ខេត្តស្វាយរៀង ៖ លោកវ៉ាន់ ប៊ុនធឿន តំណាងសារព័ត៌មានកោះសន្តិភាព បាននាំប្រាក់អំណោយរបស់សប្បុរសជនចំនួន២០០ដុល្លារ ទៅជូនលោកតាម៉ៅ វង្ស អាយុ៦១ឆ្នាំ និងចៅកំព្រា៣នាក់ នៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។ ក្នុងដំណើរទៅដល់លើកនេះគឺខុសពីពេលមុនដែលគ្រួសារទុរគតនេះឃើញរស់នៅក្បែរគុម្ពឫស្សី តែពេលនេះមានផ្ទះតូចច្រឡឹងស្នាក់នៅបានសមរម្យហើយ។
លោកណុប វុទ្ធី មេភូមិឫស្សីព្រៃ បានមានប្រសាសន៍ថា ចាប់តាំងពីសារព័ត៌មានកោះសន្តិភាពចុះផ្សាយពីរឿងរ៉ាវក្មេងប្រុសលួចកង់ ក៏បានបែកធ្លាយពីជីវភាពរបស់លោកតាម៉ៅ វង្ស និងចៅដែលរស់នៅក្នុងជីវិតដ៏តោកយ៉ាកបំផុតទើបមានសប្បុរសជនដែលមានចិត្តបុណ្យបាននាំគ្នាជួយឧបត្ថម្ភជាបន្តបន្ទាប់។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រី លោកជំទាវហ៊ុន ម៉ាណា បានឧបត្ថម្ភប្រាក់៥លានរៀល កង់១គ្រឿង និងសង់ផ្ទះឱ្យ១ខ្នង ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឫស្សី លើកផុតពីដី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ អស់ទឹកប្រាក់ចំនួន១.៣៨៥ដុល្លារ ។ ឯលោកចៅ ភិរុណ បានឧបត្ថម្ភ១.០០០ដុល្លារ សម្រាប់ទិញដីទំហំ៧ម៉ែត្រគុណនឹង២៣ម៉ែត្រ អស់ទឹកប្រាក់៥០០ដុល្លារ និង៥០០ដុល្លារ ទិញគោញី២ក្បាល អស់ប្រាក់២.២០០.០០០រៀល និងទិញមាន់ចិញ្ចឹម ។ ក្រៅពីនេះបានទិញសម្លៀកបំពាក់ កន្ទេល មុង ភួយ ខ្នើយ ចាន ឆ្នាំង វែក ស្លាបព្រា ប៉ោតទឹក អង្ករ អស់ប្រាក់មួយចំនួន នៅសល់ប្រាក់៤លានរៀល ផ្ញើធនាគារ ។ ពេលនេះផ្ទះបានធ្វើរួចហើយ និងបានរៀបចំពិធីប្រគល់ឱ្យលោកតាកាលពីថ្ងៃទី២៤ សីហា ដោយលោកជំទាវនាង សេដ្ឋា ជៀង អំ។
លោកតាម៉ៅ វង្ស ព្រមទាំងចៅៗ ទាំងអស់មានចិត្តត្រេកអរយ៉ាងខ្លាំង និងអរគុណចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រី និងសប្បុរសជនទាំងអស់ដែលមានក្តីមេត្តាផ្តល់អំណោយដ៏ថ្លៃថ្លាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានសង់ផ្ទះ១ខ្នង ឱ្យគាត់ និងចៅៗបានជ្រកកោនសមរម្យ ដែលកន្លងមកជ្រកនៅក្រោមគុម្ពឫស្សីយ៉ាងវេទនា។ គុណូបការៈនេះ លោកតា និងចៅៗ មិនអាចបំភ្លេចបានឡើយ តែលោកតា និងចៅៗ គ្មានអ្វីសងគុណវិញទេ មានតែម្រាមដៃ១០សំពះដឹងគុណនឹកដល់ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ ថែរក្សាសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីសូមឱ្យមានអាយុយ៉ឺនយូរ ដើម្បីជាម្លប់ដល់ជនក្រីក្រ ទុរគត និងជួបតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនេះ សូមឱ្យសប្បុរសជនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ ។ សូមបញ្ជាក់ថា ថវិកា២០០ដុល្លារនេះ កោះសន្តិភាពបានទទួលពីបងប្អូនខ្មែរគ្រីស្ទៀននៃវិហារហាណាម នៃប្រទេសកូរ៉េខាងត្បូងតាមរយៈលោកថោង សុគន្ធ ៕
ចែករំលែកព័តមាននេះ