ថ្លើមថ្លៃ
(បទពាក្យប្រាំបី)
-ពាក្យថ្លៃសព្វថ្ងៃគេនិយមណាស់ មានកំណាព្យខ្លះប្រើពាក្យប្រុសថ្លៃ
ទាំងទំនុកច្រៀងរបស់កវី បានបញ្ចេញន័យថ្លៃម្ចាស់ចិន្តា ។
-វិមានស្កឹមស្កៃតែងលេងភ្លើងពណ៌ បង្ហាញវប្បធម៌បវរថ្លៃថ្លា
អ្នកលក់បានថ្លៃអារម្មណ៍ស្រស់ថ្លា អ្នកទិញត្អូញថាថ្លើមនេះថ្លើមថ្លៃ ។
-ថ្លៃអើយៗថ្លៃៗច្រើនអនេក ធ្វើការមិនដេកខំប្រឹងរាល់ថ្ងៃ
បានលុយតិចតួចគ្រប់គ្រាន់ដែរថី បើអីវ៉ាន់ថ្លៃសមអីប្រាក់ខែ ។
-ចូលគេងបើកភ្នែកដេកគងតែដៃ វិលវល់ស្មារតីគិតឡើងឡប់ឡែ
ខ្លួនឯងធ្វើការលំបាកច្រើនដែរ ចុះគ្នាអ្នកស្រែកើតទុក្ខយ៉ាងណា ៕
និពន្ធដោយលោក លី ស៊ីនហួន
ទំនិញលេងឫទ្ធិ
(បទពាក្យប្រាំពីរ)
-ទំនិញសព្វថ្ងៃឡើងថ្លៃខ្ពស់ អ្នកក្រយ៉ាប់រស់ៗត្រដរ
លំបិនលំបាកមិនស្រាកក្រ ក្រនៅបន្តចរទៅទៀត ។
-ចំណូលតិចតួចស្តួចស្តើងពិត ទំនិញលេងឫទ្ធិខ្ពស់លែងបៀត
ខ្ពស់ដូចចំអកបកគ្រោតគ្រាត អ្នកក្រអស់ស្នៀតចង្អៀតចិត្ត ។
-ប្រាក់ខែដដែលដំណែលចាស់ មិនឡើងប្តូរផ្លាស់ច្បាស់ក្រៀមស្វិត
ឡើងតែទំនិញចេញគ្មានក្រិត ឡើងគ្មានអាណិតឥតប្រួលប្រែ ។
-ទំនិញឡើងចុះស្រុះស្របគ្នា ប្រាក់ខែមិនរាហៀរឡើងដែរ
ម៉្លេះគ្រាន់ទប់ទល់រុលរាល់ខែ ចិត្តបានល្ហើយល្ហែស្នេហ៍ការងារ ៕
និពន្ធដោយលោក សំ សុភារិន្ទ
ចែករំលែកព័តមាននេះ