ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមិនដែល​ទទួលស្គាល់​ពី​​តំបន់​​ជម្លោះ ​តំបន់​​ត្រួតស៊ី​គ្នា​ឬ​​4.6​​ឡើយ ​សំអាង​​លើ​​ផែនទី​​ឯកតោ​ភាគី​​សៀម​​ពិត​​ជាបាន​​លើកទ័ព​​ឈ្លានពាន​​កម្ពុជា

12 ឆ្នាំ មុន

មុន​នេះ​បន្តិច លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់​ភីស៊ីត វេចាជីវ៉ា ត្រូវ​បាន​ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន TNA កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា កន្លង​មក​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន ដោយ​អះ​អាង​ថា «ថៃ​មិន​បាន​បាត់​​បង់​ទឹក​ដី​ទេ»។ បើ​រដ្ឋា​ភិបាល​​ថៃ​អះ​អាង​បែប​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិបាល​ថៃ​ទាម​ទារ​ឱ្យ​​កម្ពុជា​ដក​កង​ទ័ព

មុន​នេះ​បន្តិច លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់​ភីស៊ីត វេចាជីវ៉ា ត្រូវ​បាន​ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន TNA កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា កន្លង​មក​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន ដោយ​អះ​អាង​ថា «ថៃ​មិន​បាន​បាត់​​បង់​ទឹក​ដី​ទេ»។ បើ​រដ្ឋា​ភិបាល​​ថៃ​អះ​អាង​បែប​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិបាល​ថៃ​ទាម​ទារ​ឱ្យ​​កម្ពុជា​ដក​កង​ទ័ព​ និង​ប្រជា​ជន​ចេញ​ពី​តំបន់​៤.៦​គីឡូ​ម៉ែត្រ​ក្រឡា ដែល​ជា​ទឹក​ដី​របស់​កម្ពុជា។

ដូច​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ធ្លាប់​បាន​ថ្លែង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា «បើ​អ្នក​ឯង​ថា​មិន​​បាត់​ដី​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​ឈ្លាន​ពាន» ដូច្នេះ​សម្តី​របស់​អាប់​ភីស៊ីត នៅ​ពេល​នេះ​ និង​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​នា​ពេល​កន្លង​មក​នេះ គឺ​ពិត​ជា​មាន​ន័យ​គ្រប់​គ្រាន់​អាច​បញ្ជាក់​បាន​ថា ថៃ​បាន​ប្រើ​កម្លាំង​យោធា​ដើម្បី​ឈ្លាន​ពាន​រំលោភ​លើ​អធិ​បតេយ្យ​​របស់​កម្ពុជា ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ។

កម្ពុជា​មិន​ដែល​ទទួល​ស្គាល់​ថា មាន​តំបន់​ជម្លោះ​ តំបន់​ត្រួត​ស៊ី​គ្នា ឬ​មាន​ដី​៤.៦​គីឡូ​ម៉ែត្រ​ក្រឡា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​តំបន់​ដែល​ថៃ​អះ​អាង​ថា​ជា​របស់​ខ្លួន ហើយ​ប្រើ​កម្លាំង​ទាហាន​មក​ឈ្លាន​ពាន​នោះ គឺ​ស្ថិត​នៅ​ក្នុង​អធិ​បតេយ្យ​របស់​កម្ពុជា​ទាំង​ស្រុង មិន​មាន​ចំណែក​ណា​មួយ​ជា​របស់​ថៃ​ឡើយ ប៉ុន្តែ​ថៃ​​ទៅ​វិញ​ទេ​ជា​ចោរ​ឈ្លាន​ពាន ដែល​បាន​ប្រើ​ផែន​ទី​សម្ងាត់ ផែន​ទី​ចោរ គូស​ជា​ឯក​តោ​ភាគី ហើយ​បាន​យក​ផែន​ទី​នោះ​មក​អនុ​វត្ត ដោយ​ប្រើ​កម្លាំង​យោធា​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា ដែល​បង្ក​ឱ្យ​មាន​ការ​ស្លាប់​បាត់​បង់​អាយុ​ជីវិត និង​រង​របួស​កង​ទ័ព​ និង​ជន​ស៊ី​វិល​ស្លូត​ត្រង់​របស់​កម្ពុជា​​ជា​ច្រើន​គ្រួសារ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​យ៉ាង​វេទនា។ ប្រាសាទ​ព្រះ​វិហារ និង​តំបន់​ជុំ​វិញ​នោះ​ គឺ​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា ដោយ​យោង​លើ​ផែន​ទី​ដង​រែក​​ឧប​សម្ព័ន្ធ​១ ខ្នាត​១​លើ​២០០​ពាន់ និង​សេចក្តី​សម្រេច​របស់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​​ទីក្រុង​ឡាអេ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ និង​ការ​កាន់​កាប់​ជាក់​ស្តែង​របស់​កម្ពុជា និង​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់ (De jure et De Facto)។

ការ​បដិ​សេធ​របស់​ថៃ​មិន​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី និង​ដំណោះ​ស្រាយ​ជា​កញ្ចប់​ដែល​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​របស់​ប្រទេស​ទាំង​៣​ កម្ពុជា ថៃ និង​ឥណ្ឌូ​ណេស៊ី បាន​ព្រម​ព្រៀង​គ្នា​ហើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១១ គឺ​ជា​ចេតនា​អូស​បន្លាយ​ពេល​ដើម្បី​ឈ្លាន​ពាន​ ការ​បន្ត​អនុ​វត្ត​នយោ​បាយ​បិទ​ទ្វារ​វាយ​កម្ពុជា តាម​រយៈ​ការ​លើក​យក​នូវ​ផែន​ទី​ចោរ​លួច​គូស​ជា​ឯក​តោ​ភាគី ពុំ​មាន​អន្តរ​ជាតិ​ទទួល​ស្គាល់ ដូច្នេះ​ភាព​ក្រឡិច​ក្រឡុច​របស់​ថៃ គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​រុញ​ច្រាន​តួនាទី​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ អាស៊ាន និង​អង្គ​ការ​យូណេ​ស្កូ ឱ្យ​ចេញ​ពី​បញ្ហា​ដែល​ថៃ​បាន​ឈ្លាន​ពាន​កម្ពុជា​នោះ។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​មាន​ការ​សោក​ស្តាយ​ជា​ពន់​ពេក ដែល​បាន​ឃើញ​ការ​លើក​ឡើង​របស់​សារ​ព័ត៌​មាន​ថៃ ASTV Manager Online នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ ២០១១ ដោយ​លោក​ស៊ុវិទ ឃុន​គិតទិ រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន និង​ធន​ធាន​ធម្ម​ជាតិ​ថៃ បាន​ន​ិយាយ​​ថា «ខ្មែរ​មាន​ល្បិុច​ដាក់​បេតិ​កភណ្ឌ​​ពិភព​លោក​ដើម្បី​ដណ្តើម​​យក​ទឹក​ដីថៃ»។ ការ​ចោទ​ប្រកាន់​បែប​នេះ គឺ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង ពី​ព្រោះ​កម្ពុជា​មិន​បាន​យក​ប្រាសាទ​របស់​ថៃ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​ទេ ដែល​ប្រាសាទ​ព្រះ​វិហារ​ និង​ដី​នៅ​ជុំ​វិញ​នោះ គឺ​ជា​របស់​កម្ពុជា ហើយ​ប្រាសាទ​ព្រះ​វិហារ​​ក៏​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​រួច​ហើយ​ដែរ​តាំង​ពី​ឆ្នាំ​២០០៨​មក​ម៉្លេះ ដោយ​សំឡេង​គាំទ្រ​ជាង​ឯក​ច្ឆន្ទ។ ដោយ​ឡែក​ការ​ដាក់​ផែន​ការ​គ្រប់​គ្រង និង​អភិ​វឌ្ឍ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​ភាគី​កម្ពុជា ជូន​ទៅ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក ក៏​ជា​​ការ​បំពេញ​កាតព្វ​កិច្ច​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​អង្គ​ការ​យូណេ​ស្កូ​ផង​ដែរ ហើយ​ឯក​សារ​ទាំង​នោះ​ក៏​ត្រូវ​បាន​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិ​ការ​បេតិ​កភណ្ឌ​ពិភព​លោក​​ទទួល​យក​រួច​ហើយ​ដែរ​តាំង​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​ម៉្លេះ ដែល​មាន​លោក​ស៊ុវិទ ឃុន​គិតទិ ខ្លួន​ឯង​ជា​អ្នក​ចុះ​ហត្ថ​លេខា​ទៀត​ផង​នៅ​ឯ​ប្រទេស​ប្រេស៊ីល។

ការ​ធ្វើ​នយោ​បាយ​ដែល​​មិន​ប្រកប​ដោយ​សច្ច​ធម៌ គឺ​អាច​ចាត់​ទុក​ថា មេដឹក​នាំ​ថៃ​បាន​និង​កំពុង​ដើរ​លើ​ផ្លូវ​ខុស​ប្រឆាំង​នឹង​ច្បាប់​អន្តរ​ជាតិ គឺ​អាច​នឹង​នាំ​ឱ្យ​ធ្លាក់​ចុះ​នូវ​ភាព​អាប់​ឱន​កិត្តិ​យស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​ថៃ​ទាំង​មូល។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ រដ្ឋា​ភិបាល​របស់​លោក​អាប់ភីស៊ីត បាន​កសាង​នូវ​រឿង​អាស្រូវ​ជា​ច្រើន​នា​ពេល​​ចុង​ក្រោយ​នេះ​តាម​ការ​ប្រើ​កម្លាំង​យោធា​ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ដែល​បញ្ហា​នោះ​នឹង​ត្រូវ​លាត​ត្រដាង​​ជា​ថ្មី​ទៀត តាម​រយៈ​ការ​​បក​ស្រាយ​សាល​ដីកា​របស់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ឆ្នាំ​១៩៦២ នៅ​ក្រុង​ឡាអេ នា​ថ្ងៃ​ទី​៣០ និង​៣១ ខែ​ឧសភា ឆ្នាំ​២០១១ នេះ ដែល​តុលា​ការ​នឹង​បញ្ជាក់​ឡើង​វិញ​ពី​ភាព​ឈ្នះ​ក្តី​របស់​កម្ពុជា​ក្នុង​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ៕