ក្រុងប៉ោយប៉ែត ៖ ត្រីខគ្មានស្លាកសញ្ញា និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវខូចគុណភាពចំនួន៤១កេស ស្មើនឹង១.៥៨៤កំប៉ុង ព្រមទាំងសណ្តែកខៀវបំពងចំនួន៣០គីឡូក្រាម ត្រូវបានមន្ត្រីគយចល័តប្រចាំនៅចំណុចផ្សារកណ្តាល ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត បានឆែកឆេរចាប់បានពីរថយន្តកាមរី២គ្រឿង ដែលដឹក បង្កប់ជាមួយផ្លែឈើនៅថ្ងៃទី២៧ មិថុនា ។
ត្រីខនិងសណ្តែកបំពងទាំងនេះ ត្រូវបានលោកគីវ គឹមផា មន្ត្រីភ្នាក់ងារគយ និងរដ្ឋាករ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធនៃទីស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែត ប្រាប់ថា កម្លាំងរបស់លោកចាប់បានពីរថយន្តកាមរី២គ្រឿង ។ មួយគ្រឿងឆែកឆេរចាប់បាននៅម៉ោង២និង៣០នាទីរសៀល រឹបអូសបានត្រីខចំនួន៥កេស ស្មើនឹង២៤០កំប៉ុង និងសណ្តែកខៀវបំពងខូចគុណភាពចំនួន៣០គីឡូក្រាម និងមួយគ្រឿងទៀតឆែកឆេរចាប់បាននៅវេលាម៉ោង១១យប់ ថ្ងៃដដែល រឹបអូសបានត្រីខចំនួន៣៦កេស ស្មើនឹង១.៣៤៤កំប៉ុង ។
លោកគីវ គឹមផា បន្តថា ការចាប់បានទំនិញទាំងនេះគឺខណៈកម្លាំងរបស់លោកពង្រឹងការត្រួតពិនិត្យទំនិញតាមរថយន្ត ។ ទំនិញទាំងនេះមិនត្រឹមតែគ្មានស្លាកសញ្ញា ឬការវេចខ្ចប់ឱ្យបានត្រឹមត្រូវនោះទេ ថែមទាំងគេវាយដាក់កាលបរិច្ឆេទហួសកំណត់ការប្រើប្រាស់តាមរបៀបក្លែងបន្លំទៀតផង ដូចជាត្រីខទាំងជាង១ពាន់កំប៉ុងនេះជាដើម ។
លោកគីវ គឹមផា បានបន្តទៀតថា ចំពោះម្ចាស់រថយន្តក្រោយពីសួរនាំពួកគេប្រាប់ថា គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេប៉ុណ្ណោះ ហើយមិនព្រមប្រាប់ឈ្មោះម្ចាស់ទំនិញនោះ ឬក៏ដឹកមកពីណានោះដែរ ។ ជាគោលការណ៍សមត្ថកិច្ចបានធ្វើការអប់រំ និងសុំឱ្យពួកគេបញ្ឈប់ការដឹកទំនិញខូចគុណភាពបន្តទៀត ព្រោះវាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្រោយពេលទទួលទាន។ បន្ទាប់មកសមត្ថកិច្ចបានឱ្យពួកគេធ្វើកិច្ចសន្យារួចឱ្យត្រឡប់ទៅវិញជាមួយរថយន្តរៀងខ្លួនៗ។ ឯទំនិញទាំងអស់នោះ ក្រោយធ្វើកំណត់ហេតុរួចក៏ប្រគល់ឱ្យមន្ត្រីកាំកុងត្រូលចាត់ការបន្ត៕
ចែករំលែកព័តមាននេះ