អ្នកវិទ្យាសាស្ត្រប្រទេសគុយបាបានប៉ាន់ប្រមាណថា កម្រិតទឹកសមុទ្រមធ្យមនៅជុំវិញប្រទេសជាប់សមុទ្រការីបៀននឹងកើនឡើងជាង៣០អ៊ិញ នៅចុងសតវត្សនេះ ដោយសារការបម្រែបម្រួលធាតុអាកាសពិភពលោក ។ ទឹកសមុទ្រនឹងកើនឡើង១០,៦អ៊ីញ ឬ២៧សង្ទីម៉ែត្រ នៅឆ្នាំ២០៥០ ហើយនឹងកើនឡើង៣៣,៥អ៊ិញ(៨៥សង្ទីម៉ែត្រ)នៅឆ្នាំ២១០០ នេះបើតាមសម្តីរបស់លោក Abel Centella ប្រធានអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានឧតុនិយមនៃ ប្រទេសកាណាដា។
វាគ្មានការបង្ហាញពីការរៀបចំវិធានការណា មួួយជាមុនសម្រាប់បណ្តាកោះនានានោះឡើយ តែអ្នកឃ្លាំមើលកំរិតទឹកសមុទ្រកំពុងយកចិត្តទុកដាក់បំផុត ។ អ្នកវិទ្យាសាស្ត្រលោកMarcelino Hernan dez បានព្រមានពីតម្រូវនៃការការពារបរិស្ថានដែលអាចសម្រាលផលប៉ះពាល់នៃទឹកសមុទ្រ។
លោកបន្តថា បច្ចុប្បន្នវាជាបញ្ហាបន្ទាន់នៃការការពារ ដើមកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ខ្សាច់ ដែលទាំងអស់នេះជាប្រព័ន្ធអេកូ ដែលជារនាំងធម្មជាតិ ដើម្បីការពារឆ្នេរ គេចផុតពីការប៉ះពាល់នៃបម្រែបម្រួលធាតុអាកាស។ ប្រសិនបើពួកគេខូចឬត្រូវបំផ្លាញ នោះផលលំបាក់គឺរឹតតែធ្ងន់ធ្ងរ។
តាមការស្រាវជ្រាវវិទ្យាសាស្ត្រពិភពលោក បានទាយទុកមុនថា កម្រិតទឹកសមុទ្រនឹងកើនឡើងពី៣០ទៅ ៧៥អុីញ(១៩០សង្ទីម៉ែត្រ)នៅចុងសតវត្សនេះ ដោយសារតែការរលាយទឹកកក (Ice caps និង Glaciers) ។
ប្រទេសចិននិយាយថា កាត់បន្ថយជាតិកាបូនក្នុងបរិយាកាស មន្ត្រីរដ្ឋាភិបាលចិនបានប្រកាសក្នុងអំឡុងកិច្ចប្រជុំអន្តរជាតិរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាពីការផ្តេជ្ញាចំពោះការបម្រែបម្រួលអាកាសធាតុថា ប្រទេសចិននឹងសម្រេចអភិវឌ្ឍសេដ្ឋកិច្ចកាបូនកម្រិតទាប ។
អ្នកតំណាងដែលមកពីបណ្តាអង្គការអន្តរជាតិចំនួន៣០ និង១០តំបន់ រួមទាំងប្រទេសនានា នឹងចូលរួមកិច្ចប្រជុំក្នុងទីក្រុងប៉េកាំងចាប់ពីថ្ងៃពុធ ទី២២ មិថុនា ។ នេះបើតាមសម្តីរបស់នាង Huang Wenhang ដែលជាគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ដែលជាអង្គភាពរៀបចំផែនការសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសចិន។
នាងប្រាប់ក្នុងឱកាសសន្និសីទសារព័ត៌មានថា គណៈប្រតិភូទាំងអស់នឹងផ្តោតពិភាក្សាគ្នាលើវិធានការនយោបាយ ដើម្បីអភិវឌ្ឍកាបូនបៃតងដែលបង្កឱ្យមានបម្រែបម្រួលអាកាសធាតុ និងសមត្ថភាពនៃការកសាង រួមទាំងរបៀបដែលពង្រីកបណ្តាញ មូលនិធិជំនួយនានា។
អ្នកតំណាងមកពីសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី និងប្រទេសស៊ុយអែត នឹងគ្រោងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ។ ជាមួយគ្នានេះ នាង Huang បាន និយាយថាក្រុមបរិស្ថាននិងអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងក្រុមអន្តររដ្ឋាភិបាល ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុក៏បានចូលរួមក្នុងកិច្ចប្រជុំផងដែរ។
ក្រៅពីនេះក៏មានគណៈប្រតិភូដែលមកពីបណ្តាញសារព័ត៌មាន និងក្រុមហ៊ុនចិន ដូចជា BP និងក្រុមហ៊ុនប្រេងចិន Sinopec និង Petro China។
លោក Su Wie ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការបម្រែបម្រួលអាកាសធាតុបាននិយាយថា ពួកគេគ្មានបំណងក្នុងការផ្តល់ភ្លើងសញ្ញាវិជ្ជមាននៃការចូលរួមកិច្ចប្រជុំបន្តស្តីពីបរិយាកាសរបស់អង្គការសហប្រជាជាតិនៅទីក្រុងDurban ទេ។ ប៉ុន្តែយើងចង់ប្រាប់និងផ្ញើជាសារថា ប្រទេសចិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយប្រទេសចិនបានសំរេចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកាបូនកំរិតទាប។
លោកស៊ូ ដែលជាប្រធានចរចាតំណាងប្រទេសចិនកាលពីឆ្នាំមុន ក្នុងកិច្ចប្រជុំអាកាសធាតុ របស់អង្គការសហប្រជាជាតិក្នុងទីក្រុងCancun និយាយថា គណៈប្រតិភូទាំងអស់នឹងពិភាក្សាគ្នាពីយុទ្ធសាស្ត្រដើម្បីកាត់បន្ថយការបញ្ចេញផ្សែងស្របពេលដែលត្រូវអភិវឌ្ឍសេដ្ឋកិច្ច និងពីរបៀប នៃការលើកទឹកចិត្តអភិវឌ្ឍន៍នៃឧស្សាហកម្មថាមពលជាថ្មី ។
គាត់បន្តថា ពួកគេនឹងចែករំលែកពីប្រព័ន្ធប្រកាសអាសន្នដើម្បីអាចស្មានទុកមុនពីការបម្រែបម្រួលអាកាសធាតុ និងព្រឹត្តិការណ៍ធម្មជាតិធ្ងន់ធ្ងរកើតឡើងនានា ៕
ចែករំលែកព័តមាននេះ