រាជធានីភ្នំពេញ ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រមាណ១០លានរៀលត្រូវបានផ្តល់ជូនដល់សមាគមនៃជនពិការភ្នែកកម្ពុជា។ អំណោយនេះត្រូវបានផ្តល់តាមរយៈលោកស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន កាលពីល្ងាចថ្ងៃទី៥ កញ្ញា ឆ្នាំ២០១១ នៅស្នាក់ការសមាគមនៃជនពិការភ្នែកកម្ពុជាសិ្ថតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។
លោកបួន ម៉ៅ នាយកប្រតិបត្តិសមាគមនៃជនពិការភ្នែកកម្ពុជាបានសម្តែងនូវសេចក្តីត្រេកអរជាអនេកចំពោះសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាដល់សមាគមនៃជនពិការភ្នែកកម្ពុជា។ កាយវិការដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់របស់សម្តេច និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងអាណិតអាសូរដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាចូលរួមចំណែកលើកស្ទួយវិស័យវប្បធម៌ជាតិឱ្យមានមុខមាត់លើឆាកអន្តរជាតិផងដែរ។ ជំនួសមុខជនពិការភ្នែកកម្ពុជាលោកសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច និងលោកជំទាវបុត្រាបុត្រី និងចៅៗទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃា្លតឡើយ។
លោកបួន ម៉ៅ បញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវនេះសមាគម នឹងយកទៅផ្គត់ផ្គង់ដល់គម្រោងផ្តល់ការអប់រំ និងកិច្ចគាំទ្រក្រុមគ្រួសារកុមារខ្សោយគំហើញចំនួន៦០នាក់នៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។
លោកស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានប្រសាសន៍ថា ជានិច្ចកាលសម្តេច និងលោកជំទាវតែងតែយកចិត្តទុកដាក់ចំពោះជនពិការភ្នែកកម្ពុជា មិនថា ជនពិការដែលកំពុងរស់នៅក្នុងសមគមនៃជនពិការភ្នែកកម្ពុជា ឬរស់នៅទីណានោះទេ គឺជនពិការទូទាំងប្រទេស ដែលមានការលំបាក។ ទន្ទឹមនោះសម្តេច និងលោកជំទាវបានយកចិត្តទុកដាក់ផងដែរ ដល់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេសដែលជួបប្រទះនូវឧប្បត្តិហេតុផ្សេងៗ។ និយាយរួមទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ គឺជាទុក្ខលំបាករបស់សម្តេច និងលោកជំទាវ ហើយទីណាដែលប្រជាពលរដ្ឋជួបការលំបាកទីនោះតែងតែមានវត្តមានសម្តេច និងលោកជំទាវចុះជួយសម្រាលការលំបាកនោះ៕
ចែករំលែកព័តមាននេះ