ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​អគារ​​ការិយា​ល័យ​​​កសិ​កម្ម​​ ​និង​​ចែក​ទុន​​សម្ភារ​​​កសិ​កម្ម​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរ​កសិកម្ម​ខេត្ដព្រះវិហារ ​បាន​​រៀប​ចំ​ពិធី​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ការិយា​ល័យ​កសិកម្ម ស្រុក​រវៀង ស្ថិត​ក្នុង​ទី​រួម​ស្រុក​រវៀង និង​មានការ​ចែក​ទុន​សម្ភារ​​កសិកម្ម ជូន​ដល់​ប្រជា​កសិករ​ក្នុងស្រុក​នោះ​​ សម្រាប់​ជា​ទុន​ប្រើប្រាស់​ក្នុង​ការ​ផលិត​ដំ​ណាំ​កសិកម្ម​នា​រដូវវស្សា​នេះ

ខេត្តព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ទីរ​កសិកម្ម​ខេត្ដព្រះវិហារ ​បាន​​រៀប​ចំ​ពិធី​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ការិយា​ល័យ​កសិកម្ម ស្រុក​រវៀង ស្ថិត​ក្នុង​ទី​រួម​ស្រុក​រវៀង និង​មានការ​ចែក​ទុន​សម្ភារ​​កសិកម្ម ជូន​ដល់​ប្រជា​កសិករ​ក្នុងស្រុក​នោះ​​ សម្រាប់​ជា​ទុន​ប្រើប្រាស់​ក្នុង​ការ​ផលិត​ដំ​ណាំ​កសិកម្ម​នា​រដូវវស្សា​នេះ។

ពិធី​​នេះ​ស្ថិត​​ក្រោម​អធិបតីភាព​លោក​ឡុ​ង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ និង​លោកស្រី​ ខូយ ប៊ុ​ន​ថាន អភិបាលរង​ខេត្ដ និង​​មានការ​ចូល​រួម​ពី​មន្ដ្រីរាជការ​ជុំវិញ​ខេត្ដ មន្ដ្រី​សាលាស្រុក​រវៀង ​និង​​ឃុំ​ទាំង​បួន ដែលស្ថិត​នៅ​ជុំវិញ​សាលា​ស្រុក​​រវៀង​ ព្រម​ទាំង​​ប្រជាពលរដ្ឋ​ក្រុម​កែ​លំអ​ជីវភាព​ចំនួន​១២​ភូមិ ដែល​មាន​ប្រមាណ​៣០០​គ្រួសារ​ផង​ដែរ។

លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​​ធ្វើ​ចំណាប់អារម្មណ៍​ដោយ​បាន​លើក​ឡើងថា ពេល​នេះ​គឺជា​លើក​ទី​១ ​ហើយ​ដែល​នៅ​ក្នុង​ស្រុក​រវៀង​ក៏​ដូច​ជា​នៅ​ទូ​ទាំង​៧​ស្រុកក្នុង​ខេត្ដ​ដែរ ដែល​មាន​ការិយាល័យ​កសិកម្ម​សម្រាប់​ធ្វើ​ការ​បាន​សមរម្យ​ និង​ពេល​នេះ​បាន​ធ្វើការ​ផ្ដល់​ទុន​សម្ភារ​កសិកម្ម​ដល់​កសិករ​ក្រុម​កែ​លំអ​ជីវភាព ដែល​មក​ពី​ឃុំ​ចំ​នួ​ន​៣ ក្នុង​នោះ​មាន​ឃុំ​រហ័ស​ (ភូមិ​​អន្លង់​ស្វាយ ភូមិ​កំពង់ចម្លង) ​ឃុំ​រស្មី (​មាន​ភូមិ​ចំបក់​ផ្អែម​ ភូមិ​​ទំពាំ​ង​​ឫ​ស្សី​) ឃុំ​រតនៈ ​(​មាន​ភូមិ​ខ្នា ភូមិ​កេ​រ្ដិ៍) តាម​​រយៈ​ការ​ផ្ដល់​ថវិកា​ពី​មូលនិធិ​អន្ដរជាតិ ហៅ​កាត់​ថា អាយ​ហ្វា​ត ។ លោក​​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​​លើក​​ឡើង​​ពី​មូលនិធិ​អន្ដរជាតិ​ជា​ច្រើន​ ដែល​មន្ទីរ​កសិកម្ម​ខេត្ដ​​ទទួល​បាន​កន្លង​មក​ ហើយ​​មូល​និធិ​ទាំងនេះ​​ត្រូវ​បាន​យក​មក​​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម​​ដោយ​​បាន​អនុវត្ដ​គម្រោង​លើក​កម្ពស់​ជីវភាព​រស់នៅ​តាម​ជនបទ ហៅ​កាត់ RULIP ។ ​លោក​ប្រធាន​មន្ទីរ​​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​​ហើយ​​ដែល​ម្ចាស់​គម្រោង​បាន​ជួយ​ជា​សម្ភារ​​កសិកម្ម​ក៏​ដូច​ជា​ផ្នែក​បច្ចេកទេស ជា​ពិសេស​អាយ​ហ្វា​ត បាន​ជួយ​សាងសង់​អគារ​ការិយា​ល័យកសិកម្ម​តាម​បណ្ដា​ស្រុក​គោលដៅ​របស់​គម្រោង​​ទាំង​៧ ​សម្រាប់​បម្រើ​សេវា​កម្ម​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន​ផ្ទាល់​ងាយស្រួលក្នុង​ការ​ទំនាក់​ទំនង​ក្នុង​វិស័យ​កសិកម្ម​។ លោក​បាន​បញ្ជាក់​ថា អគារ​​ការិយា​ល័យ​កសិកម្ម​ស្រុក គឺជាសម​ិទ្ធផល​ដ៏​ថ្លៃ​ថ្លា​ក្រោម​កិច្ច​សហប្រតិបត្ដិការ​រវាង​ដៃគូ​អភិ​វឌ្ឍន៍​​​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​អាទិ​ភាព​ផលិត​ស្បៀង​របស់​កម្ពុជា ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា អគារ​ដែល​កំពុងធ្វើការ​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​នេះ គឺ​បាន​ចំណាយ​ទឹកប្រាក់​អស់​២២.៤០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក៏​​មាន​ថវិកា​រាជរដ្ឋាភិបាល​ចូលរួម​២.៤០០​ដុល្លារ និងប្រើ​រយៈពេល​ជាង​៥​ខែក្នុង​ការ​សាង​សង់។ ​នៅ​ពេល​ដែល​ធ្វើការ​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​នេះ ​មន្ទីរ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​បំពាក់​សម្ភារ​ការិយាល័យ និង​កុំព្យូទ័រ​មួយ​កំប្លេ​រ​ផង​ដែរ។ ​លោក​ប្រធាន​មន្ទីរ​ក៏​បាន​ពន្យល់​ដល់​ប្រជា​កសិករ​ទាំងអស់​ត្រូវ​មានការ​យល់​ដឹង​អំពី​បច្ចេកទេស​ថ្មី​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផលិត​​ដំណាំ​កសិកម្ម​ទទួល​បាន​ទិ​ន្ន​ផល​កាន់​តែ​ប្រសើរ​ឡើង​ទាំង​បរិមាណ និង​គុណភាព ​លើស​​ពី​នេះ​គម្រោង​​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ពី​​អាជីវកម្ម​ខ្នាត​តូច​សម្រាប់​រក​ចំណូល​បន្ថែម​លើ​ប្រាក់​ចំណូល​​ប្រចាំ​ថ្ងៃ​បាន​ស្រួល​ទៀត​ផង ។

លោកស្រី ខូ​យ ប៊ុ​ន​ថា​ន អភិបាលរង​ខេត្ដ បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រជា​កសិករ​ក្រោយ​ពេល​បាន​ស្ដាប់​ការ​ណែនាំ និង​បាន​ទុន​ទៅ​​ដល់​ដៃ​ហើយ សូម​យកចិត្ដទុកដាក់​ក្នុង​ការ​ផលិត​ដំណាំ​កសិ​កម្ម​តាម​បែប​បច្ចេកទេស​ថ្មី​ឱ្យ​បាន​ទៀងទាត់​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​ និង​មិន​ត្រូវ​យក​ពូជ​ដ៏​ល្អ​ដែល​ទទួល​បាន​ពី​គម្រោង​ទៅ​ធ្វើ​ឱ្យ​មាន​ការ​ខាតបង់​ឡើយ។

​លោក​ឡុ​ង​ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​បាន​មាន​ប្រសាសន៍​សំណេះ​ណា​ល​ទៅ​កាន់​ប្រជា​កសិករ​ថា ​ពេល​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​ម្ចាស់​ជំនួយ​អន្ដរជាតិ​តាម​រយៈ​ការ​អំពាវនាវ​រក​ដៃគូ​ពី​សំណាក់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ។ លោក​ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ដ បាន​រំលឹក​ដល់​ប្រជា​កសិករ​ទាំងអស់​ត្រូវ​យក​ចិត្ដទុកដាក់​​ខ្ពស់​​ក្នុង​ការ​ងារ​បង្ក​បង្កើន​ផល​ ដាំដំណាំ​​គ្រប់​ប្រភេទ​ដែល​ជា​មុខរបរ និង​ជា​ដង្ហើម​រស់​របស់​បងប្អូន​ មិន​ត្រូវ​ធ្វេស​ប្រ​ហែ​សធ្វើ​ឱ្យ​យឺតយ៉ាវក្នុង​ការ​ដាំ​ដុះ​ឡើយ ព្រោះ​រដូវវស្សា​មិន​ចាំ​យើង​ទាំងអស់​គ្នា​ទេ ដូច្នេះ​ត្រូវ​តែ​រួស​រាន់។

គណៈអធិបតី​បាន​ប្រគល់​ជូន​នូវ​ពូជ​ដំណាំ​និង​សម្ភារ​ដែល​គម្រោង​បាន​ផ្ដល់​នូវ​ទុន​ផលិត​កម្ម កសិកម្ម​ដល់​ក្រុម​ប្រជា​កសិករ​កែ​លំអជីវភាព តាម​ជនបទ​ចំនួន​៣​ឃុំ មាន​ចំនួន​៣០០​គ្រួសារ​​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ស្រូវ​ពូជ​​១០​គីឡូក្រាម កូន​ឈើ​ហូប​ផ្លែ​​៤​ដើម ចបកាប់១ ​រនាស់ដៃ​១។ ​ធនាគារ​ស្រូវ​ចំនួន​១២​ក្រុម​ក្នុង​​មួយ​ក្រុម​ទទួល​បាន​ថវិកា៣៥០​ដុល្លារ ក្នុងឆ្នាំនេះ​សម្រាប់​៣០០​គ្រួសារ​ផង​ដែរ៕