ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋតវ៉ាការបូមខ្សាច់លុបបឹងបាក់ខែង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ប្រជាពលរដ្ឋ​​ចំនួន​​​២៥៦​គ្រួសារ ​​រស់​​នៅភូមិ​​ដើមគ សង្កាត់ជ្រោយ​ចង្វា ​​​ភូមិព្រែក​​​តាសេក ​សង្កាត់​​ព្រែកតាសេក ​​និង​ភូមិ​​​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ​​បាន​ប្រមូល​ផ្តុំ​គ្នា​រារាំង​ការបូម​​ខ្សាច់​របស់​ក្រុម​ហ៊ុន​ញឹក ផន គ្រុប ដែលទទួល​បាន​ការអនុញ្ញាត​​ពី​សាលា​​រាជ​ធានីភ្នំពេញ

រាជធានីភ្នំពេញ​​ ៖ ​​ប្រជាពលរដ្ឋ​​ចំនួន​​​២៥៦​គ្រួសារ ​​រស់​​នៅភូមិ​​ដើមគ សង្កាត់ជ្រោយ​ចង្វា ​​​ភូមិព្រែក​​​តាសេក ​សង្កាត់​​ព្រែកតាសេក ​​និង​ភូមិ​​​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ​​បាន​ប្រមូល​ផ្តុំ​គ្នា​រារាំង​ការបូម​​ខ្សាច់​របស់​ក្រុម​ហ៊ុន​ញឹក ផន គ្រុប ដែលទទួល​បាន​ការអនុញ្ញាត​​ពី​សាលា​​រាជ​ធានីភ្នំពេញ ​បូមខ្សាច់​​​ដាក់​បំពេញ​ក្នុង​តំបន់​​​ទំនាប​បឹង​​ដែលមានក្រុម​ហ៊ុនមួយ​កំពុងធ្វើ​​ការ​​អភិវឌ្ឍ​​ទីក្រុង​​​រណប​តំបន់​ជ្រោយ​ចង្វា​​​។

កំហឹង​​​​​ផ្ទុះចេញ​នូវ​ការ​​តវ៉ានេះ​​បានកើត​​ឡើង​​​កាលពីព្រឹកថ្ងៃទី​​​​៦ កញ្ញា ​ដោយប្រជាពលរដ្ឋ​​​​​មក​ជួប​ជុំ​គ្នា​នៅ​ទីតាំងបូមខ្សាច់​ ស្ថិតនៅ​​​ភូមិ​ព្រែក​​​តា​សេក ​​សង្កាត់​ព្រែកតាសេក ​ដើម្បី​​​ឱ្យ​ក្រុមហ៊ុន​​​អភិ​វឌ្ឍនោះ​​ដោះស្រាយ​​បញ្ហា​ដី​ធ្លី​ជាមុនសិន​ ព្រោះ ពួក​គាត់​បានរស់នៅ​​កាន់​កាប់ និ​ង​​បង្កបង្កើន​ផល​​លើ​ដី​​នោះតាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ​ មិន​ត្រូវ​​មក​បូមខ្សាច់​​លុប​ដី​ពួកគាត់​ទេ​។

ក្រុម​អ្នក​តវ៉ា​បាន​ឱ្យដឹង​ថា ​ពួកគាត់​ជា​ម្ចាស់​​ដី​មិនជំទាស់​​នឹងការ​អភិវឌ្ឍ​​របស់​រាជ​រដ្ឋាភិបាល​ទេ​ តែ​សុំ​ឱ្យ​មានការ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ជា​មុន​សិន ។ ​​ពួកគេ​ក៏បានស្នើ​​សុំ​​​ឱ្យក្រុម​ហ៊ុន​​​​ផ្អាក​ការ​​បូមខ្សាច់​​ និង​ដក​​ការដ្ឋាន​​បូមខ្សាច់​​​​​នោះ​ចេញ​ចាប់ពីថ្ងៃ​នេះតទៅ និង​ស្នើសុំ​​​ឱ្យ​ក្រុម​ហ៊ុន​​​ក៏ដូចជា​​សាលា​រាជធានី ភ្នំពេញ​ ចុះមក​ធ្វើ​ការ​​​ចរចា​តម្លៃ​​ដីជា​មុនសិន ​មុន​នឹង​​ធ្វើការ​​បូម​ខ្សាច់​​ដាក់​អភិ​វឌ្ឍន៍ទីក្រុង​រណប​​​ថ្មី​នេះ​។

គួរបញ្ជាក់​​​ថា តំបន់​ដីទំនាប​ជ្រោយចង្វា​​​មាន​ទំហំ​​​៣៨៧​​ហិកតា ស្ថិត​នៅ​​ភូមិ​​​ដើម​គ សង្កាត់​ជ្រោយ​​ចង្វា​​ ភូមិ​ព្រែក​​​​តាសេក ​សង្កាត់ព្រែក​តាសេក ​និង​ភូមិ​​​ព្រែក​លៀប ​​ខណ្ឌ​ឫស្សីកែវ ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាលប្រគល់​​​ឱ្យ​ឯកជន​ធ្វើការ​អភិ​វឌ្ឍ​ជាទី​ក្រុង​​រណប ដែល​កាលពី​ទសវត្ស​ឆ្នាំ​៩០ មានក្រុម​ហ៊ុន​​មក​ពីប្រទេសម៉ាឡេស៊ី​សម្លឹង​ឃើញ​​ម្តង​មក​ហើយ​ ចង់​​យក​ធ្វើ​ទីក្រុង​រណប​។ លុះ​ក្រោយ​មក​ដោយ​មាន​បញ្ហា​ជាមួយម្ចាស់​​កម្មស​ិទ្ធិ​​ច្រើន​ពេក ​ក៏ស្ងាត់​ទៅវិញ​​។

តាម​ឯកសារ​​​បាន​បង្ហាញ​ថា ​​សាលា​​រាជ​ធានី​ភ្នំពេញ​​បាន​អនុញ្ញាត​​​​ឱ្យក្រុមហ៊ុន​​​ញឹក​ផន​គ្រុប​ បូម​ខ្សាច់​​​ចាក់​បំពេញ​ដីទំហំ​​៤​ហិកតា​សិន ដែល​ដីនេះ​ស្ថិតនៅ​ភូមិ​ព្រែក​​តាសេក ​​សង្កាត់​ព្រែក​​តាសេក ​ដើម្បី​​ឱ្យ​ក្រុម​ហ៊ុន​​វិនិយោគ​​ទីក្រុង​រណប ​ធ្វើស្នាក់​ការ​​បណ្តោះ​អាសន្ន​​​​មួយ​សម្រាប់​ការ​អភិ​វឌ្ឍ​​​ទីក្រុង​រណប ​តំបន់​ជ្រោយ​ចង្វា​ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​​បាន​លើក​គ្នា​​​មក​ហាម​ឃាត់​​សុំ​ឱ្យ​មាន​​ការ​ដោះស្រាយ​​​ដីធ្លី​​ជា​មុន​សិន ព្រោះ​បូមខ្សាច់​​​ដាក់លើដីចម្ការ​​ដែល​ពួកគេ​អះ​អាង​ថា ​បានកាន់កាប់​​ និងបង្កបង្កើន​ផលយូរ​ឆ្នាំ​​មក​​ហើយ​៕