ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​70​ឆ្នាំ​​ អ្នក​ចេះ​ក្បាច់​គុន​ល្បុក្កតោ និង​គុន​ដំបង

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ យើង​គ្រប់​គ្នា​​ធ្លាប់​តែ​បាន​ឮ​និង​ឃើញ​បុរស​ ឬ​ក៏​តាៗ​ទេ ដែល​ចេះ​ក្បាច់​គុន​ល្បុក្កតោ ឬគុន​ដំបង​ជាដើម ​​ប៉ុន្តែ​​​ប្រហែល​​ជា​ភ្លេច​គិតថា ស្ត្រី​ក៏​មាន​​ដែរ ជាក់​ស្តែង​​​លោក​​យាយ​ម្នាក់​​បាន​បង្ហាញ​​ខ្លួន​ថា​ គាត់​នៅ​ចេះ​ចាំ​ក្បាច់​គុន​រប​ស់​​បុព្វ​​បុរស​​យើង​មិន​ចាញ់​​បុរស​ឡើយ ។ លោកយាយ​​រូប​នេះ​ឈ្មោះ​សៅ វ៉ុន បច្ចុ​ប្បន្ន​អាយុ​

ខេត្តកំពង់ឆ្នាំង​ ៖ យើង​គ្រប់​គ្នា​​ធ្លាប់​តែ​បាន​ឮ​និង​ឃើញ​បុរស​ ឬ​ក៏​តាៗ​ទេ ដែល​ចេះ​ក្បាច់​គុន​ល្បុក្កតោ ឬគុន​ដំបង​ជាដើម ​​ប៉ុន្តែ​​​ប្រហែល​​ជា​ភ្លេច​គិតថា ស្ត្រី​ក៏​មាន​​ដែរ ជាក់​ស្តែង​​​លោក​​យាយ​ម្នាក់​​បាន​បង្ហាញ​​ខ្លួន​ថា​ គាត់​នៅ​ចេះ​ចាំ​ក្បាច់​គុន​រប​ស់​​បុព្វ​​បុរស​​យើង​មិន​ចាញ់​​បុរស​ឡើយ ។ លោកយាយ​​រូប​នេះ​ឈ្មោះ​សៅ វ៉ុន បច្ចុ​ប្បន្ន​អាយុ​៧០​ឆ្នាំ មានទីលំនៅភូមិ​ខ្វិត ឃុំ​ពង្រ ស្រុករលាប្អៀរ។ លោកយាយ​មានស្វាមី​ឈ្មោះ​ចាប បូ ​បច្ចុ​ប្បន្ន​អាយុ​៧៦​ឆ្នាំ មាន​កូន​៦​នាក់ ប៉ុន្តែ​ត្រូវ​ស្លាប់ក្នុងសម័យខ្មែរ​ក្រហម​អស់​៤​នាក់ សព្វថ្ងៃនៅសល់២​នាក់​ស្រី​ទាំង២ ម្នាក់​មាន​គូស្រករ​ហើយ​ និងម្នាក់នៅលីវ។

អង្គុយ​លើគ្រែក្រោមផ្ទះជា​កម្ម​សិទ្ធិ​ដែល​កូន​សង់​ឱ្យ ​លោក​យាយបានរៀបរាប់ក្នុងដង្ហើម​ដង្ហក់ស្រក់ដោយ​ញើសហូរកាត់ផែនថ្ពាល់ដែល​មាន​សភាពជ្រីវ​ជ្រួញ​ជាមួយនឹងបបូរមាត់លឹប​ខុប​​ទៅ​ក្នុង ព្រោះតែគ្មានធ្មេញទប់ ​និង​យក​ក្រមា​ចាស់ស្ទើរតែបាត់​ពណ៌​ក្រឡាអស់​ទៅ​ហើយ មកជូតញើសចេញពីផ្ទៃមុខដែលទើប​តែ​បញ្ចប់​ការបង្ហាញក្បាច់គុណមុននេះបន្តិច ដើម្បី​ឱ្យ​​លោក​​ប្រធានមន្ទីរ វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត និងភ្ញៀវដែលទៅទស្សនា។ លោក​យាយ​បាននិយាយ​រៀបរាប់​ថា លោក​យាយមិនបាន​រៀន​ក្បាច់​គុនពីលោកគ្រូ​ណាទេ គឺលួចរៀនចេះពី​ឪពុក និងជីតារបស់​លោកយាយ រួមទាំងការ​បង្ហាត់​បង្ហាញ​ពីបង​ប្រុស​ផងដែរ។ កាលណោះ​លោក​យាយមានអាយុ​ត្រឹម​តែ១២ឆ្នាំប៉ុណ្ណោះ ប្រទេសជាតិ​កើត​កល​យុគ ​ស្រុកកើតអសន្តិសុខ ទន្ទឹមនឹងនោះក៏មាន​កើត​ចលនាខ្មែរឥស្សរៈ ជីតា​លោកយាយឈ្មោះ​ឡឹក នឹម និងឪពុកបង្កើត​ឈ្មោះ​​សៅ ចិ ដែល​សុទ្ធ​តែជាអ្នកចេះក្បាច់គុន បាន​កេណ្ឌ​អ្នក​ភូមិ​មក​ហាត់រៀនក្បាច់គុនល្បុក​តោ ដើម្បីការពារភូមិ​ស្រុក ប៉ុន្តែជីតា និងឪពុក​របស់​គាត់មិន​ឱ្យស្រីៗចូលហាត់រៀនទេ គឺយក​តែប្រុសៗប៉ុណ្ណោះ។

លោក​យាយ​រៀបរាប់​​ទៀតថា ទោះ​បី​មាន​ការហាមប្រាមបែបនេះក្តី តែនៅ​ពេល​ដល់ម៉ោង​គេ​ហាត់​រៀន​គាត់តែងទៅ​លប​មើលគេ ហើយ​​ធ្វើ​ត្រាប់តាមជីតា និងឪពុក​គាត់​​ដោយ​លោត​​វាយ ឬ​វាយ​ដំបង​​នឹងគេដែរ មានពេលខ្លះ​បង​ប្រុសគាត់​ឃើញ​​ក៏លួចជួយបង្ហាត់​បង្រៀនបន្ថែម មិន​យូរ​ប៉ុន្មាន​ដោយ​និស្ស័យ​ពី​កំណើត​គាត់ក៏​ចេះក្បាច់​គុន​អាចល្មមនឹង​ការ​ពារ​ខ្លួន​បាន​។ ក្បាច់​គុនដែល​គាត់​បានចេះគឺក្បាច់គុនល្បុក្កតោ ក្បាច់​ទ្វារ៨ និង​ក្បាច់មេរាប់ មេរងជាដើម។ សម្រាប់​ក្បាច់​គុនល្បុក្កតោវិញ គឺបំបែកចេញជា​ច្រើន​រយ​មេ​ទៀតដែលគាត់ចាំមិនអស់។ កាលណោះអ្នក​ដែល​មកហាត់គុនជាមួយឪពុក និងជីតារបស់​លោក​យាយ​បានតែមួយឆ្នាំក៏បែកគ្នាឈប់​ហាត់​អស់ទៅ ដោយសារកាលៈទេសៈប្រទេសជាតិ ខ្លះ​រត់ចូលចលនាខ្មែរឥស្សរៈ ខ្លះក៏ងាកចូលជា​ទាហាន​បារាំង ។

លោកយាយប្រែខ្លួនបន្តិចរួចយកក្រមាជូត​ញើសបន្ថែមព្រមទាំងបក់រុយដែលព្យាយាម​រោមមុខរបស់គាត់ ហើយបន្តថា ចូល​ដល់​វ័យ​ក្រមុំគាត់តែងរំលឹកក្បាច់គុននេះជារឿយៗ​គួប​ផ្សំ​នឹង​ជា​កូនកសិករស្រុកស្រែចំការដែល​មានការ​ងារ​ធ្ងន់ៗផងនោះ គាត់មាន​សាច់ដុំ​មាំ​មួនអាច​ទប់​ទល់ជាមួយកម្លោះៗក្នុងភូមិដែល​ចង់​សាក​ក្បាច់​គុនជាមួយគាត់ម្តង៣នាក់ក៏បានដែរ។ ប៉ុន្ត​ដោយគាត់ជាកូនស្តាប់ការទូន្មានឪពុក​ម្តាយ ក៏​ព្រមយកប្តី និងបានកូនប្រុសស្រី៦នាក់។ ក្រោយ​ពីឪពុកម្តាយស្លាប់ចោលអស់​ ចូលដល់​សម័យ​ប៉ុល ពត កូនៗគាត់៤នាក់ត្រូវបាន​ខ្មែរ​ក្រហម​យកទៅសម្លាប់ចោលអស់ ដោយចោទ​ថា ក្បត់​អង្គ​ការ។ បន្ទាប់ពី​ប្រទេសជាតិបាន​រំដោះ​​គាត់​សល់​កូនស្រី២នាក់ ពួកគេសព្វ​ថ្ងៃ​ម្នាក់​មានប្តី ម្នាក់​នៅលីវ។ កូនៗគាត់មិនបានដឹង​ថា គាត់ចេះ​ក្បាច់គុននោះទេ សូម្បីតែតា (ប្តី​គាត់) ក៏មិន​ដឹង​ដែរ ប៉ុន្តែទោះបីគាត់ខំ​លាក់​យ៉ាង​ណាក្តី ក៏ថ្មីៗ​នេះមានអ្នកដឹងហើយ​បាន​ឮ​ដល់​លោក​ប្រធានមន្ទីរវប្បធម៌ ទើបឱ្យ​មាន​ការសម្តែង​ក្បាច់​គុននៅពេលនេះ។ យ៉ាង​ណា​ក៏​ដោយចុះ ក៏​គាត់សូមសារភាពថាបានភ្លេចភ្លាំង​អស់ច្រើន​ហើយ គឺវា​​បាន​បាត់​បង់​ទៅតាមវ័យ។

អ្នក​ស្រី ខាត់ សុនីម អាយុ៣៨ឆ្នាំ ដែលត្រូវ​ជា​កូនលោកយាយ​បាននិយាយថា គាត់​មាន​ប្តី​មាន​កូន៤នាក់​ហើយមិនដែល​បានដឹងថា ម្តាយ​គាត់​ចេះ​ក្បាច់គុនទាល់តែសោះ និងមិនបានដឹង​ថា ​គាត់​​ចេះ​​ក្បាច់គុននេះពីពេលណានោះទេ ទើប​តែថ្ងៃ​នេះ​គាត់បញ្ចេញក្បាច់គុនគួរឱ្យ​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍បំផុត ។
លោក​សុខ ធួក ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈខេត្ត​ ដែលបានឈរមើលការ​សម្តែង​​ក្បាច់គុនដំបងវែង ខ្លី និងក្បាច់គុន​ល្បុក្ក​តោ​​របស់​លោកយាយ សៅ វ៉ុន និយាយថា លោក​​យាយពិតជាចេះក្បាច់គុនល្បុក្កតោយ៉ាង​ប្រាកដមែន ប៉ុន្តែគាត់ក៏ពិតជាភ្លេចខ្លះៗដែរ និង​ម្យ៉ាងដោយគាត់ក៏មានវ័យជរាទៅហើយ តែ​លោកសូមកោតសសើរលោកយាយដែល​បាន​បង្ហាញ​ទេពកោសល្យដ៏ល្អឥតខ្ចោះ​​ឱ្យក្មេងៗ​ស្រករ​ក្រោយបានឃើញ និងមានការភ្ញាក់ផ្អើល  ព្រោះ​សូម្បីតែបុរស​ខ្លះ​មិន​អាចធ្វើបាន។

វិជ្ជាក្បាច់គុនល្បុក្កតោនេះ បុព្វបុរស​យើង​ជំនាន់ដើម​ដែល​ចេះប្រាកដប្រជាគឺខ្លាំងក្លាណាស់ ​អាច​ការពារខ្លួនពីខ្មាំងសត្រូវ ឬសត្វសាហាវ​ដូច​ជា សត្វខ្លាជាដើម មិនឱ្យយាយីបានឡើយ។ ចំពោះ​ប្រវត្តិក្បាច់គុនខ្មែរ​របស់បុព្វបុរសយើង គឺមិនបានដឹងថា មានកំណើតពីពេលណានោះទេ ប៉ុន្តែយើងបានឃើញនៅតាមជញ្ជាំងប្រាសាទ​តាមសសរផ្អោប​នៃប្រាសាទបន្ទាយឆ្មារ​ប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសាទ​ព្រះ​ខ័ន និងប្រាសាទអង្គរវត្តជាដើម ដែលបាន​កសាង​ឡើងនៅចន្លោះសតវត្យទី៩ និងទី១២ គឺ​មានចម្លាក់ក្បាច់គុនយ៉ាងសម្បូរបែប។ លោក​ប្រធានមន្ទីរបានបន្ថែមថា ចំពោះ​ក្បាច់​គុន​ខ្មែរ​ដែលបុព្វបុរសយើងបានបន្សល់ទុកមក​មាន​ដូច​ជា គុនដៃ គុនដំ​បងវែង គុនដំបងខ្លី គុន​ដាវ គុន​លំពែង គុនប្រដាល់ គុនខែល គុនចំបាប់ និង​គុន​ល្បុក្កតានេះជាដើម។

សូមរំលឹកថា ទីលំនៅរបស់លោកយាយ​នៅ​មិនឆ្ងាយពីភូមិក្រាំងលាវប៉ុន្មានទេ ដែល​ជា​ភូមិ​មួយ ត្រូវបានជំនាន់អាណានិគមបារាំង​​ដាក់ងារ​ភូមិនោះថា ជាភូមិតិរច្ឆាន ព្រោះតែ​អ្នក​ភូមិ​បាន​ក្រោកឡើងប្រឆាំងការជិះជាន់របស់​បារាំង ហើយ​បានសម្លាប់ចៅហ្វាយខេត្តបារាំងឈ្មោះ ហ្សកបាដេស  ខណៈពេលដើរទារពន្ឋដារ៕