ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង២​ក្រុមស្ទើរ​តែបង្ហូរ​ឈាមគ្នានៅ​​កោះពេជ្រ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​ពីរក្រុម​ដែល​ស្ទើរ​តែ​​ផ្ទុះ​​អំពើ​​ហិ.ង្សា​​ដាក់គ្នា​ទៅ​វិញ​ទៅ​មក ​ទៅហើយ ​នៅ​​កោះពេជ្រ​​កាលពីព្រលប់​​ថ្ងៃទី​២១ មិថុនា ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេ​​​បា​សាក់​​ និង​​​នគរ​បាល​​ខណ្ឌ​ចំការមន ​សហការ​ជា​មួយ​ក្រុម​សន្តិសុខ​ការពារ​នៅ​សួនកម្សាន្ត​​​កោះ​​ពេជ្រ​​ចាប់​ឃាត់​ខ្លួន​​បានចំនួន​១៩​នាក់​នាំយក​ទៅញាត់​ទ្រុង​អស់មួយ​យប់​​

រាជ​ធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​ពីរក្រុម​ដែល​ស្ទើរ​តែ​​ផ្ទុះ​​អំពើ​​ហិង្សា​​ដាក់គ្នា​ទៅ​វិញ​ទៅ​មក ​ទៅហើយ ​នៅ​​កោះពេជ្រ​​កាលពីព្រលប់​​ថ្ងៃទី​២១ មិថុនា ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេ​​​បា​សាក់​​ និង​​​នគរ​បាល​​ខណ្ឌ​ចំការមន ​សហការ​ជា​មួយ​ក្រុម​សន្តិសុខ​ការពារ​នៅ​សួនកម្សាន្ត​​​កោះ​​ពេជ្រ​​ចាប់​ឃាត់​ខ្លួន​​បានចំនួន​១៩​នាក់​នាំយក​ទៅញាត់​ទ្រុង​អស់មួយ​យប់​​ ។ ​ក្នុងប្រតិបត្តិ​ការ​ចាប់ប្រមូល​ក្រុម​យុវជន​​ឈាម​រាវ​ទាំងពីរ​​ក្រុម​ដែល​ចង់​កាប់ចាក់គ្នា​នេះ​សមត្ថកិច្ច​​ដកហូត​​ឧបករណ៍​​​ប្រើហិង្សា​​មានអាវុធ​ខ្លី​មួយដើម​​​ និងកាំបិត​​ប៉័ងតោ​​​ ។ លើសពីនេះ​ដក​ហូត​ម៉ូតូ​ស៊េរី​ថ្មីៗ​ចំនួន៧គ្រឿង​​​ និង​រថយន្តកាមរី​ស៊េរី​ឆ្នាំ២០០៨ ​មួយគ្រឿង ​​យកទៅ​កាន់​អធិការ​ដ្ឋាន​​នគរ​បាល​​​ចំការ​មន ។

ជុំវិញ​​ប្រតិបត្តិ​ការ​​បង្ក្រាប​យុវ​ជន​ទាំង​ពីរ​ក្រុម​​នោះ សមត្ថ​កិច្ច​​​​បង្ហើប​​​ជំហាន​ដំបូង​ថា ​គឺ​ទប់​ស្កាត់​​មិនឱ្យ​​ពួក​គេ​ប្រើ​​អំពើ​ហិង្សា​​​ដាក់គ្នា ព្រោះ​ពួកគេ​ទាំង​សង​ខា​​ង​បានត្រៀម​លក្ខណៈ​​​កាប់ចាក់ ឬ​​​​បាញ់​យកស្លាប់រស់​ទៅវិញ​ទៅ​មក ។ ហេតុ​ដូច្នេះ​​ទើប​សមត្ថកិច្ច​​ប្រមូលកម្លាំង​ទៅ​ក្រសោប​​​ទាំង​សង​ខាង​ ហើយ​​យក​ទៅសួរនាំ ។

​បន្ទាប់ពី​សួរ​​នាំ​​គូបក្សដិបក្សរួចមក​ សមត្ថ​កិច្ច​​​​​បង្ហើប​​ព័ត៌​មាន​​ថា រឿង​​ហេតុ​​នោះផ្តើម​ចេញ​​ពីយុវ​​សិស្ស ​សាលា​ឯក​ជន​២​ក្រុម​​ទាស់ពាក្យ​សំដីគ្នា​តិចតួច ​​ហើយចងគំនុំ​គ្នាបង្កើត​ជារឿងធំ​ឡើងៗ។ មុន​ពេលជួបជុំ​គ្នា​នៅ​កោះ​ពេជ្រ ដើម្បី​ជម្រះ​បញ្ជី​នោះ យុវជន​២​ក្រុម​នោះបង្កហិង្សា​ដាក់គ្នា​នៅក្នុង​ភូមិ​សាស្ត្រ​​​ខណ្ឌ​៧មករា ​បណ្តាល​ឱ្យ​​សិស្ស​ម្នាក់​ឈ្មោះ​ហាន ចាន់​បញ្ញា រង​របួស​​ ។ ក្រោយ​ពេល​ឈ្មោះ​ហាន ចាន់បញ្ញា​​​ រងរបួស​​ ហើយនោះគេ​​ទូរស័ព្ទ​ហៅ​​មន្ត្រី​យោធា​ម្នាក់​​​ទៅ​ជួយ ។ ភ្លាមៗ​នោះ​​ក្រុមទំនាស់​ទាំង​សង​ខាង​​ណាត់គ្នា ជិះ​ម៉ូតូ​ និងរថយន្ត​កាមរី ពណ៌ខ្មៅ​​​​ ស៊េរី​ទំនើប ឆ្នាំ​២០០៨ ទៅជម្រះ​បញ្ជីគ្នា​នៅកោះ​ពេជ្រ​ ។ ភាគីម្ខាង​មាន​កាំបិត​ប៉័ងតោ ​និងភាគី​ម្ខាងទៀត​​មានអាវុធ​ខ្លី​មួយដើមត្រៀម​ប្រយុទ្ធ​គ្នា​​ទៅ​ហើយ ប៉ុន្តែ​ដោយ​សារ​​នៅ​​កោះពេជ្រ​​មាន​សន្តិសុខ​​ការពារ​គ្រប់ទីកន្លែង ពេល​ឃើញ​ហេតុ​ការណ៍​បែប​មិន​ស្រួល សន្តិសុខ​ ក៏ទូរស័ព្ទ​​​​ទៅ​សមត្ថកិច្ច​​មូលដ្ឋាន​សហ​ការ​គ្នាទៅ​ឃាត់​ខ្លួនទាំង​សង​ខាង​នាំ​ទៅកាន់​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន​​ និង​ឃុំ​ខ្លួន​អស់​មួយយប់​ ។ លុះ​ព្រឹក​ឡើង​​ទើបចាក់សោ​​ឱ្យ​​​ចេញម្តង​មួយៗ​ទៅ​ឆ្លើយ​បំភ្លឺ ។ ក្រុមសន្តិសុខ​​យាម​​​នៅកោះពេជ្រ​​និយាយ​ថា ​យុវ​ជន​ទាំងពីរ​​ក្រុមនោះ បើសមត្ថ​កិច្ច​​មិន​​ទៅ​ទប់​ស្កាត់​​​​ទាន់​ទេ ​ម្ល៉េះ​ពួកគេ​បង្ហូរ​ឈាមគ្នា​ធ្ងន់ធ្ងរ​​ទៅ​តាម​​កំហឹង​ឈាមរាវ​របស់ពួកគេ​ម្នាក់ៗជា​មិន​ខាន​ ។

ដោយ​ឡែក​ប្រភព​ព័ត៌មាន​មួយទៀត​​​និយាយ​ថា យុវ​ជន​ពីរក្រុមនោះត្រៀម​​បង្ក​ហិង្សា​​ដាក់គ្នា​ទៅវិញ​ទៅ​មក​ ប៉ុន្តែ​ដោយ​សារភាគី​ម្ខាង​ឃើញ​ភាគី​ម្ខាង​​មានអាវុធ​​ខ្លី​ ហើយជិះ​រថយន្ត​ទំនើប​​ទៀត​​ ក៏​រត់​ប្រសាច​ចែក​ផ្លូវ​គ្នា​ អត់បាន​នៅ​តតាំង​គ្នា​ឡើយ ​ហើយ​ត្រូវ​​សមត្ថកិច្ច​​​ចាប់​​​ខ្លួនយក​ទៅសួរនាំ​​ ។ ​សមត្ថកិច្ច​​​​នគរ​បាល​ខណ្ឌ​ចំការ​មន​និយាយថា ​​យុវជន​ទាំង​១៩​នាក់នោះ រួម​ជាមួយ​ឧបករណ៍​​ប្រើ​ហិង្សា​​ ព្រម​ទាំងម៉ូតូ ​និង​រថយន្ត​ដែលពាក់ព័ន្ធ​អាចបញ្ជូន​ទៅ​តុលា​ការ​​ចាត់​ការ​​តាមច្បាប់ ប៉ុន្តែ​សម្រាប់​​អ្នក​មិន​មានពាក់ព័ន្ធ​អ្វីទេ ​គឺ​សមត្ថកិច្ច​​ដោះ​លែង​​ទៅ​វិញ ។​

ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​​បញ្ជាក់​​ថា ​ដោយ​សារ​​តែភាគី​ទំនាស់​​​ទាំងពីរ​​ក្រុម​នោះ​សុទ្ធ​សឹង​ជា​មនុស្សស្គាល់គ្នា ហើយ​ពួកគេ​មិន​ទាន់​ប្រព្រឹត្ត​​អំពើ​ហិង្សា​​ធ្ងន់ធ្ងរ​​ដល់​អាយុ​​ជីវិត​ទេនោះ ​អាណា​ព្យាបាល​របស់ពួកគេ​​ទាំង​សង​ខាងសុំ​​​​សមត្ថកិច្ច​​ចរចាគ្នា​​បញ្ចប់​​រឿង​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌចំការ​មន ។ ចំពោះ​​រឿងនេះ​​នគរបាល​ខណ្ឌ​ចំការ​មន​​បង្ហើប​ឱ្យ​ដឹងថា ​ខាងអយ្យ​ការ​​អ​ម​សាលា​​ដំបូង​​​រាជធានីភ្នំពេញ​​​​ ក៏​បានឯក​ភាព​​តាម​សំណូមពរ​​នោះ​ដែរ ហើយ​ប្រគល់សិទ្ធិ​​ឱ្យ​នគរ​បាល​មូលដ្ឋាន​​ដើរ​តួជា​មន្ត្រី​​នគរ​បាល​យុត្តិធម៌​ ។
ដោយសារ​តែ​​មាន​គម្រោង​​ឱ្យ​ភាគី​ទាំង​សង​​ខាង​ផ្សះ​ផ្សា​គ្នា​ ទើបសមត្ថកិច្ច​​មូលដ្ឋាន​មិន​ប្រាប់​​អំពី​អត្ត​សញ្ញាណ​​ក្រុមយុវជន​​​ទាំង​១៩​​នាក់​នោះ៕