ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្រធានខ្ញុំ (បទកាកគតិ)

12 ឆ្នាំ មុន

-​ លោកប្រធានខ្ញុំ គោលការណ៍ជាធំ ខ្ញុំសូមខ្លាចហើយ
រឿងខ្ញុំតូចសោះ ដូរដោះឆ្លងឆ្លើយ មិនលើកទោសឡើយ
អាងលើគោលការណ៍។
– ប្រធានធ្វើត្រូវ ទុក្ខសោកខ្ញុំនៅ ក្រៀមក្រំចិន្តា
ខុសពីរបីថ្ងៃ ចង្រៃអស្ចារ្យ ថាខុសគោលការណ៍
លួចម៉ោងការងារ។
– បើឃើញខ្ញុំខុស ចាប់ភ្លាមទៅចុះ នៅក្នុងវេលា
ខ្ញុំក៏មិនខឹង ទទឹងទាមទារ ដល់ហួសច្រើនគ្រា
ទើបនឹកបកក្រោយ។
– គោលការណ៍ធំពិត បើមិនពិនិត្យ ពិតអាចបណ្តោយ
កូនឈ្លោះនឹងមេ លួចជេរមុខក្រោយ ម្យ៉ាងអាចនាំអោយ
បែកបាក់សាមគ្គី។

លោកប្រធានខ្ញុំ
(បទកាកគតិ)

– ដូចពាក្យចាស់ថា     មេថ្កើងសក្តា              មុខមាត់នាទី
 ដ្បិតព្រោះកូនចៅ      ទ្រាំក្តៅវក់វី               មានស៊ីអត់ស៊ី
                            ប្រឹងប្រែងការងារ។
– ហេតុអ្វីមិនយល់    បង្កើតអំពល់                ចងកម្មចងពៀរ
គ្មានក្តីអាណិត        ដល់ចិត្តគ្នីគ្នា                កូនចៅវេទនា
                          លំបាកចិត្តកាយ។
– ចង់ចាប់ចាប់បាន    កុំអោយហួសដាន      នាំមិនសប្បាយ
កូនចៅតវ៉ា              ឡូឡាវែងឆ្ងាយ          រឿងតូចបែកសាយ
                            ក្លាយជារឿងធំ។
– ដប់ម្ភៃនាទី            មិនភ្លេចសំភី              ដូចមិនធំដុំ
ពេលម៉ោងទំនេរ        គ្មានគេមូលផ្តុំ           នាំអោយចិត្តខ្ញុំ
                            ធ្វើមិនតាំងចិត្ត។
– ខ្ញុំសូមផ្តាំថា          បើអាងគោលការណ៍    ត្រឹមត្រូវសុក្រឹត
ចាប់ចុះខុសភ្លាម       ខ្ញុំស្ងៀមស្ងប់ចិត្ត          កែប្រែប្រព្រឹត្ត
                           តាមលោកប្រធាន។
– កុំហួសច្រើនថ្ងៃ     ផ្តើមចិត្តស្រមៃ             អាងលើវិធាន
ចាប់ដាក់កំហុស      សន្តោសផងទាន       សុំចិត្តប្រធាន
                          យល់យោគខ្លះផង ៕
                                                       និពន្ធដោយ លោក លីម ចំរើន