ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ខិត​ខំ​​​ប្រឹង​ប្រែង​​​ដើម្បី​​ឱ្យ​​​មាន​ទី​​ផ្សារ​​ស្រូវ​​ប្រកប​​ដោយ​​​គុណ​ភាព

12 ឆ្នាំ មុន

ឧស្សាហ​កម្ម​​គ្រាប់​ពូជ​ គឺជា​មូល​ដ្ឋាន​គ្រឹះ​​សម្រាប់​ប្រទេស​​​កម្ពុជា ​ក្នុងការ​អភិវឌ្ឍន៍​​ទី​ផ្សារ​ស្រូវ ​​និង​ការ​ផ្គត់​​ផ្គង់​​បន្លែ ​និង​មុខ​ដំណាំ​​ផ្សេងៗ​ទៀត​​ប្រកប​ដោយ​គុណ​ភាព​ ។ បច្ចុ​ប្បន្ន​ ពូជ​ស្រូវ​​៩០​ភាគរយនៅ​ក្នុង​ប្រទេស​ត្រូវ​បាន​កសិ​ករ​រក្សា​ទុក​ដោយ​កសិ​ករ​​ខ្លួន​ឯង​សម្រាប់​​ប្រើ​ប្រាស់​ ហើយ​មាន​តែ១០​ភាគ​​រយ​​​ប៉ុណ្ណោះ​​ ដែលត្រូវ​បាន​គេ​ទិញ​​ពី​ប្រភព​​ផ្សេងៗ

ឧស្សាហ​កម្ម​​គ្រាប់​ពូជ​ គឺជា​មូល​ដ្ឋាន​គ្រឹះ​​សម្រាប់​ប្រទេស​​​កម្ពុជា ​ក្នុងការ​អភិវឌ្ឍន៍​​ទី​ផ្សារ​ស្រូវ ​​និង​ការ​ផ្គត់​​ផ្គង់​​បន្លែ ​និង​មុខ​ដំណាំ​​ផ្សេងៗ​ទៀត​​ប្រកប​ដោយ​គុណ​ភាព​ ។ បច្ចុ​ប្បន្ន​ ពូជ​ស្រូវ​​៩០​ភាគរយនៅ​ក្នុង​ប្រទេស​ត្រូវ​បាន​កសិ​ករ​រក្សា​ទុក​ដោយ​កសិ​ករ​​ខ្លួន​ឯង​សម្រាប់​​ប្រើ​ប្រាស់​ ហើយ​មាន​តែ១០​ភាគ​​រយ​​​ប៉ុណ្ណោះ​​ ដែលត្រូវ​បាន​គេ​ទិញ​​ពី​ប្រភព​​ផ្សេងៗ ។ ​ការផ្លាស់​ប្តូរ​​ទម្លាប់​របស់​​កសិ​ករ​ឱ្យ​ចេះ​​ធ្វើ​ការ​ផ្លាស់​​ប្តូរ​ពូជ​ចាស់​ចេញ​ជំនួស​ដោយ​ពូជ​ថ្មីៗ ​ប្រកប​ដោយ​​​គុណ​ភាព​ អាច​ជួយ​បង្កើន​ទិន្ន​ផល​​ស្រូវ ក៏ដូច​ជា​​អនុ​ញ្ញាត​​ឱ្យ​ប្រទេស​​​កម្ពុជា​​មាន​ទី​ផ្សារ​​អង្ករ​ប្រកប​ដោយ​​គុណភាព ។

​សិក្ខា​សាលា​អំពី​ឧស្សាហ​កម្ម​គ្រាប់​ពូជ​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​​នៅថ្ងៃទី​១១ មីនា ​ឆ្នាំ​​២០១១ ​នៅ​សណ្ឋា​គារ​​កាំបូឌី​យ៉ា​ណា ក្រោម​​អធិបតីភាព​​លោក​សូខន ឫទ្ធី​គុណ អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​កសិ​កម្ម​​របស់​ក្រសួង​​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​ លោក​ស្រី Léa Jenin ​មន្ត្រី​កម្ម​វិធី​ស្បៀង​​អាហារសហ​ភាព​អឺរ៉ុប​ ​លោក​​ស្រ៊ុន ​ដារិទ្ធ ​អគ្គ​នាយក​រង​​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​​កសិ​កម្ម​កម្ពុជា ​និង​​ជា​សមា​ជិក​គណៈ​កម្ម​ការ​​គ្រប់​គ្រង​​កម្មវិធី​ស្បៀង​​អាហារ​សហ​ភាពអឺរ៉ុប​ លោក Tim K.Ekin ​ប្រធាន​គ្រប់​​គ្រង​​កម្ម​វិធី​ស្បៀង​អាហារ​​របស់​សហ​ភាពអឺរ៉ុប ។ គោល​បំណង​​នៃ​សិក្ខា​សាលា​នេះ គឺ​ប្រមូល​​គំនិត​​បន្ថែម​ពី​​អ្នក​ពាក់​ព័ន្ធ និង​ពិនិត្យ​​មើល​ឡើង​វិញ​​ន​ូវ​អនុ​សាសន៍​ដែល​បាន​លើក​ឡើង​ក្នុង​​សិក្ខា​សាលា​​លើក​មុន ដោយ​លោក Brian Hare ទី​ប្រឹក្សា​​​ឧស្សាហ​កម្ម​​គ្រាប់​ពូជ ។ សិក្ខា​​សាលា​នេះ​យក​ចិត្ត​ទុក​ដាក់​​ជា​ចំបង​ទៅ​លើ​អ្នក​ពាក់​ព័ន្ធ​​នៅ​ក្នុង​ឧស្សាហ​កម្ម​​គ្រាប់​ពូជ​​ អង្គការ​​ជា​អ្នក​ផ្តល់​​ជំនួយ​ ទី​ភ្នាក់ងារ​​អភិ​វឌ្ឍន៍​​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផ្នែក​​ជា​អាទិ​ភាព​​ដែល​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍​​ជា​បន្ត​​ទៅ​ទៀត ។

​សិក្ខា​​សាលា​​បាន​ពិភាក្សា​​ទៅ​លើ​​ការ​អភិ​វឌ្ឍន៍​​​ពូជ​ស្រូវ ​ផលិត​កម្ម ​និង​ទី​ផ្សារ​​ស្រូវ​ពូជ​​ ការ​អភិ​វឌ្ឍន៍​​ពូជ​បន្លែ​ និងការ​បណ្តុះ​បណ្តាល​​ ព្រម​ទាំង​យន្ត​ការ​សម្រប​សម្រួល​ឧស្សាហ​កម្ម​​គ្រាប់​ពូជ ។ ​លទ្ធ​ផល​សំខាន់​ដែល​​ទទួល​បាន​​ពី​អង្គ​សិក្ខា​សាលា​​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​កង្វះ​​ខាត​ផ្នែក​ថវិកា និង​ធន​ធាន​មនុស្ស​​ ព្រម​ទាំង​​កង្វះ​ខាត​នូវ​មធ្យោ​​បាយ​គាំទ្រ​​ដល់​ផលិត​កម្ម​ និង​ការ​​ធានា​គុណ​ភាព​ក្នុង​ការ​អភិវឌ្ឍន៍​​ពូជ​ថ្មីៗ ​។ អ្នក​ផលិត​​មិន​ទាន់​​យល់​ច្បាស់​ពី​​តម្រូវ​កា​រ​ទី​ផ្សារ​​ស្រូវ ហើយ​ជា​ទូទៅ​ការ​ផលិត​ដោយ​​ប្រើ​ប្រាស់​ពូជ​ចម្រុះ​​ផ្សេងៗ​គ្នា ។ ​ផលិត​កម្ម​ពូជ​បន្លែ​​នៅ​ក្នុង​ស្រុក​​មាន​បរិ​មាណ​កំណត់​ ហើយ​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​ពូជ​​នាំចូល ។ ​​ប្រព័ន្ធ​ត្រួត​ពិនិត្យ​​សម្រាប់​ពូជ​​នាំចូល​មិន​ទាន់​​មាន​ភាពច្បាស់​លាស់​​នៅ​ឡើយ រួម​ទាំង​បែប​បទ​​នៃ​ការ​ទទួល​ស្គាល់​ ។ យន្តការសម្រប​សម្រួល​​ឧស្សា​ហ​កម្ម​ពូជ​​គួរត្រូវបាន​​គេ​បង្កើត​​ឡើង​ ហើយ​មាន​ដំណើរ​​ការ​​ដើម្បីគាំទ្រ​​ដល់​​​ផ្នែក​កសិ​កម្ម និង​​គោល​នយោ​បាយ​​សំខាន់ៗ ។

​សិក្ខា​​សាលា​នេះ​ ក៏​បាន​ផ្តល់​​អនុ​សាសន៍​​លើ​តម្រូវ​ការ​វិនិ​យោគ​​ឱ្យ​បាន​កាន់​តែ​ច្រើន​​ទៅលើ​កម្ម​វិធី​អភិ​វឌ្ឍន៍​ពូជ​ស្រូវមាន​លក្ខណៈ​ពាណិជ្ជ​កម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ឧស្សា​ហ​កម្ម​ពូជ​​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំងពេល​បច្ចុ​ប្បន្ន ​​និង​នា​ពេល​អនាគត ។ ​ការ​បន្ថែម​ថវិកា​​ដល់ CARDI ឬ​ការ​ផ្តល់​​ទុន​រួម​គ្នា​​រវាង​ស្ថាប័ន​​សាធា​រណៈ​ជា​មួយ​នឹង​​អ្នក​វិនិ​យោគ​ឯក​ជន ​​អាច​ជា​ជំរើស​​ដ៏​ល្អ ។ CARDI ​ដើរ​​តួ​នាទីសំខាន់​​នៅ​ក្នុង​ការ​អភិ​វឌ្ឍន៍​​ និង​ថែរក្សា​​ពូជ​បង្កាត់​​ និង​ពូជ​គ្រឹះ​​ដែល​បាន​បញ្ចេញ​ឱ្យ​​ប្រើ​ប្រាស់ ។ ​ក្រុម​ហ៊ុន​​អេគីប​​សីុដ ដែល​ជា​អ្នក​​ផលិត​ពូជ​​ជា​លក្ខណៈ​​ពាណិជ្ជ​កម្ម​ធំ​មួយ​ គួរ​ត្រូវ​បាន​គេ​គាំទ្រ​ ដើម្បី​​ពង្រីក​ផលិត​កម្ម​ពូជ​​គ្រឹះ ​និង​ពូជ​ពាណិជ្ជ​កម្ម​​ ដើម្បី​ផ្តល់​​សេវា​ឱ្យ​កាន់តែ​ប្រសើរ​​ជា​ង​មុន​នូវ​តម្រូវ​កា​រ​កាន់​តែ​​កើន​ឡើង​នូវពូជ​​ស្រូវដែល​មាន​គុណ​ភាព​ខ្ពស់ ។

​ពូជ​ស្រូវ​​ដែល​មាន​លក្ខណៈ​​ជា​ពូជ​ស្រូវ​ពាណិជ្ជ​កម្ម​​ ត្រូវ​មាន​ប​ង្គំ​​លក្ខណៈ​​ពេញ​លេញ​​ដែល​ឆ្លើយ​​តប​ទៅនឹង​តម្រូវ​ការ​របស់​អ្នក​ផលិត​​ និង​​អ្នក​យក​វា​​ទៅធ្វើ​បន្ត ។ ពូជ​​ថ្មីៗ​​ត្រូវ​ឆ្លើយ​​តប​ទៅ​នឹង​តម្រូវ​ការ​​របស់​កសិ​ករ​ អ្នក​ជំនួញ​​ ម្ចាស់​រោង​​ម៉ាស៊ីន​​កិន​ស្រូវ ​និង​អ្នក​នាំ​​ចេញ។ ​នេះ​​បើ​តាម​​ប្រសាសន៍​របស់​លោក Brian Hare ទី​ប្រឹក្សា​​អភិ​វឌ្ឍន៍​​ឧស្សាហ​កម្ម​គ្រាប់​​ពូជ​របស់​​កម្ម​វិធី​​ស្បៀង​អាហារ​រ​បស់​សហ​ភាពអឺរ៉ុប ។ ​កម្ម​វិធី​ស្បៀង​អាហារ​​សហ​ភាពអឺរ៉ុប​​​បាន​ទិញ​គ្រាប់​ពូជ​ប្រកប​ដោយ​​គុណ​ភាព​ពី​ក្រុម​ហ៊ុន​​អេគីប​ស៊ីដ ​ហើយ​បាន​ចែក​ចាយ​ទៅ​ដល់​​កសិ​ករ​​ជាង​៤៨.០០០​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​៩ ។

គុណ​ភាព​ពូជ​ស្រូវ​ផលិត​ចេញ​ពី​ក្រុម​ហ៊ុន​នេះ ​មាន​គុណ​ភាពខ្ពស់ (៩៨​ភាគរយ​សុទ្ធ​ក្នុង​សំណើម​​អតិ​បរមា​​១៣​ភាគរយ) ។ ​ការបញ្ជាក់​គុណ​ភាព​ពូជ​ ត្រូវ​តែ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​​ទៅតាម​​តម្រូវ​ការ​​រ​បស់​ទី​ផ្សារ​ ហើយ​ត្រូវ​លើក​ទឹក​ចិត្ត​​ឱ្យ​មាន​​​​ការ​ចូល​​រួម​​ពីវិស័យ​​​ឯក​ជន​ក្នុង​​ការអភិ​​វឌ្ឍន៍​​​ឧស្សាហ​កម្ម​ពូជ​ នេះ​​បើ​តាម​​​ប្រសាសន៍​រ​បស់​​លោក Tim K.Ekin ​ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​​ស្បៀង​អាហារ​សហ​ភាព​អឺរ៉ុប ៕

អត្ថ​បទ​ប​ព្រឹត្ត​បត្រ​លេខ​០៣ ខែឧសភា ​ឆ្នាំ​២០១១ ​កម្ម​វិធី​​ស្បៀង​អាហារ​​រ​បស់​សហ​ភាព​អឺរ៉ុប​