រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ តុុលា មានម៉ូតូម៉ាកឌ្រីម សេ១២៥ មួយគ្រឿង បើកទៅបុករថយន្តម៉ាកកាមរីតូយ៉ូតា មួយគ្រឿង ស្ថិតនៅត្រង់ចំណុចផ្លូវកែង២៧៦ និង១១៣ ទល់មុខភោជនីយដ្ឋានអូខេ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។ ឧបទ្ទវហេតុនេះ បណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ព្រមទាំងខូចខាតម៉ូតូផងដែរ។
ប្រភពព័ត៌មានពីប៉ូលិសចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកឌ្រីមសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-3000 ជិះគ្នា២នាក់ តាមផ្លូវលេខ២៧៦ ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ផ្លូវកែងលេខ១១៣ ក៏បានបោះពួយទៅបុករថយន្តម៉ាកកាមរីតូយ៉ូតា មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-1811 បើកបរដោយមនុស្សស្រីម្នាក់តាមផ្លូវ១១៣ ពីជើងទៅត្បូង ធ្វើឱ្យអ្នកបើកម៉ូតូហោះទៅទើរលើកញ្ចក់រថយន្តរួចរមៀលធ្លាក់មកលើដីសន្លប់តែម្តង។ រីឯអ្នកជិះម៉ូតូពីក្រោយក៏បានដួលផ្ទប់ជាមួយម៉ូតូបណ្តាលឱ្យរងរបួសស្រាលផងដែរ។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើកម៉ូតូមានសភាពស្រវឹងជោកតែម្តង មិនតែប៉ុណ្ណោះ ពេលដែលដួលនោះ នៅនឹងដៃអ្នកជិះពីក្រោយមានកាន់ដបស្រាចំនួន២ដប ហើយត្រូវបែកខ្ទេចផងដែរ៕
ចែករំលែកព័តមាននេះ