នោះ​​ឯង មាន​មហា​ជន​អ្នក​ស្រុក​​អ្នក​​នគរ​​យ៉ាង​ច្រើន​កុះករ​​រង់​ចាំ​ទទួល​​​ព្រះ​​អង្គ​​ ក្រោយពី​ព្រះ​មោគ្គ​​​ល្លាន​(ច្បាប់​ខ្លះ​​ថាព្រះ​អនុរុទ្ធ)​បាន​ប្រកាស​ប្រាប់​​​ពួក​មហា​​​ជន​យ៉ាង​​​ច្រើន​ រួមទាំង​​អ្នក​​ស្រុក​នៅក្នុង​ក្រុង​សាវត្ថី​​ផង​ឱ្យ​បាន​ដឹង ។

មាន​និទាន​មក​ថា  ​ពេល​នោះ​មាន​ហេតុ​​អស្ចារ្យ​​​បាន​កើត​ឡើង​​។ គឺ​មហា​ជន​​​ទាំងឡាយ​​បាន​មើល​ឃើញ​​​នូវ​ចំណែកនៃ​​លោក​ធាតុ​​ដ៏ធំ​នេះ គឺ​ទៅខាងលើ​គេអាច​មើល​ឃើញ​ដល់​ស្ថាន​ព្រហ្ម​​ទាំង៩​​​ជាន់​​ និង​​​ខាងក្រោម អាចមើល​​ឃើញ​រហូត​​ដល់​​ស្ថាន​នរក​​ឈ្មោះ​​អវិចី ។ ព្រះ​សារីបុត្រ​​ និង​​ព្រះ​​​នាង​ឧប្បលវណ្ណាថេរី ​​បាន​ទទួល​ស្វា​គមន៍​​​​​​​ការ​យាង​​​ចុះ​ដល់​​ផែន​ដីរបស់​ព្រះពុទ្ធ​មុនគេ ។ ក្រោយ​ពេល​​យាង​ចុះ​​ដល់​​ស្ថាន​​​មនុស្ស​​​វិញ​ហើយ ព្រះពុទ្ធ​​បាន​​សម្តែង​​ធម៌​ទេសនា​​ប្រោស​ដល់​មហា​ជន​​នៅពេល​នោះ​​ផង​ដែរ ។

បើ​តាម​ព្រះ​ភិក្ខុ​​​ ហ្វាហៀន​(Fa Hien)​ ​បូជនីយេស​ក៍ ជន​​ជាតិ​ចិន​​ដ៏​ល្បី​​​ល្បាញ​​មួយ​អង្គ​​​ ដែល​បាន​​​និមន្ត​​​​ទៅ​​ដល់​​ទីស្ថាន​នោះ​នៅ​​​ដើម​សតវត្ស​ទី​៥​ បាន​កត់ត្រា​​​​ទុក​ឱ្យ​ដឹងថា ​ នៅគ្រា​ដែល​ព្រះ​ពុទ្ធ​អង្គ​ហៀប​យាង​​​ចុះ​​ចាក​ស្ថាន​​សួគ៌​ មក​កាន់​ផែន​ដី​​នេះ​​ ទ្រង់​បាន​សម្តែង​នូវ​បាដិហារ្យ​និម្មិត​​ជា​ជណ្តើរ​រតនវត្ថុ​​បីជាប់​គ្នា ។ ​ព្រះ​ពុទ្ធ​​​ទ្រង់​​បាន​​យាង​ចុះ​​​ម​ក​តាម​​​ជណ្តើរ​​កណ្តាល​​​ដែល​និម្មិត​ពីរតនៈគឺ​កែវ​​​៧​ប្រការ​(seven preciosities)​។  ព្រះព្រហ្ម​​​យាង​ចុះ​​អម​​ព្រះដំណើរ​ទ្រង់​​​តាម​ជណ្តើរ​​​ខាងស្តាំ​​ដែល​និម្មិត​​​ពីមាស​(ច្បាប់​​ខ្លះ​ថាពី​ប្រាក់​)​​ ដោយ​មាន​ព្រះ​​​ហស្ត​កាន់​ព្រះ​វីជនី(ផ្លិត)។ ​រីឯ​សកទេវរាជ​​ គឺព្រះ​​ឥន្ទ​​ យាង​ចុះ​​​អម​​ព្រះ​ដំណើរ​​​​ទ្រង់​​​​តាម​ជណ្តើរ​ខាង​ឆ្វេង​​ដែល​​និម្មិត​​ពីប្រាក់​(ច្បាប់​​​ខ្លះ​​ថាពីទង់​ដែង​)​ ដោយ​មាន​​ព្រះហស្ត​​​​កាន់​​ក្លស់​ផង ។ មាន​ពួក​ទេវតា​​ក្នុង​ចំនួន​​​ដ៏ច្រើន​​​ឥត​គណនា​​ ក៏​បាន​​ហែហម​អម​ព្រះ​ដំណើរ​​យាង​ចុះ​​ចាក​​ទេវលោក​របស់​ព្រះពុទ្ធ​​ដែរ ។ ​នៅ​​ខណៈ​​​ដែល​​ព្រះពុុទ្ធ​យាង​​ចុះ​មក​​ដល់​ជាន់​​ផែនដី​​ភ្លាម​ជណ្តើរ​ទាំងបី​នោះ ក៏អន្តរធាន​​លិច​បាត់​ទៅ​ក្នុង​ផែនដី​​​​ភ្លាម​ទៅដែរ​​ នៅ​សល់​​តែ៧កាំ​ប៉ុណ្ណោះ​ ។ ព្រះមហា​​​​សមណៈបូជនីយេសក៍ ជន​ជាតិ​ចិន​អង្គ​​នោះ​​​បាន​​បន្ត​ទៀត​ថា ព្រះ​បាទ​អសោក​​បាន​​សាង​​សថូប​​មួយ​នៅ​​ត្រង់​ទីជណ្តើរ​​នោះ​​ និង​​បាន​​សាង​ពុទ្ធ​បដិមា​​​មួយព្រះ​អង្គ​នៅ​​ត្រង់ជណ្តើរ​​​​កណ្តាល​នៃជណ្តើរ​​​ទាំងបី ។ ​នៅក្រោយ​សថួបនោះ​ ស្តេច​​អសោក​​បាន​សាង​សសរ​​ស្តម្ភ​​ថ្មមួយ ​ មាន​កម្ពស់​​ជាង​​១៨​ម៉ែត្រ​​ ដែល​នៅលើ​​កំពូល​សសរនោះ​ មាន​​សាង​​​រូប​តោថ្ម​មួយ​​ ហើយ​និង​មាន​​បដិមា​​៤​អង្គ​​នៅ​​តាម​​​ជ្រុង​ទាំង​បួន​​របស់​សសរ​​ថ្ម​នោះ​ផង​។

ព្រះ​​ភិក្ខុ​​ហ្វា​ហៀន​ ក៏​បាន​កត់​ត្រា​ឱ្យ​ដឹងដែរ​​ថា គេឃើញ​​មាន​​​​សថូប និង​​អារាម​​ស្ថាន​​ឯទៀត​​ជាច្រើន​នៅ​ក្នុង​តំបន់​​នោះដែរ ​ហើយព្រះ​អង្គ​​បាន​បញ្ជាក់​ថា មានព្រះ​សង្ឃ​​​​​ប្រហែល​​​១.០០០​​​អង្គ​​​គង់​នៅ… ក្នុង​នោះ​​មាន​​ទាំងពួកភិក្ខុ​​​សង្ឃ​​ហីនយាន​​ និង​មហា​​​យាន​ផង ។  ក្រោយ​​​មក​​ទៀត​​ នៅពេល​ដែល​បួជនីយេសក៍ ជនជាតិ​​ចិន​ ដ៏​ល្បី​​ព្រះ​នាម​​​​មួយ​អង្គ​ទៀត​​ គឺព្រះ​ភក្ខុ​​ហួន​ សាង (Huen Tsang)​ បាន​និមន្ត​ទៅ​​ដល់​​នគរ​សង្កស្សៈ​​នៅ​គ្រិស្តសករាជ​​៦៣៦​ គេ​នៅ​​ឃើញ​មាន​សថូប​មួយ​ចំនួន​​​នៅ​​ឈរ​បង្ហាញ​​​រាង​នៅ​​ឡើយ​។ ព្រះ​​​អង្គ​បាន​​កត់​ត្រា​​​​ទុក​ឱ្យ​ដឹង​ថា​ នៅទិសស​ខាង​កើត​ក្រុង​​ក្នុង​ចម្ងាយ​​​ផ្លូវ​​​​​​ប្រហែល​​២០​លី (រង្វាស់​​បុរាណ​​ចិន​ ស្មើ​នឹង​​​៥០០​ម៉ែត្រ​)​ ​គេឃើញ​​​មាន​អារាម​​សម្រាប់​​​ព្រះ​​ភិក្ខុ​​​​សង្ឃ​​គង់​​នៅ​​ធំ​​មួយ​​ ដែល​​​មាន​អគារ​កុដិ​សាលា​​​ល្អៗ​​ ហើយ​​​នៅទីនោះ​​ មាន​​​រូបគំនូរ​​​​ល្អ​​ឆើត​​ដែល​មាន​ទាំង​​​​រូបគំនូរ​​​ពិសិដ្ឋ​​អំពី​​​ព្រះពុទ្ធ​​​​ផង  ​ជាស្នា​ដៃ​​​​វិចិត្រ​​​​ករ​ប្រកប​ដោយ​​​ទេព​កោសល្យ​​​ដ៏អស្ចារ្យ​​ ។  មាន​​ព្រះ​​សង្ឃ​ប្រហែល​​​១.០០០​អង្គ​គង់​​នៅ​​ក្នុង​​ទីនោះ​​ កំពុង​​សិក្សា​​​តាម​​​គោល​ការណ៍​​ពុទ្ធ​សាសនា​​ខាង​​​សម្មត្យ​​និកាយ​ (Sammatya School)​នោះ​ ហើយ​​ក៏ឃើញ​​​​មាន​ពួក​​​គ្រហស្ថជា​ច្រើន​​នាក់​​​រស់​នៅ​​​​ជិត​​ៗ​ទីអារាម​​ ដែល​​​​​​​ព្រះ​​សង្ឃ​​​គង់​នៅ​​នោះដែរ។ ព្រះភិក្ខុ​​​​ហួន សាង ​បាន​និទាន​បន្ត​ថា នៅ​ក្នុង​​​ទីបរិវេណ​​​​ដ៏ធំ​​​របស់​​អារាម​នោះ​ ​គ​េឃើញ​​​មាន​ជណ្តើរ​​​រតនវត្ថុបី​ តាំងនៅ​​​​តម្រៀប​ជិតៗគ្នា​ពីជើង​ទៅ​ត្បូង​​ដោយ​មុខ​ គឺ​ខាង​ផ្នែក​មាន​កាំជាន់​ចុះ​ឡើង​របស់​វា​​ បែរ​​ទៅទិស​ខាង​លិច​។

«គឺទីនោះ​​ឯង​ហើយ​​​​ដែល​​ព្រះ​​​តថាគត​ បាន​​យាង​ចុះ​​ពីស្ថាន​​​ត្រ័យ​​ត្រិង្ស​​មក​ដល់​ផែន​ដីនេះ​វិញ​​  ក្រោយ​​​ពី​ព្រះអង្គ​​បាន​យាង​​ទៅ​កាន់​​ទេវលោក​​​ដើម្បី​​ប្រទាន​​​ធម្មទេសនា​​​អស់​​វេលា​​​​បីខែ​ដល់​ពព្រះ​មាតា​​របស់​​​ព្រះ​អង្គ​ »។ ទីតាំង​​ច្រក​​​ទ្វារ​​នៃក្រុង​​សង្កស្សៈ​​​ គឺជា​​​ចំណុច​​ផែន​​ដី​ដែល​​​មិន​​​រំកិល​​​​ផ្លាស់​​​ប្តូរទី​(អចលចេតិយ)​ ដែល​​ព្រះពុទ្ធ​​​គ្រប់​​ៗ​​អង្គ​​តែង​បាន​យាង​​ចុះ​មក​កាន់​​​ស្ថាន​មនុស្ស​​​​លោក​វិញ ​ នៅ​​ត្រង់​​​​ចំណុច​ដដែល​​នេះ​ឯង​ក្រោយ​​ពីប្រទាន​​​​ធម្ម​ទេសនា​​ធម៌​​អភិធម្ម​ នៅ​ស្ថាន​​​ទេវលោក ។

ព្រះភិក្ខុ​ ហួន សាង ក៏​បាន​កត់​ត្រា​លើការ​និទាន​​ទាក់ទិន​ការយាង​​ចុះ​ពីស្ថាន​​សួគ៌​​​របស់​ព្រះ​​​ពុទ្ធ​នោះ​ មក​និទាន​​ប្រាប់​ឱ្យ​​​ដឹងដែរ​ថា​… នៅ​​​គ្រា​ព្រះ​សម្ពុទ្ធ​​ ​បាន​យាង​​​ចាក​ចេញ​ពីសាលា​​សធម្មា​​ហើយ​​​ចុះ​​តាម​​​ជណ្តើរ​​និម្មិត​​​មក​​កាន់​​​មនុស្ស​​​លោក​វិញ​​​នោះ មាន​ពួកទេវតា​​​ដ៏​ច្រើន​កុះ​ករ ​រួម​​អម​​ព្រះដំណើរ​​​មក​ផង ហើយ​មាន​ពួក​​ទេវតា​​​​បាច​ផ្កា​​និងច្រៀង​​​សរសើរ​ពុទ្ធ​គុណ​ផង ។

បើតាម​​​ការ​និទាន​​​ប្រាប់​​របស់ព្រះ​​ភក្ខុ​ ហួន សាងនេះ​ ​គេអាច​សន្និដ្ឋាន​​​ថា​ ក្រោយ​ពី​​ព្រឹត្តិ​ការណ៍​​​​នោះ​​កន្លង​ផុតទៅ​ អំឡុង​ប៉ុន្មាន​​​សតវត្ស​​រ៍ ​ជណ្តើរ​នោះ​​នៅ​​​តែត្រូវ​គេ​មើល​​ឃើញ​នៅ​ឡើយ​ តែក្រោយ​មក​ វា​បាន​លិចកប់​​​​បាត់​​ទៅក្នុង​ដី​​។  ក្រោយពី​​ជណ្តើរ​រតនៈ​​​នោះ​បាន​លិច​​ទៅក្នុង​ដី​បាត់​ហើយ ព្រះ​​រាជា​​​ ព្រះ​អង្គ​​ម្ចាស់​​​មួយ​ចំនួន​​​នៃ​​តំបន់​ជិតខាង​​នោះ បាន​មាន​​ការ​សោក​ស្តាយ​​ ហើយ​ក៏​បាន​សាងសង់​​ជណ្តើរ​​​អំពីដី​​ឥដ្ឋ​​​និងថ្ម​ ​និង​លំអ​​​ដោយ​រតន​​វត្ថុ​ខ្លះៗ​​ឱ្យ​មើល​ទៅ​ឃើញ​ស្រដៀង​គ្នា​ទៅ​នឹង​ជណ្តើរ​ដើម នៅលើ​​​​កន្លែង​​ចាស់​នៃ​ជណ្តើរ​(ទាំង​បីនោះ​) ​ជំនួស​​​វិញ ។ ​​ជណ្តើរ​​ក្រោយ​នេះ  មាន​កម្ពស់​​ជាង​​២១​ម៉ែត្រ​កន្លះ​ហើយ​​នៅត្រង់​​ទី​ជណ្តើរ​​​នោះ​​មាន​សាង​​វិហារ​​មួយ​ ដែល​តម្កល់​​បដិមា​​ថ្មមួយ​អង្គ​​ និង​មាន​សាង​​រូប​ព្រះឥន្ទ និង​​ព្រះព្រហ្ម​​​​អម​ផង ។

បច្ចុប្បន្ន​ ទីស្ថាន​​ប្រវត្តិ​​សាស្ត្រ​​​នេះ​គឺជា​ទីទួល​​​​ខ្ពស់​​ធំមួយ​(៤០០​មែ៉ត្រ​គុណ​នឹង​​៣០០​ម៉ែត្រ​ កម្ពស់​​១២ម៉ែត្រ​) ដែល​​មាន​ខឿន​ឥដ្ឋ​សាងសង់​​ព័ទ្ធ​ជុំ​វិញ ហើយ​មាន​កាំជណ្តើរ​​​សម្រាប់​​​ឡើង​ទៅ​លើ​​ទួល​ ដែលទី​នោះ​​ឯង​​អាច​ជា​ចេតិយ​​ដែល​​ព្រះ​ភិក្ខុ​​ ហ្វា​ ហៀន​ និង​ហួន​​ សាង បាន​កត់​​ត្រា​ទុក​​ ​មក​នោះ​ ។  ​គេឃើញ​​នៅ​មាន​​​ដើម​​ពោធិ៍ពីរបី​​​ដើម​​មាន​ខឿន​​ជញ្ជាំង​​ឥដ្ឋ ដែល​​​គេរៀប​ជុំវិញ​​ទីនោះ​​ និង​​នៅ​កន្លែង​ខ្លះ​​មាន​ពុទ្ធ​​បដិមា​​​ផង​។​  សព្វ​ថ្ងៃ​​ ទីតាំង​​​ទាំង​​មូល​ត្រូវ​​បាន​កំណត់​​​ទុក​ជា​​​ទី​ស្ថាន​​​ប្រវត្តិ​​​សាស្ត្រ​​​ ហើយ​​​កំពុង​​ត្រូវ​បាន​អភិរក្ស​​​​ដោយ​រដ្ឋា​​​ភិបាល​​ប្រទេស​​ឥណ្ឌា។

កំណាយ​​បុរាណ​​​វត្ថុ​វិទ្យា​​​ បាន​​ត្រូវ​​ធ្វើ​ឡើង​​​​ក្នុង​ទីវាល​ក្បែរ​​​ៗនោះ បាន​​រកឃើញ​​​​ផ្នែក​ខ្លះ​​​នៃ​​ដំណែល​គ្រឹះសំណង់​​អារាម​បុរាណ​ ។ ​​កំណាត់​នៃសសរ​​ស្តម្ភ​​របស់​ព្រះ​​​​បាទអសោក ក៏​បាន​​ត្រូវ​រក​ឃើញ​​​និង​​​ត្រូវ​តម្កល់​​​តាំង​បង្ហាញ​ឱ្យ​​ភ្ញៀវ​​​​មើល​នៅ​​ជិត​ទីនោះ​ដែរ ។ នៅខាងជើង​ទីទួល​នោះ​​​ប្រហែល​​ជិត៣០០​ម៉ែត្រ​  មាន​ទីទួល​មួយទៀត​​ដែល​មាន​​​ខឿន​ឥដ្ឋ​គ្រឹះ​អារាម​​បុរាណ​​មួយដែរ​។  រីឯនៅ​ទិសខាង​​កើត​វិញ​​ស្ថិត​​ក្នុង​ចម្ងាយ​ជិត២០០​ម៉ែត្រ​ ​ក៏​មាន​ទួល​មួយ​កន្លែង​​​ទៀត​ដែល​មាន​​​​បណ្តោយ​​​១៨​២ម៉ែត្រ​ គុណ​នឹង​៥២ម៉ែត្រ​ ក៏​អាច​​​ជា​ដំណែល​អារាម​​មួយផ្សេងទៀត​ ។​ ចំណែក​​ឯ​នៅ​​ខាងទិស​​|សាន​​​និង​អាគ្នេយ៍​​វិញ​ មាន​​ទួល​​ចេតិយ​​ជា​ច្រើន​​ផ្សេងទៀត​​ដែរ ។  នេះ​​បើ​តាម​លោក​​​​គុន្នីង​ ហាម  អ្នក​បុរាណ​​​វិទ្យា​​ជន​ជាតិ​អង់​គ្លេស​​ដែល​បាន​​ដឹកនាំ​​ធ្វើ​​កំណាយ​​​នៅទីនោះ​។

ជាទូទៅ គេសង្កេត​​ឃើញ​ថា  ​​ទីស្ថាន​នេះ​ទាំង​មូល​សម្បូរទៅ​ដោយ​​ទីទួល​ដែល​មាន​ដំណែល​​​គ្រឹះ​​ឥដ្ឋ​​សំណង់​ដែល​ជា​សថូបជាចេតិយ​ ឬទីអារាម​បុរាណ​ ។ គេក៏​បាន​រក​​ឃើញ​​​កាក់​​ស្ពាន់​​រូបិយ​វត្ថុ​បុរាណ​​ និងគ្រឿង​​​កុលាលភាជន៍​​​ រូប​បដិមា​អំពី​ដីដុត​ និង​មាន​​​រូប​​​ចម្លាក់​​នៅ​លើ​បាត​គ្រឹះ​ត័ល​សិលា​ (Soapstone) ​ដែល​​បង្ហាញ​​អំពី​រូបជណ្តើរ​​​និង​រូបភិក្ខុ​​នី​​ព្រម​ទាំង​​ពុម្ពរូប និង​ចាន​ថ្ម។

នៅគ្រា​​សព្វ​ថ្ងៃ​​នេះ  បុរាណ​​ស្ថាន​​សង្កស្សៈ​​ស្ថិត​នៅក្នុង​ស្រុក​​មួយឈ្មោះ​​​​ហ្វារូខាបាដ មាន​ចម្ងាយ​​​ផ្លូវ​ប្រមាណ​​ជាង​​៤០​គីឡូម៉ែត្រ​​ ពីក្រុង​​កានុជ និងស្ថិត​​នៅ​ក្នុង​ចម្ងាយ​​​ផ្លូវ​ប្រមាណ​​១៨០​​គីឡូ​ម៉ែត្រ ខាង​លិច​​ក្រុងឡាក់ណូ  ភាគ​ខាង​ជើង​​នៃ​ប្រទេស​​ឥណ្ឌា​ ក្នុង​រដ្ឋ​ឧត្តារាប្រាដេស។

ដោយ​​សារមាន​​​រឿង​​ជាប់​ទាក់​ទង​​​ទៅ​នឹង​​​ព្រះពុទ្ធ​​ និង​ដែល​មាន​​​ដំណែល​សំណង់​​វត្ត​អារាម​​ពុទ្ធ​សាសនា​ និង​ចេតិយ​បុរាណ​​​មួយចំនួន​​​ត្រូវ​បាន​​​ប្រទះ​​ឃើញ​មាន​ទៅ​ទីនោះ​​ផង បុរាណ​​​ស្ថាន​​សង្កស្សៈ​​ បាន​ក្លាយ​​​ទៅ​ជា​ពុទ្ធ​បូជនីយដ្ឋាន​​​យ៉ាង​​សំខាន់​​មួយ​នៅ​​លើទឹក​​ដី​ឥណ្ឌា៕ ទស្សនាវដ្តី​​​ឥណ្ឌាសង្ខេប​លេខ​២២​ ​កញ្ញា​ ២០១១