ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​កាស​ផ្ទេរ​ភារ​កិច្ច​និង​ចូល​កាន់​តំណែង​ព្រះ​រាជ​អាជ្ញា​ថ្មីសាលា​ដំបូង​ខេត្ត

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ សីហា​​ នៅ​សាលា​ដំបូង​ខេត្ត​ មាន​​ប្រារព្ធ​ពិធី​ប្រ​កាស​តែង​តាំង​លោក​ផាន់ វណ្ណ​រ័ត្ន ជា​ព្រះ​រាជ​អាជ្ញា​ថ្មីអម​សាលា​ដំបូង​ខេត្ត​ជំនួស​លោក​សូ​ វ៉ាត ដែល​ទទួល​មរណ​ភាព ហើយ​លោក​​តន់ សី​ហ​តេជ ព្រះ​រាជា​អាជ្ញា​ស្តី​ទី​ ត្រូវ​ផ្លាស់​ទៅ​កាន់​តំ​ណែង​​​ជា​ព្រះ​រាជ​​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ សីហា​​ នៅ​សាលា​ដំបូង​ខេត្ត​ មាន​​ប្រារព្ធ​ពិធី​ប្រ​កាស​តែង​តាំង​លោក​ផាន់ វណ្ណ​រ័ត្ន ជា​ព្រះ​រាជ​អាជ្ញា​ថ្មីអម​សាលា​ដំបូង​ខេត្ត​ជំនួស​លោក​សូ​ វ៉ាត ដែល​ទទួល​មរណ​ភាព  ហើយ​លោក​​តន់ សី​ហ​តេជ ព្រះ​រាជា​អាជ្ញា​ស្តី​ទី​ ត្រូវ​ផ្លាស់​ទៅ​កាន់​តំ​ណែង​​​ជា​ព្រះ​រាជ​​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​ពោធិ៍សាត់ ជំនួស​លោក​តុប ច័ន្ទ​សេរី​វុឌ្ឍ អតី​ត​ព្រះ​​រាជ​អាជ្ញា​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុងបទ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​។​ ពិធី​នេះបាន​ប្រារព្ធ​ធ្វើក្រោម​​អធិប​តី​ភាពលោក​អង្គ វង្ស​ឌ្ឍានា រដ្ឋ​មន្ត្រី​ក្រ​សួង​​យុត្តិ​ធម៌ ដោយមាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ ព្រះ​រាជ​អាជ្ញា ​ចៅ​ក្រម​​នៃ​សាលា​ដំបូង​ខេត្ត​ ​ថ្នាក់​ដឹក​នាំ​​ខេត្ត​ ព្រម​ទាំង​​​​​​​​​​​តំណាងក្រសួង​មន្ទីរ​នានា​ជា​ច្រើន​រូប​ទៀត។

លោក​តន់​ សី​ហ​តេជ ​បានថ្លែង​ថា ​នៅ​ក្នុង​ឆ្នាំ​២០១០ សាលា​ដំបូងខេត្ត​​បាន​ទទួល​សំណុំ​រឿង​ចំនួន​៧០៧​​ ពី​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​​ក្នុង​នោះបទល្មើស​ឧ​ក្រិដ្ឋ​ចំនួន​១៥៥ បទ​ល្មើស​មជ្ឈិម ៤៨៦ ​បទ​ល្មើស​​គ្រឿង​ញៀន៦៦ ជម្រះ​បាន​៦​រឿង បើក​ការ​ស៊ើប​សួរ​៥៤៦​រឿង។

លោក​ចាន់ មនោ​ អគ្គ​នា​យក​រដ្ឋ​បាល​ និង​ហិរញ្ញ​វត្ថុ​ក្រ​សួង​យុត្តិ​ធម៌​ បាន​អាន​ព្រះ​រាជ​ក្រឹត្យ​តែង​តាំង​លោក​ផាន់ វណ្ណ​រ័ត្ន ជា​ព្រះរា​ជ​អាជ្ញា​ថ្មី​នៃ​អយ្យ​ការ​​សាលា​ដំបូង​ខេត្ត​​​ជំនួស​លោក​សូ វ៉ាត ​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​​ដែល​ទទួល​មរណ​ភាព​។

លោក​ផាន់ វណ្ណ​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​ថ្មី បាន​លើកឡើង​​ពី​ការ​ងារ​ដែល​លោក​ធ្លាប់​ធ្វើ​​​មុន​ពេល​មក​កាន់​​ជា​ព្រះ​រាជ​អា​ជ្ញា​នេះ គឺ​លោក​មាន​តួ​នាទី​ជា​ព្រះ​​រាជ​អាជ្ញា​នៃ​​មហា​អយ្យ​ការ​អម​តុលា​ការ​កំពូល​ និង​ជា​សមា​ជិក​ក្រុម​ជំនួយ​ការ​​នៃ​ក្រុម​ប្រឹក្សា​វិន័យ​ឧ​ត្តម​​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម។ ដើម្បី​ឆ្លើយ​តប​​នឹង​ការ​ទទួល​បាន​ភារ​កិច្ច​ថ្មី​នេះ​លោក​នឹង​ខិត​ខំ​ដឹក​នាំ​សម្រប​សម្រួល​​សហ​ការ​ជា​មួយ​នគរ​បាល​យុត្តិ​ធម៌​ ដើម្បី​បង្ក្រាប​ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​គ្រប់​ប្រ​ភេទ​ ដោយ​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​។

លោក​ឈុំ វណ្ណ​រិទ្ធ អភិបាល​រង​ខេត្ត​ បាន​សុំ​ឱ្យ​ប្រ​ព័ន្ធ​​យុត្តិ​ធម៌​​បន្ត​ជំរុញ​ផ្នែក​ច្បាប់​​​ដល់​មន្ត្រី​​នគរ​បាល​យុត្តិ​ធម៌​​ក្នុង​ការ​​បង្ក្រាប​បទ​ល្មើស ​ជា​ពិសេស​គោល​ន​យោ​បាយ​​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព។

លោក​អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​​ បាន​ផ្តាំ​ផ្ញើ​​ដល់​ព្រះ​រាជ​អាជ្ញា​ថ្មី ត្រូវ​ប្រ​កាន់​ខ្ជាប់​​នូវ​​ស្មារតី​ និង​​​ឧត្តម​គតិ​​ខ្ពស់​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​ ត្រូវ​ពង្រឹង​ក្រម​សី​ល​ធម៌​ចៅ​ក្រម​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ ត្រូវ​ធ្វើ​ទំនាក់​ទំនង​ជា​និច្ច​ជា​មួយ​ក្រ​សួង​​យុត្តិ​ធម៌ ហើយ​ក៏​ផ្តាំ​ផ្ញើ​ចំពោះ​ចៅ​ក្រម ព្រះ​រាជ​អាជ្ញា ព្រះ​រាជ​អាជ្ញា​រង​ ក្រ​ឡា​បញ្ជី ទាំង​អស់​​ឱ្យ​​យក​ចិត្ត​ទុកដាក់​​ខិត​ខំស្វែង​យល់​រៀន​សូត្រ​បន្ត។​ លោក​រដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​ថា រយៈ​កាល​កន្លង​មក​នេះ សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ ដោយ​មាន​​​កិច្ច​សហ​​​ការ​ជា​មួយ​អាជ្ញា​ធរ​សមត្ថ​កិច្ច​ចម្រុះ​​ បាន​ធ្វើ​​ការ​​បង្ក្រាប​​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​ផលិត ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ក៏​ដូច​​ជា​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ ដែល​កើត​មាន​ក្នុង​ដែន​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ​។ សកម្ម​ភាព​ការ​ងារ​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ទុក​ចិត្ត​ពី​ក្រ​សួង​យុត្តិ​ធម៌ ស្ថា​ប័ន​មាន​​​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ផ្សេងៗ​ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​​ដែរ។

ជា​ចុង​ក្រោយ​​ លោក​រដ្ឋ​មន្ត្រី​ក៏​បាន​ផ្តាំ​ផ្ញើ​​ដល់​​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យ​​ការ​សាលា​ដំបូង​ខេត្ត​ ដែល​ត្រូវ​ចូល​កាន់​តំណែង​ថ្មី​ពេល​នេះ​គឺ ១-​​ត្រូវ​ប្រ​កាន់ខ្ជាប់​​នូវ​ស្មារតី​ និង​ឧត្តម​គតិ​ជាតិ​​ខ្ពស់​ ក្នុង​ការ​ស្វែង​រក​យុត្ត​ិ​ធម៌​ប្រ​កប​​ដោយ​តម្លា​ភាព សម​ភាព​ ជូន​ប្រជា​ពលរដ្ឋ​​ ធ្វើ​យ៉ាង​ណា​ឱ្យ​វិ​ស័យ​​យុត្តា​​ធិ​ការ​មាន​ភាព​ល្អ​​​​ប្រ​សើរ​ និង​មាន​ជំនឿ​ទុក​ចិត្ត​។​ ២-​ពង្រឹង​ និង​អនុវត្ត​ក្រម​សី​ល​ធម៌​ចៅ​ក្រម​ឱ្យ​បាន​​ម៉ឺង​ម៉ាត់ និង​ខ្ជាប់​​ខ្លួន​។ ៣-​ត្រូវ​រៀប​ចំ​ និង​​លើក​ទិស​ដៅ​ផែន​ការ​សម្រាប់​​អនុវត្ត​នា​ពេល​អនា​គត​ឱ្យ​បានច្បាស់​លាស់​។ ៤-​ត្រូវ​ពង្រឹង​សា​ម​គ្គី​ភាព​ផ្ទៃ​ក្នុង​​​ឱ្យ​បាន​ល្អ​ និង​បន្ត​កិច្ច​ស​ហ​ការ​ជា​មួយ​អា​ជ្ញា​ធរ​ដែន​ដី ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​នានា ​ឱ្យ​បាន​ល្អ​​​​​ប្រ​សើរ​ថែម​ទៀត។ ៥-ត្រូវ​ធ្វើ​​ទំនាក់​ទំនង​ជា​មួយ​ក្រសួង​យុត្តិ​ធម៌។ ៦-​ត្រូវ​រៀប​ចំ​ទុក​ដាក់​បញ្ជី​សំណុំ​រឿង​ក្តី​ឱ្យ​បាន​ត្រឹម​ត្រូវ​​ប្រ​កប​ដោយ​ការទទួល​ខុស​ត្រូវ​ខ្ពស់​ បន្ត​ចាត់​ការ​ឱ្យ​បាន​ទាន់​ពេល​វេលា​ស្រប​តាម​​នី​តិ​វិធី​ដែល​ច្បាប់​បាន​កំណត់ ចៀស​វាង​ឱ្យ​បាន​​នូវ​ការ​ទុក​ចោល​មិន​ចាត់​ការ ឬ​បាត់​បង់​សំណុំ​រឿង​​ដែល​ធ្វើ​ឱ្យ​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ ឬ​ពិរុទ្ធ​ជន​​ហួស​កាល​កំណត់​ ប៉ះ​ពាល់​ដល់​កិត្ត​ិយស​ សេច​ក្តីថ្លៃ​ថ្នូរ និង​សិទ្ធ​ិ​សេរី​ភាព​ជា​បុគ្គល ​ឬ​បាត់​បង់​ប្រ​យោជន៍​របស់​ម្ចាស់​បណ្តឹង​ និងជន​រង​គ្រោះ​។

ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​ ព្រះ​រាជ​អាជ្ញា​រង​ដែល​នឹង​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ចេញ​-​ចូល​កាន់​តំណែង​ថ្មី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​នូវ​ការ​ផ្ទេរ និង​​ទទួល​សំណុំ​រឿង​ជៀ​ស​វាង​កុំ​ឱ្យ​មាន​ការ​បាត់​បង់​សំណុំ​រឿង​ដែល​​ស្ថិត​​​ក្នុង​សមត្ថ​កិច្ច​នៃ​ការ​ស៊ើប​អង្កេត​។ ជា​មួយ​គ្នា​នេះ​ដែរ​ ចំពោះ​លោក​ចៅ​ក្រម ​​ព្រះ​រាជ​អាជ្ញា​ ព្រះ​រាជ​អាជ្ញា​រង​ និង​ក្រ​ឡា​បញ្ជី​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ស្វែង​​យល់​​រៀន​សូត្រ​បន្ថែម​ទៀត​ ដើម្បី​បង្កើន​នូវ​ចំណេះ​​ដឹង​ សមត្ថ​ភាព​ក្នុង​ការ​បំពេញ​ការងារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ស្រប​តាម​ការ​វិ​វត្ត​នៃ​​​សង្គម​ជាតិ​​យើង​នា​ពេល​បច្ចុប្បន្ន​៕