ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (លាស្នេហ៍សេះហោះ) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ផ្កាយ​ភ្លឺ​ដូច​ពេជ្រ​ព្រិច​ៗ​សន្លឹម ដួង​ច័ន្ទ​ញញឹម​កំដរ​លោកា
ចិត្ដ​ខ្ញុំ​អាប់អួរ​ឥត​ន័យ​ខ្លឹមសា អួល​ណែន​ឱ​រ៉ា​សោកា​អំពល់ ។

– ផ្កាយ​ភ្លឺ​ដូច​ពេជ្រ​ព្រិច​ៗ​សន្លឹម                ដួង​ច័ន្ទ​ញញឹម​កំដរ​លោកា
   ចិត្ដ​ខ្ញុំ​អាប់អួរ​ឥត​ន័យ​ខ្លឹមសា               អួល​ណែន​ឱ​រ៉ា​សោកា​អំពល់ ។
– ពាក្យ​“​លា​”​មួយ​ម៉ាត់​កាត់​ទង​បេះដូង       ស្នេហ៍​គ្រា​ដំបូង​ប្រែ​ជួប​កង្វល់
   ស្នេហ៍​អូន​និង​បង​រសាត់់​តាម​ខ្យល់           អ្វី​ដែល​សេសសល់​គឺ​ស្ដាយស្រណោះ​។
– យើង​ស្បថ​ថា​ស្នេហ៍​លុះ​សូន្យ​សង្ខារ         ទោះជា​យ៉ាងណា​រក្សា​រចិត្ដ​ស្មោះ
   ខាន​ជួប​មុខ​អូន​បី​ថ្ងៃ​ប៉ុណ្ណោះ                អូន​ថា​លា​ប្រុស​សាង​ជីវិត​ថ្មី  ។
– អូន​ប្ដូរ​ចិត្ដ​លឿន​ម្ដាយ​តឿន​រៀប​ការ       ព្រោះ​ក្បួន​ហោរា​ថា​ល្អ​ប្រពៃ
   គេ​មានបុណ្យ​សក្ដិ​វីឡា​ឡាន​ថ្លៃ              ថ្ពក់​យកចិត្ដ​ស្រី​ឱ្យ​បែក​ពី​បង​។
– រឿង​សុខ បណ្ឌិត ចិត្ដ​កត់ចំណាំ           “​សែនស្ដាយ​ថ្ពាល់​ស្ដាំ​”​ ផ្ដាំ​ស្នេហ៍​សៅហ្មង
   សុភាពបុរស​មិន​ធ្វើ​ខុសឆ្គង                  បង​ស្គាល់​នួនល្អង​ត្រឹម​ក្លិន​ហត្ថា ។
– ផ្កា​ដុះ​ដី​ក្រុងមាន​ជុង អន្ទាក់                  ផ្កា​ដែល​ជឿជាក់​ថា​គ្មាន​បន្លា
   ក្លាយជា​ពិសពុល​សាហាវ​ឬ​ស្យា                ចិត្ដដាច់​ប្រហារ​ស្នេហ៍​ឱ្យ​ក្សិណក្ស័យ​។
– ក្រោយ​ជួប​គ្រោះកាច​សែន​ខ្លាច​សែន​រាង      ស្នេហ៍​មិន​ទាត់​ទៀង​ប្រែ​តាម​សម័យ
   ស្នេហា​សេះ​ហោះ​ខ្ញុំ​អស់​និស្ស័យ                 លា​ទាំង​អាល័យ​គ្មាន​ថ្ងៃ​ជួប​ទៀត​។

ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com