រាជធានីភ្នំពេញ ៖ មនុស្សប្រមាណជាង ២ពាន់នាក់ ក្មេង ចាស់ មានមន្ដ្រី អាជ្ញាធរ មន្ដ្រីរាជការនៃស្ថាប័នពាក់ព័ន្ធ អង្គការក្រៅ រដ្ឋាភិបាល និងព្រះសង្ឃបានចូលរួមប្រារឰ ពិធីរំលឹកវិញាណក្ខន្ធដល់អ្នកស្លាប់ក្នុងរបប ខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩ (៣ឆ្នាំ ៨ ខែ ២០ថ្ងៃ) កាលពីព្រឹកម៉ោង៨ថ្ងៃទី២០ ឧសភា ឆ្នាំ២០១០ នៅឯមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។
ពិធីនេះបានចាប់ផ្ដើមដោយមានព្រះសង្ឃ ២៧០អង្គ សូត្រធម៌ឧទ្ទិសកុសលដល់ជនរងគ្រោះ រាប់បាត្រ សម្ដែងឈុតឆាកផ្សេងៗ ដូច ជា តម្រូវឱ្យជនរងគ្រោះស្លៀកពាក់ខ្មៅ, មេកងខ្មែរក្រហមស្លៀកពាក់ខ្មៅ, ការធ្វើទារុណកម្ម, ចាប់ចងបណ្ដើរយកទៅសម្លាប់ចោល ទាំងក្មេង ទាំងចាស់, ការស្រែកសំឡុត, ចាក់នឹងចំពុះទុង, វាយនឹងត្បូងចប ឬដំបង, បង្ខំ ឱ្យធ្វើការ និងសួរចំលើយជាដើម… ។ រូប ភាពឈុតឆាកទាំងនេះធ្វើឱ្យអ្នកចូលរួមពិធីឬអ្នកដែលធ្លាប់ជួបព្រឹត្ដិការណ៍បែបនោះ ហាក់ដូចជាឃើញទិដ្ឋភាពឃោរឃៅយង់ខ្នង របស់ពួកខ្មែរក្រហម (កម្ពុជាប្រជាធិប តេយ្យ) នៅនឹងភ្នែកស្រស់ៗ ។
បើទោះណា៣៥ឆ្នាំ រង់ចាំហាក់យូរណាស់ សំរាប់អ្នករងគ្រោះ ដើម្បីទទួលបានយុត្ដិធម៌ យ៉ាងណាក៏ដោយ ក៏ការឈឺចាប់ ការធ្វើទុក្ខ បុកម្នេញរបស់ពួកខ្មែរក្រហមកលើប្រជាពល រដ្ឋស្លូតត្រង់នៅតែដក់ជាប់ក្រអៅបេះដូង និង នឹកឃើញឥតភ្លេច ។ ខណៈបានឃើញរូបភាព សម្ដែងនៃការធ្វើទារុណកម្មក្នុងពិធីរំលឹក វិញាណក្ខន្ធនេះ ធ្វើឱ្យអ្នកចូលរួមទាំង អម្បាលមាណច្រានជ្រួលអារម្មណ៍ហូរទឹក ភ្នែកដោយមិនដឹងខ្លួនម្ដងតៀត ។ ព័ត៌មាន លំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅ លើទំព័រកាសែតកោះសន្ដិភាព ៕
ចែករំលែកព័តមាននេះ