ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាក់ស៊ីន​មក​កម្ពុជា​ សម្តេច​តេជោ​ ៖ ថាក់ស៊ីន គ្មាន​ភារកិច្ច​ចរចា​រឿង​ប្រេង​កាតនោះ​ទេ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គម្រោង​​ទស្សន​កិច្ច​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​នឹង​ធ្វើ​​ឡើង​១​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ថៃ លោកជំទាវ យីង​ឡាក់​ ស៊ីណា​វ៉ាត្រា ​កំណត់​មក​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​​នៅ​កម្ពុជា​នា​ថ្ងៃទី​១៥ កញ្ញា ​សម្រាប់​រយៈ​ពេល​១​ថ្ងៃ។

រាជធានីភ្នំពេញ ៖ ​គម្រោង​​ទស្សន​កិច្ច​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​នឹង​ធ្វើ​​ឡើង​១​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ថៃ លោកជំទាវ យីង​ឡាក់​ ស៊ីណា​វ៉ាត្រា ​កំណត់​មក​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​​នៅ​កម្ពុជា​នា​ថ្ងៃទី​១៥ កញ្ញា ​សម្រាប់​រយៈ​ពេល​១​ថ្ងៃ។ ​តាម​ប្រភពព័ត៌​មាន​​ថា ​ទស្សន​កិច្ច​នេះ គឺគ្រាន់​តែ​ជា​ការ​​បង្ហាញ​ខ្លួន​​រ​បស់​រដ្ឋា​ភិបាល​​លោក​ជំទាវប៉ុណ្ណោះ និង​មិន​ពិភាក្សា​​ពីបញ្ហា​ព្រំ​ដែន​​ជា​មួយ​សម​ភាគី​កម្ពុជា​នោះ​ទេ ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាច​ក្រក​ម្ពុជា មាន​ប្រសាសន៍​ថា សប្តាហ៍​នេះ​ និង​សប្តាហ៍​ក្រោយ​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​មាន​ព្រឹត្តិការណ៍​​អន្តរ​ជាតិ​កើតឡើង​ គឺ​​នាយក​រដ្ឋ​មន្ត្រីថៃ​​លោក​ជំទាវ យីង​ឡាក់ ​ស៊ីណា​វ៉ាត្រា​ អញ្ជើញ​​មក​នៅ​ល្ងាច​ថ្ងៃទី​១៥ កញ្ញា កិច្ច​ប្រជុំអន្តរ​​សភា​អាស៊ាន​ លោក​ថាក់​ស៊ីន ​ស៊ីណា​វ៉ាត្រា​ នឹង​មក​ដល់​​ថ្ងៃទី​១៦ កញ្ញា តាម​រយៈ​ការ​រៀបចំ​សិក្ខា​សាលា​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ដែល​មាន​​ការ​ចូល​រួម​ពី​បក្ស​ប្រជា​ធិបតេយ្យ​​​និយម​​កណ្តាលអន្តរជាតិ​ធ្វើ​​សិក្ខា​សាលា​អំពី​​អនាគត​​អាស៊ី ។

សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​បែប​នេះ​ នាព្រឹក​​ថ្ងៃ​ទី​១២ កញ្ញា នៅ​មជ្ឈ​មណ្ឌល​​ពាណិជ្ជ​កម្ម​កោះពេជ្រ ក្នុង​ឱកាស​ដែល​សម្តេច និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ អញ្ជើញ​​ជា​អធិបតី​ដ៏ខ្ពស់​ខ្ពស់​ក្នុងពិធី​ប្រគល់​​សញ្ញា​បត្រ​​ជូន​​ដល់​និស្សិត​​ជ័យ​លាភី​​ថ្នាក់​បណ្ឌិត ​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់ខ្ពស់ ​និង​ថ្នាក់​​បរិ​ញ្ញា​បត្រ​ចំនួន​៤.១០២​នាក់ ដែល​​បាន​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​។

សម្តេចតេជោ​នាយក​រដ្ឋ​ម​ន្ត្រី​​មាន​ប្រសាសន៍​បន្តថា ​នៅ​ក្នុង​កម្មវិធី​នោះ​នឹង​មាន​បំពាក់​មេ​ដាយ​ជូន​ដល់​​ឥស្សរជន​មួយចំនួន​ដែល​បាន​ធ្វើ​កិច្ច​ការ​តាំងពី​ ICAPP ចាប់​​ផ្តើម​​ ក្នុង​នោះ​​លោក​បណ្ឌិត​ ថាក់​ស៊ីន​ ក៏ត្រូវ​ទទួល​មេដាយ​​ដែរ ​អតីតរដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​​ថៃ​ក៏​ទទួល​មេ​ដាយ​​ និង​មាន​​ឥស្សរ​​ជន​​បក្ស​នយោ​បាយ​​មួយ​ចំនួន​​​ក៏​ទទួល​មេដាយ​។ ​​អញ្ជើញ​ចូលរួម​​បំពាក់មេដាយ​​ក្នុង​ឱកាស​នោះ​គឺ​លោក​អតីត​ប្រធាន​​សភាហ្វ៊ីលី​ពីន​ និង​​អនុ​ប្រធានាធិបតី​​​របស់​ឥណ្ឌូ​ណេស៊ី​ ក៏​អញ្ជើញ​​មក​ដែរ ។

ប៉ុន្តែ​​នៅ​ឯទីក្រុង​​បាង​កក​​ឯណោះ​វិញ ​គេ​បាន​និយាយ​​ថា លោកថាក់​ស៊ីន​​មក​កម្ពុជា​ចរចា​រឿង​ប្រេង​កាត​ ។ ទាក់​ទងនឹង​បញ្ហា​នេះ​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា លោកថាក់​ស៊ីន ​គ្មាន​ភារ​កិច្ច​នឹង​ចរចា​លើ​ករណី​​អ្វីទាំង​អស់ ក្នុង​ផល​ប្រយោជន៍ទំនាក់​​ទំនង​​កម្ពុជា-ថៃ ព្រោះ​នេះ​ជា​តួនាទី​របស់​រាជរដ្ឋាភិបាល​​ថៃ​មិនមែន​ជា​តួនាទី​​រ​បស់​លោក​ថាក់ស៊ីនទេ ក៏​ប៉ុន្តែ​​គាប់​ជួន​​ដំណើរ​​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រីថៃ មក​​ដល់​នៅ​ថ្ងៃទី១៥ ​កញ្ញា ។​ កម្មវិធី​​របស់លោក​ថាក់​ស៊ីន​ត្រូវបាន​រៀប​ចំ​មុន​ ឯ​កម្មវិធី​របស់​នាយក​រដ្ឋ​មន្ត្រី​​​​ថៃ​មកកម្ពុជា ​ទើប​តែ​​ស្នើ​សុំ​កាល​​​បរិច្ឆេទ​​ក្រោយនេះ​ទេ ។

សម្តេច​តេជោនាយករដ្ឋមន្ត្រី​​បញ្ជាក់​ថា ដោយ​​សារ​បក្សប្រឆាំង​នៅ​ប្រទេស​ថៃ​​​ចេះ​តែ​លើក ។ កន្លង​​ទៅ​អាជ្ញា​ធរ​​ប្រេង​កាត​​​កម្ពុជា​​ បាន​ធ្វើ​ការ​ប្រកាស​មួយ​ស្តីពីការ​ចរចា​សម្ងាត់ ។ ​​មាន​សមាជិក​​សភា​បក្សប្រជា​ធិបតេយ្យ​​​របស់​អាប់ភី​ស៊ីត​​​​​ ព្រម​ជាមួយ​​​មនុស្ស​មួយចំនួនទៀត​​​​វាយ​ប្រហារ​​​ថាក់ស៊ីន​​ថា ថាក់ស៊ីន​ចរចា​មានផល​ប្រយោជន៍​​​ជាមួយនឹង​កម្ពុជា ក្នុងពេលដែល​ជំនាន់ថាក់ស៊ីន​បាន​បើក​ការ​ចរចា​​ជា​ចំហ​​​ដោយ​មានគណៈ​កម្មការ​ចម្រុះ​​​​ ក្នុងនោះ​​មានគណៈ​កម្មការ​ពី​រ គឺគណៈ​កម្ម​ការ​មួយសម្រាប់​កំណត់ព្រំ​ដែន​ និងគណៈ​កម្មការ​​​មួយទៀតស្តីពីការអភិវឌ្ឍ​រួម។ ​ការចរចានោះ​រហូតមកដល់ពេលនេះ មិន​ថា ​រដ្ឋាភិបាល​​ណាទេ ​​គឺអត់ទាន់មានការព្រម​ព្រៀង​​​​អ្វី​ទាំង​អស់ ក្នុងនោះ​​មានបែង​ចែក​​ជាបី​កូឡោន​​លើកជា​ដំណោះស្រាយ។​​​​ កូឡោន​​កណ្តាល​​៥០%​ម្នាក់​ តំបន់កៀក​ខាង​ថៃ​​​ដំបូង​​១០-៩០ ក្រោយមក​២០-៨០ ឯតំបន់​ខាង​កម្ពុជា ៨០-២០ ។ ចំណែក​​កម្ពុជាបាន​ដាក់ចេញ​​ត្រឡប់​ទៅវិញ​ថា រូបមន្ត​​បំបែកភាព​ទាល់ច្រក​​គឺ​តាមរយៈ​បែង​ចែក​ជាប្លុក ហើយជ្រើសរើស ។

សម្តេចតេជោ​​នាយ​ករដ្ឋមន្ត្រី​​មាន​ប្រសាសន៍​​បញ្ជាក់ថា ​​រវាងកម្ពុជា​ និងថៃ​​ ទោះបីជា​មានការ​ចរចាចំហ​ និងការ​ចរចា​សម្ងាត់ ប៉ុន្តែ​​ការចរចា​​​ទាំងអស់មិនទាន់​បានចេញលទ្ធផល​​ណាមួយទេ ​​ហើយ​ក៏មិនអាចមានផលប្រយោជន៍​​អាថ៌កំបាំង​​​​​ ណាមួយ​​ដូច​ដែល​បក្សប្រជាធិបតេយ្យ​​អាប់ភី ស៊ីត​​ វេចាជីវ៉ា ​​បានលើកឡើងនោះដែរ។ ​ពាក់ព័ន្ធ​នឹងបញ្ហានេះ សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​​សង្កត់​ធ្ងន់​ថា ខ្ញុំគ្រាន់​តែ​គូស​បញ្ជាក់​បង្ហាញ​ទៅខាង​ថៃ​ឱ្យបាន​ដឹង​ អ្នកណា​​បើក​ការ​ចរចាសម្ងាត់​​​ ?

កាលពី​ជំនាន់​​​​ថាក់​ស៊ីន​ ​ការចរចា​ក៏ត្រូវ​​​ធ្វើ​ចំហ​ ឯសាម៉ាក់ ស៊ុនដារា៉វ៉េត មក​រាជធានី​ភ្នំពេញ​ ​ក៏និយាយ​ជាមួយ​ខ្ញុំ​​ចំហ​​ដែរ​ក្នុង​​ការ​ចរចា​ ។​ ​ប៉ុន្តែ​​ចម្លែក​​​​​​តែ​​រដ្ឋា​ភិបាល​​​អាប់​ភីស៊ីត វេចាជីវ៉ា ដែល​គេ​​ថា រដ្ឋាភិបាល​​តម្លាភាព។​​​​ ខ្ញុំ​មិន​​ត្រៀម​ខ្លួន​ជជែក​​ជាមួយនឹង​​​​ស៊ូថេប ធឿក​ស៊ូបាន់​ ឧប​នាយក​រដ្ឋមន្ត្រី​​​​ទទួល​បន្ទុក​​​​​សន្តិសុខ​​របស់​​​ថៃ ​​និងរដ្ឋមន្ត្រី​ការពារ​ជាតិ​​ ​ប្រាវីតវង្សសុវណ្ណ របស់​ថៃ ទេ ។​
សម្តេចតេជោ​​នាយករដ្ឋមន្ត្រី​​មាន​​ប្រសាសន៍​​​​រំលឹក​ទៅ​​​​ស៊ូថេប​​ នៅ​ទីក្រុង​បាងកក​​​​ថា ​លោក​ ​​ស៊ូថេប​ មក​ប្រទេសកម្ពុជា​​​បីដង​ លោក​ភ្លេច​ម្តង លើកទី១​នៅខែ​​មេសា ពេល​​នោះ​​មក​​​សម្រួល​​កម្ម​វិធី​​​​ដើម្បី​​ធានា​ឱ្យ​ខ្ញុំ​​ទៅ​ប៉ាតាយ៉ា​​ ក្នុង​ការ​ប្រជុំ​​​​​អាស៊ាន បន្ទាប់​ពី​​មាន​រឿង​​នៅ​​ក្នុងសភា​ថៃ​​ដែល​​កាស៊ីត ភីរម្យ​ បាន​​​ហៅ​​ខ្ញុំ​ថា ជាសុភាព​បុរសចិត្ត​ជាអ្នក​​លេង ។ ​បន្ទាប់​​មក​ក៏​មាន​ធ្វើ​លិខិត​សុំ​ទោស​ ក្រោយ​មក​លោក​​​​ស៊ូថេប មកជាមួយ​​រដ្ឋ​មន្ត្រី​​ការពារជាតិ​​​មក​កម្ពុជា​​ទៀត ហើយ​ក៏​មាន​ពិភាក្សា​​​ពីនេះ​ពីនោះ​ ដោយ​មិន​បាន​និយាយ​ពីរឿង​​ប្រេង​ទេ។  ​​ថ្ងៃទី​២៧ ខែ​មិថុនា  ភរិយា​​​ខ្ញុំ​​ ធ្វើ​ម្ហូប​​ផ្ទាល់​​គឺ​​សម្ល​កកូរឱ្យ​​​លោក​ទទួល​ទាន​ ។ ប៉ុន្តែ​​​រឿង​ដែល​​ចម្លែក​ ​លោក​ស៊ូថេប​​​ បាន​សុំ​​យក​ឯកសារ​​ផែន​ទី​​ទាក់ទង​ទៅ​នឹង​​​ប្លុក​​​ប្រេង​​ នៅ​តំបន់​​​​នេះ​ ហើយ​​គាត់​បាន​ប្រាប់​ថា អាប់​ភីស៊ីត បាន​​តែង​តាំងគាត់ឱ្យ​​មក​ចរចា​ជាមួយ​សម្តេច​ឱ្យ​បាន​សម្រេច​នៅ​ក្នុង​អាណត្តិ​​នាយករដ្ឋមន្ត្រី​​អាប់​ភីស៊ីត ។  ដូច្នេះ​​គាត់​មិន​​ចង់​ចរចា​​ជា​​មួយ​​លោក​ឧបនាយក​​រដ្ឋមន្ត្រី​​​​ សុខ អាន ទេ គាត់​ចង់​ធ្វើ​​​​គូ​ចរចា​​ជាមួយហ៊ុន សែន តែម្តង។

សម្តេច​​តេជោ​​នាយករដ្ឋមន្ត្រី​​​សង្កត់​ធ្ងន់​​ថា នៅទី​នេះ​ខ្ញុំ​​​សូម​ផ្តាំ​​ទៅ​សួរ​​​អាប់ភីស៊ីត និងស៊ូថេប​ ​​នៅទីក្រុងបាង​កក​ ​បើ​ដំបៅ​​មិន​ឈឺ​កុំ​យក​ឈើ​ចាក់ អ្នក​​ណា​កាន់​​ឯកសារ​មក​ផ្ទះ​ខ្ញុំ​នៅ​តាខ្មៅ​​ សូម្បី​​​តែខ្ញុំ​​ក៏​មិន​ដឹង​​ផង​នោះ ។ ដូច្នេះ​​ សូម​​ខាង​ថៃ​​ពិនិត្យ​មើល​​​​​ តើ​ត្រឹម​ត្រូវ​​ទេ ​​នឹង​មាត្រា​​​១៩០​ នៃ​រដ្ឋ​ធម្មនុញ្ញ​​​​​ថៃ មក​លួច​ចរចា​ស្ងាត់ ។ ឥឡូវ​តាំង​ចេញ​​​សម្តី​​មក​ទៀត ​អាប់ភីស៊ីត មក​​វ៉ៃ​​​ប្រហារ​ថា​ ដោយ​សារ​តែ​រដ្ឋា​ភិបាល​ថៃ​មិន​បម្រើ​​​ផល​ប្រយោជន៍កម្ពុជា​បាន​​​ជា​មិន​ត្រូវ​គ្នា។ ​ខ្ញុំ​ក៏​ប្រាប់​ទៅ​​​អាប់ភី​ស៊ីត​ វិញ​ថា ​រដ្ឋ​ាភិបាល​​មុន​ក៏​អត់​​ទាន់​ត្រូវ​គ្នា​ដែរ តែ​​​គ្រាន់​បើ​ជាង​លោក​ឯង​ដែលបញ្ជូន​មនុស្ស​ឱ្យ​មក​ចរចា​ជា​សម្ងាត់ អាសម្ងាត់​ជា​អ្វី? គេ​ចង់​ដឹង​ពី​សម្ងាត់​ហ្នឹង​​ទេ​តើ ហើយ​បើ​ចង់​ដឹង​​​ថា សម្ងាត់​ ឬ​មិន​សម្ងាត់​ត្រូវ​ចាប់​ផ្តើម​ពី​តា​ខ្មៅ​នៅ​ខេត្ត​កណ្តាល​។ ស្តាប់​ឱ្យ​បាន​…​អ្នក​​នាំ​ឯក​សារ​​មកគឺ​​​ប្រាវីត​វង្ស​សុវណ្ណ​​, ទៀ​ បាញ់, ​លី​ យុ៉ង​ផាត់ និងខាំពូន ​សុទ្ធ​តែ​បាន​ឃើញ​ឯក​សារ​នេះ​។ សម្តេច​​តេ​ជោ​​នាយក​រដ្ឋ​មន្ត្រី​​អះ​អាង​​ប្រាប់​​ទៅ​អាប់​ភី​ស៊ីត​ថា ខ្ញុំ​មាន​​​​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​មួយ​រូប​ទទួល​​បន្ទុក​ចរចា​រឿង​ហ្នឹង ខ្ញុំ​មិន​​អាច​ចរចា​ជា​ដៃ​គូ​​ជា​មួយ​លោក​បានទេ ​ស៊ូ​ថេប​ចង់​លើ​ក​ខ្លួន​ឱ្យ​មាន​តម្លៃ​ស្មើ​​​ហ៊ុន​ សែន​​ក្នុង​ការ​ចរចា​លើ​តំ​បន់​សមុទ្រ​។

បើ​ដូច្នោះ​លោក​​អាប់​ភី​ស៊ីតបើ​ថា មិន​ច្បាស់​​ទេ​កុំ​និយាយ​​នាំ​ឱ្យគេ​ប្រ​តិ​កម្ម​ ខ្ញុំ​អត់​ចង់​និយាយ​ទេ ប៉ុន្តែ​ត្រូវ​ប្រ​ដៅ​អាប់​ភី​ស៊ីត​។​ អ្នក​ឯង​ក៏​មិន​អាច​​សម្រេច​​ សា​​ម៉ាក់ ឬ​ថាក់​ស៊ីន​​ក៏​មិន​​ទាន់​សម្រេ​ច តែ​អ្វី​ដែល​ខុស​គ្នា ថាក់​ស៊ីន និង​សាម៉ាក់ ប្រ​សើរ​ជាង​អាប់​ភី​ស៊ីត គឺ​​​ត្រង់​គេ​ចរចា​ចំ​ហ ឯ​អាប់​ភី​ស៊ីត​ចរចាសម្ងាត់​។ តើ​ប្រ​ជា​ជន​ថៃ​បាន​ដឹង​ទេ? ឥ​ឡូវ​ហ៊ាន​​ស្បថ​ទេ ​​ស្បថ​ឱ្យ​ឡាន​បុក ឱ្យ​រន្ទះ​បាញ់…​ខូចពេក​ ចាញ់​ផ្កាប់​មុខ​ប៉ុណ្ណឹង​ហើយ​នៅ​យ៉ាប់​ទៀត​ណ៎ ឥ​ឡូវ​ទៅ​ជានាយក​រដ្ឋ​មន្ត្រី​​​​ស្រមោល ហើយ​រដ្ឋ​មន្ត្រី​ការ​​ពារ​ជាតិ​ស្រ​មោល​។

បើ​ខ្ញុំ​ជា​បក្ស​ភឿ​ថៃ​វិញ​នោះ ​ខ្ញុំ​ចង្អុល​មុខ​ឱ្យ​ចំ​ បើ​លោក​ឯង​គ្រាន់​បើ​លោក​ឯង​មិន​ចាញ់​​​ឆ្នោត​ទេ។​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​រិះ​គន់​ថា ​បើ​ចង់​និយាយ​​អ្វី​​ក៏​ដោយ​សូម​​កុំ​យក​កម្ពុជា​ទៅ​​ភ្ជាប់។ ឥ​ឡូវ​​ថា ថាក់​ស៊ីន​​ មក​ចរចា​ទៀត​ហើយ​។ តាំង​ពី​​ថាក់​ស៊ីន​ត្រូវ​គេ​ធ្វើ​រដ្ឋ​ប្រ​ហារ​ទម្លាក់ ថាក់​ស៊ីន​មិន​ដែល​មក​ចរចាជា​មួយ​កម្ពុជា​​រឿង​បញ្ហា​​តំណាង​​ឱ្យ​ប្រទេស​ថៃ​ទេ ។

ថាក់ស៊ីន​​មក​ដល់​ថ្ងៃទី​១៦ កញ្ញា ថ្ងៃទី​១៧ កញ្ញា ថាក់សីុន​​ត្រូវ​ធ្វើ​បទ​​ឧទ្ទេស​នាម​​អំពី​សេដ្ឋ​កិច្ច​​អាស៊ី​នៅ​ឧត្តម​ក្រុម​ប្រឹក្សា​​​សេដ្ឋ​កិច្ច​ ។ ព្រឹក​ថ្ងៃទី​១៩ កញ្ញា សិក្ខា​សាលា​មួយ ​​ថាក់​សីុន​ក៏​ទទួល​​ប​ន្ទុក​ពី​បញ្ហា​សេដ្ឋ​កិច្ច​អាស៊ី​។ ខ្ញុំ​​ទទួល​​ថាក់​សីុន​ផ្លូវការ​ ទទួល​ក្នុង​​នាម​វាគ្មិនសម្រាប់​សិក្ខា​សាលា​នៅទី​ស្តីការគណៈ​រដ្ឋ​មន្ត្រី ។ កុំ​មក​ទាម​ទារ​​ឱ្យចាប់​ថាក់​ស៊ីន​ ខ្ញុំ​អត់​​ធ្វើ​ទេ ​លោកឯ​ង​ធ្វើ​ជំនាញ​ប៉ុន្មាន​ឆ្នាំ ឥឡូវ​លោក​ឯង​កុំ​បញ្ជា​ខ្ញុំ​​ឱ្យចាប់​ មិន​ថា​បក្ស​ប្រឆាំង មិនថា​រដ្ឋា​ភិបាល​អត់​បាន​ទេ… ទឹកដី​កម្ពុជា​មិន​មែន​ទឹក​ដី​លោក​ឯង​ទេ សិទ្ធិ​របស់​ខ្ញុំ និយាយ​ឱ្យ​ច្បាស់…។

រឿងនេះ​ បើ​សិន​ជា​បក្ស​លោក​ឯង​កុំ​លើក​ប្រហែល​ជា​អាថ៌​កំបាំង​នេះ​អត់​ដឹងទេ ប៉ុន្តែ​សមា​ជិក​បក្ស​ប្រជាធិប​តេយ្យ​និយាយ​អាក្រក់​​ពី​កម្ពុជា ភ្ជាប់​ជា​មួយ​ថាក់ស៊ីន… យើង​ត្រូវ​តែ​ការពារ​ខ្លួន​ឯង និង​ការពារថាក់​ស៊ីន​ដែរ លោក​ឯង​​ពូកែ​ចង្អុល​​​ដាក់​គេ ​លួច​ចរចា​​ស្ងាត់ សូម្បីតែ​​មន្ត្រី​​ជំនាញ​​ក៏​​​អត់មក​ជា​មួយ​ផង ។

សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បន្តថា ផ្ញើ​សារ​​ទៅ​កុំ​ឱ្យ​រពឹស​មាត់​​ស្អី​ក៏​និយាយ​ ហើយ​បើ​និយាយ​​ប៉ះ​​គេ​ដល់​គេ​ខោក​វិញ តាំង​ឈឺ ឈឺ​ហើយ​ច្រឡោត​​ទៀត ។ ​ខ្ញុំ​មិន​ចង់​ប៉ះ​​​ពាល់​យក​កម្ម​យក​ពៀរ​ទេ តែ​​គេ​មិន​ចង់​ឱ្យ​យើង​​សុខ​​ ឥឡូវ​​ថា ថាក់​ស៊ីន​​មក​ចរចា​​ ឥឡូវ​ខ្ញុំ​ជម្រាប​ថា ខ្ញុំ​មាន​បន្ត​ ខ្ញុំ​​អត់​និយាយ​ជា​មួយ​​ថាក់សីុន​លើ​បញ្ហា​​ផល​ប្រយោជន៍​នៃ​ប្រទេស​​ទាំងពីរ​ អត់​ទេ ​ខ្ញុំ​មាន​ត្រណម​ ​ប៉ុន្តែ​យើង​​​បាន​ពី​ថាក់​ស៊ីន​​នូវ​ចំណេះ​ដឹង​​របស់​គាត់​លើ​បញ្ហា​​សេដ្ឋ​កិច្ច​​អាស៊ី។ ឯ​កិច្ច​ចរចា​​គឺ​ភារ​កិច្ច​របស់​រដ្ឋា​ភិបាល​​ថៃ ពី​មុន​រដ្ឋា​ភិបាល​​អាប់ភីស៊ីត​ ឥឡូវ​​រដ្ឋាភិបាល​​លោក​ជំទាវ​​យីង​ឡាក់ ​។ នៅ​ថ្ងៃទី​២៤ កញ្ញា ល្ងាច​ទាត់​បាល់​ផ្សាយ​បន្ត​ផ្ទាល់ ហើយ​ខ្ញុំ​ជា​អង់​ត្រែ​ន័រ ខ្ញុំ​ត្រៀម​​ចូល​ទាត់​​ដែរ​ពាក់​អាវ​លេខ​៩៕