ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស្រម​ទីបវ័ន្ត កោះប៊ុនលី ក្លាយ​ជា​​ទីអារាម​​​ព្រះពុទ្ធ​​សាសនា​ពេញ​សិទ្ធិ​

12 ឆ្នាំ មុន

​ខេត្តតាកែវ​​​​​ ៖ ​អាស្រម​ទីប​វ័ន្ត ​​កោះប៊ុនលី ​​ស្ថិ​ត​នៅ​​​​ត្រង់​ចំណុច​​​​ព្រំប្រទល់​​រវាង​ខេត្តតាកែវ ​និង​ខេត្តកណ្តាល ​ដែលកាលពីដើម​​ឡើយ ​គ្រាន់​តែ​​​ជា​អាស្រម​​របស់​ព្រះសង្ឃ​​ធ្វើ​ធុតង្គ​ និងជា​​​បន្ត​បន្ទាប់​​មក​ទៀត​​មានតាជី​យាយជី​ចូលទៅធ្វើ​​សមា​ធិ​កម្មដ្ឋាន ដោយ​គិតមក​ទល់​ពេលនេះ ​មាន​រយៈ​ពេល​​​​​៧៣វស្សា​មក​ហើយ​ ​​​បច្ចុប្បន្ន​​​​នេះ បាន​ក្លាយ​​​​ទៅជា​អារាម​​ពេញសិទ្ធិ​ហើយ​​ក្រោម​​​​ការ​​ដឹកនាំ​​​​ កសាងពីព្រះចៅ​អធិការ​ដ៏ក្មេង​ខ្ចី​មួយ​អង្គ​​​

ខេត្តតាកែវ​​​​​ ៖ ​អាស្រម​ទីប​វ័ន្ត ​​កោះប៊ុនលី ​​ស្ថិ​ត​នៅ​​​​ត្រង់​ចំណុច​​​​ព្រំប្រទល់​​រវាង​ខេត្តតាកែវ ​និង​ខេត្តកណ្តាល ​ដែលកាលពីដើម​​ឡើយ ​គ្រាន់​តែ​​​ជា​អាស្រម​​របស់​ព្រះសង្ឃ​​ធ្វើ​ធុតង្គ​ និងជា​​​បន្ត​បន្ទាប់​​មក​ទៀត​​មានតាជី​យាយជី​ចូលទៅធ្វើ​​សមា​ធិ​កម្មដ្ឋាន ដោយ​គិតមក​ទល់​ពេលនេះ ​មាន​រយៈ​ពេល​​​​​៧៣វស្សា​មក​ហើយ​ ​​​បច្ចុប្បន្ន​​​​នេះ បាន​ក្លាយ​​​​ទៅជា​អារាម​​ពេញសិទ្ធិ​ហើយ​​ក្រោម​​​​ការ​​ដឹកនាំ​​​​កសាងពីព្រះចៅ​អធិការ​ដ៏ក្មេង​ខ្ចី​មួយ​អង្គ​​​ព្រះនាម​​​​ណាង សុវុទ្ធី ​​​ព្រមទាំង​មាន​​​ការ​​ជួយ​ជ្រោម​ជ្រែង​​ពីតាជី​យាយជី​ ពុទ្ធបរិស័ទ ទាំង​ជិត​​ទាំង​ឆ្ងាយ​​ ជាពិសេស​​ពុទ្ធបរិស័ទ​​នៅ​ឯ​នាយ​​សមុទ្រ ទើប​​​ទីអារាម​​​​មួ​យ​នេះ​​​មានការ​លូតលាស់ ​​​ផ្នែក​​​សមិទ្ធ​ផល​សាសនា​បាន​​​ឆាប់រហ័ស​។ ​​ទោះ​ជា​យ៉ាង​នេះក្តី ក៏​នៅតែ​​​​មាន​​​មារ​តាមជ្រែក តែ​មារ​​​​​ទាំងនោះត្រូវ​​រលាយទោវិញអស់ ដោយ​​សារ​​ចាញ់បារមី​​​​ទីអាស្រម​។

ប្រជាពលរដ្ឋ​​​​​​ឃុំបឹង​​ខ្យាង​ និងប្រជាពលរដ្ឋ​​​​ឃុំ​​​ពត់សរ ​ដែលជា​ពុទ្ធបរិស័​ទ​ចំណុះជើង​វត្ត​ទីប​វ័ន្ត ​កោះ​ប៊ុនលី​បានរៀបរាប់​​​​ថា ​វត្ត​​ទីប​វ័ន្ត​​​កោះ​​ប៊ុនលី​នេះ​ កាលដើ​ម​​ឡើយ គឺ​​ជា​ដី​កោះ​​មួយ​កន្លែង​​​​សម្រាប់ធ្វើ​ចម្ការ​​​របស់​​ឧបាសក​ប៊ុន​លី​ និង​ឧបាសិកា​​​​ណៃ ដែលមាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​​​​រុន ឃុំ​ព្រែកគយ ស្រុកស្អាង ​ខេត្ត​កណ្តាល។ ចំណែក​ដី​​​​កោះប៊ុនលី ​នោះវិញ ​​ស្ថិត​នៅ​ក្នុង​​ភូមិ​​​​ក្វាន់​​មាស ឃុំពត់សរ ស្រុកបាទី ​ខេត្ត​តាកែវ ​​​ជាប់នឹង​​ព្រំប្រទល់​​​​ខេត្តកណ្តាល ​ត្រង់​ចំណុច​​​ឃុំ​បឹង​ខ្យាង ស្រុកកណ្តាលស្ទឹង ​តាម​បណ្តោយ​ផ្លូវ​​​​ជាតិលេខ​​​២​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​​រៀបរាប់​​បន្ត​ថា លុះដល់​ខែ​​​មាឃ គ្រិស្ត​​សករាជ១៩៣៨ មាន​សង្ឃ​មួយ​អង្គ​ព្រះ​នាម​ព្រះ​គ្រូ​ធម្ម​​ាចារ្យ​​​​ស្រី នុត ​​សាមា​ធិរ​តោ បាន​និមន្ត​​ត្រាច់ចរ មក​គង់​នៅ​​​លើ​កោះ​នោះ ចម្រើន​​ធម៌​វិបស្សនា​។ ឃើញដូច្នេះ​​​ ឧបាសក​ប៊ុនលី ​​និង​ឧបាសិកា​​​ណៃ ក៏​បាន​ប្រគេន​​​ដី​កោះ​នោះ​​ទៅសង្ឃ​​អង្គ​នោះ​​​​ធ្វើជា​​​​ទីអាស្រម​​​​តែ​ម​្តងទៅ ។ ​ក្រោយ​មក ​ក៏មាន​​សង្ឃ​មួយ​អង្គ ទៀត ​​ព្រះនាម​​​កៅ គី បានចូលទៅ​​​​ធ្វើ​វិបស្ស​នា ​​នៅ​ក្នុង​​​​អាស្រម​នោះដែរ ​​ហើយ​មានតួនាទី​​​ជា​អ្នក​​គ្រប់​គ្រង​​អាស្រម​ និង​បង្រៀន​ធម៌អាថ៌​ដល់​តាជី យាយជីដែលទៅធ្វើ​​​​សមា​ធិ​​កម្មដ្ឋាន​​​​នៅ​ក្នុង​​អាស្រម​នោះ​។

បន្ទាប់​មក​ទៀត ​ដោយឃើញ​ភាព​អត្ត​​​ខាត់​ ពុទ្ធបរិស័ទ​នៅ​​តំបន់​នោះ​​​ក៏នាំគ្នា​​កសាង​ជា​តូប​ស្លឹក​មួយ​​​​ប្រគេន​ដល់​ព្រះគ្រូ ​ដើម្បី​​គង់ស្នាក់​នៅ​ចម្រើន​ព្រះធម៌​ជា​រៀង​រហូត​​មក​ ទល់​នឹង​​ឆ្នាំ​​១៩៦៩ ព្រះ​គ្រូ​​ធម្មាចារ្យ​ស្រី នុត សាមា​ធិរតោ ក៏​ធ្វើ​អនិច្ច​ធម្ម​ទៅ នៅសល់​តែ​​ព្រះតេជគុណ​​​​កៅ​ គី គ្រប់​គ្រង​បន្ត​​​​​រហូត​មក​ដល់​ថ្ងៃ​រំដោះ​​​​១៧ មេសា ​ឆ្នាំ​១៩៧៥​។​ ក្នុង​សម័យ​​​ប៉ុល ពត ទី​អាស្រម​​​​នោះ​ត្រូវ​គេ​ទុក​ចោល​ក្លាយ​​​ជា​ព្រៃ​​​​រហោ​​ឋាន​​។​
លុះ​ក្រោយ​​ថ្ងៃរំដោះ​​​​៧ មករា ​១៩៧៩ ទី​អាស្រម​ទីប​វ័ន្ត​កោះ​​​ប៊ុនលី​នេះ ក៏​មាន​ព្រះសង្ឃ​​ចំនួន​​២អង្គ​មក​គង់​​ស្នាក់​នៅ​​ធ្វើវិបស្សនា​​ឡើងវិញ ក្រោម​ការ​​ចាត់តាំង​​​របស់​ព្រះតេជគុណ​​​ហួរ ហួន។

ព្រះសង្ឃ​​​​ទាំង​​​២អង្គ ដែលមក​គង់នៅ​​ដំបូង​គេ​នោះ​ គឺ​​​ព្រះតេជ​គុណគង់ អួ​ន និង​​ព្រះ​​តេជ​គុណ​យ៉ាន់ យុន ​ដោយ​បានកសាង​​​កុដិ​ជាបន្ត​បន្ទាប់​។ ​​​នៅ​ខែ​សីហា ឆ្នាំ​២០០៧ ​​ទើបមាន​​ព្រះ​សង្ឃ​មួយ​​អង្គ​​ទៀត​​ព្រះនាម​​ឈាង សុវុទ្ធី ​ព្រះ​ជន្ម​​​​៣៣​វស្សា​ (ចៅ​អធិការ​​សព្វថ្ងៃ) ​បាន​​មក​គង់​នៅ​ទីអាស្រម​​​​នោះ ហើយ​​បាន​​​​ដឹកនាំ​ តាជី យាយជី ពុទ្ធបរិស័ទ​ ទាំង​​ទីជិត​​ ទីឆ្ងាយ​​​កសាង​បាន​នូវ​​សមិទ្ធ​​ផល​​​​សាសនា​ជា​ច្រើន​ដូចជា ការ​ជាវ​ដី​ពង្រីក​ទីអាស្រម កសាង​កុដិ​ថ្មី ព្រះវិហារ​ថ្មី របង​វត្ត បង្គន់​អនាម័យ ដងទង់​​​សាសនា និង​​​សមិទ្ធ​ផល​​​ផ្សេងៗ​​​​ជាច្រើនទៀត​​​​។ល។ ​មិន​ត្រឹម​តែ​​ប៉ុណ្ណោះ ​អាស្រម​​​ទីប​វ័ន្ត​​​កោះប៊ុនលី ​ត្រូវ​បាន​ចុះបញ្ជី​​​ទទួលស្គាល់ជាផ្លូវ​ការ​​​ពីក្រសួង​​​ធម្មការ និង​សាសនា​​​ឱ្យទៅជា​​វត្ត​​ទីបវ័ន្ត ​កោះប៊ុនលី នៅ​ថ្ងៃទី​​២២ ​​​​​ឧសភា ឆ្នាំ​​២០១០ ​​ជា​រៀង​រហូត​តទៅ​​​ទៀត​ផង​។

លោកស្រី​នី ​អាយុ​​៥៨​ឆ្នាំ ​​ជា​ពុទ្ធ​បរិស័ទ​​​ចំណុះជើង​វត្ត​​​​​ទីបវ័ន្ត ​​កោះ​ប៊ុន​លី ​​​បាន​​រៀប​រាប់​​ដែរ​ថា អាស្រម​​នេះ​មាន​អាយុ​​កាល​​​​៧៣​វស្សា​​ ហើយ​​ទើប​បាន​​ក្លាយ​​ជា​​ទីអារាម​​​ពេញ​​​​សិទ្ធិ ក្រោម​​ការ​​​​ខិត​ខំដឹកនាំ​​​​កសាង​របស់​ចៅអធិការ​​​ដ៏ក្មេង​​​​​វ័យ​មួយអង្គ​​ព្រះ​នាម​​​​ឈាង សុវុទ្ធី ។ ​​ប៉ុន្តែ​​​ទោះបីជា​សង្ឃ​​​​​អង្គនេះ​​​ខិត​ខំ យ៉ាង​ណា​​ក៏ដោយ ​​​ក៏​នៅតែ​មាន​​មារ​តាមជ្រែក​បង្កើត​​ជា​​​អធិករណ៍ តែដោយ​ទស​បារី​​ទីអាស្រម​​​ខ្លាំងពូកែ និង​ដោយ​​ភាព​បរិសុទ្ធ​​ស្មោះត្រង់​​​​របស់​សង្ឃ​​​​​ដែលជា​ចៅ​អធិការ​អង្គនេះ ទើបត្រូវ​​​បាន​អាជ្ញាធរ​​​ និង​សមត្ថ​កិច្ច​​​ដែនដី ព្រមទាំង​​មន្ត្រី​​​ធម្ម​ការស្រុកបាទី​ជួយ​​ជ្រោម​ជ្រែងរកយុត្តិធម៌ បញ្ចប់​អធិករណ៍​ ហើយ​អាស្រម​​នេះ​​ក៏​បាន​ក្លាយ​ជា​​ទិ​អារាម​ពេញសិទ្ធ​ិ​ និង​មានចុះបញ្ជី​​​​ទទួល​ស្គាល់​​យ៉ាង​ត្រឹមត្រូវ​​ពីក្រសួង​​​ធម្មការ និង​សាសនា​ទៀត​ផង​។

លោកគន្ធ ​​សុខុន ​​ប្រធាន​ភូមិ​ក្វាន​់មាស ​​និង​ជា​គណៈ​កម្មការ​វត្ត​ទី​ប​វ័ន្ត​កោះប៊ុន​លី បាន​​ថា លោកត្រូវ​បាន​​ប្រជា​ពលរដ្ឋ​​ដែលជាពុទ្ធបរិស័ទ​ចំណុះជើង​វត្ត​ តាជី យាយជី ​តាអាចារ្យ​ ព្រះ​សង្ឃ​​ អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ធម្មការ​ស្រុក ​ធ្វើ​ការ​​បោះឆ្នោត​​​ជា​សាកល​​​ចាត់តាំង​​​លោក​​ឱ្យធ្វើ​​​​ជា​គណៈ​កម្មការ​វត្ត​​ចាប់​តាំង​ពី​​​​ដើម​ខែ​​មិថុនា​មក​ម៉្លេះ​ ហើយ​​ពេលនេះ​ទី​អារាម​​មានភាព​ប្រក្រតី​គ្មាន​​បញ្ហា​អ្វី​​​កើតឡើង​​ទេ ​និង​​​​​កំពុងតែ​រៀបចំ​​កសាង​​​​រៀប​ឥដ្ឋ​ការ៉ូ​ឡា ជុំវិញ​​ព្រះវិហារ​។

លោក​គន្ធ ​​​សុខុន ​​បាន​​​បន្ត​ទៀត​ថា ឆ្នាំ​នេះ​​វត្ត​ទី​បវ័ន្តកោះ​ប៊ុនលី បាន​រៀបចំ​ពិធី​​​កាន់បិណ្ឌ​​​ជាលើក​ដំបូង​​ហើយ​មាន​ប្រជា​ពលរដ្ឋ​​ដែលជា​ពុទ្ធ​​បរិស័ទ​ចំណុះ​ជើងវត្ត​មកពីខេត្តកណ្តាល និង​ខេត្ត​​​តាកែវ ​​​នាំគ្នា​​មូល​មី​រ​យក​ចង្ហាន់​​​​មក​រាប់បាត្រ​​​​ប្រគេន ព្រះសង្ឃ​​ឧទ្ទិសដល់​​វិញ្ញាណក្ខន្ធ​​​បុព្វ​ការី​ជន ដែល​បាន​​ចែក​ឋាន​​ទៅលោកខាង​មុខយ៉ាង​សប្បាយ​​រីករាយ​។

ព្រះ​​តេជ​គុណ​ឈាង សុវុទ្ធី ចៅអធិការ​​វត្ត​ទីប​វ័ន្ត​​កោះប៊ុនលី បានមាន​ថេរ​ដីកា​​ថា សព្វ​ថ្ងៃ​​នេះ​នៅក្នុងទីអារាម​មានព្រះ​សង្ឃ​​ចំនួន​​៩អង្គ ក្មេង​​​កំព្រា​ដែល​​​មកពីជុំវិញ​​ទីអារាម​​ចំនួន​​៧​នាក់ រួម​នឹង​​យាយជី តាជី ​ជាច្រើននាក់​​ទៀត​ផង​។ ​​ថ្មីៗ កន្លង​ទៅ​នេះ ​ដែល​ជា​រដូវ​​​កាន់​បិណ្ឌ​​ ក្នុងទីអារាម​​​មាន​​ឧបាសក​​ ឧបាសិកា និង​ញាតិញោម​​មកពី​​​​​ទីជិត​​ទីឆ្ងាយ​​​​​អ៊ូ​អរ​សប្បាយ​រីករាយ​​ខ្លាំងណាស់​។

ព្រះតេជគុណ​​​ចៅអធិការ​បានមាន​ថេរ​​ដីកា​​បន្ត​ថា សព្វថ្ងៃនេះ ​ព្រះតេជគុណ​​កំពុង​ស្វែង​រក​​​ថវិកា​​ដើម្បី​​​ជាវដី​​ជាប់​របង​វត្ត​​​យកមក​ធ្វើ​ផ្លូវ និង​ស្ពាន ​ដើម្បី​​​ឱ្យញាតិ​ញោមជិត​​ខាង​ទីអារាម​​​ធ្វើ​ដំណើរ​​ឆ្លងកាត់​​​ ព្រោះពេលខ្លះ​​​​ដឹកសត្វ​ពាហនៈ​កាត់ទី​អារាម​​​មើលទៅ​​​ពុំសូវ​​សម​រម្យ​ទេ ដូច្នេះ​​ទាល់​តែ​​ធ្វើ​ផ្លូវ និង​​ស្ពាន​មួយ​ទៀត ទើបទីអារាម​បាន​ស្អាត និងស្ងប់ស្ងាត់ល្អ ៕