ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ធារា​សាស្ត្រ​ឃុំ​ស្លាៈ ការវិនិ​យោគ​ឃុំ​ទទួល​បាន​លទ្ធ​ផល​

12 ឆ្នាំ មុន

លោក​ឃឹម ហ៊ុល ធ្លាប់​​ស្រមើ​ស្រមៃ​ចង់​ឃើញ​​ឃុំ​​របស់​គាត់​មាន​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ។ ​ឥឡូវ​នេះ​ក្តី​សុបិន​របស់​គាត់​ជិត​ក្លាយ​ជា​ការ​ពិត​ហើយ ។ ​ចាប់​​តាំង​ពី​ឆ្នាំ​២០០៥ មក លោក​ហ៊ុល ​ដែល​ជា​មេ​ឃុំ​ស្តី​ទី​នៃ​ឃុំ​ស្លា ខេត្តតា​កែវ ​និង​ក្រុម​​ប្រឹក្សា​ឃុំ​ បាន​​កំពុង​​ធ្វើ​វិនិ​យោគ​លើ​មូល​និធិ​ឃុំ ដើម្បី​កសាង​ប្រឡាយ​ទឹក​ជា​ច្រើន​​ក្រៅ​ពី​ផ្លូវថ្នល់

លោក​ឃឹម ហ៊ុល ធ្លាប់​​ស្រមើ​ស្រមៃ​ចង់​ឃើញ​​ឃុំ​​របស់​គាត់​មាន​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ។ ​ឥឡូវ​នេះ​ក្តី​សុបិន​របស់​គាត់​ជិត​ក្លាយ​ជា​ការ​ពិត​ហើយ ។ ​ចាប់​​តាំង​ពី​ឆ្នាំ​២០០៥ មក លោក​ហ៊ុល ​ដែល​ជា​មេ​ឃុំ​ស្តី​ទី​នៃ​ឃុំ​ស្លា ខេត្តតា​កែវ ​និង​ក្រុម​​ប្រឹក្សា​ឃុំ​ បាន​​កំពុង​​ធ្វើ​វិនិ​យោគ​លើ​មូល​និធិ​ឃុំ ដើម្បី​កសាង​ប្រឡាយ​ទឹក​ជា​ច្រើន​​ក្រៅ​ពី​ផ្លូវថ្នល់ ។ ឃុំ​បាន​កសាង​ប្រឡាយ​មួយ​ខ្សែ​ដែល​​មាន​ប្រវែង​៣,៥​គីឡូ​ម៉ែត្រ ​និង​ទទឹង​៦​ម៉ែត្រ ​សម្រាប់​នាំ​ទឹក​យក​មក​ស្រោច​ស្រព​ដី​ស្រែ​អ្នក​ភូមិ​ប្រមាណ​៨.៦០០​គ្រួសារ ។ ពេល​​នេះពួក​គេ​មាន​ទឹក​ កសិ​ករ​មួយ​ចំនួន​មិន​​ត្រឹម​​តែ​ដាំ​ស្រូវ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដាំ​ដំណាំ​​ផ្សេងៗ​ទៀត​​ជា​ច្រើន​ដូច​ជា ត្រសក់​ ប៉េង​ប៉ោះ​ និង​អំពៅ ​ក្នុង​អំឡុង​​រដូវ​ប្រាំង ។

លោក​ហ៊ុល ​បាន​មាន​ប្រសាសន៍​ថា៖ «ចាប់​​តាំងពី​ប្រឡាយ​របស់​យើង​បាន​កសាង​រួច​មក​ប្រជា​ពល​រដ្ឋ​មួយ​ចំ​នួន​រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ ​បាន​ចាប់​ផ្តើម​ដាំ​ដំណាំ​​ពីររដូវ​ ។ ខ្ញុំ​ចង់ឃើញ​​កសិ​ករ​យើង​ដាំ​ដំណាំ​​ច្រើន​ជាង​នេះ។ ខ្ញុំ​ចង់​ឃើញ​ដីស្រែ​​របស់​យើង​មាន​ពាស​ពេញ​ទៅដោយ​ដំណាំ​​គ្រប់​ប្រភេទ​​ពេញ​មួយ​ឆ្នាំ» ។

កសិ​ករ​ហ៊ឹន ​មើរ អាយុ​៧៩​ឆ្នាំ ​រស់​នៅ​ឃុំ​ស្លា បាន​បរិ​ច្ចាគ​ផ្ទៃ​ដី​ចំនួន​ជាង​៣៦០​ម៉ែត្រ​ក្រឡា (ស្មើ​នឹង​៥​ភាគ​រយ) នៃ​ផ្ទៃ​ដី​ស្រែ​របស់​គាត់​សម្រាប់​​​ជីក​ប្រឡាយ ។ គាត់​ពោរ​ពេញ​ទៅ​ដោយ​​មោទនភាព​​ចំពោះ​ក្រុម​ប្រឹក្សា​ឃុំ​ដែល​បាន​វិនិ​យោគ​មូល​និធិ​ឃុំ​​សម្រាប់​ការ​ជីក​ប្រឡាយ​នេះ ។​ ការ​ផ្គត់​ផ្គង់​ទឹក​ដែល​អាច​ទុក​ចិត្ត​បាន​ បាន​ជួយ​បង្កើន​​ទិន្ន​ផល​ស្រូវ​រប​ស់​​គាត់​បាន​ប្រហែល​២០​ភាគ​រយ ​ហើយ​គាត់​ទទួល​បាន​អត្ថ​ប្រយោជន៍​​ពី​ដំណាំ​ផ្សេង​ទៀត​ជា​ច្រើន ។

អ្នក​ស្រី​​បាន​និយាយ​ដោយ​សើច​ផង​ថា៖ «ប្រឡាយ​នេះ គឺ​ជា​អាយុ​ជីវិត​របស់​យើង ។ ខ្ញុំ​​សប្បាយ​ចិត្ត​ ។ ទោះ​បី​ជា​ខ្ញុំ​​បាន​​បរិច្ចាគ​ដីរបស់​ខ្ញុំ​​មួយ​ចំណែក​ក្តី តែ​ឥឡូវ​នេះ​ខ្ញុំ​មាន​​ទឹក» ។
​​នៅ​ទល់​មុខ​ផ្ទះ​អ្នក​ស្រី​មើរ គឺ​​កសិ​ករ​ម្នាក់​ទៀត​​ឈ្មោះ​​អ្នក​ស្រី កើត អ៊ឹម អាយុ​៦៧​ឆ្នាំ ។ គាត់​​បាន​សម្រេច​ប្រើ​ប្រាស់​​ដី​ស្រែ​របស់​គាត់​ទំហំ​០,៤​​ហិកតា ដើម្បី​ដាំ​អំពៅ ​បន្ទាប់​ពី​ប្រឡាយ​​ត្រូវ​បាន​​ជីក​រួច​រាល់​ ។ រៀង​រាល់​​ឆ្នាំ​ គាត់​លក់​​អំពៅ​​បាន​ប្រហែល​កន្លះ​លាន​រៀល គឺ​៥០​ភាគ​រយ​ច្រើន​ជាង​​ចំនួន​ដែល​គាត់​លក់​ស្រូវ​របស់​គាត់​ដែល​ដាំ​លើ​ដី​នេះ ។
​គម្រោង​​​​ធារាសាស្ត្រ​ច្រើន​ជាង​១.៨០០​​គម្រោង ត្រូវ​បាន​សាង​សង់​នៅ​ទូទាំង​ប្រទេស​​ដោយ​ប្រើ​ប្រាស់​​មូល​និធិ​ឃុំ​សង្កាត់ ។ មូល​និធិ​ឃុំ​សង្កាត់​ត្រូវបាន​គាំទ្រ​​ផ្នែក​ហិរញ្ញ​វត្ថុ​​ដោយ​ធនា​គារ​ពិភព​លោក​ តាម​រយៈ​គម្រោង​​វិនិ​យោគ​ជន​បទ និងអភិ​​បាល​កិច្ច​មូល​ដ្ឋាន​ (RILGP)។ គម្រោង​​នេះ​គ្រប​ដណ្តប់​លើ​២៣​ខេត្ត និង​បាន​ផ្តល់​ការ​គាំទ្រ​​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​​មាន​អាទិ​ភាព​ខ្ពស់​ថ្នាក់​ឃុំ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ជីវ​ភាពរស់​នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

​ក្រៅ​ពី​ធារា​សាស្ត្រ​ មូល​និធិ​ឃុំ​សង្កាត់​​បាន​កសាង​ផ្លូវ​ឃុំ​ជាង​១៣.២០០​គីឡូ​​ម៉ែត្រ ​លូ​កាត់​ផ្លូវ​ប្រមាណ​១០.០០០​ និង​ស្ពាន​ប្រវែង​សរុប​១៩០​គីឡូ​ម៉ែត្រ (ទាំងនេះគឺ​ជា​អាទិ​ភាព​​សំខាន់​សម្រាប់​​ឃុំ​ភាគច្រើន) ។ ​ផ្លូវថ្នល់​​មាន​សារ​សំខាន់​សម្រាប់​​ភូមិ​ដាច់​ស្រយាល គឺផ្លូវ​ឃុំ​​តភ្ជាប់​ភូមិ​ទាំង​នោះ​នៅ​នឹង​មណ្ឌល​សុខ​ភាព​ សាលា​រៀន  សកម្ម​ភាព​ទាក់​ទង​នឹង​សាសនា និង​ទីផ្សារ​។

ឃុំ​​អារក្ស​ត្នោត ​នៅ​ខេត្ត​កំពង់ចាម គឺ​ធ្លាប់​ជា​ភូមិ​មួយ​ក្រីក្រ​ និង​ស្ថិត​នៅ​ឯ​កោ​អស់​រយៈ​ពេល​ដ៏​យូរ និង​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ដោយ​សារ​តែ​វា​ជា​តំបន់​មួយ​​ក្នុង​ចំណោម​​តំបន់​ជា​ច្រើន​​ដែល​លំបាក​ទៅដល់​ជាង​គេ​បំផុត រហូត​ដល់​ដើម​ទស​វត្សរ៍​ឆ្នាំ២០០០ ។ មាន​ការ​និយាយ​​តៗ​គ្នា​​អំពី​ភូមិ​​នេះថា ​ប្រជា​ជន​ខ្លះ​​បាន​សម្លុត​កូន​ចៅ​ណា​ដែល​មិន​ស្តាប់​បង្គាប់​ថា ពួក​គេ​នឹង​ត្រូវ​បញ្ជូន​​ឱ្យ​ទៅ​នៅ​អារក្ស​ត្នោត​ ។ ឥឡូវ​នេះ​ អារក្ស​ត្នោត​ត្រូវបាន​ផ្សារ​ភ្ជាប់​ជា​មួយ​កម្ពុជា និង​ពិភពលោក ដោយ​​សារ​ផ្លូវ​ថ្នល់ ។

លោក​មេ​ឃុំ​​អារក្ស​ត្នោត រស់​ វីរ៉េត មាន​ប្រសាសន៍ថា៖ «ឥឡូវ​នេះ ឃុំ​យើង​មាន​លក្ខណៈ​​ខុស​គ្នា ។ ​ចាប់តាំង​ពី​ផ្លូវថ្នល់​​ជា​ច្រើន​ត្រូវ​បាន​កសាង ​ឃុំ​របស់​យើង​បាន​សំដៅ​ទៅរក​ទី​ផ្សារ​កាន់​តែ​ច្រើន​ឡើង ហើយ​​ប្រជា​ពល​រដ្ឋ​​ផលិត និង​លក់​ដំណាំ​របស់​ខ្លួន​​ច្រើន​ជាង​មុន​ដូច​ជា​ គ្រាប់​ស្វាយ​ចន្ទី ដំឡូង​មី និងស្រូវ» ។

ចាប់​តាំង​​ពី​ឆ្នាំ​​២០០៧ មក ឃុំ​អារក្ស​​ត្នោត បាន​វិនិ​យោគ​មូល​និធិ​លើ​​ការ​សាង​សង់​​ផ្លូវ​ថ្នល់​នៅ​ក្នុង​ឃុំ​បាន​ច្រើន​ជាង​៤,៥​គីឡូ​ម៉ែត្រ ​ដែល​ផ្តល់​ភាពងាយ​ស្រួល​ដល់​អ្នក​ភូមិ​ក្នុង​ការ​នាំ​យក​​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ទី​ផ្សារ ។ ភូមិ​ភាគ​ច្រើន​នៅ​ក្នុង​ឃុំ​អារក្ស​ត្នោត ទទួល​បាន​អត្ថ​ប្រយោជន៍​​ពី​ការ​អភិ​វ​ឌ្ឍ​នៃ​សកម្ម​ភា​ពទីផ្សារ​ និង​បាន​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​គួរ​ឱ្យ​កត់​សម្គាល់​ គឺ​ជាង​៥៥​ភាគ​រយ​នៃ​អ្នក​ភូមិ​មាន​លទ្ធ ភាព​អាច​សាង​សង់​ផ្ទះ​មួយ​ខ្នង​ដែល​មាន​តម្លៃ​​ជាង​២​ម៉ឺន​ដុល្លារ ។

លោក​វី​រ៉េត មាន​ប្រសាសន៍ថា ​លោក​សង្ឃឹម​ថា ​នឹង​បាន​ឃើញ​ជីវ​ភាពរស់​នៅ​របស់​​​​​​​​អ្នក​ភូមិ​​នៅ​ក្នុង​ឃុំ​​នេះ មាន​ភាព​ប្រសើរ​​ឡើង​បន្តិច​​ម្តងៗ​ក្នុង​រយៈ​​ពេល​ពីរ​បីឆ្នាំ​​ខាង​មុខ​នេះ ។ នៅ​ឆ្នាំ​២០១១ ឃុំ​បាន​សម្រេច​ចិត្ត​​ប្រើ​​ប្រាស់​មូល​និធិ​ឃុំ​សង្កាត់ ដើម្បី​​​កសាង​ផ្លូវ​​ធ្វើពី​បេតុង​ដែល​ចុះ​ជម្រាល​​ខ្លាំង​ទៅ​កាន់​ភូមិ​​ដាច់​ស្រយាល ដើម្បី​ឱ្យ​អ្នក​ភូមិ​​ទាំង​នោះ​អាច​​នាំ​យក​ផលិត​ផល​​របស់​ខ្លួន​ទៅ​កាន់​ទី​ផ្សារ​បាន ។ ដោយ​សារ​តែ​ផ្នែក​ខ្លះ​នៃ​ផ្លូវដែល​មាន​ប្រវែង​តិច​​ជាង​៣០០​ម៉ែត្រ មាន​សភាព​លំបាក​ខ្លាំង​ កសិ​ករ​ទាំងឡាយ​មិន​អាច​យក​​ផលិត​ផល​​ទៅ​ដល់​ទី​ផ្សារ​ដែល​នៅ ជិត​បំផុត​​ដែល​ពួក​គាត់​អាច​លក់​ផលិត​ផល​រ​បស់​ខ្លួន​បាន​តម្លៃ​ខ្ពស់​នោះទេ ។ ​នៅ​ទី​ផ្សារ​កសិ​ករ​​ អាច​លក់​​បាន​២៣​ភាគរយ ថ្លៃ​​ជាង​​ក្នុង​មួយ​គីឡូ​ក្រាម​សម្រាប់​ស្រូវ​ ៥,៣​ភាគ​រយ ថ្លៃ​ជាង​​ក្នុង​មួយ​គីឡូ​ក្រាម​សម្រាប់​សំឡូង​មី​ និង​៧,៧​ភាគ​រយ​ថ្លៃ​ជាង​ក្នុង​​មួយ​គីឡូ​ក្រាម​​គ្រាប់​​ស្វាយ​ចន្ទី ។

លោក​វីរ៉េត ​បាន​បន្ថែម​ទៀត​ថា អាទិ​ភាព​ទី​ពីរ​ដែល​ឃុំ​បាន​ឯក​ភាព​គ្នា​​រួច​​ហើយ​នោះ គឺ​​ត្រូវ​វិនិ​យោគ​លើ​ផ្នែក​ធារា​សាស្ត្រ​​ និង​ផ្សព្វ​ផ្សាយ​​បច្ចេក​ទេស​កសិ​កម្ម​ ពី​ព្រោះ​​វា​ជា​ផ្នែក​​មួយ​សំខាន់​សម្រាប់​​បង្កើន​ប្រាក់​ចំណូល​ ។

​លោក​ជន រះ មេ​ឃុំ​​​លំទង ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ជា​​តំបន់​បន្ទាយ​ចុង​ក្រោយ​​របស់​ពួក​ខ្មែរ​ក្រហម មើល​​ឃើញថា ​ការ​វិនិ​យោគ​​លើ​ផ្លូវ​ថ្នល់​​នាំ​មក​នូវការ​ផ្លាស់​​ប្តូរ​ដ៏​ច្រើន​ដល់​សហ​គមន៍​លំទង ។ លោក​​បាន​បញ្ជាក់​​បន្ថែម​ថា៖ ​«ផ្លូវ​ថ្នល់​ជួយ​​កូន​របស់​យើង​​បាន​ទៅ​រៀន ​ជួយ​អ្នក​​ជំងឺ​ទៅ​កាន់​មណ្ឌល​សុខ​ភាព​ និង​ជួយ​ស្ត្រី​​មាន​ផ្ទៃ​ពោះ​ទៅ​ពិនិត្យ​​សុខ​ភាពទៀង​ទាត់ និង​ទៅ​មណ្ឌល​សុខ​ភាព​ដើម្បី​សម្រាល​កូន»។

​ដូច​តំបន់​​ភាគ​ច្រើន​​ក្នុង​ប្រទេសដែរ ប្រាក់​ចំណូល​សំខាន់​​សម្រាប់​អ្នក​ភូមិ​នៅ​ឃុំ​លំទង គឺ​កសិ​កម្ម ​។ បើ​គ្មាន​​ផ្លូវថ្នល់​​ទេ ប្រជា​ពល​រដ្ឋ​ដាំ​ដំណាំ​សម្រាប់​តែ​ហូប​ក្នុង​គ្រួសារ​​ប៉ុណ្ណោះ ​ទោះ​បី​ជា​ដី​នោះ​មាន​ជី​ជាតិ​អាច​ដាំដំណាំ​សម្រាប់​​លក់​ដូរ​យក​ជា​ប្រាក់​ក៏​ដោយ ។ លោក​រះ បាន​មើល​​ឃើញថា ​ទីណា​មាន​ផ្លូវ ​ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​ដាំ​ដំណាំ​កាន់​តែ​ច្រើន ។ ​ទោះ​បីជា​ផ្លូវ​ថ្នល់​មាន​សារ​សំខាន់​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​ក្តី ក៏​រហូតមក​ដល់​ពេល​នេះ ឃុំ​​កសាង​ផ្លូវ​បានត្រឹម​តែ​៧,៤​គីឡូ​ម៉ែត្រ និង​​ស្ពាន​ចំនួន​ពីរ​ប៉ុណ្ណោះ ។ ដោយ​សារ​តែ​មាន​ភូមិ​​មួយចំនួន​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន ដូច្នេះ​ឃុំ​ចាំ​បាច់​ត្រូ​វ​រក​វិធី​ដើម្បី​ឱ្យ​ប្រជា​ជន​ទាំង​​អស់​មាន​ផ្លូវ​ប្រើ​ប្រាស់​ពេញ​មួយ​ឆ្នាំ ។ នេះគឺជា​​អាទិភាព​​មួយ​សម្រាប់​ឃុំ​នៅក្នុងឆ្នាំ​​​ខាង​មុខ ។

នៅ​ក្នុងវិស័យ​​សេដ្ឋ​កិច្ច​ ការ​សាង​សង់​ប្រឡាយ និង​ផ្លូវថ្នល់​​គឺជា​អាទិ​ភាព​សំខាន់​មួយ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្នាក់​ឃុំ ដែល​ជា​វិស័យ​​មួយ​ក្នុង​ចំណោម​វិស័យ​ទាំង​៥ ដែល​ឃុំ​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​​ពេល​ខ្លួន​រៀប​ចំផែន​ការ​​អភិ​វឌ្ឍន៍​ឃុំ ។ ​ផែន​ការ​នេះ មាន​សេវា​សង្គម​​ សេវា​រដ្ឋ​បាល​ ការ​គ្រប់​គ្រង​​ធន​ធាន​ធម្ម​ជាតិ និង​ទិស​ដៅ​យែន​ឌ័រ ។
​គ្រប់​ឃុំ​ទាំង​អស់​បាន​វិនិ​យោគ​​យា៉ង​​ច្រើន​លើ​វិស័យ​សេដ្ឋ​កិច្ច​ ក៏​ប៉ុន្តែ​​ឃុំ​មួយ​ចំនួន​ដូច​ជា ឃុំ​ត្បូង​ក្រពើ នៅ​ខេត្ត​កំពង់ធំ បាន​​ទទួលស្គាល់​​អំពី​សារ​សំខាន់​នៃ​ការ​វិនិ​យោគ​លើ​វិស័យ​​សង្គ​ម​​កិច្ច​ផង​ដែរ ។

​លោក​មេ​ឃុំ សៀង សេង​គី ​បាន​ពន្យល់​​ថា ឃុំ​ត្បូង​ក្រពើ ​បាន​ប្រើ​ប្រាស់​​ថវិកា​មួយ​ចំនួន​របស់​ឃុំ​ ដើម្បី​គាំទ្រ​ដល់​ក្រុម​យុវ​ជន​​ឱ្យ​ធ្វើ​ការ​លើ​ផ្នែក​សង្គម​​កិច្ច ដូច​ជា យុទ្ធ​នា​ការ​បង្កើន​ការ​​យល់​ដឹង​អំពី​​អំពើ​ហិង្សា​​ក្នុង​គ្រួសារ ​​អាក​ប្ប​កិរិយា​​ទំនើង គ្រោះ​ថ្នាក់​​​នៃ​ការ​​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ ការ​រីក​រាល​ដាល​​នៃ​​មេ​​រោគ​អេដស៍/​ជំងឺ​អេដស៍ បរិ​ស្ថាន និង​អប់រំ ។ ​រហូតមក​​ដល់​បច្ចុ​ប្បន្ន​​នេះ យុវ​ជន​ចំនួន​១០០​នាក់ បាន​ចូល​រួម​ក្នុង​​សកម្ម​ភាព​ទាំង​​នេះ ។

​លោក​សេងគី បាន​បញ្ជាក់​បន្ថែម​ថា៖ ​«យុវជន​​គឺ​ជា​ធន​ធាន​ដ៏​មាន​សក្តានុ​ពល​​មួយ ដើម្បី​ជួយ​ដល់​យើង​ទាំង​លើ​ការ​ងារ​​អភិ​វឌ្ឍន៍​​ហេដា្ឋ​រចនា​សម្ព័ន្ធ​​ និង​ទាំង​លើ​ការ​ងារ​អភិ​វឌ្ឍន៍​​សង្គម ។ ​យើង​ចាំបាច់​ត្រូ​វ​តែ​​គាំទ្រ​ដល់​ពួក​គេ​ និង​ធ្វើ​យ៉ាង​ណា​​ឱ្យ​ពួកគេ​នៅក្បែរ​ពួ​ក​យើង» ៕