ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​អ្នក​បញ្ចូលបទ​ភ្លេង​តាមទូរស័ព្ទ​2នាក់​​ចែក​ចាយ​​រូប​ភាពអាស​អាភាស

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​ កាលពីវេលាម៉ោង៤​ និង​៣០​នាទីរសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០១១ លោក​សេង គីមឡាក់ ព្រះរាជអាជ្ញារងអម​សាលា​ដំបូងខេត្ត បានចុះសហការ​ជាមួយនឹង​កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជនខេត្ត បង្រ្កាប​ក្រុម​អ្នកបញ្ចូលរឿងអាសអាភាស​តាម​ទូរ​ស័ព្ទ​នៅ​ចំណតរថយន្តថ្មី

ខេត្ត​ប៉ៃលិន ៖ ​ កាលពីវេលាម៉ោង៤​ និង​៣០​នាទីរសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០១១  លោក​សេង គីមឡាក់ ព្រះរាជអាជ្ញារងអម​សាលា​ដំបូងខេត្ត បានចុះសហការ​ជាមួយនឹង​កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជនខេត្ត បង្រ្កាប​ក្រុម​អ្នកបញ្ចូលរឿងអាសអាភាស​តាម​ទូរ​ស័ព្ទ​នៅ​ចំណតរថយន្តថ្មី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង    សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ​ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ចបាន​រឹប​អូស​កុំព្យូទ័រចំនួន២គ្រឿង និង​​បាន​ឃាត់​ខ្លួន​ជន​២នាក់ បញ្ជូនមកកាន់​ស្នង​ការ​ដ្ឋាននគរបាលខេត្ត​ ដើម្បី​សួរនាំ ។

តាមលោកវរសេនីយ៍ត្រី អេង ភាវ ប្រធាន​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ​ពារអនីតិជនខេត្តមានប្រសាសន៍ឱ្យដឹងថា ជន​ទាំង២នាក់ដែលត្រូវឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ​ឃន សុភ័ក្រ្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន    ​និង​​ម្នាក់​ទៀតឈ្មោះលឹក សំលីន ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់​ប៉ៃលិន ដែលជាម្ចាស់កុំព្យូទ័របញ្ជូលរឿងអាសអាភាសនោះ ។ លោកប្រធានការិយាល័យ​បន្ត​ថា ក្រៅពីនេះយើង​បាន​ឃាត់​​ខ្លួន​សួរ​នាំ៣​នាក់ ទៀត ហើយធ្វើការអប់រំ​ និងអនុ​ញ្ញាត​ឱ្យវិល​ត្រឡប់ទៅផ្ទះវិញ  ។ មុននឹង​មាន​ការ​បង្ក្រាប​អ្នកបញ្ចូលរឿងអាសអាភាសនេះ គឺ​កម្លាំង​បណ្តាញជាអ្នករាយការណ៍មក​ ទើប​លោកស្នង​ការនគរបាលខេត្តចាត់ឱ្យរូបលោកដឹកនាំ​កម្លាំងចុះបង្ក្រាបតែម្តង និងឈានទៅ​ធ្វើនៅ​កន្លែងផ្សេងទៀត ។

ស្រ្តីឈ្មោះសុខ ឃីម អាយុ៥៣ឆ្នាំ ត្រូវជា​ម្តាយ​របស់ឈ្មោះឃន សុភ័ក្រ្ត ដែល​ត្រូវ​​ឃាត់​ខ្លួន​​និយាយថា កូនរបស់គាត់និងគ្រូរបស់​គេ​បាននាំគ្នាដាក់បញ្ចូលបទភ្លេង​តាម​ទូរស័ព្ទ​នៅ​ខាងក្នុងផ្សារក្បែរកន្លែងជាងកាត់សក់ ។ លុះ​ក្រោយ​មកគាត់​បាន​រកជួលកន្លែងថ្មីនៅខាងក្រៅ ឱ្យកូនដាក់​បញ្ចូលបទភ្លេងវិញ តែ មិនទាន់​ទាំង​បាន​ប៉ុន្មានខែ​ផង​ក៏ស្រាប់តែនគរបាលមកចាប់​ខ្លួនពួកគេ​ទាំងពីរនាក់ ។  

លោកជុំ សែនសទ្ធា ព្រះរាជអាជ្ញាអម​សាលា​ដំបូងខេត្តមានប្រសាសន៍ថា ក្នុងប្រតិបត្តិការ​ខាងលើនេះ រូប​លោក​បានចាត់ឱ្យលោកព្រះរាជ​អាជ្ញារង​ គឺលោកសេង គីមឡាក់ ចុះទៅ​សហ​ការជាមួយកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នង​ការ​ដ្ឋាន​ខេត្តចាប់ខ្លួនជនទាំង​២​នាក់ ។​ពួក​គេត្រូវបាន​ចោទប្រកាន់ពីបទចែក​ចាយ​វីដេអូអាសអាភាស និងរូបភាពអាសអាភាស​របស់កុមារ និងសម្រេច​ឃុំខ្លួននៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន​រង់ចាំការវិនិច្ឆ័យទោសជាក្រោយ ៕