ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា ​អូស្មាន​ ហាស្សាន់​ នាំអំណោយ​​ចែក​ជូន​កុមារ​កំព្រា​ និង​សាសនិក​អ៊ិស្លាម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយ​​រ​បស់​អឌ្ឍ​ចន្ទ ​ក្រហម នៃប្រទេស​អារ៉ាប់​​រួម​អេមី​រ៉ាត ​ដែល​ផ្តល់​​តាម​រយៈ​ស្ថា​ន​ទូត​របស់ខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ ​ត្រូវបាន​​លោក​ឧកញ៉ា ​ អូស្មាន ​ហាស្សាន់ ​រដ្ឋ​លេខា​ធិការ​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​​ទីប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​ជា​ប្រធាន​​អង្គ​ការ​មូល​និធិ​អភិ​​

រាជធានីភ្នំពេញ ៖ អំណោយ​​រ​បស់​អឌ្ឍ​ចន្ទ ​ក្រហម នៃប្រទេស​អារ៉ាប់​​រួម​អេមី​រ៉ាត ​ដែល​ផ្តល់​​តាម​រយៈ​ស្ថា​ន​ទូត​របស់ខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ ​ត្រូវបាន​​លោក​ឧកញ៉ា ​ អូស្មាន ​ហាស្សាន់ ​រដ្ឋ​លេខា​ធិការ​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​​ទីប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​ជា​ប្រធាន​​អង្គ​ការ​មូល​និធិ​អភិ​​វឌ្ឍន៍​មូស្លី​ម​កម្ពុជា នាំ​យក​ទៅ​ចែក​ជូន​​ដល់​សាស​និក​អ៊ិស្លាម​​ក្រីក្រ​ចំនួន​​៤០៧​គ្រួសារ និង​កុមារ​​កំព្រា​​ចំនួន​១៧៥​នាក់ នៅ​ក្នុង​ខណ្ឌ​ឫស្សី​​កែវ និង​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល។

ពិធី​នេះ​បាន​រៀប​ចំ​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​​ទី២៨ សីហា នៅ​វិហារ​គីឡូ​ម៉ែត្រ​លេខ​៩ ​សង្កាត់​ច្រាំង​ចំរេះ​​ទី​១ ​ខណ្ឌ​ឫស្សី​កែវ ដោយ​មាន​ការ​អញ្ជើញ​​ចូលរួម​​ពី​​សំណាក់​​លោក​ឧកញ៉ា ​សុះ កំរី ​ចាង​​ហ្វាង​​គណៈ​ដឹក​នាំ​​ជាន់ខ្ពស់​​នៃ​សាសនា​អ៊ិស្លាម​​ និង​តំណាង​​ម្ចាស់​​អំណោយ​​ ថ្នាក់​ដឹក​នាំ​អ៊ិស្លាម​ ពល​រដ្ឋ​​ខ្មែរ​អ៊ិស្លាម​ និងកុមារ​កំព្រា​​យ៉ាង​ច្រើន​កុះ​ករ ។ អំណោយ​ដែល​នាំ​​យកទៅ​ចែកជូន​ក្នុង​ឱកាស​នោះ​ សម្រាប់​​ប្រជា​ពល​​រដ្ឋ​​ចំនួន​៤០៧​គ្រួសារ​មកពី​សង្កាត់ច្រាំង​ចំរេះ​ទី១ ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ ​និង​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​​កណ្តាល ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​១៥​គីឡូក្រាម ​កុមារ​កំព្រា​​ចំនួន​១៧៥​នាក់ ​ម្នាក់​ៗ​ទទួល​បាន​ខោ​អាវ​១​កំប្លេ ។ ​ដោយ​ឡែក​​លោក​ឧកញ៉ាអូស្មាន ហាស្សាន់ ​បាន​ផ្តល់​អំណោយ​​​បន្ថែម​ទៀត​ជូនដល់​​កុមារ​កំព្រា​​ក្នុង​ម្នាក់​​ៗ​ចំនួន​៥​ពាន់​​រៀល ។

លោក​ឧកញ៉ា អូស្មាន​ ហាស្សាន់ ​បាន​ឱ្យ​ដឹង​ថា ​​នៅ​ក្នុង​​​ខែ​បួស​រ៉ា​ម៉ាឌន​ឆ្នាំ​នេះ សាសនិក​អ៊ិស្លាម​​​ទូទាំង​ប្រទេស​បាន​ទទួល​​អំណោយ​ពី​សប្បុរស​ជន​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស​​មិន​តិច​ជាង​៦០​ម៉ឺន​ដុល្លារ​នោះ​ទេ ​ដែល​នេះគឺ​ជា​ការ​ចូលរួម​​ជួយ​សម្រួល​​ការ​លំបាក​រប​ស់​បង​ប្អូន​អ៊ិស្លាម​​ក្រីក្រ ។ ​ថ្ងៃ​នេះ​​ជា​លើក​ទី​២៦ ហើយ​ដែល​ថ្នាក់​ដឹក​នាំ​​អ៊ិស្លាម​​បានយកអំណោយ​​​មក​​ចែក​ជូន​ដល់​សាសនិក​​អ៊ិស្លាម​​នៅតាម​បណ្តា​​រាជ​ធានី-ខេត្ត​មួយ​ចំនួន​​នៅ​ទូទាំង​ប្រទេស ។ ​ដោយ​ឡែក​​​លោក​ឧកញ៉ាបាន​ចុះ​​ចែក​ផ្ទាល់​​១៧​លើក​ និង​មួយ​​ចំនួន​ទៀត​​គឺ​មាន​តំណាង​រ​បស់​លោក​ចុះ​ជួយ​​ចែក។

លោក​ឧកញ៉ា ​អូស្មាន ហាស្សាន់ ​បន្តទៀត​ថា ​អំណោយ​ដែល​​នាំ​​យក​មក​ចែក​ជូន​ដល់​សាសនិក​​អ៊ិស្លាម​​ និង​កុមារកំព្រា​​នៅ​ពេល​នេះ​​ ជា​អំណោយ​​រ​បស់​អឌ្ឍ​ចន្ទ​ក្រហម​​នៃ​ប្រទេស​​អារ៉ាប់​រួម​ អេមី​រ៉ាត ​​ដែល​​បាន​ផ្តល់​មក​​អង្គ​ការ​​មូល​និធិ​អភិ​វឌ្ឍន៍​មូស្លីម​​តាម​រយៈ​​ស្ថាន​ទូតរបស់​ខ្លួន​​​ប្រចាំ​នៅ​ទីក្រុង​​បាង​កក ​ប្រទេស​ថៃ ​។ ក្នុង​នាម​​អង្គ​ការ​​មូល​និធិ​​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ​និង​ថ្នាក់​​ដឹក​នាំអ៊ិស្លាម​​ទាំង​អស់​ លោក​សូម​​ថ្លែង​​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​សប្បុរស​ជន​ប្រទេស​ម៉ាឡេ​ស៊ី​ ប្រទេស​អារ៉ាប់​រួម ​អេមីរ៉ាត ​និង​​ប្រទេស​អ៊ិស្លាម​​មួយចំនួន​ទៀត​ ដែល​​តែង​ផ្តល់​អំណោយ​​ដល់​សហ​គមន៍​​អ៊ិស្លាម​​កម្ពុជា និង​ថ្លែង​អំណរ​គុណ​​ដល់​រដ្ឋា​ភិបាល​​​កូវ៉ែត ដែល​បាន​​ផ្តល់​ថវិកា​​កសាង​មជ្ឈ​មណ្ឌល​​អ៊ិស្លាម​ភ្នំពេញ ​ជា​ការ​ចូល​រួម​​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​កាន់​​តែ​រីក​ចម្រើន​​​ថែម​​ទៀត ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន៕