ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5គណបក្ស​គាំទ្រការដក​ហូតដី​ទំនាស់​3.000​ហិកតា

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ អភិ​បាល​រង​ខេត្ត​លោក​សៀង ស៊ុត​ថង ​មាន​ប្រសាសន៍​ថា អាជ្ញា​ធរ​ និង​គណៈ​កម្មការ​​ដី​ធ្លី​ខេត្ត​បាន​សំរេច​ដក​ហូត​ដី​ទំនាស់​នៅ​តំបន់​អណ្តូង​កន្ទួត​ក្នុង​ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​ ចំនួន​៣.៨០០​ហិកតា​ទុក​ជា​ដី​សម្ប​ទាន​សង្គម​កិច្ច​​របស់​រដ្ឋ​​សម្រាប់​បែង​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ គ្រួសារ​យោធិន​ពលី​ និង​ពិការ​​នៅ​តំបន់​នោះ​

ខេត្ត​បាត់​ដំបង​ ៖ អភិ​បាល​រង​ខេត្ត​លោក​សៀង ស៊ុត​ថង ​មាន​ប្រសាសន៍​ថា អាជ្ញា​ធរ​ និង​គណៈ​កម្មការ​​ដី​ធ្លី​ខេត្ត​បាន​សំរេច​ដក​ហូត​ដី​ទំនាស់​នៅ​តំបន់​អណ្តូង​កន្ទួត​ក្នុង​ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​ ចំនួន​៣.៨០០​ហិកតា​ទុក​ជា​ដី​សម្ប​ទាន​សង្គម​កិច្ច​​របស់​រដ្ឋ​​សម្រាប់​បែង​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ គ្រួសារ​យោធិន​ពលី​ និង​ពិការ​​នៅ​តំបន់​នោះ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

លោក​សៀង ស៊ុតថង មាន​ប្រសាសន៍​បែប​នេះ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​​ប្រហែល​៣០០​នាក់​ ក្នុង​គ្រា​ដែល​រូប​លោក​ត្រូវ​បាន​អញ្ជើញ​ឱ្យចូល​រួម​ជា​វាគ្មិន​កិត្តិ​យសនៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៥ តុលា​ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​តំបន់​អណ្តូង​​កន្ទួត​​ជា​តំបន់​​មាន​ទំនាស់​ដី​ធ្លី​ក៏​ស្មុគ​ស្មាញ​​បំផុត​ក្នុង​ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​ ដោយ​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​។

វេទិកា​នេះ​មាន​វា​គ្មិន​សំខាន់ៗ​មក​ពី​គណ​បក្ស​នយោ​បាយ​ចំនួន​៥​ចូល​រួម​មាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គណ​បក្ស​សម រង្ស៊ី​ គណ​បក្ស​សិទ្ធិ​មនុស្ស​ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ និង​គណ​បក្ស​នរោត្តម​ រណ​ឫទ្ធិ​។

អភិ​បាល​រង​ខេត្ត​លោក​សៀង ស៊ុត​ថង មាន​ប្រសាសន៍​​ថា អាជ្ញា​ធរ​ និង​គណៈ​កម្មការ​ដី​ធ្លី​ខេត្ត​បាន​ត្រៀម​រួច​ស្រេច​ហើយ​ក្នុង​ការ​ចុះ​បែង​ចែក​ដី​សម្ប​ទាន​សង្គម​កិច្ច​​នេះ​​ ។ គ្រួសារ​ក្រី​ក្រ​គ្មាន​ដី​ធ្លី​ គ្រួសារ​យោធិន​ពិការ​ ឬពលី​ នឹង​ត្រូវ​ផ្តល់​អាទិ​ភាព​ឱ្យ​ទទួល​បា​ន​ដី​សម្ប​ទាន​នេះ​មុន​គេ​ដែល​គម្រោង​នេះ​នឹង​​ធ្វើ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប៉ុន្តែ​លោក​ស្នើ​សុំ​ដ៏​ទទូច​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​តំបន់​អណ្តូង​កន្ទួត​ទាំង​អស់​បញ្ឈប់​សកម្ម​ភាព​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​មាន​ការ​ប្រឈ​ម​មុខ​ដាក់​គ្នា​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​រក​ដំណោះ​ស្រាយ​។

ការ​ប្រកាស​ដោយ​ចំហ​លើក​ទី​១​របស់​លោក​អភិ​បាល​រង​ខេត្ត​នៅ​ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ​ចំពោះ​គម្រោង​ផ្តល់​ដី​សម្ប​ទាន​នេះ​ត្រូវ​អ្នក​តំណា​ង​រាស្ត្រ​ និង​តំណាង​គណ​បក្ស​នយោ​បាយ​ចំនួន​៥​ដែល​ចូល​រួមបង្ហាញ​ពី​ជំហរ​គាំ​ទ្រ​រួម​ទាំង​ប្រជា​ពល​រដ្ឋ​ផង​​ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​តម្រូវ​ឱ្យ​​អាជ្ញា​ធរ​ ឬ​គណៈ​កម្មការ​ដី​ធ្លី​ស្រាវ​ជ្រាវ​ពិនិត្យ​ឡើង​វិញ និង​ដោះ​ស្រាយ​។

លោក​អ៊ូ​ ច័ន្ទ​ឫទិ្ធ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល​មក​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា លោក​គាំ​ទ្រ​ពេញ​ទំហឹង​ចំពោះ​គំរោង​នេះ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​អាជ្ញា​ធរ​ពិនិត្យ​លើ​បញ្ហា​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ជាប់​ពន្ធ​នា​គារ​ និង​កំពុង​រត់​គេច​ខ្លួន​ដោយ​សារ​ជំលោះ​ដី​ធ្លី​នៅ​តំបន់​អណ្តូង​កន្ទួតនេះ​។ អ្នក​តំណាង​រាស្ត្រ​រូប​នេះ​បាន​លើ​ក​ជា​សំណួរ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​គេ​ចាត់​ការ​តែ​លើ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ ចុះ​មន្ត្រី​មាន​អំណាច ឬ​ពួក​ឈ្មួញ​មាន​ប្រាក់​ម៉េច​ក៏​មិន​​ចាត់​ការ​ផង​ នេះ​ជា​បញ្ហា​មួយ​ដែល​អាជ្ញា​ធរ​ត្រូវ​តែ​ពិនិត្យ​ និង​ដោះ​ស្រាយ​ផង។

តំបន់​អណ្តូង​កន្ទួត​ គឺ​ជា​តំបន់​ដែ​ល​មាន​ជម្លោះ​ដី​ធ្លី​ដ៏​ស្មុគ​ស្មាញ​បំផុត​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ជា​ច្រើន​ក្រុម​ដែល​មាន​យោធា​ ប្រជា​ពល​រដ្ឋ​ ឈ្មួញ និង​ជន​ចំណាក​ស្រុក​ ប៉ុន្តែ​បើ​តាម​ការ​ពន្យល់​របស់​អាជ្ញា​ធរ​ថា ប្រភព​ដើម​នៃ​ដី​នៅ​តំបន់​នោះ​គឺ​ជា​ដី​ដែល​រាជ​រដ្ឋា​ភិ​បាល​​បែង​ចែក​ដល់គ្រួសារ​អតីត​ខ្មែរ​ក្រហម​ក្នុង​កង​ពល​លេខ​១៨​ដែល​ធ្វើ​សមា​ហរណ​កម្ម​។ ក្រោយមក​ដី​នោះ​មួយ​ចំនួន​ធ្លាក់​លើ​ដៃ​ឈ្មួញ ​មួយផ្នែក​​ទៀត​ត្រូវ​បាន​មន្ត្រី​យោធា​ និង​ប្រជា​ពលរដ្ឋ​ទៅ​រុក​រាន​យក​ទៅ​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​អនា​ធិប​តេយ្យ​ជា​ហេតុ​នាំ​ឱ្យ​មាន​ជម្លោះ​កាប់​ចាក់​សម្លាប់​គ្នា​យ៉ាង​ព្រៃ​ផ្សៃ​បំផុត។ ​​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ជាប់​ពន្ធនា​គារ​ ឯ​មួយ​ចំនួន​រត់​ចោ​ល​ស្រុក​ លើក​លែង​តែ​មន្ត្រី​មាន​អំណាច​ និង​ឈ្មួញ​មាន​ប្រាក់​​​ប៉ុណ្ណោះ​ដែល​រស់​នៅ​បាន​សុខ​សាន្ត​។

គម្រោង​បែង​ចែក​​ដី​សម្ប​ទាន​សង្គម​កិច្ច​៣.៨០០ហិកតា​ដែល​បាន​មក​ពី​ការ​ដក​ហូត​ពី​ដី​មាន​ជម្លោះ​នេះ​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗថា ​ពួក​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​ដែល​មាន​ដី​រាប់​រយ​ហិកតា​នៅ​តំបន់នោះ តើ​ត្រូវគេ​ដក​ហូត​ដូច​ប្រជា​ពលរដ្ឋ​ដែរ​ឬ​យ៉ាង​ណា​?

មន្ត្រី​ស៊ើប​អង្កេត​របស់​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​យិន ម៉េង​លី ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នោះ​ដែរ​មាន​ប្រសាសន៍​ថា អាជ្ញា​ធរ​នៅ​មិន​ទាន់​បង្ហាញ​ពី​ភាពច្បាស់​លាស់​​ក្នុង​ការ​ដក​ហូត​ដី​ដែល​មាន​វិវាទ​នេះ​ប្រាប់​ដល់​ប្រជា​ពល​រដ្ឋ​​នៅ​ឡើយ​ទេ ពី​ព្រោះ​ក្នុង​តំបន់​ដី​ទំនាស់​ដែល​ត្រូវ​ដក​ហូត​ធ្វើ​ជា​ដី​សម្ប​ទាន​​សង្គម​កិច្ច​សម្រាប់​បែង​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នេះ​ក៏​មាន​ដី​របស់​​មន្ត្រី​មាន​អំណាច​ និង​ដី​របស់​ពួកឈ្មួញ​ម្នាក់ៗ​រាប់​រយ​ហិកតា​ដែរ តើ​អាជ្ញា​ធរ​ត្រូវ​ដក​ហូត​ដោយ​របៀប​ណា​​ ឬ​ត្រូវ​ឆ្កៀល​ចេញ​ទុក​មួយ​ឡែក​ ។ នេះ​ជា​បញ្ហា​មួយ​ដែល​អាជ្ញា​ធរ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ច្បាស់​លាស់​ប្រាប់​ពល​រដ្ឋ​ដើម្បី​ចៀស​វាង​នូវ​ការ​រិះ​គន់​ ៕