ប្រភពព័ត៌មានផ្លូវការរាយការណ៍កាលពីថ្ងៃទី២ កក្កដា ថា ចំនួនសរុបនៃជនរងគ្រោះដោយសារការបាក់ដីដែលកើតមានកាលពីថ្ងៃព្រឹកថ្ងៃទី១ កក្កដា កន្លងមកនេះ ក្នុងទីក្រុងជីតាហ្គុង ភាគអាគ្នេយ៍បង់ក្លាដែសបានឡើងដល់១៧នាក់ ។
លោករូហ៊ុល អាមីន អ្នកទទួលខុសត្រូវម្នាក់ របស់ពួកអ្នកជួយសង្គ្រោះនិយាយប្រាប់គឺភ្នាក់ងារព័ត៌មានចិនស៊ីហួតាមទូរស័ព្ទពីទីក្រុងជីតាហ្គុង ស្ថិតនៅចម្ងាយប្រមាណជា២៤២គ.ម ភាគអាគ្នេយ៍រដ្ឋធានី ដាក់កា ថា ពួកអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស៥នាក់ទៀតកាលពីយប់ថ្ងៃទី១ មក ព្រឹកថ្ងៃទី២ កក្កដា ធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់១៧នាក់ដោយសារការបាក់ដីនោះ ។
ដីនៅចង្កេះកូនភ្នំមួយបានបាក់សង្កត់លើគេហដ្ឋានតូចៗជាច្រើន ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ប្រទេស ។ លោកអាមីន និយាយថា គេបានរកឃើញមនុស្សម្នាក់នៅរស់រានមានជីវិតពីក្រោមគំនរបាក់បែក ៕
ចែករំលែកព័តមាននេះ