ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន្លង់​​ម្រេច​កំពុងពេញ​និយម​​នាំចេញ​​ ការ​ទប់​ស្កាត់​​​របស់​​មេព្រៃ​នៅ​មានកម្រិត

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មេព្រៃតែងបង្ហាញពី​វិធាន​ការក្តៅទៅលើការបង្ក្រាប​រថយន្តដឹកជន្លង់ម្រេច តែ​ជាក់​ស្តែង​​ឃើញ​មានចំណាត់ការតែទៅលើរថ​យន្តដែលដឹកជញ្ជូន​​តូចតាច​ ប៉ុណ្ណោះ​ រីឯរថយន្ត​ធំដឹក​ច្រើនវិញ​មេព្រៃ​​ហាក់​​ដូចជា​មើលមិនឃើញ ​ឡើយ​ ។ គេមានការកត់សម្គាល់ឃើញថា មួយ​រយៈ​​

ខេត្តក្រចេះ ៖ មេព្រៃតែងបង្ហាញពី​វិធាន​ការក្តៅទៅលើការបង្ក្រាប​រថយន្តដឹកជន្លង់ម្រេច តែ​ជាក់​ស្តែង​​ឃើញ​មានចំណាត់ការតែទៅលើរថ​យន្តដែលដឹកជញ្ជូន​​តូចតាច​ប៉ុណ្ណោះ​ រីឯរថយន្ត​ធំដឹក​ច្រើនវិញ​មេព្រៃ​​ហាក់​​ដូចជា​មើលមិនឃើញ ​ឡើយ​ ។ គេមានការកត់សម្គាល់ឃើញថា មួយ​រយៈ​​ពេល​ចុង​ក្រោយនេះ ការកាប់អារច្រៀក​ឈើ​ប្រភេទលេខ១ច្នៃធ្វើជន្លង់ម្រេច​ គឺស្ទើរតែ​វិនាសហិនហោច ឯការដឹកជញ្ជូន​គឺយ៉ាង​សកម្ម​ប្រៀបដូចជាហ្វូងស្រមោចទាំងយប់ទាំង​ថ្ងៃ​ ។

ទន្ទឹមនឹងដំណាំម្រេចនៅតាមបណ្តោយ​ព្រំដែនកម្ពុជា -វៀតណាម ដែលកំពុងតែមាន​សន្ទុះ​គេ​សង្កេតឃើញថា​ ការកាប់​បំផ្លាញអនុ​ផល​​ព្រៃឈើយក​មកអារច្រៀកជា​ជន្លង់ម្រេចក៏ មានសន្ទុះខ្លាំងដែរ ​ក្នុង​នោះមានឈើលេខ១ ​ប្រភេទ​ផ្ចឹក​និងសុក្រំ បាន​​រងការវិនាសយ៉ាងដំណំ​ ក្នុងអំឡុងពេលដ៏ខ្លីនេះ។ សកម្មភាពកាប់បំផ្លាញ​ឈើខុសច្បាប់ និងការដឹកជញ្ជូននេះ បានកើត​មាន​ឡើងដោយ​សារតែការទប់ស្កាត់ហាក់ដូចជា​នៅ​​មានកម្រិត​។ នៅក្នុងសកម្មភាពកាប់និងដឹក​ជញ្ជូន​នេះ គេដឹងថា បើត្រឹមយកទៅផ្គត់ផ្គង់​ដំណាំម្រេច​ក្នុងស្រុកគឺវាហួសពីគ្រប់គ្រាន់ទៅ​ហើយ តែការដឹក​ជញ្ជូន​នេះ​គឺមានឈ្មួញមួយ​ចំនួន​យកទៅ​លក់​បន្ត​នៅស្រុកយួន ។

បើតាមប្រភពព័ត៌មានពីស្រុកស្នួលឱ្យ​ដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា មានរថយន្ត​ធុនធំ​ប្រភេទយីឌុប១គ្រឿងបានបង្ហាញ​ខ្លួនទាំង​កណ្តាលថ្ងៃត្រង់លើកំណាត់ផ្លូវជាតិលេខ៧ នៅ​មុខសាលាបឋមសិក្សាស្រែរនាម ស្ថិតក្នុងឃុំ​ឃ្សឹម ស្រុកស្នួល ដោយមាន​កម្មករ​រាប់​សិប​នាក់ លើក​ជន្លង់ចំនួនរាប់រយដើមដាក់លើរថយន្ត​យក្យមួយគ្រឿងនេះ​ដោយគ្មាន​ឃើញ​មន្ត្រី​ជំនាញ​​​ណា​ទៅ​​សួរនាំឡើយ ។​ តាមប្រភពព័ត៌​មានពីប្រជាពលរដ្ឋនៅចំណុច​ខាងលើបានឱ្យ​ដឹងទៀតថា គេឃើញរថ​យន្ត​ធុនយីឌុប ពណ៌​ខៀវ​តែង​មក​ដឹកជន្លង់ម្រេចស្ទើររាល់ថ្ងៃ​ តែមិន​ឃើញ​មាន​សមត្ថកិច្ចមេព្រៃចេញមុខមកហាម​ឃាត់ទេ គឺបណ្តោយឱ្យដឹកជញ្ជូន​​យ៉ាង​​រលូន​​ ។

ទោះបីជាយ៉ាងណា រថយន្តធុនធំមួយគ្រឿង​នេះក៏ត្រូវបានបង្រ្កាបចាប់ឃាត់ពីសំណាក់មេ ព្រៃឃ្សឹមនៅថ្ងៃដដែលនោះ​បន្ទាប់ពីមានសេចក្តី​រាយការណ៍ទៅខណ្ឌរដ្ឋបាលព្រៃឈើ​ ហើយ​ថ្នាក់​​លើបានបញ្ជាឱ្យមេព្រៃផ្នែក​និង​សង្កាត់ចុះ​ចាប់​​ឃាត់​ភ្លាមៗ និងនាំយកមករក្សាទុកនៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើឃ្សឹម។ គេមិនទាន់​ដឹង​ថា តើ​មាន​​ជន្លង់ចំនួនប៉ុន្មានដើមនៅលើរថយន្ត​យីឌុបនោះ​នៅឡើយទេ តែតាមការប៉ាន់ស្មានជា​ជំហាន​​ដំបូងថាមានចំនួនជិត១ពាន់ដើម ហើយ​ក៏មិន​ទាន់ដឹងថា ជនណាជាម្ចាស់ដែរ ដោយ​គ្រាន់តែ​ដឹងថាដឹកយកទៅលក់នៅស្រុមេមត់ ខេត្តកំពង់​ចាម។

លោក ប្រាក់ សំបូរ នាយផ្នែកស្តីទីរដ្ឋបាល​ព្រៃឈើឆ្លូងបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ មិថុនាថា រថយន្តដឹកជន្លង់ដែលបាន​បង្ក្រាបនេះ គឺយកមករក្សាទុកនៅសង្កាត់រដ្ឋ​បាល​ព្រៃឈើ​ឃ្សឹម ហើយមន្ត្រី​ជំនាញនិងបន្តធ្វើការ​រាប់​ចំនួន​ដើម្បីបង់ផាកពិន័យតាមនីតិវិធីរបស់រដ្ឋបាល​ព្រៃឈើ ៕