ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១០ អង្គការពន្លឺកុមារប្រចាំខេត្តពោធិ៍សាត់ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងកូនត្រីពូជចំនួន១០.០០០ក្បាល នៅបឹងព្រះចំបក់ស្ថិតក្នុងភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន។ លោកជឹម សុផល ប្រធានអង្គការពន្លឺកុមារប្រចាំខេត្តពោធិ៍សាត់បានឱ្យដឹងថា អង្គការពន្លឺកុមារប្រចាំខេត្តពោធិ៍សាត់កំពុងអនុវត្តសកម្មភាពលើគំរោងចំនួន៣ គឺ១-គំរោងបង្កើនសុវត្ថិភាពស្បៀងជនបទ, ២-គំរោងគាំទ្រកុមារ និងគ្រួសារងាយរងគ្រោះដោយមេរោគហ៊ឹវ/អេដស៍ និង៣-គំរោងគាំទ្រកំណែទំរង់រដ្ឋបាលមូលដ្ឋានល្អ។ យោងតាមគំរោងបង្កើនសុវត្ថិភាពស្បៀងជនបទ អង្គការពន្លឺកុមារបានសហការជាមួយខណ្ឌរដ្ឋបាលជលផលធ្វើការលែងកូនត្រីពូជនៅបឹងព្រះចំបក់ ក្នុងគោលបំណងបង្កើនធនធានត្រីនៅក្នុងដែនទឹកធម្មជាតិឱ្យសំបូរឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតំបន់នេះអាចធ្វើការនេសាទត្រីសំរាប់ហូបប្រចាំថ្ងៃបាន។
លោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានមានមតិជំរាបជូនប្រជាពលរដ្ឋដែលចូលរួមថា ផ្អែកលើចក្ខុវិស័យក្នុងការបង្កើនធនធានត្រីក្នុងដែនទឹកធម្មជាតិឱ្យសំបូរឡើងវិញ ប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៩៩អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ស្តីពីការបង្កើតទិវាមច្ឆជាតិដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា រៀងរាល់ឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។ ម៉្យាងទៀត ការលែងកូនត្រីពូជប្រភេទត្រីប្រា អណ្តែង និងត្រីរ៉ស់ ក្នុងដែនទឹកធម្មជាតិនាពេលនេះ មានគោលបំណងបំផុសប្រជាពលរដ្ឋយើងឱ្យចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីជាប្រយោជន៍សេដ្ឋកិច្ច សង្គមនិងបរិស្ថាន។
ជាមួយគ្នានេះដែរ លោកនាយខណ្ឌបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យឧស្សាហ៍ចុះទៅមើលស្រែដើម្បីពិនិត្យតាមដានសុខភាពស្រូវ និងថែរក្សាទឹកឱ្យគ្រប់គ្រាន់ ចៀសវាងការខ្វះទឹកនៅចុងរដូវធ្វើឱ្យទិន្នផលធ្លាក់ចុះ។ នៅក្នុងឱកាសនោះ លោកសៅ ដារឿន អភិបាលស្រុកបាកាន បានថ្លែងអំណរគុណចំពោះអង្គការពន្លឺកុមារ និងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដែលបានសហការគ្នារៀបចំពិធីលែងកូនត្រីពូជនៅក្នុងមូលដ្ឋានដែលជាសកម្មភាពចូលរួមចំណែកបង្កើនធនធានត្រីក្នុងដែនទឹកធម្មជាតិ។ ម្យ៉ាងទៀត លោកបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងកងកំលាំងប្រដាប់អាវុធត្រូវសហការគ្នាការពារមូលដ្ឋានឱ្យបានល្អប្រសើរ ស្របតាមពាក្យស្លោកភូមិ-ឃុំមានសុវត្ថិភាព៕
ចែករំលែកព័តមាននេះ