*Liverpool បង្ហាញខ្លួនកីឡាករឆាលី អាដាមខ្សែបម្រើអាយុ២៥ឆ្នាំ ក្រោយពីឆ្លងកាត់ការត្រួតពិនិត្យសុខភាព
ខ្សែបម្រើក្លឹប Blackpool អាដាម បានផ្លាស់មកលេងឱ្យក្លឹប Liverpool ក្នុងតម្លៃខ្លួន៨លានផោន រួមទាំងចុះហត្ថលេខាជាមួយក្លឹបថ្មីរយៈពេល៤ឆ្នាំ ។ ក្រោយពីបានឆ្លងផុត ការត្រួតពិនិត្យសុខភាពកីឡាករអាដាម បានបង្ហើបឱ្យដឹងពីអារម្មណ៍នៃសមាសភាពជាកីឡាករថ្មីរបស់ក្លឹប Liverpool ថា «ខ្ញុំមានការពេញចិត្តដែលបានមកលេងឱ្យក្លឹបLiverpool។ Liverpool ជាក្លឹបល្បីសម្បូរទៅដោយយកីឡាករល្បីៗ ខ្ញុំមានភាពត្រេកអរដែលសម្រេចចិត្តចាកចេញពីក្លឹប Blackpool និងសង្ឃឹមថា នឹងទទួលជោគជ័យនៅលើអាជីពបាល់ទាត់របស់ខ្លួន»៕
*កីឡាករ Petr Cech និយាយថា ៖ កុំមើល ពីអាយុតែត្រូវមើលពីទេពកោសល្យរបស់គ្រូបង្វឹកថ្មី
តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ៖ កីឡាករចាំទីរបស់ក្លឹបតោខៀវ Chelsea Petr Cech បានបង្ហាញទំនុកចិត្តយ៉ាងខ្លាំងដល់លោក Villas Boas គ្រូបង្វឹកថ្មីដោយនិយាយថា ៖ យើងគួរតែកុំគិតពីអាយុតែត្រូវមើលពីទេពកោសល្យ និងបទពិសោធន៍ដឹកនាំរបស់គាត់កន្លងមកវិញ ។ កីឡាករចាំទីជើងចាស់រូបនេះបានលើកឧទាហរណ៍ប្រាប់ BBC ថា ប្រសិនបើអ្នកទើបតែមានអាយុ១៦ឆ្នាំ តែអ្នកមានសមត្ថភាពលេងល្អ នោះហើយគឺជាអ្វីដែលយើងត្រូវការ ហើយរឿងនេះក៏ដូចគ្នាដែរសម្រាប់គ្រូបង្វឹកវ័យក្មេង ។ មូលហេតុដែលនាំឱ្យកីឡាករ Petr Cech និយាយបែបនេះ ដោយសារតែកីឡាករមួយចំនួននៅក្នុងក្រុម Chelsea ដែលមានវ័យស្របាលៗគ្នាជាមួយគ្រូបង្វឹកសម្តែងការព្រួយបារម្ភពីការធ្វើទំនាក់ទំនងគ្នារវាងគ្រូបង្វឹក និងកីឡាករ ព្រមទាំងបទពិសោធន៍ក្មេងខ្ចីក្នុងការដឹកនាំក្លឹបផងដែរ ។ គួររំលឹកដែរថា លោក Villa Boas បច្ចុប្បន្នទើបតែមានវ័យ៣៣ឆ្នាំ ។ លោកបានចូលមកដឹកនាំក្លឹប Porto កាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០១០ ។ នៅជាមួយក្លឹប Porto លោកដឹកនាំបានល្អណាស់ គឺជួយឱ្យក្លឹបនេះទទួលបានពានរង្វាន់៤ក្នុង១រដូវកាលគឺពានរង្វាន់ស៊ុបពើរខាប់១, ពានរង្វាន់ព័រទុយហ្គាល់ខាប់១, ពានរង្វាន់ព័រទុយហ្គាល់លីក១ និងពានរង្វាន់ធំយូហ្វាខាប់១។ ស្នាដៃទាំងអស់នេះហើយដែលអាចទាញយកការចាប់អារម្មណ៍ពីម្ចាស់ក្លឹប Chelsea បាន៕
*កីឡាករខាន់ណាវ៉ារ៉ូ ប្រកាសចូលនិវត្តន៍ ព្រោះតែមានអាការរបួសរ៉ាំរៃ
កាលពីថ្ងៃទី១០ កក្កដា កន្លងមក កីឡាករហ្វាប៊ីយ៉ូ ខាន់ណាវ៉ារ៉ូ ខ្សែការពារអាយុ៣៧ឆ្នាំ របស់ក្លឹប Real Madrid បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ព្រោះតែមានអាការរបួសជង្គង់រ៉ាំរៃ។ កីឡាករខ្សែការពារខាងលើបានបញ្ជាក់ថា «ឆ្អឹងរបស់ខ្ញុំមានសភាពទ្រុឌទ្រោម និងទោះបី ជាខិតខំអនុវត្តន៍តាមវេជ្ជបញ្ជារបស់គ្រូពេទ្យក្នុងការព្យាបាលរបួសក្នុងអំឡុងពេលឈប់សម្រាកក្នុងថ្ងៃវិស្សមកាលបាល់ទាត់ទៅដើរកម្សាន្តនៅក្រុងម៉ៃអាមី សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែខ្ញុំបែរជានៅមានអារម្មណ៍ថា អាការរបួួសនៅមានសភាពឈឺចាប់ និងយល់ច្បាស់ថា មិនអាចលេងបន្តទៀតបាន ទើបសម្រេចចូលនិវត្តន៍ ៕
*កីឡាករគ្រីស ស្មលលីង ខ្សែការពារវ័យក្មេងបន្តកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លឹប Man Utd
កីឡាករស្មលលីង បានផ្លាស់ចេញពីក្លឹបFulham ទៅលេងឱ្យក្លឹប Man Utd កាលពីរដូវកាលមុន នឹងក្លាយជាជម្រើសសម្រាប់ស្នងបន្តពីកីឡាកររីយ៉ូ ហ្វើឌីណង់ ដោយកាលពីរដូវកាលមុនចូលលេងឱ្យក្លឹប Man Utd បានចំនួន៣៣លើក ហើយបច្ចុប្បន្នបានទទួលកិច្ចសន្យាថ្មី ។ ចំណែកលោកអាឡិច ហ្វើគូសុន បានបង្ហាញភាពត្រេកអរដល់កីឡាករស្មលលីង ដែលបានបន្តកិច្ចសន្យាថ្មី រួមទាំងកោតសរសើរដល់កីឡាករខាងលើថា «កីឡាករគ្រីសស្មលលីង មានលក្ខណៈការលេងល្អចាប់តាំងពីផ្លាស់ចេញពី Fulham ។ គេជាខ្សែការពារវ័យក្មេងដ៏លេចធ្លោ និងរយៈពេលនៃការបន្តកិច្ចសន្យាថ្មីនេះ ធ្វើឱ្យសាមីខ្លួនលេងឱ្យក្លឹប Man Utd រហូតដល់ឆ្នាំ២០១៦ ៕
*កីឡាករចន ផ្លាណាហ្គេន ខ្សែការពារអនាគតវែងឆ្ងាយចុះហត្ថលេខារយៈពេល៤ឆ្នាំ
កីឡាករចន ផ្លាណាហ្គេន ខ្សែការពារក្លឹប Liverpool បានសម្រេចចិត្តផ្ញើអនាគតក្នុងទឹកដីអេនហ្វីល ដោយបន្តកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំ។ ចំណែកលោកដាមៀន កូម៉ុលលី នាយកបាល់ទាត់របស់ក្លឹប Liverpool មានភាពត្រេកអរដែលកីឡាករផ្លាណាហ្គេន សម្រេចចិត្តផ្ញើអនាគតជាមួយក្លឹប ដោយលោកបានបញ្ជាក់ដូច្នេះថា «កីឡាករផ្លាណាហ្គេន មានកិច្ចសន្យា ចាស់រយៈពេលយូរ ប៉ុន្តែយើងមានអារម្មណ៍ថា ការបន្តកិច្ចសន្យាថ្មីជារឿងដែលត្រូវអនុវត្ត ដើម្បីផ្តល់រង្វាន់ពីលទ្ធផលនៃការប្រកួតរបស់គេ យើងត្រូវរង់ចាំមើលពីការវិវឌ្ឍន៍របស់គេតើមានលទ្ធផលបែបណាទៅថ្ងៃអនាគត ៕
*កីឡាករហេលម៉េស ប្រកាសថា នឹងពិសោធសមត្ថភាពរបស់ខ្លួននៅក្នុងក្លឹប Wolfsburg បន្ត
កីឡាករប៉ាទ្រិក ហេលម៉េស ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ក្លឹប Wolfsburg ក្នុងក្របខណ្ឌ Bundesligaប្រកាសថា នឹងតស៊ូប្រជែងយកតំណែងកីឡាករជម្រើសដំបូងនៅក្នុងក្លឹបបន្ត ទោះបីជាទើបផ្លាស់មកពីក្លឹប Lewerkusen ក៏ដោយ ។ កីឡាករហេលម៉េស បានផ្លាស់ចេញពីក្លឹប Lewer kusen ក្នុងតម្លៃខ្លួន៤,៥លានផោន ក្នុងអំឡុងខែមករា កន្លងមក ប៉ុន្តែរំពឹងថា គេនឹងក្លាយជាកីឡាករបម្រុងនៅរដូវកាលថ្មី២០១១-២០១២។ សាមីខ្លួនបានបន្តថា «ខ្ញុំមានជំនឿចិត្តថា អ្នកដឹកនាំក្លឹបពិតជាដឹងថា ខ្ញុំជាមនុស្សមានការហាត់សមដ៏ខ្លាំងក្លា មិនរាថយ និងមិនចាកចេញពីក្លឹប ព្រោះបច្ចុប្បន្ននៅសល់កិច្ចសន្យារយៈពេល៣ឆ្នាំ ដោយរំពឹងថា នឹងក្លាយជាកីឡាករជម្រើសដំបូងរបស់ក្លឹបនៅពេលអនាគត ៕
ចែករំលែកព័តមាននេះ