ខេត្តកណ្តាល ៖ លោកកឹម ជាតិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទ្រទ្រង់កាកបាទក្រហម និងលោកជំទាវ ភួង ម៉ាឡា កឹម ជាតិ អនុប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលសឹ្ទង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលសម្ភារជំនួយសង្រ្គោះជាគ្រឿងឧបភោគបរិភោគ និងថវិកាពីព្រះសង្ឃគណៈកម្មការអាចារ្យវត្តអន្លង់រមៀត, វត្តអង្គសេរី និងវត្តទួលសាលាជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ តុលា ឆ្នាំ២០១១ វេលាម៉ោង៩.០០ នៅវត្តអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលសឹ្ទងខេត្តកណ្តាល។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកជំទាវញូង គឹមហៀង អនុប្រធានកិតិ្តយសអនុសាខា, លោកបូរ ណារ៉េត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ សមាជិកគណៈកម្មាធិការអនុសាខាស្រុក លោកមេឃុំ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តអន្លង់រមៀតយ៉ាងច្រើនកុះករ ។
ព្រះតេជគុណជិញ នាង ព្រះគ្រូសូត្រស្តាំវត្តអន្លង់រមៀត តំណាងព្រះចៅអធិការនៃវត្តទាំង៣ មានសង្ឃដីកាដោយបង្ហាញពីទឹកព្រះទ័យគាំទ្រ នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណិ្ឌតរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក្នុងប្រតិបតិ្តការជួយសង្រ្គោះដល់ជនរងគ្រោះដោយប្រការផ្សេងៗនាពេលកន្លងមក ពិសេសក្នុងគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០១១នេះ ។
លោកកឹម ជាតិ មានមតិសំណេះសំណាល ថ្លែងអំណរព្រះគុណ និងអរគុណចំពោះទឹកព្រះទ័យ ដ៏សប្បុរសធម៌ដ៏ធំធេងរបស់ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ដែលបានបរិច្ចាគនូវសម្ភារថវិកាជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកនៅក្នុងឱកាសនេះ។
លោកបន្តថា ជានិច្ចកាលសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ស្បៀងបានឡើយ សមតាមពាក្យស្លោកមួយឃ្លាបានពោលថា ទីណាមានទុក្ខលំបាក ទីនោះតែងមានកាកបាទក្រហមកម្ពុជាចុះជួយសង្គ្រោះ។
អំណោយជាគ្រឿងឧបភោគបរិភោគដែល អនុសាខាស្រុក បានទទួលពីវត្តទាំង៣នាឱកាសនេះមាន ១៨មុខ ហើយក្នុងមួយមុខៗមានចំនួនយ៉ាងច្រើន ដោយគិតជាទឹកប្រាក់មានតម្លៃសរុបស្មើនឹង១.៧៥០.០០០រៀល និងថវិកាចំនួន ១.៦០០.០០០រៀល។
សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនោះលោកកឹម ជាតិ និងលោកជំទាវ ក៏បានចែកអំណោយជាមួយព្រះសង្ឃ ជូនដល់ជនទីទ័លក្រចំនួន១១ គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្កចំនួន ១៥គីឡូក្រាម ថវិកា៤ម៉ឺនរៀល និងសម្ភារចំនួន ១០មុខផ្សេងទៀត ហើយក្នុងខណៈនោះលោកនិងលោកជំទាវក៏បានឧបត្ថម្ភថវិកាដល់មន្រ្តីបុគ្គលិកស្រុក-ឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសរុប២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងពុទ្ធបរិស័ទចំណុះជើងវត្តអន្លង់រមៀតដែលបានអញ្ជើញចូលរួមចំនួន៧០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀលផងដែរ៕
ចែករំលែកព័តមាននេះ