ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិយាយ ៖ សាលា​ក្តី​មិន​ត្រូវ​រង់​ចាំ​ទៀត​ទេ

12 ឆ្នាំ មុន

នៅខែមេសា ឆ្នាំ១៩៨៧ អ្នកនៅរស់រានមាន​ជីវិត​ពីសោកនាដកម្មកម្ពុជា និងអ្នកជំនាញច្បាប់​មនុស្សធម៌​អន្តរជាតិ បានកំណត់ការចង់បាន​យុត្តិ​ធម៌របស់គេត្រឹមពាក្យប៉ុណ្ណេះ «ត្រូវយកមក​ផ្តន្ទា​ទោសសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ​ កម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តកម្ពុជា (PCK)

នៅខែមេសា ឆ្នាំ១៩៨៧ អ្នកនៅរស់រានមាន​ជីវិត​ពីសោកនាដកម្មកម្ពុជា និងអ្នកជំនាញច្បាប់​មនុស្សធម៌​អន្តរជាតិ បានកំណត់ការចង់បាន​យុត្តិ​ធម៌របស់គេត្រឹមពាក្យប៉ុណ្ណេះ «ត្រូវយកមក​ផ្តន្ទា​ទោសសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តកម្ពុជា (PCK) សមាជិករបស់រដ្ឋាភិបាល ប៉ុល ពត និង​ថ្នាក់ដឹកនាំនៃឧបករណ៍សន្តិសុខ»។ ការចង់បាន​បែបនេះ ក៏ត្រូវបានលើកឡើងបន្ទាប់មកផងដែរ នា​ឱកាសការជួបជុំមួយនៅអង្គការសហ​ប្រជា​ជាតិនាទីក្រុង​ញូវយ៉ក ដឹកនាំដោយលោក Elie Wiesel ជ័យលាភីរង្វាន់​ណូបែលសន្តិភាព និង​ជាអ្នករស់រានមានជីវិតមួយរូបពីជំរំ អូស្វ៊ីច (Auschitz) និង​ប៊ូឆេនវ៉ល (Buchenwald) និង​ដោយលោក​ឌិត ប្រន ដែលបានធ្វើមរណកាល​ទៅ​ហើយ​ដែលវាសនារបស់គាត់បាន​ក្លាយជា​កម្ម​វត្ថុនៃខ្សែភាពយន្តរឿង​វាលពិឃាត (Dechirure)។ វេទិកាអង្គការក្រៅរដ្ឋាភិបាល​អន្តរ​ជាតិនៅកម្ពុជាដែលរូបខ្ញុំជាទីប្រឹក្សាការទូត ក៏បានបង្ហាញនូវឆន្ទៈដូចគ្នានេះដែរ។

សេចក្តីប្រាថ្នានេះគឺជាជំហររបស់រដ្ឋាភិបាល​ទីក្រុងភ្នំពេញតាំងពីឆ្នាំ១៩៨៥ មកម៉្លេះ ប៉ុន្តែ​ជំហរ​នេះមិនត្រូវបានស្វាគមន៍ទេ ក្នុងអំឡុង​ពេលចរចាឈាន​ដល់កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស នាឆ្នាំ​១៩៩១។ នៅរាល់ពេលដែលខ្ញុំមាន​ឱកាសខ្ញុំតែងតែលើកឡើងពីការរង់ចាំនូវការ​ទាមទារនេះ។ ខ្ញុំបានសុំឲ្យមានការបង្កើត អ.វ.ត.ក នេះឡើង ហើយខ្ញុំសូមអបអរសាទរ​ចំពោះការដែលអាចបង្កើតបាន។ ក្នុងនាមជាមិត្ត​របស់ អ.វ.ត.ក ខ្ញុំសូមបង្ហាញឆន្ទៈ​របស់ខ្ញុំដូច​តទៅ៖
ជាថ្មីម្តងទៀត កាលណានិយាយដល់កម្ពុជា អ្នកសង្កេតការណ៍ និងអ្នកប្រកាន់ច្បាប់តឹងតែង តែងតែមើលឃើញ​គុណវិបត្តិរបស់ អ.វ.ត.ក ច្រើនជាងលទ្ធផលវិជ្ជមានជាច្រើនរបស់ អ.វ.ត.ក។ បើទោះបី អ.វ.ត.ក មិនទាន់​ចាប់​ផ្តើមភារៈជាដុំកំភួនរបស់គេនៅឡើយទាក់ទង​នឹងការធ្វើឲ្យរលូននៃសំណុំរឿង​០០២ គឺការ​ជំនុំ​ជម្រះក្តី ខៀវ សំផន, នួន ជា, អៀង សារី និង​ភរិយា​របស់គាត់ អៀង ធិរិទ្ធ ក៏ដោយ ក៏មាន​ចំណុច​វិជ្ជមានជាច្រើនដែល អ.វ.ត.ក សម្រេច​បាន។
ដំបូងបំផុតគឺតុលាការបានបញ្ចប់និរទណ្ឌ​ភាពរបស់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជា​ធិបតេយ្យដែលនៅ​មានជីវិត ហើយវាមិន​មែន​ជារឿងតូចតាចទេ នៅក្នុងប្រទេសមួយដែល​ញាំញីដោយនិរទណ្ឌភាព។

តុលាការក៏បានរកឃើញការពិត គឺប្រជាជន​ខ្មែរខ្លួនឯងទេ ដែលបញ្ជាឲ្យកម្ទេចខ្មែរគ្នាឯង មិនមែនវៀតណាមទេ ដែលផ្ទុយស្រឡះ​ពីការ​ឃោសនា​របស់ខ្មែរក្រហម រហូតដល់ការដួល​រលំ​នា​ឆ្នាំ១៩៩៨ ដែលតែងតែចោទប្រកាន់ថា ការសម្លាប់រង្គាលនេះគឺបង្កឡើងដោយវៀត​ណាម។ តួនាទីរបស់តុលាការសម្រាប់ខ្ញុំ គឺមាន​សារ​សំខាន់ខ្លាំងណាស់ បើក្រឡេកមើលពីចិត្ត​ព្យាបាទ​ជាប្រចាំពីសំណាក់ខ្មែរចំពោះអ្នកជិត​ខាង​របស់ខ្លួន។

រឿងក្តីរបស់​ឌុច ប្រធានមន្ទីរសន្តិសុខ​ ស២១ បានបង្ហាញការពិតស្តីពីយន្តការកម្ពុជាប្រជាធិប​តេយ្យ​ពីបក្ស​កុម្មុយនីស្តកម្ពុជា និងពី​ឧបករណ៍​សន្តិសុខរបស់របបនេះ។ សៀវភៅសាលក្រម​របស់​ឌុច ត្រូវបានបោះពុម្ព និង​ចែក​ផ្សាយ​យ៉ាង​ទូលាយ​នៅក្នុងប្រទេស ហើយសាលក្រមនៃមេ​ដឹក​នាំជាន់ខ្ពស់ក៏នឹងត្រូវធ្វើដូចគ្នានេះដែរ។ ឯក​សារទាំងនេះនឹងផ្តល់ព័ត៌មានដ៏ជាក់លាក់ស្តីពីការ​ទទួលខុសត្រូវនៅក្នុងឧក្រិដ្ឋកម្មដែលបាន​ប្រព្រឹត្ត។

បន្ថែមពីលើវត្តមានរបស់ អ.វ.ត.ក តុលា​ការបានជំរុញឲ្យចោទសួររាល់ព័ត៌មានស្តីអំពី​ប្រវត្តិសាស្រ្តសម័យខ្មែរ​ក្រហម។ មជ្ឈ​មណ្ឌល​ឯកសារកម្ពុជាដែលជាវិទ្យាស្ថានស្រាវជ្រាវឯក​រាជ្យមួយ (http://www.dccam.org) បាន​ចងក្រងសៀវភៅសម្រាប់សិស្ស និងសម្រាប់​គ្រូ​បង្រៀន ហើយបានចែកចាយទៅតាម​សាលា​រៀនចំនួន​៧៥០.០០០ក្បាលហើយ។

ក្រៅពីនេះ ជាលើកដំបូង និងដ៏ធំធេងនៅ​ក្នុង​ដំណើរដ៏វែង និងយឺតរបស់យុត្តិធម៌​ព្រហ្ម​ទណ្ឌអន្តរជាតិ តុលាការនៅ​ទីក្រុងភ្នំពេញ (អ.វ.ត.ក) បាន​អនុញ្ញាតឲ្យមាន​ការ​ចូល​រួម​ពី​ដើម​​បណ្តឹងរដ្ឋប្បវេណី។ សម្រាប់រឿងក្តី​០០២ ដោយសារវាទាក់ទងជាសំខាន់ដល់អ្នកសម្រេច​ចិត្តនៃរបបខ្មែរក្រហម ប្រជាពលរដ្ឋកម្ពុជាចំនួន ៣.៩៨៧នាក់ បានស្នើសុំតាំងខ្លួនជាដើមបណ្តឹង​រដ្ឋ​ប្បវេណី ក្នុងនោះ​៣.៧២១​នាក់ ជាប្រជា​ពល​រដ្ឋដែលរស់នៅក្នុងប្រទេស ហើយសរុប​៣.៨៦៦នាក់ត្រូវបានទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង​០០២។ ចំនួននេះ​បង្ហាញ​យ៉ាងច្បាស់ថា តុលាការមិនមែនមានការ​ចាប់អារម្មណ៍តែពីប្រជាជនខ្មែររស់នៅបរទេស​ប៉ុណ្ណោះទេ ហើយគ្រាន់តែសវនាការរបស់​ឌុច បានទាក់ទាញប្រជាជនកម្ពុជាចំនួនជាង​៣០.០០០​នាក់​រួចទៅហើយ នេះមិនគិតពីចំនួន​អ្នកដែលបានទស្សនាតាមទូរទស្សន៍តាមរយៈ​ការផ្សាយបន្តផ្ទាល់ផងនោះ។

ដូច្នេះជារួម អ.វ.ត.ក បានផ្តល់គំរូមួយនៅ​ក្នុងការគ្រប់គ្រងរដ្ឋបាលយុត្តិធម៌មួយដ៏ល្អនៅ​ក្នុងបរិបទនៃប្រទេសមួយដែលមន្ត្រីយុត្តិធម៌ត្រូ​បានញាំញីដោយការធ្វើក្តីក្តាំ អំពើពុករលួយ និង​អសមត្ថភាព។

នៅទីបំផុត​ខ្ញុំជឿថា អ្វីដែលជំរុញឲ្យលើក​កម្ពស់​យុត្តិសាស្រ្ត (ទំនៀមទម្លាប់) របស់​ច្បាប់​ព្រហ្មទណ្ឌអន្តរជាតិ គឺប្រធានបទសហ​ឧក្រិដ្ឋ​កម្ម​រួមដែលស្ថិតនៅក្នុងចំណុចនៃការចោទប្រកាន់​ក្នុងសំណុំរឿង​០០២ ដែលកើតចេញ​ពីតុលា​ការ​នៅ​នូរឹមប៊ឺក (អាល្លឺម៉ង់) និងមិនដែលលើកឡើង ដោយតុលាការណាមួយទេ រហូតមកដល់ពេល​នេះ ហើយប្រធានបទនឹងធ្វើឲ្យមានការចាប់​អារម្មណ៍ពីអ្នកច្បាប់។

ដូច្នេះ​នៅក្រោមក្រសែភ្នែករបស់ខ្ញុំ ការ​ជំនុំ​ជម្រះក្តីទាំងនេះផ្តល់នូវអត្ថប្រយោជន៍គតិយុត្តិ អត្ថប្រយោជន៍សង្គម និងជាមេរៀនប្រវត្តិ​សាស្រ្ត។ ពិតមែនហើយ​រឿងក្តី​០០២ ប្រាកដជា​មិន​អាចធ្វើឲ្យជនរងគ្រោះរកឃើញ​នរណាជា​អ្នក​សម្លាប់សាច់ញាតិជាទីស្រលាញ់របស់​ខ្លួន​ក៏​ពិតមែន ក៏ប៉ុន្តែអាចឲ្យដឹងថា នរណាជាអ្នក​បញ្ជា និងហេតុអ្វី។ តើចំណុចទាំងនេះមិនជា​ហេតុ​ផលដ៏ល្អសម្រាប់ការកាត់ក្តីទេឬ?

អ.វ.ត.ក គឺជាកម្មវត្ថុនៃការរិះគន់ ហើយ​ការ​រិះគន់ត្រូវបាននិយាយច្រំដែលៗនៅក្នុងអត្ថបទ​សារព័ត៌មានជាភាសាអង់គ្លេសនៅទីក្រុងភ្នំពេញ និងដកស្រង់បន្តពីសារព័ត៌មាននៅបរទេស ហើយ​ខ្ញុំមិនចងចាំការរិះគន់​ទាំងអស់នោះក្រៅតែ​ពី​ពាក្យថា «តុលាការធ្វើការយឺត»។

ខ្ញុំជាមនុស្សទីមួយដែលយល់ថា រដ្ឋបាល​យុត្តិ​ធម៌ល្អមួយវាទាមទារពេលវេលា ដើម្បីឲ្យ​សិទ្ធិរបស់គ្រប់ភាគីត្រូវ​បានគោរព ប៉ុន្តែគ្មាន​ហេតុ​ផលចាំបាច់ណាផ្សេងទៀត មកពន្យល់​ពី​ការយឺតយ៉ាវក្នុងការប្រកាសសាលដីកាស្ថាពរជា​សាធារណៈនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿង​ឌុច នោះទេ ហើយក៏គ្មានហេតុផលណាត្រូវ​រង់ចាំ​រាប់​ខែតទៅ​ទៀតដែរ ទម្រាំចាប់ផ្តើមសវនាការ​លើ​អង្គសេចក្តីដ៏ពិតប្រាកដនៃសំណុំរឿង​០០២។

ខែមួយដាច់ចូលខែមួយទៀត ធ្វើឲ្យបង្កើន​ការព្រួយបារម្ភពីការឃើញជនជាប់ចោទណា​ម្នាក់លាចាកលោកទៅ ដោយមិនទាន់ត្រូវបាន​ជំនុំជម្រះដូចដែលរឿងក្តីបច្ចុប្បន្នប្រព្រឹត្តទៅ​ដោយគ្មានវត្តមានរបស់​ប៉ុល ពត, សុន សេន, តាម៉ុក, កែ ពក, ខៀវ ប៉ុណ្ណារី និង​យុន យ៉ាត ដែល​បានស្លាប់ទៅហើយ។ អ្នកទាំងនេះសមតែ​ទទួល​ការកាត់ទោស ប្រសិនបើសហគមន៍​អន្តរ​ជាតិ​មិនបានការពារពួកគេក្នុងចន្លោះឆ្នាំ១៩៧៩ ដល់​១៩៩៣ នោះទេ។ រៀងរាល់ការយឺតយ៉ាវ គឺ​ជា​ការខាតបង់របស់រដ្ឋាភិបាលកម្ពុជា និង​របស់​ប្រទេសដែលចូលរួមនៅក្នុងហិរញ្ញវត្ថុអន្តរជាតិ​របស់ អ.វ.ត.ក។ រាល់ការលើកពេលសវនាការ គឺជាការចិញ្ចឹមនូវការសង្ស័យកាន់តែខ្លាំងឡើងពី​គូ​បដិបក្ខរបស់ អ.វ.ត.ក។

ឥឡូវនេះ ពេលវេលាដែលរៀបចំឡើង​ដោយ​រដ្ឋបាលយុត្តិធម៌ដ៏ល្អមួយត្រូវបានគោរព ហើយ​ដូច្នេះគ្មានហេតុផល និងយឺតយ៉ាវដែល​យើង​កំពុងសង្កេតឃើញនោះទៀតទេ។ ចៅក្រម​មានឯករាជ្យភាព ហើយក៏មានការទទួល​ខុស​ត្រូវផងដែរ គឺទទួលខុសត្រូវជាដំបូង ចំពោះជន​រង​គ្រោះ បន្ទាប់មកចំពោះប្រជាជនកម្ពុជា និង​ចុង​ក្រោយ ចំពោះសហគមន៍អន្តរជាតិ។ អង្គ​ជំនុំ​ជម្រះសាលាដំបូងត្រូវតែរៀបចំខ្លួនឲ្យទាន់​ដោយគ្មានការយឺតយ៉ាវនឹងការណាត់ជួបនៃ​ប្រវត្តិសាស្រ្តដែលបានផ្តល់ទំនុកចិត្តមកលើខ្លួន​ហើយនោះ៕

ដោយ ៖ ​បណ្ឌិត រ៉ា​អ៊ូល ម៉ាក់ ជេណា  (Raoul Marc Jennar) ប្រវត្តិ​វិទូ​បណ្ឌិត​​នៃ​ការ​សិក្សា​ខ្មែរ