ផ្សារហ៊ុនអាស៊ីកើនឡើងនៅថ្ងៃពុធ ទី១២ តុលា ពីព្រោះធនាគារចិនដ៏ធំបានទូទាត់ការខាតបង់ដែលជាប់ទាក់ទងនឹងលទ្ធផលមិនល្អរបស់ក្រុមហ៊ុនអាមេរិក Alcoa និងការបរាជ័យនៃការពង្រីកជំនួយមូលនិធិរបស់អឺរ៉ុប។
ផ្សារហ៊ុនហុងកុង Hang Seng កើនឡើង០,៧ភាគរយនាពេលនេះ តែពេលបើកទ្វារកាលពីព្រឹកមិញធ្លាក់ចុះ១ភាគរយ។ ផ្សារហ៊ុនសៀងហៃកើនឡើង២,៥ភាគរយ ចំណែកផ្សារហ៊ុនកូរ៉េខាងត្បូង Kospi កើនឡើង ០,៨ភាគរយ។
ដោយឡែកផ្សារហ៊ុនអូស្រ្តាលី S&P /ASX 200 ធ្លាក់ចុះ០,៦ភាគរយ ស្របពេលផ្សារហ៊ុនជប៉ុន Nikkei ធ្លាក់ចុះ០,៤ភាគរយ។ ផ្សារហ៊ុនអាស៊ីបានអង្គុយលើកៅអីកើនឡើងប្រចាំសប្តាហ៍ បន្ទាប់ពីប្រទេសបារាំងនិងអាល្លឺម៉ង់កាលពីពេលថ្មីៗបានសន្យាគាំទ្រវិស័យធនាគារអឺរ៉ុប ហើយប្រទេសចិនក៏បានទិញភាគហ៊ុនក្នុងធនាគារមួយចំនួនក្នុងប្រទេស។
តែទោះជាយ៉ាងណា ការរាំងស្ទះដំណើរទៅមុខនៃការស្តារដំណោះស្រាយវិបត្តិប្រាក់ បំណុល អឺរ៉ុបដែលបានសន្យាកាលពីថ្ងៃអង្គារបានកើតឡើងបន្ទាប់ពីសភាប្រទេសស្លូវ៉ាគីច្រានចោលផែនការពង្រីកដែនជំនួយថវិកាក្នុងមូលនិធិអឺរ៉ុបចំនួន៦០០ពាន់លានដុល្លារ។
ការច្រានចោលនោះបានធ្វើឡើងដោយនឹកស្មានមិនដល់ ព្រោះគណបក្សកាន់អំណាចខំតស៊ូដើម្បីទទួលបានការគាំទ្រចំពោះផែនការនោះ ហើយការអនុម័តក៏ត្រូវគេរំពឹងថាសម្រេចនៅចុងសប្តាហ៍ តែព័ត៌មានពេលនេះអាចបញ្ជាក់យ៉ាងច្បាស់ពីការដួលរលំសុទិដ្ឋិនិយមរបស់អ្នកវិនិយោគ។ ចំណែកក្នុងវិស័យធនាគារ ក្រុមហ៊ុនNomura Holding Inc ធ្លាក់ចុះ១,៤ភាគរយក្នុងប្រទេសជប៉ុន ចំណែកក្រុមហ៊ុន Westpac Banking Corp ធ្លាក់ចុះ១,៣ភាគរយក្នុងប្រទេសអូស្ត្រាលី។
ដោយឡែកធនាគារចិនបានទទួលផលចំណេញ ក្នុងផ្សារហ៊ុនទីក្រុងហុងកុង ដូចជាធនាគារកសិកម្មចិនកើនឡើង១,៧ភាគរយ និងធនាគារចិន ក៏កើនឡើង២,៣ភាគរយផងដែរ។
ក្នុងប្រទេសជប៉ុនឯណោះវិញ ក្រុមហ៊ុនហុងដា ធ្លាក់ចុះ២,២ភាគរយ ស្របពេលក្រុមហ៊ុនកាមេរ៉ា Nikon ធ្លាក់ចុះដល់៣,៥ភាគរយ បន្ទាប់ពីត្រូវផ្អាកសង្វាក់នៃការផលិតក្នុងប្រទេសថៃដោយសារទឹកជំនន់ដ៏អាក្រក់ បំផុតមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំនេះ៕
ចែករំលែកព័តមាននេះ