ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបា.ញ់​គ្នានៅ​ទល់ដែន​ពន្យារ​ពេល​បោស​សំអាត​មីនឬ? ​លោក​ សម សុត្ថា ៖ ​តើថៃ​ជាប្រទេស​មានបញ្ហា​មីនពិត​ឬ​ភូតកុហក?

12 ឆ្នាំ មុន

ខ្ញុំ​មាន​​ការ​រំខាន​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​​អត្ថ​បទ​ដែល​បាន​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​​បាង​កក​ប៉ុស្តិ៍​​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១១ ក្រោម​​ចំណង​ជើង​ថា «ការ​បា.ញ់​គ្នា​នៅ​​​ទល់​ដែន​​បាន​​ពន្យារ​ពេល​​បោស​សំអាត​​មីន» ហើយ​បាន​ផ្សាយ​ថា …ទំនាស់​ព្រំ​ដែន​ និង​បញ្ហា​​ខ្សែព្រំដែន​​មិន​ច្បាស់​លាស់​ បាន​ធ្វើ​ឱ្យ​កិច្ច​ប្រតិ​បត្តិ​ការ​បោស​សំអាត​​​​មីន​ពន្យា​រពេល

ខ្ញុំ​មាន​​ការ​រំខាន​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​​អត្ថ​បទ​ដែល​បាន​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​​បាង​កក​ប៉ុស្តិ៍​​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១១ ក្រោម​​ចំណង​ជើង​ថា «ការ​បាញ់​គ្នា​នៅ​​​ទល់​ដែន​​បាន​​ពន្យារ​ពេល​​បោស​សំអាត​​មីន» ហើយ​បាន​ផ្សាយ​ថា …ទំនាស់​ព្រំ​ដែន​ និង​បញ្ហា​​ខ្សែព្រំដែន​​មិន​ច្បាស់​លាស់​ បាន​ធ្វើ​ឱ្យ​កិច្ច​ប្រតិ​បត្តិ​ការ​បោស​សំអាត​​​​មីន​ពន្យា​រពេល ។ ​កា​រ​លើក​ឡើង​នេះ គឺ យោង​តាម​របាយ​ការណ៍​របស់​អង្គ​​ភាព​មជ្ឈ​មណ្ឌល​​សកម្ម​ភាព​កម្ចាត់មីន​ថៃ​ហៅថា «ធីម៉ាក់» ដែល​ជា​​អង្គ​ការ​​ស្ថិត​ក្រោម​​អគ្គ​បញ្ជា​ការ​កង​យោធ​ពល​​ភូមិន្ទ​ថៃ ។

កាសែត​​បាង​កក​ប៉ុស្តិ៍​​បាន​បន្ថែម​ទៀត​ថា «គម្រោង​ដោះ​មីន​លើ​ទំហំ​​ដី​ចំការ​មីន​ចំនួន​៣,៦៣​លាន​ម៉ែត្រ​​ក្រឡា ​ដែល​បាន​គ្រោង​​ទុក​ចាប់​ពី​ខែ​តុលា​ ឆ្នាំ​២០១០ ដល់​ខែ​មីនា ឆ្នាំ​២០១១ នោះ គឺ​ដោះ​មីន​បាន​តែ​១,៥៥​លាន​ម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ​ដោយ​បន្សល់​ទុក​ទំហំ​ដី​២,០៧​លាន​ម៉ែត្រ​ក្រឡា​​ទៀត ​ជា​កន្លែង​​គ្មាន​​សុវត្ថិ​ភាព ។

តើ​​ការ​​ពិត​នោះ​​វា​យ៉ាង​ដូច​ម្តេច? យើង​គួរ​​ពិចារណា​តាម​ប​បែ​ប​តក្ក​សាស្ត្រ ឬ​តាម​វិចារណ​ញ្ញាណ?

​បើ​​ពិនិត្យ​​តាម​របាយ​ការណ៍​របស់​ធីម៉ាក់ ​​ដែល​បាន​ដាក់​ជូន​ដល់​អង្គ​ការ​​ត្រួត​ពិនិត្យ​​មីន​អន្តរ​ជាតិ​ Landmine Monitor របស់ ICBL នៅ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១០ បាន​ឱ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​ធ្វើ​កិច្ច​ប្រតិ​បត្តិ​ការ​​បោស​សំអាត​មីន​សម្រេច​បាន​២,៥៥​លាន​ម៉ែត្រ​ក្រឡា​ ក្នុង​ឆ្នាំ​២០០៩ ​ឬ​ជាង​​២,៥​គីឡូ​ម៉ែត្រ​ក្រឡា​ ក្នុង​នោះ​ថៃ​បាន​ប្រកាស​ថា ​សមិទ្ធ​ផល​​របស់​ខ្លួន​បាន​កើន​ជាង​៧០​​ភាគ​រយ​ បើ​ប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​២០០៨ ។

​ប៉ុន្តែ​​បើ​យើង​ពិនិត្យ​​ឱ្យ​បាន​​ច្បាស់​លាស់​​នោះ​ឃើញថា ​វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​អ្វីដែល​​ប្រទេស​ថៃ​បាន​ធ្វើ​ផែន​ការ​​ឆ្លើយ​តប​ទៅ​នឹង​​សន្ធិ​សញ្ញា​​អន្តរ​ជាតិ​ស្តីពី​ការ​ហាម​ប្រាម​​ការ​ប្រើ​ប្រាស់​​គ្រាប់​មីន​ប្រឆាំង​មនុស្ស ឬ​​អនុ​​សញ្ញា​អូតា​វ៉ា Mine Ban Treaty ឬ Ottawa Convention ស្តី​ពី​ការ​​ស្នើ​សុំ​ពន្យារ​ពេល Extension Request ដែល​​មាន​ចែង​ក្នុង​មាត្រា​៥ គឺថៃ​​បាន​ប្តេជ្ញា​​បោស​សំអាត​​មីន​ក្នុង​ឆ្នាំ​​២០០៩ ឱ្យ​បាន​សម្រេច​​គោល​ដៅ​​ប្រមាណ​៤៣​លាន​ម៉ែត្រ​ក្រឡា ។

នៅ​ឆ្នាំ​​២០១០ ថៃ​បាន​​សន្យា​នឹង​អង្គ​ការ​​អនុ​សញ្ញា​​អន្តរ​ជាតិ​​ថា ខ្លួន​នឹង​​ត្រូវ​បោស​សំអាត​​មីន​ឱ្យ​បាន​៤៣.២៨០.៧៦៨​ម៉ែត្រ​ក្រឡា ​(ជាង​៤៣​លាន​ម៉ែត្រ​​ការ៉េ) ។ ​បើ​គេ​ពិចារណា​ឱ្យ​បាន​សម​ហេតុ​ផល​នោះ សូម្បី​តែ​​ក្មេង​តូច​​ថ្នាក់​បឋម​សិក្សា​ក៏​យល់​ថា ក្នុង​១​ឆ្នាំ ​បើ​ដោះ​មីន​បាន​​៤៣.២៨០.៧៦៨​ម៉ែត្រ​ក្រឡា​នោះ ដូច​នេះ​ក្នុង​​រយៈ​ពេល​៦​ខែ ឬ​កន្លង​ឆ្នាំ (ពី​ខែ​តុលា ឆ្នាំ​២០១០ ដល់​ខែ​មីនា ឆ្នាំ​២០១១) គេ​ត្រូវ​​បោស​សំអាត​​មីន​ឱ្យ​បាន​ផ្ទៃ​ដី​​ពាក់​កណ្តាល​ គឺ ចំនួន​២១.៦៤០.៣៨៤​ម៉ែត្រ​ក្រឡា ​ ពុំ​មែន​​៣.៦៣០.០០០​​ម៉ែត្រ​ក្រឡា (ឬ​៣,៦៣​លាន) ​ដូច​ការ​លើក​ឡើងក្នុង​កាសែត​​បាង​កក​ប៉ុស្តិ៍​នោះ​ទេ។

​តាម​មាត្រា​៥ នៃ​​អនុ​សញ្ញា​​ហាម​ប្រាម​​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​បាន​ចែង​ថា «រដ្ឋ​ភាគី​ត្រូវ​មាន​​កាតព្វ​កិច្ច​កម្ទេច​​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​ ឱ្យ​បាន​​ឆាប់​តាម​​ដែល​អាច​ធ្វើ​ទៅ​បាន តែ​មិន​ឱ្យ​ហួស​ពី​រយៈ​ពេល​១០​ឆ្នាំ ។ ​បើ​រដ្ឋ​ភាគី​​ណា​មួយ​ពុំ​អាច​បោស​សំអាត​​​គ្រាប់​​មីន​ទាំង​អស់​ក្នុង​ដែន​ដី​ដែល​ខ្លួន​កាន់​កាប់​នោះ​ ​អាច​សុំ​ស្នើ​​​ពន្យារ​ពេល​បាន​រហូត​ដល់​១០​ឆ្នាំ​ទៀត ។

​ប្រទេស​ថៃ បាន​ចុះ​ហត្ថ​លេខា​​លើ​អនុសញ្ញា​​អន្តរ​ជាតិ​​ក្នុង​ថ្ងៃ​​ព្រម​គ្នា​​ជា​មួយ​នឹង​កម្ពុជា​ដែរ ​ដែល​បាន​​ប្រព្រឹត្ត​​ទៅ​នៅ​ទី​ក្រុង​​អូតា​វ៉ា ប្រទេស​កាណាដា ​កាល​ពីថ្ងៃ​ទី​៣ ធ្នូ​ ឆ្នាំ​១៩៩៧ ។ ដូច​នេះ​ ថៃនិង​កម្ពុជា​ត្រូវមាន​កាតព្វ​កិច្ច​ប្រតិ​បត្តិ​តាម​ច្បាប់​​អន្ត​រជាតិ​នេះ ។ ​ក្នុង​ន័យ​នេះ ​ប្រទេស​ថៃ​បាន​បង្កើត​អង្គ​ការ​​សកម្ម​ភាព​​កម្ចាត់​មីន​ជាតិ​របស់​គេ​មួយ​ឈ្មោះថា «មជ្ឈ​មណ្ឌល​​សកម្ម​ភាព​កម្ចាត់​មីនថៃ ឬ​ធីម៉ាក់» ដែល​​ស្ថិត​នៅ​ក្រោម​​ឆត្រ​របស់​ក្រសួង​ការ​ពារ​ជាតិ ។

​ដោយ​ឡែក ​​កម្ពុជា​​មាន​​ប្រវត្តិ​ខុស​ពី​ថៃ ​ដោយ​កម្ពុជា​ត្រូវ​បាន​ពិភព​លោក​ជួយ​ដោះ​ស្រាយ​បញ្ហា​​សង្គ្រាម​​រ៉ាំ​រ៉ៃ​​រាប់​ទស​វត្ស​មក តាម​រយៈ​​កិច្ច​ព្រ​ម​ព្រៀង​ទីក្រុង​ប៉ារីស ខែតុលា ឆ្នាំ​១៩៩១ ។ ដើម្បី​ធ្វើ​មាតុ​​ភូមិ​​និវត្តន៍​ជន​ភៀស​ខ្លួន និង​ភៀស​សឹក​ឱ្យ​មាន​សុវត្ថិ​ភាព កង​កម្លាំង​​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​​ជួយ​ជ្រោម​ជ្រែង​​កម្ពុជា ជា​ដំបូងគឺ​ បោស​សំអាត​មីន​ដែល​កប់​ក្នុង​​​ដី​ស្ទើរ​តែ​ពាស​ពេញ​ផ្ទៃ​ប្រទេស និង​តាម​ព្រំ​ប្រទល់​​ដែន​ខ្មែរ-ថៃ ។ អង្គ​ការ​សហ​ប្រជា​ជាតិ​-អ៊ុន​តាក់ បាន​ជួយ​បង្កើត​​អង្គ​ការ​​បោស​សំអាត​មីន​កម្ពុជា​នៅ​ឆ្នាំ​​១៩៩២ ​ដែល​ឱ្យ​ឈ្មោះ​ថា «មជ្ឈ​មណ្ឌល​​សកម្ម​ភាព​​កម្ចាត់​មីន​កម្ពុជា ហៅថា ស៊ីម៉ាក់» ។

រាប់​សិប​ប្រទេស​ក្នុង​ពិភព​លោក​​បាន​បញ្ជូន​​ក្រុម​អ្នក​ឯក​ទេស​​យោធា​ផ្នែក​​​បោ​ស​សំអាត​មីន​មក​កម្ពុជា ដើម្បី​ជួយ​​បង្វឹក​ដល់​អតីត​យោធា​ខ្មែរ​រាប់​ពាន់​នាក់​ឱ្យ​មាន​ជំនាញ​ចេះ​ដោះ​ និង​កម្ទេច​គ្រាប់​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។ ​អង្គ​ការ​ជំនាញ​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត ដូច​ជា ហាឡូ​ត្រាស (HALO-Trust) មែឃ (MAG) និង​អ៊ិន.ភី.អេ (NPA) ក៏​បាន​​ចូល​មក​ជួយ​ធ្វើ​កិច្ច​ប្រតិ​បត្តិ​ការ​បោស​សំអាត​​មីន​ចាប់​ពី​ឆ្នាំ​១៩៩២ មក​ដែរ ។

​ពិភព​លោក​​​បាន​ពិនិត្យ​​ឃើញថា ​កម្ពុជា ថ្វី​ដ្បិត​​តែ​បច្ចុ​ប្បន្ន​​នៅ​ជាប់​​ឈ្មោះថា ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​ដែល​មាន​គ្រោះ​ថ្នាក់​​មីន​ច្រើន​​ជាងគេ​ក៏ដោយ ក៏​ពិភព​លោក​បាន​ចាប់​អារម្មណ៍​ពិសេស​​ទៅលើ​កិច្ច​ខំ​ប្រឹង​ប្រែង​​របស់​កម្ពុជា​ រួមគ្នា​​ជា​មួយ​សហ​គមន៍​អន្ត​រជាតិ ​ដែល​ចាប់​តាំងពីឆ្នាំ​១៩៩២ មក​ទល់​​បច្ចុ​ប្បន្ន​​​សម្រេច​បាន​នូវសមិទ្ធ​ផល​​ដ៏​ធំធេង​​ដោយ​បាន​បោស​សំអាត​​ និង​កម្ទេច​​គ្រាប់​មីន​​ប្រឆាំង​មនុស្ស​គ្រប់​​ប្រភេទ​បាន​រហូត​ដល់​ជិត​១​លាន​គ្រាប់ និង​បាន​​ប្រគល់​​ដី​ជូន​ប្រជា​ជន​ក្រីក្រ ​ដែល​គ្មាន​ដី​ធ្លី-ភូមិ​ករ ឱ្យ​ធ្វើ​ស្រែ​ចម្ការ​​បាន​រាប់​សែន​​ហិកតា ​និង​បាន​តាំង​ទី​លំនៅ​ថ្មី​​ប្រកប​ដោយ​សុវត្ថិ​ភាព រហូត​បាន​ទទួល​ការ​រីក​ចម្រើន​​ដល់​បច្ចុ​ប្បន្ន​​នេះ ហើយ​បាន​ក្លាយ​ទៅ​ជា​ព្រំដែន​​សន្តិ​ភាព​​និង​អភិវឌ្ឍន៍ ។

​ប៉ុន្តែ​ជា​អកុសល​​ថ្មីៗ​នេះ ​អ្នក​ភូមិ​​ក្រីក្រ​ខ្មែរ​​មួយ​ចំនួន​បាន​បន្ត​ទទួល​​នូវ​ការ​រងគ្រោះពី​អំពើ​រំលោភ​​របស់ថៃ​​លើ​មូល​ដ្ឋាន​គ្រឹះ​​ច្បាប់​អន្តរ​ជាតិ ដែល​បាន​សម្រេចដោយ​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ កាល​ពី​ឆ្នាំ​​១៩៦២ ​ទទួល​ស្គាល់​​ផែន​ទី និង​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ ​ដែល​​កំណត់​​ដោយ​គណៈ​កម្ម​ការ​ចម្រុះ​បារាំង-សៀម ​នា​ឆ្នាំ​១៩០៤ ​និងឆ្នាំ​១៩០៧ ។
នៅខែ​កុម្ភៈ ​ឆ្នាំ​២០១១ ពិភព​លោក​នៅតែ​ឮ​សូរ​សម្រែក​ទ្រហោ​យំ​របស់​​ប្រជា​ជន​​ខ្មែរ​​រាប់​ម៉ឺន​នាក់​ដែល​កំពុង​​តែ​​​តាំង​ទី​លំនៅ​ ដោយ​​សារ​ការ​បង្ក​សង្គ្រាម​​ពី​សំណាក់​​ពួក​ឈ្លាន​ពាន​ថៃ​ទៅ​វិញ។ ពួកគេ​ស្រែក​ថា «តើ​ការ​​ទុក្ខ​វេទនា​​របស់​ពួក​គេ ​បន្ត​រយៈ​ពេល​រាប់​ទស​វត្ស​មក​ហើយ​នោះ ​វា​គ្រប់​គ្រាន់​ហើយ​ឬ​នៅ?» ដែល​​​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រែក​​ដង្ហោយ​របស់​ថៃ​ឱ្យ​គេឃើញ​ ដោយ​​បញ្ចេញ​ទឹក​ភ្នែក​​បែប​ក្រពើ​យំ នៅ​ឯ​នាយ​ម្ខាង​ខ្សែ​បន្ទាត់​​ព្រំដែន​​អន្តរ​ជាតិ​ថា «ការ​​បាញ់គ្នា​​នៅព្រំ​ដែន​បាន​ពន្យា​រ​ពេល​បន្ទច់​បង្អាក់​កិច្ច​ប្រតិ​បត្តិ​ការ​​បោស​សំអាត​​មីន»…ទៅ​វិញ!?

តើ​ហេតុ​ការណ៍​ពិត​នោះវា​យ៉ាង​ដូច​ម្តេច?

ចាប់ពី​​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៨ ​កង​កម្លាំង​ឧទ្ទាម​ខ្មែរ​ទាំងបី​ក្រុម (FUNCINPEC, KPNLF និង DK កម្ពុជា​ប្រជាធិប​តេយ្យ) ​បាន​ប្រើ​ប្រាស់​​ទឹក​ដី​ធ្វើ​ជា​មូល​ដ្ឋាន​នៅ​តាម​ព្រំ​ដែន​ខ្មែរ-ថៃ ធ្វើ​សង្គ្រាម​​ជា​មួយ​រដ្ឋ​កម្ពុជា ។ ជា​ការ​ពិត​ណាស់ ថៃ​ក៏​ដូច​ជា​ប្រទេស​នានា​​ក្នុងពិភព​លោក​​ដែរ មិន​អាច​អនុ​ញ្ញាត​​ឱ្យ​ពួក​​ឧទ្ទាម​ណា​ប្រើ​ប្រាស់​​ទឹក​ដី​ក្រោម​អធិបតេយ្យ​​រប​ស់​ខ្លួន​ឡើយ ទោះ​បី​តែ​មួយ​សង្ទី​ម៉ែត្រ​​ក៏​ពុំ​បាន​ដែរ។

​ដើម្បី​ការ​​ពារ​មូល​ដ្ឋាន​​របស់​ខ្លួន ពួក​កង​កម្លាំង​ឧទ្ទាម​​ខ្មែរ​​បាន​​ប្រើ​ប្រាស់​​គ្រាប់​មីន​ប្រឆាំង​មនុស្ស​បង្កប់​គ្រប់​ទី​កន្លែង​ទាំង​​​ក្នុង​ប្រទេស និង​តាម​បណ្តោយ​​ព្រំដែន​​រាប់​រយ​គីឡូ​ម៉ែត្រ​​របស់​ខ្មែរ ។ ​យ៉ាងដូចនេះ​​ហើយ ​បាន​ជា​ពិភព​លោក​​ទទួល​ស្គាល់ថា ​កម្ពុជា​ជា​ប្រទេស​​មួយ​ដែលរង​គ្រោះ​ដោយ​សារ​គ្រាន់​មីន​​ធ្ងន់​ធ្ងរ​ជាង​គេ ។ ​​គ្រាប់​​មីន​​រាប់​លាន​គ្រាប់​បាន​គំរាម​កំហែង​​ដល់​អាយុ​ជីវិត​មនុស្ស ​បាន​សម្លាប់​ និង​ធ្វើ​ឱ្យ​ពិការ​​ប្រជាជន​​រាប់​សែន​នាក់ ។

បើ​គេ​មើល​បញ្ហា​បែប​នេះ​នៅ​ប្រទេស​​ថៃ​វិញ ​វា​ខុស​គ្នា​​ស្រឡះ ​វា​គឺ​ជាការ​ឈ្លាន​ពាន​របស់ថៃ ​បាញ់​គ្នា​​នៅ​លើ​ភូមិ​​សាស្ត្រ​ព្រំដែន​ តែ​២-៣​កន្លែង ហើយ​គេ​ស្រែក​ថា ​វា​រំខាន​​ដល់​ការ​​ដោះ​មីន!? 

យោងតាម​​​ការ​​ស្រាវជ្រាវ​​កម្រិត​មួយ (Level-Survey) ថៃ​បាន​ប្រកាសថា​ ទំហំ​ដី​ដែល​ប៉ះ​​ពាល់​ដោយ​សារ​មីន​​មាន​ទំហំ​២.៥៥៧​គីឡូ​ម៉ែត្រ​​ក្រឡា ។ របាយ​ការណ៍​បញ្ជាក់ថា ​ដោយ​សារ​តែ​បច្ចេក​ទេស​​ថ្មីរ​បស់​​ខ្លួន​ដែល​​ឱ្យ​ឈ្មោះ​ថា «បច្ចេក​ទេស​រំដោះ​ដី “Land Release Methods” បាន​កាត់​បន្ថយ​​ផ្ទៃ​ដី​ដែល​យល់​ថា ​​មាន​គ្រោះថ្នាក់​​បាន​ដល់​១.២៨៩,១៨​គីឡូ​ម៉ែត្រ​ក្រឡា​ ហើយ​ផ្ទៃ​ដី​ប្រមាណ​៦០០​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត ត្រូវ​បាន​ប្រកាស​ថា ជា «ចម្ការ​​មីន​ពិត-Real Minefields” ។ នៅ​ឆ្នាំ​២០០៩ ​តាម​របាយ​ការណ៍​បាន​ឱ្យ​ដឹងថា ថៃ​បាន​រំដោះ​​មីន​បាន​តែ​២,៥៤​គីឡូ​ម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ​លើ​ទំហំ​ដី​ដែល​ជា​ចម្ការ​មីន​ពិត ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន​៣.២០០​គ្រាប់ ។

តើ​យើង​​អាចសនិ្ន​ដ្ឋាន​បាន​យ៉ាង​ដូច​ម្តេច?

​តើ​ថៃ​​ជា​ប្រទេស​​ដែល​មាន​បញ្ហា​​មីនពិត ឬ​ក៏​ភូត​ភរ​គេ​ទេ? ដែល​​កាលណោះ​ (១៩៧៩…) ថៃ​បាន​​ប្រើ​ប្រាស់​​គ្រាប់​មីន​​មួយ​ចំនួន​តិច​តួច​ប៉ុណ្ណោះ ​ដើម្បី​ការ​ពារ​​ខ្សែ​ព្រំដែន​​របស់​ខ្លួន​ទប់​ទល់​នឹង​ការ​រត់​ចូល​ក្នុង​ទឹក​ដីខ្លួន​ដោយ​ខុស​ច្បាប់​ ពី​សំណាក់​ពួក​ឧទ្ទាម​ខ្មែរ។ ​ការ​ពិត ​បើ​ថៃ​​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​សារ​មីន​មែន​នោះ ហេតុ​អ្វី​ក៏ថៃមិន​បោស​សំអាត​​មីន​លើ​ផ្ទៃ​ដី​​ដ៏​ធំ​ធេង​​ដោយ​ខ្លួន​ឯង​​នោះ​ទៅ? ​ហេតុ​អ្វី​​ក៏​នៅ​ទទូច​​សុំ​ជំនួយ​អន្តរ​ជាតិ​ក្នុង​ពេល​ដែល​ខ្លួន​បាន​ប្រកាស​​​ជា​ញឹក​ញាប់​​ថា ខ្លួន​ជា​ប្រទេស​អ្នក​ផ្តល់​​ជំនួយ​​ក្នុង​តំបន់​ដែរ​នោះ? ​បើ​ថៃ​នៅ​តែ​ធ្វើ​​របាយ​​ការណ៍​ថា ខ្លួន​នៅតែ​ដោះ​មីន​បាន​២ ឬ​៣​គីឡូ​ម៉ែត្រ ​ក្នុង​មួយ​ឆ្នាំ​​នោះ ថៃ​​ត្រូវចំណាយ​​ពេល​ប្រមាណ​​២០០​ឆ្នាំ​ទៀត ទើប​​បោស​សំអាត​មីន​អស់? ​តើ​មាន​ការ​ លាក់​​លៀម​​អ្វី​ពីក្រោយ​​បញ្ហា​​នេះ ឬ​ក៏​នេះ​គេ​ហៅ​ថា ល្បិច «ចំណេះ​ជិះក​ឯង?»៕

ការ​វិភាគ​​ក្នុង​អត្ថ​បទ​នេះ​ គឺជា​ទស្សនៈ​​របស់​អ្នក​និពន្ធ​សុទ្ធ​សាធ​