ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសូត​បាន​៨ថ្ងៃ​ម្តាយ​ស្លា.ប់​ ក្រោយ​មក​ឪពុក​ស្លា.ប់ទៀត កូនប្រុស​ភ្លោះ​កំព្រា​ពីរនាក់​បង​ប្អូន​ផ្ញើ​ខ្លួន​រំពឹង​លើ​ជីដូន​ក្នុង​វត្ត

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ កុមារា​ជាកូន​ភ្លោះ​២​នាក់​បងប្អូន​ មិន​ត្រឹម​តែ​កើត​មក​អភ័ព្វ​កំព្រា​ឪពុក​ម្តាយ​ស្លា.ប់​ចោល​នោះ​ទេ សូម្បី​តែ​ខ្លួន​គេ​ទាំង​២​នាក់​បងប្អូន​ក៏​រស់​ទាំង​ពិបាក​វេទនា ​​ខណៈ​ពេល​ដែល​ព្រហ្ម​លិខិត​បាន​កំណត់​ឱ្យ​ពួក​គេ​កើត​មក​ជា​កូន​ភ្លោះ​​ហើយ ​ចាប់​កំណើត​ក្នុង​គ្រួសារ​​អ្នក​​ក្រខ្សត់​ទៀត​ ។ បន្ថែម​ពីលើ​​នេះ​​ថែម​ទាំង​មាន​កាយ​សម្បទា​ពិការ​ស្វិត​ដៃ​ជើង​មិន​អាច​ កំរើក​ឬ​ដើរ​បាន​ និង​ប្រើ​តែ​គូទ​កិល​ជំនួស​ជើង​ប៉ុណ្ណោះ​ សូម្បី​តែ​ហូប​បាយ​ក៏​ត្រូវ​មាន​អ្នក​បញ្ចុក

ខេត្ត​ស្ទឹង​ត្រែង ៖ កុមារា​ជាកូន​ភ្លោះ​២​នាក់​បងប្អូន​ មិន​ត្រឹម​តែ​កើត​មក​អភ័ព្វ​កំព្រា​ឪពុក​ម្តាយ​ស្លាប់​ចោល​នោះ​ទេ សូម្បី​តែ​ខ្លួន​គេ​ទាំង​២​នាក់​បងប្អូន​ក៏​រស់​ទាំង​ពិបាក​វេទនា ​​ខណៈ​ពេល​ដែល​ព្រហ្ម​លិខិត​បាន​កំណត់​ឱ្យ​ពួក​គេ​កើត​មក​ជា​កូន​ភ្លោះ​​ហើយ​ចាប់​កំណើត​ក្នុង​គ្រួសារ​​អ្នក​​ក្រខ្សត់​ទៀត​ ។ បន្ថែម​ពីលើ​​នេះ​​ថែម​ទាំង​មាន​កាយ​សម្បទា​ពិការ​ស្វិត​ដៃ​ជើង​មិន​អាច​កំរើក​ឬ​ដើរ​បាន​ និង​ប្រើ​តែ​គូទ​កិល​ជំនួស​ជើង​ប៉ុណ្ណោះ​ សូម្បី​តែ​ហូប​បាយ​ក៏​ត្រូវ​មាន​អ្នក​បញ្ចុក​ទើប​អាច​ទទួល​ទាន​បាន ដែល​​មកដល់​ពេល​នេះ​ពួក​គេ​មាន​អាយុ​១៤​ឆ្នាំ​ហើយ ។

ទោះបី​ជាយ៉ាង​ណា​ ក៏ជីវិត​​​របស់​កូន​ប្រុស​ភ្លោះ​ទាំង​ពីរ​នាក់​បងប្អូន​នេះ​នៅ​តែ​ខំ​តស៊ូ​រស់​រាន​មាន​ជីវិតតាំង​ពី​កើត​ចេញ​ពី​​ផ្ទៃ​ម្តាយ​មក ​តែ​អភ័ព្វ​មិន​បាន​ឃើញ​មុខ​ឪពុក​ម្តាយ​នោះ​ទេ​ព្រោះ​តែ​ពេល​ប្រសូត​ពួក​គេ​បាន​៨​ថ្ងៃ​ក្រោយ​​មក​ម្តាយ​ក៏​លា​ចាក​លោកទៅ​​  រីឯ​ឪពុក​ជា​យោធាននៅ​​ព្រំ​ដែន​ក៏បាន​ស្លាប់​នៅ​ឆ្នាំ​២០០៦​ ដោយ​រោគ​គ្រុន​ចាញ់​​ខណៈ​​ពួក​គេ​មាន​អាយុ​១០​ឆ្នាំ​ ។ ពេល​នេះ​កូន​ភ្លោះ​កំព្រា​ពិការ​ទាំង​ពីរ​នាក់​នេះ ​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ជីដូន​ដែល​សមាទាន​សីល​ក្នុង​វត្ត​ ។ លោក​យាយ​ទូ គីម​ឡេង អាយុ​៧៩​ឆ្នាំ​ ជាជី​ដូន​​ខាង​ឪពុក​របស់កូន​ប្រុស​ភ្លោះ​ពិការ​ស្វិត​ដៃ​ជើង​ទាំង​ពីរ​នាក់​ បាន​មក​រស់​នៅ​សុំ​សីល​សំណាក់​ធម៌​​ក្នុង​វត្ត​ភ្នំ​ស្ទឹង​ត្រែង​ ស្ថិត​ក្នុង​ភូមិ​រាជា​នុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ មាន​​រយៈ​ពេល​ជាង​១៦​ឆ្នាំមកហើយ។​ លោកយាយ​បាន​រៀប​រាប់​ប្រាប់​ដោយ​ទឹក​មុខ​ស្រពោន​ថា កូន​ប្រុស​​របស់​គាត់​ដែល​ជា​ឪពុក​របស់​ចៅ​កំព្រា​ទាំង​២​នាក់​នេះ​ឈ្មោះ​ដួង យូ ជាយោធា ហើយ​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​ជំងឺ​គ្រុន​ចាញ់​ រីម្តាយ​របស់ពួក​គេ​ឈ្មោះ​ច្រឹប បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ក្រោយពី​ការ​វះកាត់​បង្កើត​ពួក​គេ​ទាំង​ពីរ​នាក់​បាន​រយៈ​ពេល​៨​ថ្ងៃ​ ។

លោក​យាយ​លើក​ដៃ​​ឆ្វេង​ទៅ​អង្អែល​ក្បាល​ចៅ​ប្រុស​អភ័ព្វ​របស់​គាត់​ទាំងពីរ​នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ ហើយ​​រៀប​រាប់​ប្រាប់​ថា​ ចៅ​ប្រុស​ដ៏​កំសត់​ដែល​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ពេល​តែ​មួយ​ជាកូន​ភ្លោះ​នេះ​គឺ​ឈ្មោះ​ដួង​ ហួ (រូប​ខាង​ឆ្វេង​)​និង​ដួង ហៃ (រូប​ខាង​ស្តាំ​)​ដែល​ជា​ចៅ​ភ្លោះ​ពិការ​ស្វិត​ដៃ​ជើង​តាំង​ពី​កំណើត​ ព្រមទាំង​មិន​ស្គាល់​មុខ​ឪពុកម្តាយ​​តាំង​ពី​កើត​មក​ ។ លោក​យាយ​បាន​រៀប​រាប់​បន្ត​​ទៀត​ថា គាត់​មាន​កូន​ចំនួន​១០​នាក់​ ដោយ​រាប់​ទាំង​ឪពុក​របស់​កូន​ភ្លោះ​ទាំង​២នាក់​នេះផង​ ក្នុង​នោះ​មាន​ប្រុស​៥​នាក់ ស្រី​៥​នាក់ ហើយ​ក៏​បាន​ស្លាប់​២​នាក់​ដោយ​សារ​ជំងឺ​និង​កាលពី​ជំនាន់​ប៉ុល​ពត។ ចំណែក​កូន​ៗ​ដែល​នៅ​រស់​ បច្ចុប្បន្ន​​ខ្លះ​ទៅ​ប្រកប​របរ​រកស៊ី​នៅ​ប្រទេស​ឡាវ និង​ខ្លះ​ទៀត​ទៅ​នៅ​ខេត្ត​ផ្សេងៗ​​ហើយ​​សុទ្ធ​តែ​មាន​ជីវភាព​ក្រ​លំបាក​ដូច​គ្នា​ស្ទើរ​តែ​ពឹង​ពាក់​មិន​បាន។​ ឯចៅភ្លោះ​របស់​គាត់​ទាំង​ពីរ​នាក់​នេះ ​ត្រូវ​បាន​គាត់​ចិញ្ចឹម​បីបាច់​ថែ​រក្សា​តាំង​ពីឪពុក​ម្តាយ​ពួក​គេ​ស្លាប់​ចោល​ម៉្លេះ ។ ចំណែក​​ ដួង ហួ និង​ដួង​ហៃ ចាប់​តាំងពី​ធំដឹង​ក្តី​មកគឺ​នៅ​ក្នុង​វត្ត​រហូតនិង​​មិន​បាន​ស្គាល់​សាលា​រៀន​នឹង​គេទេ ដោយ​សារ​ពិការ​ដៃ​ជើងទៅ​​ណា​មក​ណាគឺ​កិល​នឹងគូទ សូម្បី​តែ​ហូប​បាយ​ក៏​គាត់​ជា​អ្នក​បញ្ចុក​​ដែរ កុំ​ថា​ឡើយ​បត់​ដៃ​ជើង ។

លោក​យាយ​បាន​រៀប​រាប់​ទៀត​ថា ទោះ​បី​ជា​ពិបាក​យ៉ាង​ណា​ក៏​គាត់​នៅ​តែ​ពុះ​ពារ​បី​បាច់​​ថែ​រក្សា​ពួក​គេ​ទាំងពី​រ​នាក់​ដែរ ហើយ​សព្វ​ថ្ងៃ​នេះ​គាត់​ក៏​មិន​អាច​ទៅ​រក​កំរៃ​ឯណា​មក​ផ្គត់​ផ្គង់ទេ​​ដោយ​សារ​តែ​គាត់​ជា​អ្នក​សុំសីល ​គឺ​បាន​​តែ​ប្រាក់​ដែល​សប្បុរសជន​មួយ​ចំនួន​ដាក់​ទាន គ្រាន់​យក​មក​ផ្គត់​ផ្គង់​លើ​​ចំណី​អាហារ​របស់​ពួក​គេ​ប្រចាំ​ថ្ងៃ​បាន​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។​ ម្យ៉ាង​វិញ​​ទៀត ​ចំពោះ​ខ្លួនគាត់​​ផ្ទាល់​គឺ​​សុខ​ភាព​មិន​សូវ​មាន​កំលាំង​ ដៃ​ជើង​ក៏​ស្ពឹក​ស្រពន់​ពិបាក​ក្នុង​ការ​ថែទាំ​​ចៅ​ទាំងពីរ​ ហើយ​រាល់​ថ្ងៃ​ដួង​ ហួ​ និង​ដួង ហៃ ឈឺ​ច្រើន​​តែ​​មិន​មាន​លុយ​សំរាប់​ទិញ​ថ្នាំ​លេប​ទេ រី​ឯ​ដៃ​ជើង​ទាំង​ពីរ​របស់​គេក៏​​ចេះ​តែ​ស្វិត​ទៅៗ​ ​។

ជាការ​ពិត​ណាស់​ ភាព​ទារុណ​នៃ​ជីវិតនេះ បើ​យើង​គ្រប់​គ្នា​មិន​ដឹង​មិន​ឮ​វា​ហាក់​ដូច​ជាមាន​​អារម្មណ៍​ធម្មតា​មួយ​ តែ​បើ​បាន​ដឹង​បាន​ឃើញ​ហើយ​នោះ​ពិត​ជា​មានគួរឱ្យ​​អនិច្ចាពន់​​ពេក​ណាស់ តាម​រយៈ​នៃ​ការ​ពិចារណា​ថា ជីវិត​គេ​ជីវិត​​យើង។ តើ​វា​លំបាក​បែបប​ណា​សំរាប់​ជីដូន​ចំណាស់​ម្នាក់​ដែល​មាន​អាយុ​៧៩​ឆ្នាំ​ទៅ​ហើយ សុខ​ភាព​កាន់​តែ​ទ្រុឌ​ទ្រោម​​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែ​មាន​បន្ទុក​ធ្ងន់​គឺ​ថែរក្សា​បីបាច់​ចៅ​ពិការ​២​នាក់​ដែល​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់ ព្រោះ​ថា​មិន​មែន​ត្រឹម​តែ​រក​អាហារ​ចំអែត​ក្រពះ​ដែល​ស្រេក​ឃ្លាន​នោះទេ​ ថែម​ទាំង​ថែទាំ​ប្រៀប​ដូច​ជាកូន​ខ្ចី​ទាំង​ការ​បត់​ដៃ​បត់​ជើង​​ ស្លៀក​ពាក់​ បញ្ចុក​ចំណី​អាហារ​ឡើង​ទៅ ។​ ចំពោះ​ជីវិត​អភ័ព្វ​របស់​កូន​ភ្លោះ​ប្រុស​ពិការ​ទាំង​២​នាក់​នេះ ​តើ​​អនាគត​របស់​ពួក​គេ​នឹង​ទៅ​ជាបែប​ណា​បន្ទាប់​ពី​ជីដូន​របស់​ពួក​គេ​​​អស់​ជីវិត​ទៅ​នោះ ​គឺ​មានតែ​អង្គការ​នានា​ទេ​ដែល​ត្រូវ​ជួយជីវិត​អភ័ព្វ​ទាំង​២​នេះ​ផង ។ កោះ​សន្តិ​ភាព​រំពឹង​ថា អ្នក​ចិត្ត​បុណ្យ​ទាំង​ឡាយ​នឹង​មិន​ធ្មេច​ភ្នែកចំពោះ​ជីវិត​ដែល​សុំ​តែ​រស់​សំរាប់​រង់​ចាំ​ថ្ងៃ​ស្លាប់​ទៅ​វិញ​នោះ​ទេ ដែល​ប្រការ​​នេះ​នឹង​ញ៉ាំង​ឱ្យ​មាន​ការ​ពុះ​​កញ្រ្ជោល​នៃ​ធម៌​សប្បុរស​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​តែង​តែ​ជួយ​យក​អាសាអ្នក​កំសត់​ទុរគត​កន្លង​មក​ ៕