ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​កសិ​កម្ម​​​ជួយ​ភ្ជួរ​​ដាស់​ដី​​​ពល​រដ្ឋ​​២០​​គ្រួសារ​​នៅតាម​​មូល​ដ្ឋាន​

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កា​ល​ពី​ថ្ងៃ​ទី​៩ មិថុនា ​កន្លង​ទៅ​នេះ ​មន្ត្រី​មន្ទីរ​កសិ​កម្ម​​ខេត្ត​​ដឹក​នាំដោយ​លោក​អនុ​​ប្រធាន​មន្ទីរ​សាម​ មុនី​រង្សី ​រួម​ដំណើរ​​ដោយ​​លោក​មេភូមិ មេ​ឃុំ ​បាន​ចុះ​ទៅ​ជួយ​​ភ្ជួរ​ដាស់​ដី​ស្រែ​ជួន​ប្រជា​​កសិ​ករ​ចំនួន​២០​គ្រួសារ ​នៅ​​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​។ ការ​ចុះ​ជួយ​ភ្ជួរ​ដាស់​ដី​នេះបាន​សម្រេច​លើ​ផ្ទៃ​ដី​ចំនួន​១៥​ហិកតា ​

ខេត្តស្ទឹងត្រែង ៖ កា​ល​ពី​ថ្ងៃ​ទី​៩ មិថុនា ​កន្លង​ទៅ​នេះ ​មន្ត្រី​មន្ទីរ​កសិ​កម្ម​​ខេត្ត​​ដឹក​នាំដោយ​លោក​អនុ​​ប្រធាន​មន្ទីរ​សាម​ មុនី​រង្សី ​រួម​ដំណើរ​​ដោយ​​លោក​មេភូមិ មេ​ឃុំ ​បាន​ចុះ​ទៅ​ជួយ​​ភ្ជួរ​ដាស់​ដី​ស្រែ​ជួន​ប្រជា​​កសិ​ករ​ចំនួន​២០​គ្រួសារ ​នៅ​​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​។ ការ​ចុះ​ជួយ​ភ្ជួរ​ដាស់​ដី​នេះបាន​សម្រេច​លើ​ផ្ទៃ​ដី​ចំនួន​១៥​ហិកតា ​ដោយ​ប្រើ​ប្រាស់​​គោ​យន្ត​ចំនួន​១៥​គ្រឿង​ និង​ប្រេង​ម៉ាស៊ូត​២០០​លីត្រ ​។ ជា​មួយ​នេះ ​​ក៏​​បាន​ផ្តល់​​​​ពូជ​បន្លែ​ចំនួន​៣​មុខ ដែល​មាន​​៣៥០​កំប៉ុង ​ជូន​ដល់​ប្រជា​កសិ​ករ​ទាំង​២០​គ្រួសារ​ផង​ដែរ ។ ​

លោក​សាម មុនី​រង្សី ​បាន​ថ្លែង​ថា ​រដូវ​វស្សា​​ឈាន​មក​ដល់​ហើយ​ដូច្នេះ​​ប្រជា​កសិ​ករ​យើង​​គប្បី​ចុះ​ភ្ជួរ​រាស់​ សាបព្រោះ ​ឱ្យ​ទាន់​ពេល​វេលា​ ហើយ​​ការភ្ជួរ​ដាស់​ដី​ស្រែ​បាន​​ច្រើន​ដង គឺ​ជា​កត្តា​​សំខាន់​ក្នុង​ការ​រៀប​ចំ​ឱ្យដី​ស្មើ​ល្អ ដីធូរ កម្ចាត់​​ស្មៅ​ដើម្បី​ឱ្យ​ដំណាំ​ស្រូវ​ដុះ​លូត​លាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់ ។ លោក​បាន​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ស្ទឹង​ត្រែង ការ​បង្ក​បង្កើ​ន​កសិ​កម្ម​គិត​ត្រឹម​​​ថ្ងៃ​ទី​៧ ​មិថុនា ​​​ផ្ទៃ​ដី​​ភ្ជួរ​ដាស់​បាន​ចំនួន​២.៩៣៧​ហិកតា សាប​បាន​១៦២​ហិកតា បុក​ដាំ​ស្រូវ​​ចម្ការ​បាន​ចំនួន​២.១៦៥​ហិកតា លើ​ផែន​ការ​ប្រចាំ​ឆ្នាំ​២៥.០០០​ហិកតា ​។ ចំពោះ​បញ្ហា​​បច្ចេក​ទេស​​​ប្រពល​វប្ប​កម្ម​​ ឃុំ​ស្រែ​ក្រសាំង ​ត្រៀម​អនុ​វត្ត​​បង្ហាញ​ចំនួន​២០​កន្លែង កសិ​ករ​ចូលរួមចំនួន​២០​គ្រួសារ​លើ​ផ្ទៃ​ដី​ចំនួន​២​ហិកតា ។ ​ចំពោះ​ការ​ដាំដុះ​ដំណាំ​កសិ-ឧស្សាហ​កម្ម​ដូច​ជា​ដំឡូង​មី និង​ដាំណាំ​​កៅស៊ូ​​ជា​លក្ខណៈ​​គ្រួសារ​ ការ​ចិញ្ចឹម​​សត្វ​ពាហនៈ​ មាន​សន្ទុះ​កើន​ឡើង​​គួរ​ឱ្យ​កត់​សម្គាល់​​ ក្នុង​នោះ​គោ​មាន​ចំនួន​២៦.០០០​​ក្បាល ក្របី​៣៥.០០០​ក្បាល ជ្រូក​ចំនួន​៣៧.៩៧២​ក្បាល ។

​ក្រោយ​ពី​បញ្ចប់​​ការ​ភ្ជួរ​​ដាស់​ដី​រួច​មក​លោក​អនុ​ប្រធាន​មន្ទីរ​បាន​ផ្តល់​​យោបល់​ដល់​ប្រជាកសិ​ករ​ក្នុង​ការ​អនុ​វត្ត​ប្រពល​វប្ប​កម្ម​​ដំណាំ​​ស្រូវ​តាម​គោល​​ការណ៍​ធម្ម​ជាតិ ដោយ​ចាប់​ផ្តើម​​ពី​ការ​​ជ្រើស​រើស​​ប្តូរ​ពូជ​​ពី​ពូជ​មិន​សុទ្ធ​​មក​ពូជ​សុទ្ធ​ល្អ​ប្រកប​ដោយ​​ទិន្ន​ផល​​ខ្ពស់ ពិសេស​នៅ​ក្នុង​ចំណោម​​ពូជ​ស្រូវ​ចំនួន​១០​មុខ​ដែល​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​បាន​កំណត់​​ និង​កំពុង​​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​គាំទ្រ​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​​ទៅ​ក្នុង​សក្តានុ​ពល​ដំណាំ​ស្រូវ​ និង​ការ​នាំ​អង្ករ​ចេញ ៕